វិស្វករកម្ពុជាគឺជាផ្នែកមួយនៃក្រុមពិសេសមួយ ដែលមកពីមូលនិធិមនុស្សធម៌ Golden West (GWHF) ដែលបានបង្កើតកម្មវិធីឯកសារបណ្តុះបណ្តាលថ្នាក់ខ្ពស់ស្តីពីយុទ្ធភណ្ឌ (AOTM) បានទទួលរង្វាន់ផ្នែកគំនិតច្នៃប្រឌិតថ្មី (Innovation Awards Honoree) នៅក្នុងពិព័រណ៏អន្តរជាតិដ៏ល្បី អំពីរបស់ប្រើប្រាស់អេឡិចត្រូនិច នៅ Las Vegas ដែលគេច្រើនស្គាល់ថា CES ២០១៦។ ដោយត្រូវបានគេជ្រើសរើសនៅក្នុងក្រុមចំណាត់ថ្នាក់ “បច្ចេកទេសដើម្បីពិភពលោកមួយល្អប្រសើរ” ផលិតផល AOTM ត្រូវបានផលិតនៅភ្នំពេញ នៅក្នុងមន្ទីរពិសោធន៍ ផ្នែកប្លង់របស់មូលនិធិ GWHF ដែលជាកន្លែងបោះពុម្ព 3D ធំជាងគេនៅប្រទេសកម្ពុជា។
ដោយបានទទួលថវិកាសំរាប់ចាប់ផ្តើមការងារដំបូងៗពីការិយាល័យបន្ធូរបន្ថយ និងលុបបំបាត់អាវុធ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កម្មវិធី AOTM កែលំអគុណភាពនៃសំភារៈសំរាប់បុគ្គលិកដែលធ្វើការដោះមីន និងលុបបំបាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ លោក Allen Tan ដែលជាប្រធានផ្នែកបច្ចេកទេសអនុវត្តនៅក្នុងមូលនិធិ GWHF បានធ្វើការកត់សំគាល់ថា “ការទទួលបានរង្វាន់អន្តរជាតិដ៏សំខាន់នេះគឺជាកិត្តិយសមួយដែលយើងចែករំលែកជាមួយប្រជាជនកម្ពុជា ហើយមើលឃើញពីផលដែលមានទៅលើពិភពលោកពីផលិតផលដែលបង្កើតដោយកម្ពុជា”។