ក្រុម​តន្រ្តីអាមេរិក Matuto មក​សំដែង​នៅ​កម្ពុជា

ចេញថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦

ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​មាន​សេចក្តី​រីករាយ​សូម​ជំរាប​ជូន​ទស្សនិកជន​ថា ក្រុម​តន្រ្តី នៅ​សហរដ្ឋ​អាមេរិក​ឈ្មោះ Matuto នឹង​មក​ប្រគំ​ជូន​សាធារណជន​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦​។ ក្រោម​ការ​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក នៅ​រាជធានី​ភ្នំពេញ និង សហការ​ជាមួយ​អង្គការ អម្រឹតា​សិល្បៈ និង ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក្រុម​តន្រ្តី​នេះ នឹង​ប្រគំ​នៅ​ខេត្ត ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​កំពង់ចាម ហើយ​ចុង​ក្រោយ នៅ​រាជធានី​ភ្នំពេញ​។ សិល្បករ​ខ្មែរ​និង​ជា DJ ពូ ឃ្លាំង នឹង​ចូលរួម​ជាមួយ​នឹង​ក្រុម​តន្រ្តី Matuto នៅ​ក្នុង​ការ​សំដែង​ជា​សាធារណៈ​ទាំង​នេះ​។ ក្រុម​តន្រ្តី​នេះ​នឹង​មាន កម្មវិធី​ផង​ដែរ ក្នុង​ការ​ដើរ​សំដែង​ជូន​សិស្ស​វិទ្យាល័យ នៅ​ខេត្ត​ស្ទឹងត្រែង អ្នក​មាន​អាជីព​ខាង​តន្រ្តី  និង​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ហើយ​និង​កុមារ​ក្នុង​អង្គការ​ស្នាម​ញញឹម​នៃ​កុមារ​។

កម្មវិធី​ប្រគំ​តន្រ្តី​ដោយ​មិន​គិត​ថ្លៃ

  • ថ្ងៃ​ទី ១៩ ខែ​ឧសភា ម៉ោង ៧:០០ យប់ ប្រគំ​ជា​សាធារណៈ​នៅ​មន្ទីរ​វប្បធម៌​ខេត្ត​ក្រចេះ
  • ថ្ងៃ​ទី ២០ ខែ​ឧសភា ម៉ោង ៧:០០ យប់ ប្រគំ​ជា​សាធារណៈ​នៅ​មន្ទីរ​វប្បធម៌​ខេត្ត​ស្ទឹងត្រែង
  • ថ្ងៃ​ទី ២១ ខែ​ឧសភា ម៉ោង ៧:០០ យប់ ប្រគំ​ជា​សាធារណៈ​នៅ​ចន្លោះ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិ​ភាគ​កំពង់ចាម និង​មន្ទីរ​គរុកោសល្យ​ខេត្ត
  • ថ្ងៃទី ២២ ខែ​ឧសភា ម៉ោង ៧:០០ យប់ ប្រគំ​ជា​សាធារណៈ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (​សាល​មហោស្រព​គ្មាន​ដំបូល នៃ​វិទ្យាស្ថាន​ភាសា​បរទេស ក្រោយ​អាគារ CJCC​)

Matuto (​ពាក្យ​ក្នុង​គ្រាម​ភាសា​របស់​មនុស្ស​នៅ​តំបន់​អាមេរិក​ខាង​ត្បូង ដែល​មាន​ន័យ​ថា “​កុមារា​ស្រុក​ស្រែ​”​) គឺ​ជា​ការ​ប្រគំ​តន្រ្តី​តាម​បែប​ម្យ៉ាង មិន​ទៅ​តាម​បែប​របស់​មនុស្ស​នៅ​លោក​ខាង​លិច ហើយ​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង នៅ​ទីក្រុង New York  ហើយ​យក​លំនាំ​តាម​ប្រពៃណី​នៅ​តាម​ជនបទ នៅ​ទូទាំង​ទ្វីប​អាមេរិក​។ ក្រុម​តន្រ្តី​នេះ​នឹង​ធ្វើ​ទស្សនកិច្ច និង​ការ​ប្រគំ​នៅ​ប្រទេស​កម្ពុជា ថៃ និង​ប្រទេស​ចិន ជា​ផ្នែក​មួយ​នៃ​កម្មវិធី​តន្រ្តី​អាមេរិក នៅ​បរទេស ដែល​ឧបត្ថម្ភ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ហើយ​រៀបចំ​ដំណើរការ​ដោយ​សមាគម សំលេង​អាមេរិក (Association of American Voices)។

ចំពោះ​ព័ត៌មាន​បន្ថែម​ស្តីពី​ការ​ប្រគំ និង​កម្មវិធី​របស់​ក្រុម​តន្រ្តី Matuto នៅ​កម្ពុជា សូម​ទាក់ទង​ឈ្មោះ អ៊ិន សំភីរចនី ប្រធាន​ស្តីទី ​នៃ​អង្គការ​អម្រិតា​សិល្បៈ តាម​អ៊ីម៉េល rachny@amritaperformingarts.org ឬ​ហៅ​ទៅ​ទូរស័ព្ទ​លេខ ០១២ ៦៨៧ ៧៩១។