នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ ឆ្នាំ២០១៥ ស្តីពីការជួញដូរមនុស្ស (TIP) ពីទីក្រុងវ៉ាស៊ីនតោន។ តាមការតំរូវនៃច្បាប់របស់សហរដ្ឋអាមេរិក ស្តីពីការការពារជនរងគ្រោះដោយការជួញដូរ របាយការណ៍ TIP វាយតំលៃរដ្ឋាភិបាលនៅជុំវិញពិភពលោកលើការខិតខំរបស់គេ ក្នុងការប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប។ របាយការណ៍ TIP ប្រចាំឆ្នាំលើកទី ១៥ នេះមានការរៀបរាប់ពីប្រទេសនិងទឹកដីចំនួន ១៨៨ ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ។ នៅក្នុងពិធីប្រកាសពីរបាយការណ៍នេះ លោករដ្ឋមន្រ្តី Kerry ថែមទាំងបានផ្តល់កិត្តិយសដល់វីរៈជនក្នុងរបាយការណ៍ TIP ឆ្នាំ២០១៥ និងមនុស្សប្រុសស្រី ដែលការខិតខំផ្ទាល់ខ្លួនរបស់គេ បានធ្វើអោយមានលទ្ធផលប្រែប្រួលអស្ចារ្យ នៅក្នុងការប្រយុទ្ធជាសាកល ប្រឆាំងនឹងទាសភាពសម័យទំនើបនេះ។
នៅក្នុងរបាយការណ៍ TIP ឆ្នាំ២០១៥ នេះ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីតាមដាន។ ពិតមែនតែរដ្ឋាភិបាលបានបន្តនាំខ្លួនយកមកកាត់ទោស ហើយបានដាក់ទោសលើជនប្រព្រឹត្តការជួញដូរ ដោយរួមទាំងករណីមួយពាក់ព័ន្ធនឹងការបង្ខំអោយបុរសខ្មែរធ្វើការនៅលើទូករបស់អ្នករកស៊ីនេសាទក្តី តែរដ្ឋាភិបាលបានខកខានក្នុងការបង្កើនការខិតខំជារួម ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រប់ទំរង់ទាំងអស់នៃការជួញដូរមនុស្សអោយបានច្រើនជាងឆ្នាំកន្លងទៅ។ របាយការណ៍នេះក៏ស្វាគមន៍ផងដែរចំពោះការខិតខំរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរផ្លូវភេទលើកុមារ នៅតាមកន្លែងជួញដូរនានា ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រទេសកម្ពុជាបានទទួលការលើកលែងពីការបញ្ចុះជាស្វ័យប្រវត្តិដល់ចំណាត់ថ្នាក់លេខ ៣ ពីព្រោះកម្ពុជាមានផែនការសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយកំពុងរួមចំណែកធនធានច្រើនបង្គួរ ដល់ការអនុវត្តផែនការនេះ។
សូមចុចត្រង់នេះ ដើម្បីចូលមើលរបាយការណ៍ TIP ទាំងមូលសំរាប់ឆ្នាំ២០១៥ ស្តីពីប្រទេសកម្ពុជា។ របាយការណ៍នេះជាភាសាខ្មែរនឹងមានចេញ នៅក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។