វិស័យទឹកស្អាតនៅកម្ពុជាទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើម ហិរញ្ញប្បទានថ្មីរបស់ទីភ្នាក់ងារ USAID

ចេញថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧

ថ្ងៃនេះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសនូវគំនិតផ្តួចផ្តើមថ្មីមួយដែលមានទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយលុបបំបាត់ គម្លាតហិរញ្ញប្បទានសម្រាប់ការផ្តល់សេវាអានាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសកម្ពុជា។ គម្រោងហិរញ្ញវត្ថុសម្រាប់ទឹកស្អាត និងអនាម័យ (WASH-FIN) នឹងជួយដល់វិស័យឯកជនអាចផ្គត់ផ្គង់ទឹកស្អាតដល់អ្នកដែលមានតម្រូវការប្រើប្រាស់។

គោលបំណងចំបងរបស់គម្រោង WASH-FIN ក្នុងប្រទេសកម្ពុជាគឺផ្តល់ការគាំទ្រដល់ ប្រតិបត្តិករ​ឯកជន​ដែលផ្គត់ផ្គង់ទឹកស្អាតអាចទទួលបាននូវប្រាក់ដែលពួកគេត្រូវការដើម្បីពង្រីកនិងធ្វើឲ្យប្រសើរឡើងនូវសេវទឹកស្អាត និងអនាម័យ។ គម្រោង WASH-FIN នឹងផ្តល់ជំនួយបច្ចេកទេស និងជួយពង្រឹងសមត្ថភាពប្រតិបត្តិករដែលផ្គត់ផ្គង់ទឹកនៅតាមបណ្តាខេត្ត ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងតួអង្គដ៏ទៃមួយចំនួនទៀតដែលពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យ។ គម្រោងនេះនឹងគាំទ្រដល់ការប្រើប្រាស់ឥណទានឲ្យកាន់តែប្រសើរឡើងដូចជា៖ អាជ្ញាធរឥណទានអភិវឌ្ឍន៍USAID ដើម្បីបន្តបង្កើនកាលនុវត្តភាពសម្រាប់ហិរញ្ញវត្ថុពាណិជ្ជកម្ម។

ការ​ប្រកាស​នូវ​គម្រោង WASH-FIN របស់​ទីភ្នាក់ងារ USAID បាន​ឆ្លុះបញ្ចាំង​នូវ​ការ​ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការលើកកម្ពស់ការទទួលបាននូវសេវាទឹកស្អាត ក្នុងប្រទេស កម្ពុជា។ ហិរញ្ញវត្ថុគឺជាសមាសធាតុមួយដ៏សំខាន់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេស។ គម្រោងនេះកំពុងចាប់ដៃគូជាមួយអាជ្ញាធរផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ដើម្បីទាញយកប្រយោជន៍ពីប្រព័ន្ធ និងចំណេះដឹងក្នុងស្រុកដែលមានស្រាប់។ គម្រោង WASH-FIN រំពឹងថាកម្ចីធនាគារក្នុងស្រុកដែលកើតចេញពីលទ្ធផលនៃគម្រោងនេះនឹងជួយពង្រីកការវិនិយោគលើវិស័យទឹកស្អាត និងអនាម័យ ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងប្រជាជនមានសុខភាពកាន់តែប្រសើរឡើង។

លោកស្រី ផលី ដាន់ហ្វ៊ត នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID បានមានប្រសាសន៍ថា៖ “ទីភ្នាក់ងារ USAID មានមោទនភាពក្នុងការផ្តល់ឥណទានដល់វិស័យឯកជនដែលប្រតិបត្តិការលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងប្រទេសកម្ពុជា”។ លោកស្រីបានបន្ថែមថា៖ “ទឹកស្អាត និងអនាម័យ គឺសំខាន់ចំពោះសហគមន៍ទាំងអស់ ហើយយើងមានការជឿជាក់ថាគម្រោងនេះនឹងគាំទ្រយ៉ាងសម្បើមចំពោះកំណើនសេដ្ឋកិច្ច ក៏ដូចជាសុខភាពរបស់ប្រជាជនកម្ពុជាផងដែរ”។

ក្រៅពីបំពេញការងារនៅក្នុងប្រទេសកម្ពុជា គម្រោងWASH-FIN ក៏បំពេញការងារនៅតាមបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី និងអាហ្រ្វិកផងដែរ។ ជាសកល គម្រោងWASH-FIN ដែលមានរយៈពេល៥ឆ្នាំ និងមានទឹកប្រាក់ចំនួន ៤០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានអនុវត្តដោយក្រុមហ៊ុន Tetra Tech ដោយមានការគាំទ្រពី Open Capital Advisors, Segura Consulting and Global Credit Rating។

សម្រាប់ព័ត៌មានបន្ថែមអំពីទីភ្នាក់ងារ USAID, សូមចូលទៅកាន់គេហទំព័រ www.usaid.gov

សម្រាប់ព័ត៌មានបន្ថែម៖
Mr. Ramesh Khatiwada
Tetra Tech
ramesh.khatiwada@washfin.org