កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ នៅ​ក្នុង​របាយការណ៍​ស្តីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ ២០១៦

ចេញថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦

លោក John Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេ​សហរដ្ឋ​អាមេរិក បាន​ចេញ​របាយការណ៍ ឆ្នាំ ២០១៦ ស្តីពី​ការ​ជួញដូរ​មនុស្ស (TIP) ពី​ទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦​។ តាម​ការ​កំណត់​នៃ ច្បាប់​របស់​សហរដ្ឋ​អាមេរិក ស្តីពី​ការ​ការពារ​ជន​រង​គ្រោះ​ដោយ​ការ​ជួញដូរ (TVPA) របាយការណ៍ TIP វាយតំលៃ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​លើ​ការ​ខិតខំ​របស់​គេ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប​។ នៅ​ក្នុង​របាយការណ៍​ឆ្នាំ​នេះ ប្រទេស​កម្ពុជា​មាន​ចំណាត់​ថ្នាក់​លេខ ២ ដែល​ជា​ចំណាត់​ថ្នាក់​ល្អ​ជាង​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​បញ្ជី​តាមដាន កាល​ពី​ឆ្នាំ​ទៅ​។ ចំណាត់​ថ្នាក់​លេខ ២ គឺ​សំរាប់​ប្រទេស​ដែល​រដ្ឋាភិបាល​របស់​គេ​មិន​បាន​គោរព​តាម​បាន​ពេញលេញ​ចំពោះ​បទដ្ឋាន​អប្បរិមា​ដូច​មាន​ចែង​ក្នុង​ច្បាប់ TVPA តែ​កំពុង​មាន​ការ​ខិតខំ​ច្រើន​គួរសម ដើម្បី​គោរព​តាម​បទដ្ឋាន​ទាំង​នោះ​។

ការ​បាន​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ ២ គឺ​ផ្អែក​តាម​ការ​ខិតខំ​គួរសម​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ​។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ ដែល​ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្នុង​អំឡុង​ពេល​នៃ​របាយការណ៍​លើក​មុន ហើយ​បាន​កំណត់​ផ្តល់​ថវិកា​ចំនួន ៥០០ ០០០ ដុល្លា​អាមេរិក​ដល់​គណកម្មាធិការ​អន្តរក្រសួង ​ដែល​ដឹកនាំ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​របស់​ប្រទេស​កម្ពុជា​។ គោលការណ៍​ណែនាំ​ថ្នាក់​ជាតិ​សំរាប់​កំណត់ និង​បញ្ជូន​ជន​រងគ្រោះ​ត្រូវ​បាន​អនុម័ត ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​រក​ឃើញ​ជន​រងគ្រោះ​ចំនួន ៥៨៩ នាក់ ដែល​ជា​ចំនួន​កើន​ពី​ចំនួន ៣២៦ នាក់ កាល​ពី​ឆ្នាំ​ទៅ​។ របាយការណ៍​ឆ្នាំ​២០១៦ នេះ​ក៏​បាន​កត់សំគាល់​ឃើញ​ផង​ដែរ​ពី​ដំណើរ​ជឿនលឿន​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់​ទោស និង​ដាក់​ទោស ពិសេស​លើ​បទល្មើស​នៃ​ការ​ជួញដូរ​កំលាំង​ពលកម្ម​។ ក្រៅ​ពី​ការ​បញ្ជាក់​ពី​ជោគជ័យ​ទាំង​នេះ របាយការណ៍​នេះ​ថែម​ទាំង​ផ្តល់​អនុសាសន៍​ផង​ដែរ ហើយ​បង្ហាញ​ចំណុច​នានា​សំរាប់​ធ្វើ​ការ​កែ​លំអ នៅ​ក្នុង​ការ​ខិតខំ​របស់​ប្រទេស​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប​។

របាយការណ៍ TIP ប្រចាំ​ឆ្នាំ​លើក​ទី ១៦ នេះ​មាន​ការ​រៀបរាប់​ពី​ប្រទេស​និង​ទឹកដី​ចំនួន ១៨៨ ដោយ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ នៅ​ក្នុង​ពិធី​ប្រកាស​របាយការណ៍​នេះ លោករដ្ឋមន្រ្តី Kerry ថែម​ទាំង​បាន​ផ្តល់​កិត្តិយស​ដល់​វីរៈជន​ក្នុង​របាយការណ៍ TIP ឆ្នាំ ២០១៦ គឺ​មនុស្ស​ប្រុស ស្រី ដែល​ការ​ខិតខំ​ផ្ទាល់​ខ្លួន​របស់​គេ​បាន​ធ្វើ​អោយ​គេ​មាន​ស្នាដៃ​លេច​ធ្លោ នៅ​ក្នុង​ការ​ប្រយុទ្ធ​ជា​សាកល ប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប​នេះ​។

អត្ថបទ​ទាំងមូល​​​នៃ​របាយការណ៍ TIP ឆ្នាំ ២០១៦ ស្តីពី​ប្រទេស​កម្ពុជា​មាន​ នៅ​ក្នុងវែបសាយ​របស់​ក្រសួង​ការបរទេស​អាមេរិក​។ អត្ថបទ​បកប្រែ​ជា​ភាសា​ខ្មែរ​នៃ​របាយការណ៍​នេះ​នឹង​មាន​បង្ហាញ​ដល់​សាធារណជន ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។ បើ​ចង់​អាន​របាយការណ៍​ឆ្នាំ​២០១៦ ស្តីពី​ប្រទេស​កម្ពុជា សូម​ចុច​ត្រង់​នេះ​