ការ​ទទួល​បាន​ការ​លើកលែង​ពន្ធ​លើ​ទំនិញ​សំរាប់​ការ​ធ្វើ​ដំណើរ​ដែល​ផលិត​នៅ​កម្ពុជា

ចេញថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦

នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ការិយាល័យ​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ការ​ពង្រីក​ដ៏​ធំ​មួយ​នៃ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ដែល​នឹង​នាំ​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​កម្ពុជា​។ ក្រោម​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋ​អាមេរិក ប្រទេស​កម្ពុជា​និង​ប្រទេស​កំពុង​អភិវឌ្ឍ​តិចតួច​ ដែល​ទទួល​បាន​អត្ថប្រយោជន៍ (LDBDCs) ព្រមទាំង​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ជាមួយ​កាលានុវត្តភាព​នៃ​ទ្វីប​អាហ្រ្វិក (AGOA) ដែល​ផលិត​របស់​សំរាប់​ការ​ធ្វើ​ដំណើរ ដូចជា​វ៉ាលី កាបូប​ស្ពាយ កាបូប​ដៃ និង​កាបូប​លុយ​ដាក់​ក្នុង​ហោប៉ៅ នឹង​អាច​នាំ​របស់​ទាំង​នេះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដោយ​មិន​បាច់​បង់​ពន្ធ​។ ការ​ពង្រីក​ប្រព័ន្ធ GSP មិន​ត្រឹមតែ​ផ្តល់​អោយ​កម្ពុជា​នូវ​លទ្ធភាព​ចូល​ទៅ​ក្នុង​ទីផ្សា​នាំ​ចូល​របស់​សំរាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តំលៃ​ចំនួន​១០​ពាន់​លាន​ដុល្លា​អាមេរិក នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ​ទេ ​តែ​វា​ថែម​ទាំង​លើក​ទឹក​ចិត្ត​ ដល់​ការ​អភិវឌ្ឍ​ថែម​ទៀត​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​របស់​កម្ពុជា ទៅ​ក្នុង​ផ្នែក​ថ្មី​ៗ​នៃ​ផលិតកម្ម​ដែល​ផ្តល់​ការ​ចំណេញ​។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក William Heidt បាន​មាន​ប្រសាសន៍​ថា “​ការ​ប្រកាស​នេះ​របស់​ការិយាល័យ​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​អាច​បើក​ទីផ្សា​មួយ​ថ្មី​ទាំង​ស្រុង​សំរាប់​ក្រុមហ៊ុន​នាំ​ចេញ​កម្ពុជា ហើយ​អាច​បង្កើត​អោយ​មាន​ការងារ​រាប់​ពាន់​ សំរាប់​ប្រជាជន​កម្ពុជា​។ យើង​លើក​ទឹកចិត្ត​អោយ​ផលិតករ​កម្ពុជា​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ថ្មី​នេះ ដែល​នឹង​ជួយ​បង្កើន​មុខវិស័យ​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​កម្ពុជា ជួយ​ជំរុញ​កំណើន​លូតលាស់​សេដ្ឋកិច្ច និង​​កាត់​បន្ថយ​ភាព​ក្រីក្រ​”​។

GSP គឺ​ជា​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​មាន​ចំណាស់ ៤០ ឆ្នាំ​មក​ហើយ ដោយ​នៅ​ក្រោម​កម្មវិធី​នេះ គ្មាន​ការ​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ជា​ច្រើន ពី​ប្រទេស​កំពុង​អភិវឌ្ឍ និង​ផលិតផល​បន្ថែម​ទៀត​ពី​ប្រទេស LDBDCs ។ លោក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក Michael Froman បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ប្រើ​កម្មវិធី​នេះ​ដើម្បី​ផ្តល់​ដល់​ប្រទេស​ក្រីក្រ​ជាង​គេ​ខ្លះ​ក្នុង​ពិភពលោក នូវ​ជំនួយ​យ៉ាង​សំខាន់ នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​គូ​ប្រជែង​ដែល​មាន​កំរិត​សមត្ថភាព​ខ្ពស់​”​។

ប្រវត្តិ​ស្តីពី​កម្មវិធី GSP

នៅ​ក្រោម​កម្មវិធី GSP ផលិតផល​ចំនួន​ប្រហែល ៥០០០ មុខ​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍ និង​ដែនដី​ជា​អ្នក​ទទួល​ផល ដោយ​រួម​មាន​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិច​ជាង​គេ​ចំនួន ៤៣ ប្រទេស អាច​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដោយ​មិន​បាច់​បង់​ពន្ធ​។ មាន​តែ​ប្រទេស LDBDCs ទេ ដែល​មិន​ត្រូវ​បាន​តំរូវ​អោយ​បង់​ពន្ធ​លើ​ផលិតផល​ចំនួន​ជិត​១៥០០ នៃ​ផលិតផល​ទាំង​នោះ​។ នៅ​ក្នុង​ឆ្នាំ ២០១៥ ទំនិញ​នាំ​ចូល​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​ការ​បង់​ពន្ធ នៅ​ក្រោម​កម្មវិធី GSP មាន​តំលៃ​សរុប​ចំនួន ១៧,៤ ពាន់​លាន​ដុល្លា​អាមេរិក​។

ច្បាប់​ពន្យារ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម (TPEA) នៃ​ឆ្នាំ​២០១៥ បាន​ផ្តល់​អោយ​លោក​ប្រធានាធិបតី Obama នូវ​អំណាច​ក្នុង​ការ​បន្ថែម​ទំនិញ​ជា​ផលិតផល​ខ្លះ​សំរាប់​ការ​ធ្វើ​ដំណើរ ទៅ​ក្នុង GSP ដោយ​អាស្រ័យ​លើ​ដំណើរការ​វាយតំលៃ​ឡើង​វិញ​ទៀងទាត់ និង​ទៅ​តាម​ការ​ស្នើ​សុំ​។ ចំណុច​តូច​បន្ទាប់​ចំនួន ២៧ នៅ​ក្នុង​កាលកំណត់​នៃ​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ដែល​មាន​លក្ខណៈ​សុខដុម (Harmonized Tariff Schedule ឬ HTS) ដែល​មាន​និយាយ​នៅ​ក្នុង TPEA រួម​មាន​វ៉ាលី កាបូប​ដៃ កាបូប​ស្ពាយ និង​របស់​ដាក់​ក្នុង​ហោប៉ៅ (​ដូចជា​កាបូប​លុយ​)​។

ជា​ផ្នែក​មួយ​នៃ​ការ​ពិនិត្យ​វាយ​តំលៃ​ឆ្នាំ ​២០១៥​/​២០១៦ លើ GSP គណកម្មាធិការ​អន្តរទីភ្នាក់ងារ​មួយ ដែល​ដឹកនាំ​ដោយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក (​អនុគណកម្មាធិការ​នៃ​គណកម្មាធិការ​បុគ្គលិក​ផ្នែក​គោលនយោបាយ​ពាណិជ្ជកម្ម​) បាន​ទទួល​និង​ពិចារណា​សំណើ ដែល​ចង់​៖

  1. បន្ថែម​ឬ​ដក​ចេញ​នូវ​ផលិតផល​ពី​បញ្ជី​នៃ​ផលិតផល​ដែល​ទទួល​បាន​ការ​លើកលែង​ពន្ធ នៅ​ក្រោម GSP
  2. លុប​ចោល​ការ​ផាត់​ចេញ​ ចំពោះ​ប្រទេស​ខ្លះ ដោយ​ផ្អែក​តាម​ការ​តំរូវ​នៃ​លក្ខន្តិកៈ​ទាក់ទង​នឹង​ភាព​ប្រកួត​ប្រជែង (CNLs) និង
  3. ដក​ចេញ​ឬ​ដាក់​កំរិត​ព្រំដែន​លើ​លក្ខណៈសម្បតិ្ត​សំរាប់​ទទួល​បាន​អត្ថប្រយោជន៍​ពាណិជ្ជកម្ម​ក្រោម GSP ដោយ​ផ្អែក​លើ​លក្ខណៈវិនិច្ឆ័យ​លើ​លក្ខណៈសម្បត្តិ​តាម​លក្ខន្តិកៈ ដូចជា​ថា​តើ​ប្រទេស​មួយ​កំពុង​តែ​ប្រកាន់​តាម​ជំហាន​ដើម្បី​ផ្តល់បទដ្ឋាន​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​លើ​សិទ្ធិ​របស់​កម្មករ ថា​តើ​ប្រទេស​នោះ​ផ្តល់​អោយ​អ្នក​វិនិយោគ​សំខាន់​ៗ នូវ​ការ​ការពារ ដូចជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទាក់ទង​នឹង​ការ​កាត់​ក្តី​ដោយ​អាជ្ញា​កណ្តាល និង​កំរិត​ដែល​ប្រទេស​មួយ​ការពារ​បាន​ត្រឹមត្រូវ​និង​គ្រប់គ្រាន់​ចំពោះ​កម្មសិទ្ធិបញ្ញា​។

ចំពោះ​សេចក្តី​ស្នើ​សុំ​ដែល​ត្រូវ​បាន​ទទួល​យក​មក​ពិនិត្យ​វាយតំលៃ គណកម្មាធិការ​ដឹកនាំ​ដោយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បើក​កិច្ចសវនាការ​ជា​សាធារណ ដោយ​សុំ​មតិ​របស់​សាធារណជន ហើយ​នៅ​ក្នុង​ករណី​នៃ​សេចក្តី​ស្នើ​សុំ​ទាក់ទង​នឹង​ផលិតផល ធ្វើ​ការ​ពិនិត្យ​វាយតំលៃ​លើ​ការ​វិភាគ​ ដែល​ធ្វើ​ដោយ​គណកម្មាការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ទៅ​លើ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នៃ​ការ​សំរេច​ចិត្ត​លើ​លក្ខណៈ​អាច​ទទួល​យក​បាន​នៃ​ផលិតផល ដែល​មាន​ទៅ​លើ​ឧស្សាហកម្ម​ក្នុង​ស្រុក និង​អ្នក​ប្រើប្រាស់​។ ការ​កែប្រែ​ណា​មួយ​ទៅ​លើ​បញ្ជី​នៃ​ផលិតផល ឬ​ប្រទេស​ដែល​អាច​ទទួល​បាន​អត្តប្រយោជន៍​ពី GSP ទាមទារ​អោយ​មាន​ការ​សំរេច​ពី​ប្រធានាធិបតី​។

ចំពោះ​ព័ត៌មាន​បន្ថែម​ស្តីពី​កម្មវិធី GSP សូម​ចូល​មើល​គេទំព័រ​របស់​កម្មវិធី GSP ឬ​គេហទំព័ររបស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​