ក្រុមរាំចង្វាក់ Hip Hop របស់អាមេរិកមកសំដែងនៅកម្ពុជា

ចេញថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានមោទនភាពសូមធ្វើការឧបត្ថម្ភអ្នកសិល្បៈ និងអ្នករាំចង្វាក់ Hip Hop អាមេរិកមួយក្រុម ដែលមកសំដែងនៅប្រទេសកម្ពុជា ពីថ្ងៃទី ២៧ ខែមិនា ដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៨។ កម្មវិធីនេះដែលមានឈ្មោះថា “កំរិតបន្ទាប់” ទទួលបានការឧបត្ថម្ភពីក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយដំណើរការដោយសាកលវិទ្យាល័យ North Carolina ក្នុងក្រុង Chapel Hill និងមជ្ឈមណ្ឌល Meridian International Center ។ កម្មវិធីនេះប្រើតន្រ្តី និងការរាំចង្វាក់ Hip Hop ដើម្បីជំរុញខាងផ្លូវទូតរវាងប្រជាជន និងប្រជាជន ហើយសកម្មភាពទាំងអស់មានបំណងជំរុញការចែករំលែកទៅវិញទៅមក នូវចំណេះដឹង គុណតំលៃ ទស្សនៈ និងការគោរពគ្នា រវាងយុវជនកម្ពុជា និងអ្នកសិល្បៈអាមេរិក។ សមាជិកនៃក្រុមកំរិតបន្ទាប់នេះរួមមាន៖

  1. Marisol “Pinqy Ring” Velez, ពិធីករ/អ្នករាំ Rapper
  2. Ayumi “SANOizm” Chisolm, អ្នកគូរគំនូរ Graffiti
  3. Serouj “Midus” Aprahamian, អ្នករាំ
  4. Michael “Cobaine Ivory” McFadgen, អ្នកធ្វើចង្វាក់
  5. Kane Smego, អ្នកគ្រប់គ្រងទីកន្លែង
  6. Juan Gomez, អ្នកថតរូប/អ្នកថតវីដេអូ

ក្នុងពេលនៅក្នុងប្រទេសកម្ពុជា ក្រុមនេះនឹងដំណើរការសិក្ខាសាលាចំនួន ៤ ដែលនឹងប្រព្រឹត្តទៅ ក្នុង រយៈពេល ២ សប្តាហ៍ សំរាប់យុវជនកម្ពុជាចំនួន ៦០ នាក់។

ក្រុមនេះនឹងធ្វើការសំដែងចុងក្រោយ ដើម្បីបង្ហាញស្នាដៃនៃអ្នកសិល្បៈអាមេរិក អ្នកចូលរួមក្នុងសិក្ខាសាលា និងការសំដែងរួមគ្នា នៅក្នុងអំឡុងពេលនៃដំណើរសំដែងនៅកម្ពុជា។ ការសំដែងចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៨ នៅ The Mansion (ផ្ទះលេខ ៣៨ មហាវិថីសម្តេច សុធារស ជិតការិយាល័យនៃអង្គការ UNESCO មុខសារមន្ទីរជាតិ) ពីម៉ោង ៦:០០ ដល់ម៉ោង ៨:៣០ យប់។ កន្លែងមានកំណត់ ដូច្នេះទស្សនិកជនគួរទៅអោយបានឆាប់។

បើចង់ដឹងព័ត៌មានបន្ថែមស្តីពីកម្មវិធីនេះ នៅកម្ពុជា សូមទាក់ទងមកលោក David Josar មន្រ្តីផ្នែកសារព័ត៌មានរបស់ស្ថានទូតអាមេរិក តាមអ៊ីម៉េល JosarDJ@state.gov

ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីកំរិតបន្ទាប់នេះ សូមចូលមើលគេហទំព័រ www.nextlevel-usa.org