លោកឯកអគ្គរដ្ឋទូត Heidt ទស្សនាប្រតិបត្តិការគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការលុបបំបាត់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តរតនគីរី

ចេញ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៧

លោកឯកអគ្គរដ្ឋទូត Heidt បានទៅទស្សនាប្រតិបត្តិការតាមមូលដ្ឋានរបស់អង្គការ Norwegian People’s Aid (NPA) នៅខេត្តរតនគីរី នៅថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះ លោកបានឃើញសកម្មភាពការងារដែលជួយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការលុបបំបាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន។ លោកឯកអគ្គរដ្ឋទូតត្រូវបានអញ្ជើញអោយទស្សនាតំបន់នោះ ដោយលោកទេសរដ្ឋមន្រ្តី លី ធុច អគ្គលេខាធិការនៃអាជ្ញាធរជួយជនរងគ្រោះ និងសកម្មភាពមីនកម្ពុជា (CMAA)។

លោកឯកអគ្គរដ្ឋទូតបានជួបជាមួយអ្នកភូមិចំនួនប្រហែល ១០០ នាក់ ដែលបានទទួលផលពីការងារដែលត្រូវបានឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក សំរាប់ដោះមីន។ លោកបានឃើញសត្វឆ្កែដែលត្រូវបានគេបង្ហាត់អោយហិតរកយុទ្ធភណ្ឌផ្ទុះ និងមើលពីការដែលក្រុមបុគ្គលិកមកពីអង្គការ NPA និងអាជ្ញាធរ CMAA កំណត់តំបន់ដែលត្រូវដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

នៅក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង ១១៤ លានដុល្លាសំរាប់គំរោងមនុស្សធម៌នៅកម្ពុជា ដើម្បីដោះមីន និងយុទ្ធភណ្ឌផ្ទុះដទៃទៀត ដែលសល់ពីជំលោះផ្ទៃក្នុង និង   ជំលោះក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកមានប្រវត្តិយូរមកហើយក្នុងការធ្វើការជាមួយដៃគូរបស់យើងក្នុងរដ្ឋាភិបាល សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ អ្វីដែលខ្ញុំឃើញនៅថ្ងៃនេះ ក្នុងខេត្តរតនគីរី បង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់អ្នកជំនាញជាច្រើន ដែលហ៊ានប្រថុយជីវិតរបស់គេ ដើម្បីធ្វើអោយប្រទេសកម្ពុជាមានសុវត្ថិភាព សំរាប់រស់នៅ”។

អង្គការ NPA ស្ថិតក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលជាច្រើន ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកយកធ្វើជាដៃគូ ក្នុងការលុបបំបាត់សំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា។ ដៃគូដទៃទៀតដែលធ្វើការសិក្សាអង្កេតទ្រង់ទ្រាយធំ និងប្រតិបត្តិការដោះមីន រួមមានអង្គការ HALO Trust, Mines Advisory Group (MAG), Cambodia Mine Action Center (CMAC) និងអង្គការ Cambodian Self Help Demining ។ ដោយមានការជួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក មូលនិធិ Golden West Humanitarian Foundation បានបង្កើតក្រុមដោះយុទ្ធភណ្ឌផ្ទុះនៅក្នុងទឹកទីមួយនៅកម្ពុជា ហើយគំរោងស្មារតីនៃកីឡាបាល់ទាត់ផ្តល់ការអប់រំស្តីពីគ្រោះថ្នាក់គ្រាប់មីនដល់កុមារ ដែលបណ្តាលមកពីគ្រាប់មីន និងយុទ្ធភណ្ឌផ្ទុះដទៃទៀត ដែលសល់ពីសង្គ្រាម។