ក្រុម​សិល្បៈ Dana Tai Soon Burgess នឹង​មក​សំដែង​នៅ​កម្ពុជា ក្រោម​ការ​គាំទ្រ​របស់​ស្ថានទូត​អាមេរិក និង​ក្រុមសិល្បៈ Sophiline Arts Ensemble

Dana Tai Soon Burgess Dance Company
ចេញថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៦

ក្រុម​សិល្បៈ​ដ៏​ល្បី​ដែល​មាន​ឈ្មោះ​ថា Dana Tai Soon Burgess Dance Company (DTSBDC) នៅ​ទីក្រុង Washington នឹង​មក​សំដែង​នៅ​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៩ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ក្នុង​កម្មវិធី​មួយ​ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក និង​គាំទ្រ​ដោយ​ក្រុម​សិល្បៈ Sophiline Arts Ensenble ។

នៅ​ថ្ងៃ​សុក្រ ទី​១៨ មិនា វេលា​ម៉ោង ៧ យប់ ក្រុម​សិល្បៈ DTSBDC និង​ក្រុម​សិល្បៈ Sophiline Arts Ensenble នឹង​ធ្វើ​ការ​សំដែង​ជូន​សាធារណជន​ដោយ​មិន​គិត​ថ្លៃ នៅ​សាលសន្និសីទ​ចតុមុខ​។ ចំពោះ​ព័ត៌មាន​ស្តីពី​សំបុត្រ​ចូល​ទស្សនា សូម​ហៅ​ទូរស័ព្ទ​ទៅ​ក្រុម​សិល្បៈ Sophiline Arts Ensenble តាម​លេខ ០៧៧ ៩៤៥ ០១៥ ឬ​តាមដាន​ទំព័រ​ហ្វេសបុក​របស់​ស្ថានទូត​អាមេរិក​។ ក្រុម​របាំ DTSBDC នឹង​ដឹកនាំ​សិក្ខាសាលា​មួយ​ចំនួន​ជាមួយ​ក្រុម​អ្នក​របាំ​ខ្មែរ នៅ​សៀមរាប និង​នៅ​ភ្នំពេញ​។

លោក Jay Raman ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក បាន​មាន​ប្រសាសន៍​ថា “​ស្ថានទូត​អាមេរិក​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ធ្វើ​ការ​ឧបត្ថម្ភ​ដល់​ការ​ដើរ​សំដែង​ក្នុង​ន័យ​វប្បធម៌​នេះ ដែល​ធ្វើ​អោយ​ស្ថាប័ន​របាំ​ដ៏​អស្ចារ្យ​ទាំង​ពីរ​បាន​ជួប​គ្នា គឺ​ក្រុម​របាំ DTSBDC មក​ពី​សហរដ្ឋ​អាមេរិក និង​ក្រុម​របាំ Sophiline Arts Ensenble នៅ​កម្ពុជា​។ វា​ជា​ការ​នាំ​អោយ​គេ​មាន​ការ​រំភើប​ចិត្ត នៅ​ពេល​អ្នក​សិល្បៈ ដែល​មាន​វប្បធម៌​ខុស​គ្នា ជួប​គ្នា ហើយ​ខ្ញុំ​រីករាយ​នឹង​ឃើញ​លទ្ធផល​នៃ​ការ​សហការ​គ្នា​នេះ នៅ​ថ្ងៃ​ទី​១៨ មិនា នៅ​សាលសន្និសីទ​ចតុមុខ​”​។ លោកស្រី Sophiline Cheam Shapiro នាយិកា​នៃ​ក្រុម​សិល្បៈ Sophiline Arts Ensemble បាន​មាន​ប្រសាសន៍​ថា “​ការ​ផ្លាស់ប្តូរ​គ្នា​ផ្នែក​វប្បធម៌​ធ្វើ​អោយ​យើង​មាន​ការ​យល់​កាន់​តែ​ច្បាស់​ពី​ពិភពលោក ​ដែល​យើង​រស់នៅ ហើយ​បង្រៀន​យើង​ពី​លទ្ធភាព​ច្រើន សំរាប់​អោយ​យើង​អាច​ធ្វើការ​បកស្រាយ​បទពិសោធន៍​របស់​មនុស្សជាតិ​”​។

ក្រុម​របាំ DTSBDC បង្កើត​ហើយ​សំដែង​សិល្បៈ​របាំ​ទំនើប ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ច្រើន​យ៉ាង​ក្នុង​សង្គម​អាមេរិក​។ របាំ​របស់​ក្រុម​របាំ DTSBDC ផ្តោត​លើ​អត្តសញ្ញាណ ក្នុង​បរិបទ​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត និង​រឿង​របស់​មនុស្ស​ម្នាក់​ៗ​ ដោយ​ផ្សារ​ភ្ជាប់​គ្នា​នូវ​វប្បធម៌​នានា និង​បទពិសោធន៍​រួម​គ្នា​របស់​មនុស្ស​។ ជា​ធម្មតា ក្រុម​របាំ DTSBDC ដើរ​សំដែង​នៅ​ក្រៅ​ប្រទេស ហើយ​បាន​សំដែង​នៅ​តាម​ប្រទេស​ជា​ច្រើន ដូចជា​ប្រទេស​អេហ្ស៊ីប អ៊ីស្រាអែល កូរេ ចិន ឥណ្ឌា អាឡឺម៉ង់ និង​ម៉ិកស៊ិក​។ ព័ត៌មាន​បន្ថែម​ស្តីពី​ក្រុម​របាំ DTSBDC សូម​ចុចត្រ​ង់​នេះ

ចំពោះ​ព័ត៌មាន​ស្តីពី​ក្រុម​សិល្បៈ Sophiline Arts Ensemble សូម​ចុច​ត្រង់​នេះ

អ្នក​សារព័ត៌មាន​ដែល​មាន​ការ​ចាប់​អារម្មណ៍​ចង់​ទទួល​បាន​ព័ត៌មាន​បន្ថែម ឬ​ចូលរួម​ក្នុង​ការ​សំដែង​ណា​មួយ គួរ​ទា​ក់ទង​មក​ឈ្មោះ John Shapiro នៅ​ក្នុង​ក្រុម​សិល្បៈ Sophiline Arts Ensemble ដោយ​ផ្ញើ​អ៊ីម៉េល​ទៅ​កាន់ john@khmerarts.org ឬ​ទូរស័ព្ទ​ទៅ​កាន់​លេខ ០១៧ ៩៣៨ ៩៩២ ។