ភារធារី Michael Newbill

លោក Michael Newbill បាន​ចូល​កាន់ភារធារីនៃស្ថានទូតអាមេរិកនៅក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១៨​។ លោក​គឺ​ជា​បុគ្គលិក​អាជីព នៅ​ក្នុង​កិច្ចការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​។

ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ លោក Michael Newbill បាន​ធ្វើជា​អនុប្រធាន​ផ្នែក​កិច្ចការ​សំរាប់​តំបន់​ដី​គោក​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត និង​តំបន់​ប៉ាស៊ីហ្វិក ដែល​គ្រប​ដណ្តប់​លើ​ប្រទេស​ភូមា កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ មុន​​កាន់​តំណែង​​នេះ លោក Newbill គឺ​​​ជា​​ទីប្រឹក្សា​សំរាប់​កិច្ចការ​សេដ្ឋកិច្ច និង​នយោបាយ ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក ក្នុង​ទីក្រុង Kampala នៃ​ប្រទេស​អ៊ូហ្កង់ដា​។ ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២ លោក Newbill គឺ​ជា​ប្រធាន និង​បន្ទាប់​មក​ជា​ប្រធាន​ជាន់​ខ្ពស់ សំរាប់​កិច្ចការ​អាស៊ី​ខាង​ត្បូង នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន ដោយ​ធ្វើការ​លើ​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​យោធា​ទាំងអស់ សំរាប់​ប្រទេស​ឥណ្ឌា និង​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ដទៃ​ទៀត​។ ក្រៅពីនេះ លោក Newbill បានធ្វើជាប្រធានផ្នែកកិច្ចការសេដ្ឋកិច្ច និងនយោបាយ នៅទីក្រុង Mumbai នៃប្រទេសឥណ្ឌា (ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០) ជាមន្រ្តីកិច្ចការសេដ្ឋកិច្ចសំរាប់ប្រទេសឥណ្ឌានៅទីក្រុង Washington (ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៧) ជាមន្រ្តីផ្នែកសេដ្ឋកិច្ចនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង Bangkok នៃប្រទេសថៃ ដោយមានការទទួលខុសត្រូវលើពាណិជ្ជកម្មទ្វេភាគី និងពហុភាគី សិទ្ធិលើកម្មសិទិ្ធបញ្ញា ជីវបច្ចេកវិទ្យា និងបញ្ហាសេដ្ឋកិច្ចដទៃទៀត (ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៥) និងជាអនុប្រធានកុងស៊ុល នៅក្នុងទីក្រុង Manila នៃប្រទេសហ្វីលីពីន (ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០២)។

មុនពេលចូលបំរើកិច្ចការបរទេស លោក Newbill បានដឹកនាំគំរោងមួយស្តីពីសន្តិសុខតំបន់ និងការកសាងទំនុកចិត្ត នៅអាស៊ីខាងត្បូង សំរាប់មជ្ឈមណ្ឌល Henry L. Stimon Center ដែលជាវិទ្យាស្ថានស្រាវជ្រាវមួយមានមូលដ្ឋាននៅទីក្រុង Washington ។

លោក Newbill បានទទួលសញ្ញាប័ត្របរិញ្ញាផ្នែកប្រវត្តិសាស្រ្ត និងអក្សរសាស្រ្តអង់គ្លេសពីសាកលវិទ្យាល័យ Illinois, Champaign –Urbana នៅក្នុងឆ្នាំ ១៩៩៤ និងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកប្រវត្តិសាស្រ្តនៃតំបន់អាស៊ីខាងត្បូង ពីសាកលវិទ្យាល័យ Wisconsin ក្នុងទីក្រុង Madison ក្នុងឆ្នាំ ១៩៩៧។ នៅឆ្នាំ ១៩៩៤-១៩៩៥ លោក Newbill បានទទួលអាហារូបករណ៍ Rotary International Ambassadorial Scholarship សំរាប់ការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Jawarharlal Nehru University ក្នុងទីក្រុង New Delhi ៕