ទស្សនកិច្ច​របស់​ឯកអគ្គរដ្ឋទូត Heidt នៅ​ទីក្រុង Long Beach

ឡុងប៊ិក រដ្ខកាលីហ្វរនា
ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦
សរសេរ​ដោយ៖ លោកឯកអគ្គរដ្ឋទូត William A. Heidt

សហគមន៍​នៃ​ជនជាតិ​អាមេរិក​មាន​ដើម​កំណើត​ខ្មែរ នៅ​ទីក្រុង Long Beach នៃ​រដ្ឋ California បាន​ស្វាគមន៍​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​យ៉ាង​កក់ក្តៅ កាល​ពី​សប្តាហ៍​មុន​។ មនុស្ស​ចំនួន ៣៥០ នាក់​បាន​ប្រជ្រៀត​គ្នា​ចូល​មក​ក្នុង​វេទិកា​សហគមន៍ នៅ​ភោជនីយដ្ឋាន La Lune Imperial Restaurant នៅ​ក្រុង Long Beach ។ ខ្ញុំ​បាន​ធ្វើ​បទបង្ហាញ​មួយ ដែល​មាន​ចំណងជើង​ថា “​ប្រទេស​កម្ពុជា​៖ ម្សិលម៉ិញ ថ្ងៃ​នេះ នៅ​ថ្ងៃ​ស្អែក​” ដែល​បញ្ជាក់​ពី​ព្រឹត្តិការណ៍​ក្នុង​ពេល​ថ្មី​ៗ​នេះ នៅ​កម្ពុជា និង​តួនាទី​របស់​ប្រទេស​អាមេរិក នៅ​ក្នុង​ការ​ជំរុញ​អោយ​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​។ អ្នក​ចូលរួម​បាន​សួរ​សំណួរ​ពិបាក​ៗ​ជា​ច្រើន ស្តីពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា អនាគត​នៃ​ប្រទេស​កម្ពុជា​ក្នុង​ការ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​ឆ្នាំ​២០១៧ និង​២០១៨ អំពើ​ពុករលួយ ការ​ធ្វើ​ឃាត​លោក​កែម​ឡី និង​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​ទិដ្ឋាការ​។

ទីក្រុង Long Beach មាន​បណ្តុំ​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ច្រើន​ជាង​គេ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​មាន​ប្រមាណ ៥០ ០០០ នាក់​។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​សហគមន៍​របស់​គេ និង​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​របស់​គេ ជាមួយ​មន្រ្តី​ជាប់​ឆ្នោត​ក្នុង​មូលដ្ឋាន​។ លោក​ចៅហ្វាយ​ក្រុង ឈ្មោះ Robert Garcia បាន​សំដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​លោក​ចំពោះ​ទីក្រុង​ខ្មែរ (Cambodiantown) ដែល​ជា​ផ្នែក​មួយ​នៃ​ទីក្រុង Long Beach ដែល​មាន​ជនជាតិ​អាមេរិក​មាន​ដើម​កំណើត​ខ្មែរ​ជា​ច្រើន​ប្រកប​មុខ​ជំនួញ​។ យើង​បាន​ជួប​ជាមួយ​និស្សិត​សាកលវិទ្យាល័យ​មួយ​ក្រុម​ដ៏​មាន​ភាព​វៃ​ឆ្លាត ជា​ជនជាតិ​អាមេរិក​មាន​ដើម​កំណើត​ខ្មែរ ដែល​មាន​ទឹកចិត្ត​ប្តេជ្ញា​ក្នុង​ការ​កសាង​ស្ពាន​រឹងមាំ​ជាមួយ​ប្រទេស​កម្ពុជា ហើយ​ដែល​កំពុង​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​មួយ​នៃ​អង្គការ​សមាគម​នៃ​និស្សិត​ជា​ជនជាតិ​អាមេរិក​មាន​ដើម​កំណើត​ខ្មែរ នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ក្រោយ​នេះ​។

យើង​បាន​ជួប​នឹង​​ម្ចាស់​ហាង​ជំនួញ​តូច​ៗ​ជា​ច្រើន​ដែល​មាន​ទឹកចិត្ត​ប្តេជ្ញា នៅ​ពេល​យើង​ដើរ​នៅ​ពេល​ព្រឹក​ក្នុង​ទីក្រុង​ខ្មែរ ដូចជា​ជាង​ម៉ាស៊ីន​ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ នៅ​ហាង​ជួសជុល​ដែល​មាន​ឈ្មោះ​ថា Mike’s Auto Repair ដែល​បាន​ធ្វើ​សី​ទាត់​។ អ្នក​នៅ​ទីក្រុង Long Beach ជា​ច្រើន​បាន​ជួយ​ប្រទេស​កំណើត​របស់​គេ តាមរយៈ​គំរោង​មនុស្សធម៌ ឬ​ការ​វិនិយោគ​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

សំខាន់​ជាង​អ្វី​ទាំងអស់​នោះ​គឺ​ថា យើង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នឹង​ចំណង​ដ៏​ជ្រាលជ្រៅ រវាង​ទីក្រុង Long Beach និង​ប្រទេស​កម្ពុជា​។ សហគមន៍​នៃ​ជនជាតិ​អាមេរិក​មាន​ដើមកំណើត​ខ្មែរ​នៅ​ទីក្រុង Long Beach មាន​ការ​គិតគូរ​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​កំណើត​របស់​គេ ហើយ​ចង់​ជួយ​អភិវឌ្ឍ​ប្រទេស​កំណើត​របស់​គេ ដើម្បី​អោយ​ប្រទេស​នេះ​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​វិបុលភាព​កាន់តែ​ច្រើន​ឡើង​។ យើង​មើល​ឃើញ​ច្បាស់​លើ​ចំណុច​នេះ នៅ​ពេល​យើង​ធ្វើ​ដំណើរ​ទៅ​វត្ត Willow ដែល​ជា​វត្ត​ធំ​និង​ចាស់​ជាង​គេ​របស់​ខ្មែរ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ វា​ជា​បេះដូង​នៃ​សហគមន៍​របស់​ជនជាតិ​អាមេរិក​មាន​ដើម​កំណើត​ខ្មែរ នៅ​ទីក្រុង Long Beach ហើយ​យើង​មាន​ចិត្ត​រំភើប​ចំពោះ​ការ​ទទួល​រាក់ទាក់​របស់​ពួកគេ​ចំពោះ​យើង​។

យើង​សូម​អរគុណ​គណកម្មាធិការ​ដែល​បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​យើង ដែល​បាន​ធ្វើការ​បាន​យ៉ាង​ល្អ ហើយ​រួម​មាន​តំណាង​មក​ពី​ក្រុម​សង្គម និង​នយោបាយ​នានា នៅ​ទីក្រុង Long Beach ។