
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ប្រចាំនៅកម្ពុជា
- ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា ចាប់ផ្តើមផ្តល់ជំនួយផ្នែកអប់រំឡើងវិញ តាមរយៈកិច្ចព្រមព្រៀងជំនួយថវិកាទ្វេភាគី ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០០៣។ មកដល់ពេលនេះ ជំនួយសរុបលើវិស័យអប់រំ មានចំនួន ៣១លានដុល្លា។
- គោលដៅរបស់ទីភ្នាក់ងារ USAID ក្នុងវិស័យអប់រំ គឺធ្វើការលើកកំពស់គុណភាព បង្កើនលទ្ធភាពទទួលបានការអប់រំមូលដ្ឋាន និងប្រយោជន៍របស់វា ដោយផ្តោតលើការបង្កើនការចេះអាននៅថ្នាក់ដំបូងៗ អោយដល់កំរិតចាំបាច់មួយ។
- កម្មវិធីថ្មី «កុមារទាំងអស់ចេះអាន (All Children Reading)» របស់ទីភ្នាក់ងារ USAID ជួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំកម្មវិធីថ្នាក់ជាតិដែលមានភាពស៊ីគ្នា ស្តីពីការអាននៅថ្នាក់ដំបូងៗ។ កម្មវិធីនេះ ដែលមានរយៈពេល ៥ ឆ្នាំ (២០១៧ – ២០២១) និងត្រូវចំណាយថវិកាអស់ចំនួន ១១ លានដុល្លា លើកកំពស់ជំនាញក្នុងការអានរបស់កុមារ ពីថ្នាក់ទី ១ ដល់ទី៣ ដោយផ្អែកលើយុទ្ធសាស្រ្ត (មានភស្តុតាងបញ្ជាក់) ដែលធ្វើទៅលើកុមារក្នុងគ្រប់ស្ថានភាព និងអាចធ្វើទៅបាន នៅកំរិតទូទាំងប្រទេសកម្ពុជា។
- ទីភ្នាក់ងារ USAID បានកំណត់ប្រទេសកម្ពុជាជាប្រទេសអាទិភាពនៅក្រោមផែនការសកម្មភាពសម្រាប់កុមារស្ថិតនៅក្នុងស្ថានភាពមិនល្អ (Action Plan for Children in Adversity) ដោយផ្តោតលើការផ្តល់តំលៃជាងគេទៅលើការថែទាំក្នុងគ្រួសារ ហើយជំរុញកម្មវិធី និងគោលនយោបាយដែលផ្អែកលើភស្តុតាង។
- គោលដៅរបស់ទីភ្នាក់ងារ USAID គឺបង្កើនចំនួនកុមារដែលទទួលបានការយកចិត្តទុកដាក់ល្អពីគ្រួសារ ហើយកាត់បន្ថយហឹង្សាទៅលើកុមារនៅកម្ពុជា។
- ទីភ្នាក់ងារ USAID គាំទ្រគម្រោង «ថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង» (Family Care First) អង្គការ UNICEF និងគម្រោងកម្មវិធីភាពជាដៃគូសម្រាប់ការការពារកុមារ (Partnership Program for Child Protection) ជាមួយនឹងគម្រោងដែលមានទឹកប្រាក់ចំនួន ១១ លានដុល្លា (២០០៩-២០១៨) ដើម្បីពង្រឹងប្រព័ន្ធការពារកុមារ នៅកម្ពុជា ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនិតិសម្បទារ។
ទីភ្នាក់ងារ Peace Corps
- ទីភ្នាក់ងារ Peace Corps បើកការិយាល័យរបស់ខ្លួនជាលើកដំបូង នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៦។ តាំងពីឆ្នាំ ២០០៧ មក មានអ្នកស្ម័គ្រចិត្ត Peace Corps ចំនួនជាង ៣៣០ នាក់បានធ្វើការនៅក្នុងវិស័យអប់រំ តាមសំណើសុំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ អ្នកស្ម័គ្រចិត្ត Peace Corps បង្រៀនភាសាអង់គ្លេស នៅតាមវិទ្យាល័យផ្សេងក្នុងប្រទេសកម្ពុជា និងនៅតាមមជ្ឈមណ្ឌលគរុកោសល្យ។ នៅឆ្នាំ២០០៩ Peace Corps បានពង្រីកកម្មវិធីរបស់ខ្លួនដល់ផ្នែកសុខាភិបាល ដោយធ្វើការនៅតាមមន្ទីរពេទ្យបង្អែក និងមជ្ឈមណ្ឌលសុខភាព។ បច្ចុប្បន្ន មានអ្នកស្ម័គ្រចិត្ត Peace Corps ចំនួន ៤៨ នាក់ ដែលកំពុងបង្រៀននៅតាមវិទ្យាល័យតាមមូលដ្ឋាន និងមានអ្នកស្ម័គ្រចិត្តមួយចំនួនតូចបង្រៀននៅសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីធ្វើការលើគម្រោងសំខាន់ៗរបស់គេ នៅក្នុងថ្នាក់រៀន អ្នកស្ម័គ្រចិត្តបានធ្វើការរាប់រយម៉ោង នៅក្នុងគម្រោងបន្ទាប់បន្សំ ទាក់ទងនឹងការអប់រំ។ ឧទាហរណ៍ គេធ្វើសិក្ខាសាលាទាក់ទងនឹងភាពជាអ្នកដឹកនាំ ធ្វើការបោះជំរំ បង្កើតក្លឹបសម្រាប់យុវជន បង្កើតបណ្ណាល័យនៅតាមសាលារៀន ហើយគេអប់រំអ្នកភូមិអំពីបញ្ហាទាក់ទងនឹងបរិស្ថាន ការធ្វើសួនបន្លែ និងអាហារូបត្ថម្ភ។ ពេលនេះ មានអ្នកស្ម័គ្រចិត្តធ្វើការផ្នែកអប់រំសុខភាពដល់អ្នកភូមិ ចំនួន ៥២ នាក់ នៅកម្ពុជា។ អ្នកស្ម័គ្រចិត្តទាំងនេះបង្រៀនអ្នកភូមិអំពីសុខភាពមាតា និងកុមារ អាហារូបត្ថម្ភល្អ និងកិច្ចអន្តរាគមជាមូលដ្ឋាន ទាក់ទងនឹងទឹក និងអនាម័យ ដើម្បីកែលំអទម្លាប់ថែទាំសុខភាពជាមូលដ្ឋាន នៅក្នុងចំណោមប្រជាជននៅតាមជនបទ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក
ការងាររបស់ការិយាល័យកិច្ចសហប្រតិបត្តិការយោធា (ODC) របស់សហរដ្ឋអាមេរិក នៅក្នុងវិស័យអប់រំជាទូទៅផ្តោតលើការបង្កើនសមត្ថភាពផ្នែកភាសាអង់គ្លេសរបស់កងយោធពលខេមរភូមិន្ទ។ កាលណាគេមានជំនាញផ្នែកភាសាអង់គ្លេសខ្ពស់ គេធ្វើការទាក់ទងគ្នា យល់គ្នាបានច្រើន ហើយយោធាអាមេរិក និងយោធាកម្ពុជាអាចធ្វើកិច្ចសហប្រតិបត្តិការគ្នាបានច្រើន។ ដើម្បីបំពេញបំណងនេះ ODC កំពុងធ្វើជាដៃគូជាមួយសាកលវិទ្យាល័យការពារជាតិកម្ពុជា ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេសថែមទៀត ដល់កងយោធពលខេមរភូមិន្ទ តាមរយៈការទិញឧបករណ៍ និងឯកសារសម្រាប់បង្រៀនភាសាអង់គ្លេស ហើយបណ្តុះបណ្តាលគ្រូភាសាអង់គ្លេសនៅក្នុងជួរកងយោធពលខេមរភូមិន្ទ ដោយបានបញ្ជូនពួកគេអោយទៅរៀនវគ្គដែលត្រូវបានរៀបចំឡើងសម្រាប់គោលបំណងនេះ គឺវគ្គគ្រូភាសាជាមូលដ្ឋានរបស់អាមេរិក។
- ឱកាសសិក្សា៖ នៅពេលបណ្តុះបណ្តាលបេក្ខជនដែលមានជំនាញភាសាអង់គ្លេសគ្រប់គ្រាន់បានហើយ ឬអ្នកនោះត្រូវបានរកឃើញនៅក្នុងជួរកងយោធពលខេមរភូមិន្ទ ODC អាចផ្តល់ឱកាសបណ្តុះបណ្តាល និងសិក្សាដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក សម្រាប់ពួកគេ។ វគ្គសិក្សាទាំងនេះរួមមានវគ្គសិក្សារយៈពេលវែង ដូចជានៅមហាវិទ្យាល័យ Army War College ឬមហាវិទ្យាល័យ Command and General Staff College ដែលផ្តល់ការសិក្សារហូតដល់រយៈពេលមួយឆ្នាំ ផ្នែកយោធា។
- ការកសាងសាលារៀន៖ ODC គឺជាការិយាល័យដែលតាមរយៈការិយាល័យនេះ ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកផ្តល់ការគាំទ្រផ្នែកជំនួយមនុស្សធម៌។ សម្រាប់ការជួយក្នុងវិស័យអប់រំ ODC គ្រប់គ្រងកម្មវិធីសម្រាប់ការងារជួសជុល ឬកសាងដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក នៅតាមសាលារៀននៅកម្ពុជា។ ក្នុងខ្នាតតូច ODC ធ្វើបង្គន់នៅតាមសាលារៀន ដែលជាការជួយលើកកំពស់អនាម័យ ហើយជាពិសេស សំដៅកាត់បន្ថយចំនួនអ្នកបោះបង់ចោលសាលា ក្នុងចំណោមសិស្សស្រី ពិសេសសិស្សជំទង់ ពីព្រោះថា បើមានបន្ទប់ទឹកស្អាតនិងមានការបិទបាំងល្អ ប្រហែលជាពួកគេនៅបន្តការសិក្សា។
- បណ្ឌិតសភាកងទ័ពអាមេរិក៖ ODC ផ្តល់ឱកាសអោយនិស្សិតកម្ពុជាបានសិក្សានៅក្នុងបណ្ឌិតសភាកងទ័ពអាមេរិក។ ODC ប្រកាសពីឱកាសសិក្សា និងលក្ខខ័ណ្ឌទាមទារក្នុងការសិក្សា ដល់បេក្ខជនជនជាតិខ្មែរ ដែលមានសមត្ថភាពក្នុងការប្រលងចូលរៀននៅក្នុងបណ្ឌិតសភាជើងគោក US Military Academy (West Point), បណ្ឌិតសភាជើងទឹក US Air Force Academy, បណ្ឌិតសភាឆ្មាំការពារដែនសមុទ្រ US Coast Guard Academy និងបណ្ឌិសភាទំនិញសមុទ្រ US Merchant Marine Academy ។ ជនជាតិខ្មែរដំបូងគេទើបតែប្រលងចេញពីបណ្ឌិតសភាកងទ័ពជើងទឹក នៅក្នុងរដូវក្តៅនេះ ហើយនៅមាននិស្សិតកម្ពុជា ២ រូបទៀតកំពុងសិក្សានៅបណ្ឌិតសភាកងទ័ពជើងទឹក។
ក្រសួងការបរទេសសហរដ្ឋអាមេរិក
- តាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សា និងកម្មវិធីវប្បធម៌និងកម្មវិធីផ្លាស់ប្តូរនៃអ្នកមានជំនាញអាជីពរបស់ខ្លួន ដូចជាកម្មវិធី Fulbright, Hubert Humphrey Fellowship, International Visitor Leadership Program, Teaching Excellence and Achievement និងកម្មវិធី English Access Micro-scholarship ក្នុងមួយឆ្នាំៗក្រសួងការបរទេសសហរដ្ឋអាមេរិកផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត គ្រូបង្រៀន និងអ្នកមានជំនាញអាជីព ផ្សេងៗ ចំនួនប្រហែល២០០នាក់ ដើម្បីសិក្សាភាសាអង់គ្លេស ឫទៅសិក្សានៅសហរដ្ឋអាមេរិក។ អ្នកទាំងនេះត្រលប់មកប្រទេសកម្ពុជាវិញ ហើយធ្វើការក្នុងតួនាទីសំខាន់ៗ ក្នុងការជួយដល់គោលដៅអភិវឌ្ឍន៍ប្រទេសកម្ពុជា ឬប្រើចំណេះដឹងរបស់ពួកគេ ក្នុងការជួយបន្តការសិក្សារបស់ពួកគេអោយកាន់តែបានច្រើន និងដើម្បីអភិវឌ្ឍន៍ សហគមន៍របស់ពួកគេ។ ស្ថានទូតអាមេរិកមានផ្តល់ធនធានសម្រាប់ការសិក្សាផ្សេងៗ រួមមានបញ្ជូនសាស្ត្រាចារ្យអាមេរិក មកបង្រៀននៅតាមសកលវិទ្យាល័យ ក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីអ្នកជំនាញឯកទេស Fulbright ហើយ ផ្តល់ធនធានឯកសារ និង បណ្ណាល័យរបស់ស្ថានទូត ហើយជួយដល់ការបង្រៀនភាសាអង់គ្លេស និងការបង្កើតកម្មវិធីសិក្សាតាមរយៈអ្នកជំនាញ ព្រមទាំងការជួយដល់គម្រោងគាំទ្រដល់ការបង្រៀនភាសាអង់គ្លេសនៅកម្ពុជា ដែលមានឈ្មោះថា CamTESOL។