ស្ថានទូតអាមេរិកនឹងរៀបចំការបញ្ចាំងបង្ហាញភាពយន្តអាមេរិក នៅរាជធានីភ្នំពេញ

ចេញ​នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ២០១៧

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញនឹងរៀបចំទទួលទស្សនកិច្ច​របស់ផលិតករភាពយន្តអាមេរិក ឈ្មោះ Heather Courtney និង Robin Hauser ជាផ្នែកមួយ​នៃការបញ្ចាំងបង្ហាញភាពយន្តអាមេរិក ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែឧសភា។ ការបញ្ចាំងបង្ហាញភាពយន្ត​នេះគឺជាកម្មវិធីដើរបញ្ចាំងភាពយន្តដ៏​ធំមួយ ដែល បញ្ចាំងភាពយន្តឯកសារ ភាពយន្តរឿង និងកីឡាបែបគំនូរជីវចល​សំរាប់ទស្សនិកជននៅទូទាំងសាកល លោក។

នៅក្នុងពេលស្នាក់នៅកម្ពុជា លោកស្រី Heather នឹងធ្វើសិក្ខាសាលា​សំរាប់និស្សិតសាកលវិទ្យាល័យ និងផលិតករភាពយន្តថ្មីៗ​ស្តីពីទីផ្សារ​និងការចែកចាយភាពយន្ត ចំណែកលោកស្រី Robin នឹងបញ្ចាំងភាពយន្ត ឯកសារដែលបានឈ្នះរង្វាន់ របស់លោកស្រី ដែលមានចំណងជើងថា “CODE: Debugging the Gender Gap” (កូដៈបំបាត់គំលាតជេនឌ័រ https://www.codedoc.co/) ដល់ទស្សនិកជននានា។ ភាពយន្ត​នេះបង្ហាញពីចំនួនមិនសូវច្រើន​នៃវិស្វករផ្នែកកម្មវិធីផ្នែកទន់ជាស្រ្តី និងមកពីក្រុមជន​ជាតិភាគតិច ហើយស្វែង យល់ពីហេតុផល​នៃគំលាតផ្នែកជេនឌ័រ​នេះ។

កម្មវិធីបញ្ចាំងភាពយន្ត​នេះទទួលបានការឧបត្ថម្ភថវិកាពីការិយាល័យកិច្ចការវប្បធម៌​ ​និងអប់រំរបស់ក្រសួង​ការបរទេសសហរដ្ឋអាមេរិក ហើយដំណើរការការងារ​ដោយមជ្ឈមណ្ឌលបុប្ផាណា ​ដោយសហការជាមួយមហាវិទ្យាល័យសិល្បៈភាពយន្ត​នៃសាកលវិទ្យាល័យ Southern California ។

សំបុត្រក្នុងចំនួនមានកំណត់មានចែកជូនសាធារណជន ដើម្បីទស្សនាភាពយន្ត​នេះ និងជួបជាមួយ ​ផលិត​ករភាពយន្ត នៅថ្ងៃចន្ទ ទី​២២ ខែឧសភា វេលាម៉ោង ៦:៣០​ យប់ នៅរោងភាពយន្ត Major Cineplex ក្នុងផ្សាអេអន។ សូមហៅទូរស័ព្ទទៅមជ្ឈមណ្ឌលបុប្ផាណាតាមលេខ ០១១ ៥៥០ ៥៩០ ដើម្បីកក់សំបុត្រ។   ផលិតករ​ភាពយន្តអាចផ្តល់កិច្ចសំភាសន៍​ដល់អ្នកសារព័ត៌មាន នៅមុនពេលបញ្ចាំងភាពយន្ត​នៅម៉ោង ៦:៣០ យប់។

អ្នកសារព័ត៌មានដែលចង់ទៅយកព័ត៌មានពីការបញ្ចាំងភាពយន្ត​នេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការ​សាធារណៈរបស់ស្ថានទូតអាមេរិក ដោយហៅទូរស័ព្ទមកលេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov ត្រឹមថ្ងៃអាទិត្យ ទី ២១ ខែឧសភា វេលាម៉ោង ៦​ យប់៕