កម្មវិធីអាហាររូបករណ៍ខ្នាតតូច ផ្នែកភាសាអង់គ្លេស សំរាប់ផ្តល់លទ្ធភាព (Access) នៅកម្ពុជា
កម្មវិធី Access នៅកម្ពុជាផ្តល់អាហារូបករណ៍រៀនភាសាអង់គ្លេសរយៈពេល ២ ឆ្នាំ សំរាប់សិស្សកម្ពុជាដែលមានជីវភាពខ្សត់ខ្សោយ។ កម្មវិធីសិក្សានេះមានគ្រូនៅនឹងមូលដ្ឋាន ដោយមានការជួយពីដៃគូអនុវត្តនៅក្នុងមូលដ្ឋាន។ តាំងពីឆ្នាំ២០០៤ មក សិស្សខ្មែរចំនួន ១២៦៣ នាក់បានទទួលអាហាររូបករណ៍ពីកម្មវិធីនេះ។
ការរៀនភាសាអង់គ្លេសរយៈពេល ២ ឆ្នាំនេះនឹងពង្រឹងសមត្ថភាពផ្នែកភាសាអង់គ្លេសរបស់សិស្ស ដែលជាការផុ្តល់ឱកាសដល់ពួកគេក្នុងការសិក្សា និងការរកការងារធ្វើ។ សិស្សដែលរៀនចប់ពីកម្មវិធីនេះ បានទទួលជោគជ័យក្នុងការប្រលងយកអាហារូបករណ៍ដទៃទៀត ដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចជាកម្មវិធីផ្លាស់ប្តូរថ្នាក់បរិញ្ញា និងកម្មវិធីភាពជាអ្នកដឹកនាំរបស់យុវជននៅតំបន់អាស៊ីអាគ្នេយ៍ ។
នៅឆ្នាំ ២០១៧ មានសិស្សកម្ពុជាចំនួនជាង ២០០ នាក់កំពុងសិក្សាភាសាអង់គ្លេសតាមរយៈកម្មវិធី Access នៅក្នុងខេត្តខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ស្ទឹងត្រែង រតនៈគីរី សៀមរាប និងក្រុងភ្នំពេញ។ កន្លងមក កម្មវិធីនេះក៏មានផងដែរនៅខេត្តកំពង់ចាម ក្រចេះ បន្ទាយមានជ័យ តាកែវ កំពត និងក្រុងព្រះសីហនុ ។
រឿងរបស់ពិសី
សិស្សកម្ពុជាចំនួនជាង ១២០០ នាក់បានរៀនចប់ពីកម្មវិធី Access គិតតាំងពីឆ្នាំ ២០០៤ មក។ ពួកគេជាច្រើនបានបន្តការសិក្សា ហើយរកបានការងារធ្វើនៅតាមអង្គការមិនមែនរដ្ឋាភិបាល ការងារជាអ្នកកាសែត និងអាជីពល្អៗដទៃទៀត។
ពិសីដែលមកពីខេត្តរតនៈគីរី បានរៀនចប់កម្មវិធី Access ហើយបានទទួលអាហារូបករណ៍សំរាប់បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ នៅប្រទេស Norway ។ បន្ទាប់មក នាងទទួលបានអាហារូបករណ៍ពេញ សំរាប់សិក្សាអក្សរសាស្រ្តភាសាអង់គ្លេស នៅសាកលវិទ្យាល័យ Methodist University ក្នុងរដ្ឋ North Carolina ។ពិសីសង្ឃឹមថា នឹងក្លាយជាគ្រូភាសាអង់គ្លេស ហើយចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងអស់របស់នាងជាមួយសិស្សពូកែ តែស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយ ដូចជារូបនាង។ ពិសីគឺជាមនុស្សដំបូងគេនៅក្នុងកុលសម្ព័ន្ធ ដែលបានទៅសិក្សានៅក្នុងសហរដ្ឋអាមេរិក។
យោបល់វាយតំលៃរបស់សិស្ស
“កម្មវិធី Access ធ្វើអោយខ្ញុំមានការផ្លាស់ប្តូរ ពីក្មេងស្រីដែលស្ងាត់ស្ងៀម ទៅជាក្មេងស្រីដែលមិនខ្លាចក្នុងការនិយាយទៅកាន់មនុស្សម្នា រៀនសូត្រអ្វីដែលថ្មី និងផ្តល់ត្រឡប់ទៅអោយសង្គមវិញ”។
ថៃយ៉ោម នៅខេត្តកំពង់ចាម (និងជាអតីតសិស្សចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំយុវជននៅតំបន់អាស៊ីអាគ្នេយ៍)
“បន្ទាប់ពីបានសិក្សារយៈពេល ២ ឆ្នាំ នៅក្នុងកម្មវិធី Access ខ្ញុំបានបង្កើនទាំងជំនាញក្នុងការប្រាស្រ័យទាក់ទងគ្នា ទាំងការអភិវឌ្ឍក្នុងទំនាក់ទំនងរវាងគ្នា”។
ជឿន នៅខេត្តរតនៈគីរី(និងជាអតីតសិស្សចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំយុវជននៅតំបន់អាស៊ីអាគ្នេយ៍)
“តាមរយៈការប្រើភាសាអង់គ្លេសរបស់ខ្ញុំ ខ្ញុំបានប្រលងជាប់ ហើយបានទទួលអាហារូបករណ៍មួយក្នុងចំណោមអាហារូបករណ៍ចំនួន ២០ ពីសភាពិភពលោកនៃយុវជនមូស្លីម”។
Alfin នៅខេត្តកំពង់ចាម (និងជាអតីតអ្នកចូលរួមក្នុងដំណើរទស្សនកិច្ចរាយការណ៍ពីការបោះឆ្នោតដែលឧបត្ថម្ភដោយមជ្ឈមណ្ឌលអ្នកកាសែតអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក)