ទឹកប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការឆាប់ៗនេះសម្រាប់សកម្មភាពកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាប បាត់ដំបង កំពង់ធំ និងពោធិសាត់ តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ រួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMK វិទ្យាស្ថានLOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។ កម្មវិធីដែលមានរយៈពេល៧ឆ្នាំនេះសំដៅដោះស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។
ការប្រកាសពីភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបង្កើនភាពដែលអាចទទួលបាននូវហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការ ធ្វើឲ្យប្រសើរឡើងនូវផលិតភាព លើកកម្ពស់កំណើនសេដ្ឋកិច្ចដែលដឹកមុខដោយវិស័យកសិកម្ម។ ចាប់តាំងពីឆ្នាំ ២០១១ ទីភ្នាក់ងារUSAID តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed the Future Initiative) បានគាំទ្រដល់វិស័យកសិកម្ម និងសន្តិសុខស្បៀងនៅតាមបណ្តាខេត្តចំនួន បួនជុំវិញបឹងទន្លេសាបតាមរយៈកម្មវិធីផ្សេងៗជាច្រើន ដោយផ្តោតលើគ្រួសារក្រីក្រ និងកសិករតូច តាច។ ដើម្បីបំពេញបន្ថែមលើគម្រោងសន្តិសុខស្បៀងសម្រាប់អនាគត ថ្ងៃនេះទីភ្នាក់ងារ USAID បានចាប់ដៃគូជាមួយវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរគឺ វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ AMK វិទ្យាស្ថានមីក្រូ ហិរញ្ញវត្ថុLOLC និងក្រុមហ៊ុន RMA ដើម្បីប្រមូលប្រាក់កម្ចីរហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់វិស័យកសិវប្បកម្ម។ កម្ចីទាំងនេះនឹងពង្រីកការវិនិយោគលើវិស័យកសិវប្បកម្មក្នុងគោលដៅ ជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងការលក់វត្ថុធាតុដើមកសិកម្ម។
លោកស្រី ផលី ដាន់ហ្វ៊ត (Polly Dunford) នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID ប្រចាំ នៅកម្ពុជា មានប្រសាសន៍ថា៖ “យើងមានមោទនភាពក្នុងការផ្តល់ឥណទានដល់វិស័យឯកជន ដែលកំពុងបម្រើការលើវិស័យកសិកម្មនៅកម្ពុជាដែលមានប្រជាជន ៧០%នៃប្រជាជនសរុបរស់នៅ ពឹងផ្អែកលើវិស័យនេះ”។ លោកស្រីបានមាន ប្រសាសន៍បន្ថែមថា៖ “យើងមានការជឿជាក់ថាការ បង្កើនឥណទានក្នុងវិស័យកសិកម្ម នឹងគាំទ្រយ៉ាង សម្បើមដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងផ្តល់ផលវិជ្ជមានដល់ប្រជាជនកម្ពុជាទាំងមូល មិនថានៅតាមទីជនបទ ឬទីប្រជុំជននោះទេ”។
អាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារ USAID ធ្វើការ ជាមួយវិនិយោគិន ស្ថាប័ន ហិរញ្ញវត្ថុក្នុងស្រុក និងអង្គការអភិវឌ្ឍនានា ដើម្បីរចនានិងផ្តល់នូវជម្រើសនានាសម្រាប់ការវិនិយោគ ក្នុងគោលដៅធ្វើឲ្យជីវភាពមានភាពប្រសើរឡើង។ បច្ចុប្បន្ននេះ អាជ្ញាធរឥណទាន អភិវឌ្ឍន៍ (DCA) បានជួយប្រមូលហិរញ្ញប្បទានចំនួន ៤,៧ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងប្រទេសចំនួន៧៦។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.usaid.gov ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
Claire Everhart
Asia/MENA Relationship Manager
Development Credit Authority
ceverhart@usaid.gov