សហគ្រិន​កម្ពុជា​រៀន​ពី​ការ​អនុវត្តន៍​ល្អ​ដើម្បី​អាច​ប្រកួត​ប្រជែង​បាន​ខ្លាំង​

ចេញថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៥

សហគ្រិន​ធុន​​តូច​និង​មធ្យម​ជាង​១២៥​នាក់​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​មាន​រយៈពេល​​១​​ថ្ងៃ​​ពេញ នៅ​ថ្ងៃ​នេះ នៅ​ភ្នំពេញ ដើម្បី​បង្កើន​ចំណេះដឹង​និង​ជំនាញ​របស់​ពួកគេ លើ​ការ​អនុវត្តន៍​ល្អ​ក្នុង​មុខ​ជំនួញ​។ បទបង្ហាញ​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​ក្រុមហ៊ុន​ពហុជាតិ​របស់​សហរដ្ឋ​អាមេរិច​។

ក្រោម​ការ​ឧបត្ថម្ភ​របស់​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​អាមេរិច អាស៊ាន​ដើម្បី​សហគ្រាស​តូច​និង​មធ្យម ​ដែល​មាន​ភាព​ប្រកួត​ប្រជែង ភាព​​ជា​ដៃគូ​រវាង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​-​អាស៊ាន US-ASEAN Business Council (US-ABC) សិក្ខាសាលា​នេះ​មាន​ការ​បណ្តុះបណ្តាល​ពី​ធុរកិច្ច​ល្អ ការ​អនុវត្ត​ផ្នែក​ហិរញ្ញវត្ថុ​និង​ច្បាប់ និង​ដំណោះស្រាយ​ដែល​រួម​មាន​ពាណិជ្ជកម្ម​តាម​អ៊ិនធឺណែត និង​មធ្យោបាយ​ផ្នែក​ភស្តុភា ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​។

អ្នក​រៀបចំ​សិក្ខាសាលា​បាន​ធ្វើការ​សហការ​ជាមួយ​ក្រុម​ការងារ​នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​អាស៊ាន តាមរយៈ​នាយកដ្ឋាន​សិប្បកម្ម និង សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​កម្ពុជា រួម​ទាំង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សមាគម​​សហគ្រិន​ស្ត្រី​​កម្ពុជា សហព័ន្ធ​ពាណិជ្ជកម្ម​ស្ត្រី​កម្ពុជា មូលនិធិ Hinrich Foundation និង​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​។

លោកស្រី Rebecca Black នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិច​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​​៖​“​សាជីវកម្ម​ជា​ដៃគូ​នៅ​ក្នុង​សិក្ខាសាលា​នេះ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ខ្ពស់​នៅ​ក្នុង​សាកលលោក ក្នុង​ជំនួញ​អន្តរជាតិ បច្ចេកវិទ្យា និង ភស្តុភា ។ ខ្ញុំ​សូម​អោយ​អ្នក​ទាំងអស់​គ្នា​យក​ឱកាស​នេះ​ដើម្បី​បង្កើន​ភាព​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង និង​សមត្ថភាព​ឈោង​ចាប់​នៃ​ក្រុមហ៊ុន​របស់​លោក​អ្នក​។

ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community) ក្នុង​ពេល​ដែល ​សេដ្ឋកិច្ច​តំបន់​និង​សេដ្ឋកិច្ច​សាកលលោក​ ដែល​ចេះ​តែ​មាន​ការ​រីក​ធំ​ឡើង មាន​ន័យ​ថា​យើង​ត្រូវការ​ចំណេះដឹង ជំនាញ និង​មធ្យោបាយ​ថ្មី​ៗ ដើម្បី​បន្ត​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ប្រកួត​ប្រជែង និង បន្ត​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ផលិតផល​និង​ដំណើរការ ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការ​ចូល​ទៅ​ដល់​ទីផ្សារ ដែល​មាន​អតិថិជន​ដែល​មាន​ការ​រើស​ផលិតផល​ច្រើន និង​​សហគ្រាស​​ដែល​​កាន់​តែ​​មាន​​សមត្ថភាព​​ប្រកួត​ប្រជែង នៅ​ជុំវិញ​ពិភពលោក​។

លោក Anthony Nelson នាយក​ទទួល​បន្ទុក​ផ្នែក​អាស៊ាន​របស់​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​-​អាស៊ាន បាន​មា​ន​ប្រសាសន៍​ថា​៖​ “​សិក្ខាសាលា​នេះ​ជា​ផ្នែក​មួយ​កិច្ច​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​អាមេរិក​​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ធ្វើការ​តាមរយៈ​ក្រុមប្រឹក្សា​នេះ ដើម្បី​ជួយ​ដល់​ការ​រីក​ចំរើន​និង​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​។ សម័្ពន្ធភាព​ពាណិជ្ចកម្ម​នេះ​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​បណ្តុះបណ្តាល​សហគ្រិន​ចំនួន​១៦០០​នាក់​ ក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ាន​។ បន្ទាប់​​​ពី​​សិក្ខាសាលា​​ថ្ងៃ​នេះ យើង​នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ជាន់​ខ្ពស់​ដែល​នឹង​រួម​បញ្ចូល​កម្មវិធី​ផ្តល់​ប្រឹក្សា​មួយ​ទល់​មួយ ព្រមទាំង​សកម្មភាព​អភិវឌ្ឍ​ទេពកោសល្យ​និង​ភាព​ជា​អ្នក​ដឹកនាំ ដែល​នឹង​ធ្វើ​ឡើង​ដោយ​សាជីវកម្ម​ជា​ដៃគូ​របស់​យើង​”​។

ជា​បន្ថែម​លើ​សិក្ខាសាលា​មុន​ៗ​នៅ​ប្រទេស​ដទៃ​ទៀត​ក្នុង​អាស៊ាន ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​ពិភពលោក ដូចជា​ក្រុមហ៊ុន Google, UPS, VISA International, ConocoPhillips, Inc.  និង ដៃគូ​ក្នុង​ស្រុក  ក្រុមហ៊ុន Sciaroni & Associates គាំទ្រ​កម្មវិធី​បណ្តុះបណ្តាល​របស់​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ក្នុង​ថ្ងៃ​នេះ ដើម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង​ ដល់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​អាស៊ាន​។ សិក្ខាសាលា​នេះ​ក៏​មាន​បញ្ចូល​វគ្គ​ពិភាក្សា និង ចែក​ក្រុម​សម្រាប់​ប្រឹក្សា​យោបល់​រវាង​វាគ្មិន និង សហគ្រិន​ធុន​តូច​និង​មធ្យម​ដែល​បាន​ចូលរួម​។

សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤ នឹង​ធ្វើ​សកម្មភាព​មួយ​ចំនួន​នៅ​ឆ្នាំ​​២០១៥ អំពី​​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​និង​ឧបករណ៍​ទំនើប​ក្នុង​ការ​ធ្វើ​ជំនួញ និង អំពី​តំរូវការ​ដើម្បី​ធ្វើការ​ជា​ដៃគូ​ក្នុង​សង្វាក់​ផ្គត់ផ្គង់ នៅ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​នៅ​ឆ្នាំ​២០១៥​។ សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ក៏​នឹង​បង្កើត​គេហទំព័រ​ ដែល​មាន​ផ្តល់​ការ​បណ្តុះបណ្តាល​និង​ប្រឹក្សា​ដែល​មាន​លក្ខណៈ​ជា​ការ​ពិភាក្សា​គ្នា ព្រមទាំង​ព័ត៌មាន​ពាណិជ្ជកម្ម​តាម​អ៊ិនធឺណែត ដើម្បី​គាំទ្រ​ការ​បង្កើត ការ​អភិវឌ្ឍន៍ អន្តរជាតូបនីយកម្ម នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​អាស៊ាន​។