តើលោកអ្នកដឹងទេថា បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន តំបន់អាស៊ីអាគ្នេយ៍គឺ នៅពេលនេះ គឺជាទីផ្សារបច្ចេកវិទ្យាដ៏ក្តៅជាងគេ ក្នុងពិភពលោក? “សេះ” ចំនួន ៨ ដែលជាក្រុមហ៊ុនទើបបង្កើតថ្មី ដែលមានទឹកប្រាក់ជាង ១ ពាន់លានដុល្លា បានលេចមុខឡើងនៅក្នុងតំបន់ ដោយរួមមានក្រុមហ៊ុន Sea (ក្រុមហ៊ុនផ្នែកល្បែងរបស់ប្រទេសសឹង្ហបូរី) ក្រុមហ៊ុន Grab Taxi (ក្រុមហ៊ុនផ្នែកដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី) ក្រុមហ៊ុន Tokopedia (ក្រុមហ៊ុនផ្នែកទីផ្សាររបស់ប្រទេសឥណ្តូនេស៊ី) និងក្រុមហ៊ុន VNG (ក្រុមហ៊ុនផ្នែកល្បែងរបស់ប្រទេសវៀតណាម)។ តំបន់នេះមានអ្នកប្រើប្រាស់អ៊ិនធ័រណែតតាមទូរស័ព្ទដៃចំនួនជាង ៣០០ លាននាក់ ដែលភាគច្រើនស្ថិតក្នុងអាយុក្រោម ៣៥ ឆ្នាំ)។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងក្រុមហ៊ុនទុនវិនិយោគផ្សងព្រេង (Venture capital firm) របស់អាមេរិកមានការិយាល័យនៅប្រទេសសឹង្ហបូរី និងទីក្រុងដទៃទៀត នៅក្នុងតំបន់។ ក្រុមហ៊ុនទាំងនេះកំពុងតែ កសាងទំនាក់ទំនង ចេញផលិតផលថ្មីៗ ហើយផ្តល់ថវិកាដល់ក្រុមហ៊ុនទើបបង្កើតថ្មីរាប់សិបទៀតនៅក្នុងតំបន់។
វិស័យបច្ចេកវិទ្យារបស់ប្រទេសកម្ពុជាកំពុងតែមានការកើនឡើងយ៉ាងឆាប់ផងដែរ។ ក្រុមហ៊ុបច្ចេកវិទ្យារបស់កម្ពុជាដែលកំពុងរះ ដូចជាក្រុមហ៊ុន Morakot Technology, Khmerload, Pathmazing និងក្រុមហ៊ុនដទៃជាច្រើនទៀតកំពុងតែស្វែងយល់ពីទីផ្សារអាស៊ាន ដើម្បីរៀបចំខ្លួនចូលប្រឡូកនៅក្នុងតំបន់។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កម្ពុជាកំពុងតែធ្វើការបានយ៉ាងច្រើនគួរអោយភ្ញាក់ផ្អើលអោយគេហទំព័រ ធំៗ ផ្នែកពាណិជ្ជកម្មតាមអ៊ិនធ័រណែតរបស់អាមេរិក លីកកីឡា និងបណ្ណាល័យ។
តែគេអាចនាំការរីកចំរើននៃបច្ចេកវិទ្យានៃតំបន់អាស៊ីអាគ្នេយ៍មកដល់ប្រទេសកម្ពុជាបានច្រើនថែមទៀត។ ទាំងក្រុមហ៊ុន IT ធំៗ ទាំងក្រុមហ៊ុនថ្មីៗផ្នែកបច្ចេកវិទ្យាទទួលប្រយោជន៍ពីការវិនិយោគដោយផ្ទាល់ថែមទៀតរបស់បរទេស លុយសំរាប់ការវិនិយោគថ្មីៗរបស់បរទេស និងទំនាក់ទំនងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងតំបន់។ ការទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗអោយចូលមកកម្ពុជានឹងជួយក្រុមហ៊ុនទើបបង្កើតថ្មីរបស់កម្ពុជា នៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកវិស្វកម្ម និងផ្នែកបង្កើតកម្មវិធីស្មុគស្មាញ ដែលក្រុមហ៊ុនទាំងនោះប្រឈមមុខជាមួយ នៅក្នុងការនាំយកផលិតផលចូលទៅក្នុងទីផ្សារ។ ដើម្បីអោយមានដូច្នេះទៅបាន រដ្ឋាភិបាល វិស័យឯកជននិងដៃគូអន្តរជាតិរបស់កម្ពុជាត្រូវធ្វើការជាមួយគ្នា។ ផ្អែកទៅតាមបទពិសោធន៍រយៈពេល ៣០ ឆ្នាំរបស់ខ្ញុំ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ខ្ញុំមើលឃើញការងារសំខាន់បួនដែលត្រូវធ្វើ នៅពេលខាងមុខ។
ការងារត្រូវធ្វើទី១ គឺលើកកំពស់ផ្នែកទីផ្សារ
ទិដ្ឋភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជាឈរលើចំណុចខ្លាំងសំខាន់ៗមួយចំនួន។ កម្មវិធីព័ត៌មានវិទ្យា (IT) នៅតាមសាកលវិទ្យាល័យរបស់កម្ពុជាកំពុងមានគុណភាពកើនឡើង ហើយមានសិស្សល្អៗរៀនចប់រាល់ឆ្នាំ។ មានកន្លែងធ្វើការរួមគ្នារាប់សិប កន្លែងផ្តល់បច្ចេកទេសនិងសេវាសំរាប់ក្រុមហ៊ុនចាប់ផ្តើមដំបូងៗ និងកន្លែងពិសោធន៍តាមបែបថ្មី កំពុងតែផ្តល់ការគាំទ្រចាំបាច់សំរាប់គ្រាដំបូងៗដល់សហគ្រិនផ្នែកបច្ចេកវិទ្យា។ ហេដ្ឋារចនាសម្ព័ន្ធ IT ល្អ បរិយាកាសធុរកិច្ចកក់ក្តៅ អ៊ិនធ័រណែតថោក ប្រាក់បៀវត្សសមរម្យ ប្រជាជនច្រើនស្ថិតក្នុងអាយុក្មេង និងមានចិត្តចង់ធ្វើការដោយប្រើបច្ចេកវិទ្យាថ្មីៗ ថែមទាំងជួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗរបស់កម្ពុជាផងដែរ។
តែការពិតគឺថា មានជនបរទេសមិនច្រើនទេដែលដឹងពីឱកាសនៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេស កម្ពុជា។ កំរិតនៃការវិនិយោគដោយផ្ទាល់របស់បរទេសនៅក្នុងវិស័យនេះគឺទាបនៅឡើយ ដែលជាការធ្វើអោយក្រុមហ៊ុនក្នុងស្រុកខ្វះឯកទេសជំនាញ និងធនធានដែលគេត្រូវការសំរាប់ឈានទៅកំរិតមួយទៀត ហើយពង្រីកខ្លួនជាអន្តរជាតិ។ កាលពីខែមុន ខ្ញុំបានណែនាំក្រុមហ៊ុនវិនិយោគអាមេរិកចំនួន ២៥ នៅប្រទេសសឹង្ហបូរី អោយមកធ្វើការ វិនិយោគនៅកម្ពុជា តែគ្មានក្រុមហ៊ុនមួយណា ក្នុងចំណោមក្រុមហ៊ុនទាំងនោះដឹងច្រើនពីផ្នែកបច្ចេកវិទ្យា នៅកម្ពុជាទេ។
ស្ថានទូតអាមេរិកកំពុងតែខិតខំធ្វើការ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនបច្ចេកវិទ្យា នៅកម្ពុជា និងនៅសហរដ្ឋអាមេរិក ដែលពោរពេញទៅដោយអ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យា និងទុនសំរាប់វិនិយោគច្រើនជាងគេក្នុងពិភពលោក។ អ្នកឯកទេស និងសហគ្រិនល្បីៗរបស់កម្ពុជាផ្នែកបច្ចេកវិទ្យាចំនួន ៨ នាក់បានទៅទស្សនា មជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិក នៅពេលនេះ ដើម្បីជួបជាមួយសហគ្រិនអាមេរិក និងស្វែងយល់ពីការដែលទីក្រុង និងរដ្ឋនានារបស់សហរដ្ឋអាមេរិកជួយដល់ឧស្សាហកម្មបច្ចេកវិទ្យារបស់គេ។
នៅចុងឆ្នាំនេះ ស្ថានទូតអាមេរិកនឹងឧបត្ថម្ភរបាយការណ៍ដំបូងស្តីពី “បច្ចេកវិទ្យានៅកម្ពុជា” (Tech in Cambodia) ដើម្បីរកទីផ្សាសំរាប់វិស័យនេះ ក្នុងចំណោមអនាគតវិនិយោគិន។ របាយការណ៍នេះនឹងប្រមូលព័ត៌មានសំខាន់ៗ ស្តីពីវិស័យបច្ចេកវិទ្យារបស់កម្ពុជា ដូចជាការងារ បទបញ្ញាតិនានា និន្នាការនៃឧស្សាហកម្ម និង ឱកាសវិនិយោគ។ នៅពេលបានរបាយការណ៍ហើយ ខ្ញុំគ្រោងនឹងដឹកនាំគណប្រតិភូមួយនៃអ្នកដឹកនាំបច្ចេកវិទ្យា កម្ពុជា ទៅប្រទេសសឹង្ហបូរី ដើម្បីជួបជាមួយក្រុមហ៊ុនធំៗរបស់អាមេរិក វិនិយោគិន និងបណ្តាញក្រុមហ៊ុនអាមេរិក នៅទីនោះ។ គេមានវិធីច្រើនក្នុងការរកទីផ្សារសំរាប់វិស័យបច្ចេកវិទ្យារបស់កម្ពុជា។ យើងគួរធ្វើការសហការគ្នា ក្នុងការរៀបចំសន្និសីទមួយស្តីពីបច្ចេកវិទ្យារបស់កម្ពុជា នៅឆ្នាំ ២០១៨។
ការងារត្រូវធ្វើទី ២៖ សំរេចចិត្តលើចំណែកទីផ្សារពិសេសផ្នែកបច្ចេកវិទ្យានៅកម្ពុជា
នៅពេលមកទីក្រុងភ្នំពេញក្នុងឆ្នាំនេះ អ្នកបោះទុនវិនិយោគផ្សងព្រេង (Venture capitalist) អាមេរិកដ៏ល្បីម្នាក់បានប្រាប់ខ្ញុំថា សំរាប់ប្រទេសតូចដូចជាប្រទេសកម្ពុជា វាជាការមានសារៈសំខាន់ដែលត្រូវកំណត់អោយបាននូវចំណែកទីផ្សារពិសេសដែលមានភាពប្រកួតប្រជែង នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាសាកលលោក ហើយទាញយកប្រយោជន៍ពីចំណែកទីផ្សារនេះអោយបានខ្លាំងក្លា។ នៅក្នុងឧស្សាហកម្មមួយដែលមានដំណើរទៅមុខលឿន និងប្រកបដោយភាពប្រកួតប្រជែង ដូចជាឧស្សាហកម្មបច្ចេកវិទ្យា នេះជាវិធីល្អបំផុតដើម្បីធ្វើខ្លួនអោយមានភាពលេចធ្លោ ហើយទាក់ទាញអ្នកមានទេពកោសល្យ និងទុន។
ឧទាហរណ៍ ប្រទេសអេស្តូនី ដែលជាប្រទេសតូចមួយមានប្រជាជនចំនួន ១,៥ លាននាក់ នៅទ្វីបអឺរ៉ុប បានធ្វើការដោយជោគជ័យជាមួយវិស័យឯកជនរបស់ខ្លួន ដើម្បីក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោក ក្នុងការ ផ្តល់សេវាគ្រប់គ្រងតាមអ៊ិនធ័រណែត (E-governance service) ។ ប្រទេសសឹង្ហបូរីគឺជាមជ្ឈមណ្ឌលនៃទុនវិនិយោគផ្សងព្រេង និងប្រាជ្ញាសិប្បនិមិត្ត (Artificial intelligence)។ ប្រទេសឥណ្តូនេស៊ីដើរតួនាទីសំខាន់ក្នុងផ្នែកទីផ្សារតាមអ៊ិនធ័រណែត (E-marketplace) និងវិស័យឯកជន។ វាគ្មានហេតុផលដែលប្រទេសកម្ពុជាមិនអាចក្លាយជាប្រទេសឈានមុខគេមួយនៅក្នុងចំណែកទីផ្សារពិសេសរបស់ខ្លួននោះទេ។ តែការកំណត់បាននូវចំណែកទីផ្សារពិសេសនេះ ហើយនិងការដៅអោយចំកន្លែងនូវការជួយគាំទ្រពិសេសសំរាប់រឿងនេះទាមទារអោយមានការធ្វើសហប្រតិបត្តិការជិតស្និទ្ធ រវាងវិស័យឯកជន និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា។
ការសម្ពោធបើកប្រតិបត្តិការនៃក្រុមហ៊ុន Uber នៅភ្នំពេញ កាលពីខែមុន បង្ហាញអោយឃើញពីផលនៃការធ្វើសហប្រតិបត្តិការគ្នាប្រកបដោយប្រសិទ្ធភាព រវាងរដ្ឋាភិបាល និងឧស្សាហកម្ម។ Uber គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតដែលមានទុនច្រើនបំផុតក្នុងពិភពលោក តែមានបញ្ហាកាន់តែច្រើនឡើង នៅក្នុងទីផ្សារជាច្រើន។ ដោយសារមានកិច្ចសហប្រតិបត្តិការដ៏ខ្លាំងពីក្រសួងសាធារណការនិងដឹកជញ្ជូន ពេលនេះ ប្រទេសកម្ពុជាមានក្របខ័ណ្ឌបញ្ញាតិច្បាប់ដែលសំលឹងទៅមុខសំរាប់ការប្រើយានជំនិះរួមគ្នា នៅអាស៊ី។ ក្របខ័ណ្ឌនេះនឹងនាំទៅរកកំណើនខ្លាំងក្លានៃទីផ្សារប្រើយានជំនិះរួមគ្នារបស់ប្រទេសកម្ពុជា ក្នុងពេលដែលគូប្រជែងរបស់ក្រុមហ៊ុន Uber ក៏សំលឹងមករកទីផ្សារនេះដែរ។ ប្រហែលការប្រើយានជំនិះរួមគ្នា និងកម្មវិធីផ្នែកទន់ដទៃទៀតសំរាប់ការធ្វើដំណើរអាចជាចំណែកទីផ្សារពិសេសរបស់ប្រទេសកម្ពុជា។
ការងារត្រូវធ្វើទី ៣៖ ប្រកាសគំនិតផ្តួចផ្តើមមួយស្តីពីបច្ចេកវិទ្យាគោលដៅ
បច្ចេកវិទ្យាខុសពីកម្មន្តសាលកម្ម (Manufacturing) សំណង់ និងវិស័យដទៃទៀតនៃសេដ្ឋកិច្ចកន្លងមក។ តំរូវការទុនសំរាប់ក្រុមហ៊ុនទើបចាប់ផ្តើមដំបូងគឺទាប ពិសេសនៅពេលចាប់ផ្តើមដំបូង។ សហគ្រិនបច្ចេកវិទ្យាច្រើនជាមនុស្សនៅក្មេង មានគំនិតច្នៃប្រឌិត ចេះធ្វើការសហការគ្នា និងមានការគិតគូរបែបអន្តរជាតិ។ មេរៀននៃ Silicon Valley និងមជ្ឈមណ្ឌលបច្ចេកវិទ្យាដទៃទៀតគឺថា វិធីល្អបំផុតសំរាប់ធ្វើអោយវិស័យបច្ចេកវិទ្យាមានការដុះដាលទៅមុខគឺត្រូវផ្តល់សញ្ញាមួយច្បាស់ថា ក្រុមហ៊ុនទើបបង្កើតថ្មី និងសហគ្រិនបច្ចេកវិទ្យាត្រូវបានស្វាគមន៍ ផ្តោតការខិតខំរបស់រដ្ឋាភិបាលទៅលើការពង្រឹងផ្នែកប្រយោលដែលសំខាន់ចាំបាច់សំរាប់វិស័យនេះ និងត្រូវអោយដំណើរការដែលមានលក្ខណៈច្នៃប្រឌិត ដើរទៅដោយខ្លួនវា។
បន្ទាប់ពីប្រទេសសឹង្ហបូរី ប្រទេសកម្ពុជាមានបរិយាកាសធុរកិច្ចដែលមានភាពអនុគ្រោះបំផុត នៅក្នុងតំបន់។ ក្រុមហ៊ុនដែលទើបបង្កើតថ្មីមិនត្រូវការជំនួយហិរញ្ញវត្ថុដោយផ្ទាល់ពីរដ្ឋាភិបាលទេ នៅពេលនេះ។ តែរដ្ឋាភិបាលអាចផ្ញើសារស្វាគមន៍មួយទៅកាន់វិនិយោគិនអន្តរជាតិ បើខ្លួនពិគ្រោះជាមួយផ្នែកឧស្សាហកម្មបច្ចេកវិទ្យា ហើយប្រកាសកម្មវិធីកំណត់មួយ ដើម្បីជួយក្រុមហ៊ុនបង្កើតថ្មី និងវិស័យបច្ចេកវិទ្យា។ កម្មវិធីនេះអាចត្រូវបានរៀបចំឡើងដូចកម្មវិធី “Thailand 4.0” របស់ប្រទេសថៃ ឬគំនិតផ្តួចផ្តើម “Vietnam Silicon Valley” របស់ប្រទេសវៀតណាម។ គំនិតផ្តួចផ្តើមបែបនេះអាច៖
- បង្កើតក្រុមពិគ្រោះយោបល់រវាងវិស័យឯកជន និងវិស័យសាធារណៈ សំរាប់ផ្តល់អនុសាសន៍ដល់គោលនយោបាយដើម្បីបង្កើនល្បឿននៃកំណើនលូតលាស់នៃវិស័យបច្ចេកវិទ្យា នៅកម្ពុជា។
- ប្រកាសការសំរួលពន្ធ ទិដ្ឋាការសំរាប់អ្នកជំនួញ លក្ខខ័ណ្ឌទាមទារក្នុងការចុះបញ្ជីក្រុមហ៊ុនសំរាប់ក្រុមហ៊ុនតូចៗទើបបង្កើតថ្មី (ប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ ២២៩ និង លេខ ៣០០ គឺជាការចាប់ផ្តើមល្អ ក្នុងទិសដៅនេះ) និង
- បញ្ជូនសារដំបូងៗទៅកាន់អ្នកមានគំនិតបញ្ជូលរបៀបថ្មី (Innovator) និងអនាគតវិនិយោគិន ស្តីពីចំណែកទីផ្សារពិសេសនៅក្នុងទីផ្សារបច្ចេកវិទ្យាពិភពលោក។
ចំណុចចុងក្រោយនេះអាចជាប្រធានបទនៃការវិភាគដ៏វែងមួយ។ ខ្ញុំសូមណែនាំអោយចងចាំប្រៀបប្រកួតប្រជែងរបស់ប្រទេសកម្ពុជា។ តាមរយៈការចាប់ប្រើបច្ចេកវិទ្យាថ្មីៗបានលឿនជាងប្រទេសជិតខាងខ្លួន ដែលកម្ពុជាច្រើនធ្វើមក និងតាមរយៈការបង្កើតអោយមានបរិយាកាសនៃបទបញ្ញាតិដែលមានភាពអនុគ្រោះ ក្នុងរយៈពេលយ៉ាងឆាប់ ប្រទេសកម្ពុជាអាចក្លាយជាអ្នកត្រួសត្រាយផ្លូវ នៅក្នុងវិស័យបច្ចេកវិទ្យាថ្មី។ ទំហំតូចនៃប្រទេសកម្ពុជាអាចក្លាយជាចំណុចមានប្រៀបមួយក្នុងការប្រកួតប្រជែង ពីព្រោះក្រុមហ៊ុនបច្ចេកវិទ្យាធ្វើការវិនិយោគនៅកម្ពុជា ដើម្បីបង្កើត ធ្វើតេស្តមើល និងលក់ផលិតផល ដែលគេអាចយកទៅលក់ក្នុងចំនួនច្រើននៅក្នុងទីផ្សាធំៗ ក្នុងប្រទេសកំពុងអភិវឌ្ឍធំៗនានា។
ការងារដែលត្រូវធ្វើទី ៤៖ កុំភ្លេចការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន
សំរាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ វិស័យបច្ចេកវិទ្យា និងទីផ្សារសំរាប់បច្ចេកវិទ្យាថ្មីរបស់កម្ពុជាប្រហែលជានៅតូចពេកសំរាប់ទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យា ៥ ដែលល្អជាងគេនៅក្នុងទីផ្សារសព្វថ្ងៃ (Facebook, Amazon, Netflix និង Google ដែលមានឈ្មោះមួយទៀតថា FAANG) មានតែក្រុមហ៊ុន Netflix មួយទេដែលកំពុងមានសកម្មភាពនៅកម្ពុជានៅពេលនេះ។ តែមានវិធីម្យ៉ាងទៀតសំរាប់ធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗមានការចាប់អារម្មណ៍ គឺត្រូវផ្សព្វផ្សាយប្រទេសកម្ពុជាថាជាទីកន្លែងល្អ មានការស្វាគមន៍ សំរាប់ការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន (CSR) និងសកម្មភាពសហគ្រិនសង្គម។
ក្រុមហ៊ុនអាមេរិកមានស្មារតីទទួលខុសត្រូវផ្នែកសង្គមខ្ពស់ ហើយមានក្រុមហ៊ុនជាច្រើនមានបទពិសោធន៍ល្អក្នុងកម្មវិធី CSR នៅកម្ពុជា។ វិស័យភាពជាសហគ្រិនសង្គមរបស់ប្រទេសកម្ពុជាមានការលូតលាស់ខ្លាំងហើយ។ ឧទាហរណ៍ កម្មវិធីដៃគូសិស្ស (Student Partners) របស់ក្រុមហ៊ុន Microsoft ធ្វើការជាមួយនិស្សិតឆ្នើមៗមកពីសាកលវិទ្យាល័យចំនួន ៥៤ នាក់ ដើម្បីជំរុញអាជីពផ្នែក IT នៅកម្ពុជា។ នៅពេលទំនាក់ទំនងត្រូវបានកសាងហើយ វាមិនយូរទេដែលគេឆ្លងពីកម្មវិធី CSR ល្អមួយទៅការវិនិយោគក្នុងមុខជំនួញដំបូងនោះ។ ស្ថានទូតអាមេរិក និងគណកម្មាធិការ CSR របស់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក គឺជាដៃគូដ៏ល្អ ក្នុងការជួយក្រុមហ៊ុនអាមេរិកក្នុងការបង្កើតគំរោង CSR ។
ការងារត្រូវធ្វើទាំង ៤ នេះមើលទៅហាក់ដូចជាច្រើន។ ប៉ុន្តែ បើសិនជាឧស្សាហកម្មបច្ចេកវិទ្យា រដ្ឋាភិបាល និងដៃគូបរទេសរបស់កម្ពុជាធ្វើការរួមគ្នា នោះវាគ្មានហេតុផលអ្វីដែលវាមិនអាចធ្វើទៅរួចទេ។ វិស័យបច្ចេកវិទ្យារបស់កម្ពុជាកំពុងតែមានកំណើនយ៉ាងលឿន ហើយបើគ្រប់គ្នាធ្វើការជាមួយគ្នា នោះរយៈពេល ១០ឆ្នាំទៀត យើងអាចក្រលេកមើលមកឆ្នាំ ២០១៨ វិញថាជាពេលដែលវិស័យបច្ចេកវិទ្យារបស់កម្ពុជាមានការស្ទុះឡើង។ នៅពេលណាមួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មី នឹងមានអនាគត Bill Gates ឬ Steve Jobs របស់ប្រទេសកម្ពុជាធ្វើការដើម្បីបង្កើតកម្មវិធី Microsoft ឬកម្មវិធី Apple របស់កម្ពុជា។ អ្នកនោះគ្រាន់តែត្រូវការការជួយបន្តិចបន្តួចតែប៉ុណ្ណោះ ដើម្បីឈានទៅដល់កំរិតនេះ!