មជ្ឈមណ្ឌលជាតិផ្តល់ឈាម ភ្នំពេញ
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦
សូមជំរាបសួឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម វេជ្ជបណ្ឌិត Dong Il Ahn តំណាងនៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកឧត្តមសេនីយត្រី Milhorn មកពីកងវិស្វករនៃកងទ័ពជើងគោកសហរដ្ឋអាមេរិក ភ្ញៀវកិត្តិយស លោក លោកស្រី។
ខ្ញុំមានសេចក្តីរីករាយជាខ្លាំង ដោយមានវត្តមាននៅពេលនេះ ដើម្បីកត់សំគាល់ដំណាក់កាលដ៏អស្ចារ្យមួយ ក្នុងផ្នែកសុខភាពសាធារណៈរបស់ប្រទេសកម្ពុជា ជាមួយនឹងការបើកឡើងនូវមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្មីមួយ។
ប្រទេសកម្ពុជាសព្វថ្ងៃមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ម៉ាស៊ីនស្ទូចខ្ពស់ៗត្រូវបានគេឃើញមាននៅតាមគំរោងសាងសង់ធំៗ និងនៅតាមទីក្រុងជាច្រើនទៀត។ ថ្វីត្បិតតែអាគារទាំងនោះធំ ឬមានតំលៃថ្លៃក្តី តែទីតាំងដ៏គួរអោយចាប់អារម្មណ៍ ដែលយើងកំពុងបើក នៅថ្ងៃនេះ មានសារៈសំខាន់មិនចាញ់អាគារទាំងនោះទេ។
ក្នុងពេលថ្មីៗនេះ ខ្ញុំបានឃើញរូបនៃពិធីបញ្ចុះបឋមសិលា នៅទីតាំងនេះ កាលពីខែធ្នូ ឆ្នាំ២០១៤។ នៅពេលនោះ កន្លែងនេះគឺជាដីទទេ។ អ្នកមកទស្សនាមួយចំនួនដែលតំណាងអោយប្រទេសកម្ពុជា សហរដ្ឋអាមេរិក និងដៃគូអភិវឌ្ឍន៍អន្តរជាតិមួយចំនួននៅកម្ពុជាបានផ្លាស់វេនគ្នាចូកដីបន្តិចម្នាក់ដាក់ប៉ែល ជានិមិត្តរូបនៃការចាប់ផ្តើមការសាងសង់។រូបទាំងនោះបង្ហាញច្បាស់ពីការដែលមនុស្សជាច្រើនមកជុំគ្នា ដើម្បីសំរេចគំរោងដ៏សំខាន់នេះ។
មួយឆ្នាំកន្លះក្រោយមក យើងមកឈរនៅកន្លែងដដែលនេះម្តងទៀត ដែលមានចាក់ស៊ីម៉ង់យ៉ាងស្អាត និងស្ថិតនៅក្នុងម្លប់នៃទីតាំងថ្មីដ៏ល្អនេះ។ សមទ្ធិផលនេះមិនអាចមានទៅបានទេ បើគ្មានការប្រឹងប្រែង ជំនាញឯកទេស និងកិច្ចសហប្រតិបត្តិការរបស់មនុស្ស និងអង្គការនានាជាច្រើន។
មជ្ឈមណ្ឌលដ៏ថ្មីស្រឡាងនេះត្រូវបានរៀបចំ និងកសាងឡើងទៅតាមបទដ្ឋានមជ្ឈមណ្ឌលផ្តល់ឈាមអន្តរជាតិ។ មជ្ឈមណ្ឌលនេះត្រូវបានកសាងដោយក្រុមវិស្វករដែលមកពីកងទ័ពជើងគោកសហរដ្ឋអាមេរិក និងអ្នកម៉ៅការកម្ពុជា ដោយមានការជួយពីអង្គការសេវាផ្តល់ឈាមអូស្ត្រាលី (Australian Blood Services) មជ្ឈមណ្ឌលការពារនិងកំចាត់ជំងឺរបស់សហរដ្ឋអាមេរិក (CDC) និងគំរោងស្តីពីផែនការបន្ទាន់របស់ប្រធានាធិបតីអាមេរិកសំរាប់ការបន្ធូរបន្ថយផ្នែកជំងឺអេដស៍ (PEPFAR) ។
ពិតមែនហើយ អាគារនេះគ្រាន់តែជាផ្នែកមួយនៃអ្វី ដែលធ្វើអោយមានសកម្មភាពថែទាំសុខភាពជាធម្មតាតែប៉ុណ្ណោះ។ សហរដ្ឋអាមេរិកក៏មានមោទនភាពផងដែរ ដោយបានជួយដល់ផ្នែកដទៃទៀតនៃមជ្ឈមណ្ឌលនេះ ដូចជាការដំឡើងបរិក្ខាថ្មី ការបណ្តុះបណ្តាលបុគ្គលិកនៃមជ្ឈមណ្ឌល និងការផ្តល់ជំនួយបច្ចេកទេសជាបន្ត។ យើងសង្ឃឹមថា ជំនួយនេះនឹងជួយអោយមជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានការទទួលស្គាល់ជាអន្តរជាតិ នៅក្នុងពេលអនាគតដ៏ខ្លីនេះ។
ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង និងសហការីរបស់លោក ចំពោះការដឹកនាំ និងការគាំទ្ររបស់ពួកគេ។ ខ្ញុំសូមអរគុណផងដែរដល់សហការីរបស់ខ្ញុំ ដែលមកពីបញ្ជាការដ្ឋាននៃកងទ័ពអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក មជ្ឈមណ្ឌល CDC អង្គការសុខភាពពិភពលោក មូលនិធិ Global Fund កំចាត់ជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ និងអង្គការសេវាផ្តល់ឈាមអូស្ត្រាលី ដែលបានខិតខំនិងធ្វើការសហការយ៉ាងជិតស្និទ្ធ លើគំរោងនេះ។
ថ្ងៃនេះ យើងចូលរួមជាមួយមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក ដើម្បីអបអរទិវាអ្នកផ្តល់ឈាមពិភពលោក។ ប្រធានបទនៅឆ្នាំនេះគឺ “ឈាមធ្វើអោយយើងទាំងអស់គ្នាមានការផ្សារភ្ជាប់គ្នា”។ វាផ្តោតលើអំណរគុណចំពោះអ្នកធ្វើអំណោយឈាម ហើយបញ្ជាក់ពីការផ្សារភ្ជាប់គ្នាដ៏ខ្លាំងរវាងអ្នកផ្តល់អំណោយឈាម និងអ្នកជំងឺ។ ខ្ញុំសង្ឃឹមថា មជ្ឈមណ្ឌលផ្តល់ឈាមដ៏គួរអោយចាប់អារម្មណ៍នេះនឹងទាក់ទាញមនុស្សច្រើនថែមទៀតអោយមកផ្តល់ឈាមជាទៀងទាត់ ក្រោមពាក្យស្លោកថា “មានជីវិតរស់នៅជាមួយគ្នា ត្រូវផ្តល់ឈាម” (Share life, give blood)។
សុខភាពគឺជាការវិនិយោគផ្នែកអភិវឌ្ឍន៍ធំជាងគេរបស់សហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា ហើយជាស្នូលនៃការសហការគ្នា រវាងប្រទេសយើងទាំងពីរ។ ការកសាងកន្លែងដ៏ំទំនើបនេះគឺជាផ្នែកមួយនៃការសហការដ៏ធំមួយ ជាមួយក្រសួងសុខាភិបាលកម្ពុជា ដែលរួមមានការជួយដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ព្រមទាំងជំនួយបច្ចេកទេសនៅក្នុងវិស័យដូចជាប្រព័ន្ធព័ត៌មានផ្នែកសុខភាព សេវាមន្ទីរពិសោធន៍ និងការឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺ។
ទៅអនាគត ខ្ញុំសង្ឃឹមថានឹងបានលឺដំណឹងល្អៗជាច្រើនចេញពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមថ្មីនេះ។ សំខាន់បំផុតគឺខ្ញុំសង្ឃឹមថា វានឹងជួយប្រទេសកម្ពុជាអោយឈានដល់ថ្ងៃមួយក្នុងពេលឆាប់ៗនេះ ដែលនៅពេលនោះ គ្មានអ្នកជំងឺណាម្នាក់ស្លាប់ដោយសារខ្វះឈាមដែលមានសុវត្ថិភាពឡើយ។
ខ្ញុំសូមអរគុណម្តងទៀតដែលបានអញ្ជើញខ្ញុំអោយមកចូលរួមនៅក្នុងពិធីថ្ងៃនេះ។ សហរដ្ឋអាមេរិកមានមោទនភាពណាស់ក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ក្នុងការកសាងទីកន្លែងពេទ្យទំនើបៗ ដូចជាទីកន្លែងនេះ ដែលផ្តល់ប្រយោជន៍ដល់សុខភាពរបស់ប្រជាជនកម្ពុជាទាំងអស់។
សូមអរគុណច្រើន។