លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ (DRL) នឹងធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែកក្កដា ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្ស នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។
នៅថ្ងៃទី១៨ កក្កដា លោកឧបការីរដ្ឋមន្រ្តី Malinowski នឹងជួបជាមួយមន្រ្តីរដ្ឋាភិបាល សមាជិកនៃគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិលក្នុងស្រុក និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោតដែលមានភាពសេរី និងយុត្តិធម៌ នៅកម្ពុជា។ លោកក៏នឹងរំលឹកអោយកម្ពុជាលើកកំពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្ស។ លោកឧបការីរដ្ឋមន្រ្តីនឹងទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តនៃអតីតពន្ធនាគារ និងមជ្ឈមណ្ឌលសួរចំលើយនេះ។
នៅថ្ងៃទី១៩ កក្កដា លោកឧបការីរដ្ឋមន្រ្តី Malinowski នឹងចូលរួមនៅក្នុងការសំណេះសំណាលជាមួយយុវជនកម្ពុជា លើប្រធានបទនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ពិធីនេះនឹងប្រព្រឹត្តទៅនៅបណ្ណាល័យនៃស្ថានទូតអាមេរិក នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តក្នុងបរិវេណខាងត្បូង ហើយអ្នកចូលរួមមានសមាជិកនៃក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក សមាជិកនៃកម្មវិធីរបស់លោកប្រធានាធិបតី Obama ដែលមានឈ្មោះថា គំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលមានបំណងពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការទំនាក់ទំនងគ្នាជាបណ្តាញ នៅក្នុងចំណោមយុវជននៅអាស៊ីអាគ្នេយ៍។
ចំពោះព័ត៌មានបន្ថែមស្តីពីដំណើរទស្សនកិច្ចរបស់លោកឧបការីរដ្ឋមន្រ្តី Malinowski សូមតាមដាន @Malinowski on Twiter ឬទាក់ទងឈ្មោះ Kerri Spindler-Ranta តាម Spindler-RantaK@state.gov ។ ចំពោះព័ត៌មានថ្មីៗស្តីពីការងារផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សូមចូលមើលគេហទំព័រ www.humanrights.gov ឬតាមដានគណនេយ្យ Twitter ស្តីពី DRL តាម @State_DRL ៕
ជីវប្រវត្តិ
លោក Tom Malinowski បានស្បថចូលកាន់តំណែងជាឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤។ មុនពេលចូលកាន់តំណែងបច្ចុប្បន្ន និងតាំងពីឆ្នាំ ២០០១ មក លោកគឺជាប្រធាននៅទីក្រុង Washington របស់អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលជាអង្គការមួយក្នុងចំណោមអង្គការអន្តរជាតិឯករាជ្យនាំមុខគេ ដែលធ្វើការដើម្បីការពារសិទ្ធិមនុស្ស។ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០១ លោកបានធ្វើជាប្រធានជាន់ខ្ពស់ នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ ក្នុងសេតវិមាន ដោយក្នុងនោះ លោកបានដឹកនាំការធ្វើពង្រាងនៃសុន្ទរកថារបស់លោកប្រធានាធិបតី Clinton ស្តីពីគោលនយោបាយការបរទេស និងការងារទំនាក់ទំនងជាយុទ្ធសាស្រ្ត នៅជុំវិញពិភពលោក។ ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨ លោកគឺជាអ្នកសរសេរសុន្ទរកថារបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Warren Christopher និង Madeleine Albright និងជាសមាជិកនៃក្រុមបុគ្គលិកធ្វើផែនការគោលនយោបាយ ក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិក។
នៅក្នុងពេលមុននោះទៀត ក្នុងអាជីពរបស់លោក លោក Malinowski បានធ្វើជាអ្នកជំនួយការស្រាវជ្រាវអោយមូលនិធិ Ford Foundation ក្នុងឆ្នាំ១៩៩៣ និងវិទ្យាស្ថានមនុស្សសាស្រ្ត នៅទីក្រុង Vienna នៃប្រទេសអូទ្រីស ក្នុងឆ្នាំ១៩៩២។ លោកបានចាប់ផ្តើមអាជីពរបស់លោកជាជំនួយការពិសេសអោយលោកព្រឺទ្ធសមាជិក Daniel Patrick Moynihan ក្នុងឆ្នាំ១៩៨៨។ លោក Malinowski បានទទួលសញ្ញាប័ត្របរិញ្ញាផ្នែកមនុស្សសាស្រ្តពីសាកលវិទ្យាល័យ California, Berkeley និងសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យ Oxford ដោយពេលនោះ លោកជានិស្សិតទទួលបានអាហារូបករណ៍ Rholdes ។