ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧
ស្ថានទូតសហរដ្ឋអាមេរិកមានសេចក្តីរីករាយសូមប្រកាសថា ពិព័រណ៍ស្តីពីការអប់រំនៅសហរដ្ឋអាមេរិកឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពីម៉ោង ៣:០០ រសៀលដល់ម៉ោង ៧:០០យប់ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ។
តំណាងចំនួន២១ មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យ នៅក្នុងសហរដ្ឋអាមេរិក នឹងមកប្រាប់សិស្ស និស្សិតអំពីកម្មវិធីសិក្សាយកសញ្ញាប័ត្រមហាវិទ្យាល័យ លក្ខខ័ណ្ឌក្នុងការទទួលអោយចូលរៀន និងឱកាសទទួលបានអាហារូបករណ៍ នៅក្នុងសហរដ្ឋអាមេរិក។ អ្នករៀបចំពិព័រណ៌ដទៃទៀតនៅទីនោះ នឹងផ្តល់ព័ត៌មានស្តីពីទិដ្ឋាការសំរាប់សិស្សនិស្សិត កម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្នែកការសិក្សា និងប្រឹក្សាស្តីពីការសិក្សានៅសហរដ្ឋអាមេរិក។ សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យនៅកម្ពុជាទាំងអស់ ដែលមានការចាប់អារម្មណ៍ចង់សិក្សា នៅសហរដ្ឋអាមេរិកត្រូវបានស្វាគមន៍អោយចូលរួម។ ឪពុកម្តាយរបស់សិស្សនិស្សិតក៏ត្រូវបានស្វាគមន៍ ហើយគួរតែចូលរួមផងដែរ។ មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ដែលចូលរួម រួមមាន៖
- Edmonds Community College
- Central Washington University
- SUNY Plattsburgh
- Miami University
- University of Alabama in Huntsville
- California State – San Jose State University
- Green River College
- Bellevue College
- Orange Coast College
- Shoreline Community College
- University of Colorado Boulder
- SCAD
- University of Wisconsin – Stevens Point
- University of La Verne
- Azusa Pacific University
- Kettering University
- University of Alabama
- Northeast Wisconsin Technical College
- University of Bridgeport
ដោយមានការឧបត្ថម្ភពីស្ថានទូតអាមេរិក ពីព័រណ៌នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌល EducationUSA នៅកម្ពុជា ដែលមានបំណងលើកកំពស់គុណភាពនៃការសិក្សាអប់រំ និងពង្រីកឱកាសក្នុងអាជីព និងការសិក្សា សំរាប់ប្រជាជនកម្ពុជា។ ពិព័រណ៌នេះគឺជាវិធីពិសេសមួយ សំរាប់អោយប្រជាជនកម្ពុជាធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សា នៅសហរដ្ឋអាមេរិក ហើយយល់ដឹងពីអត្ថប្រយោជន៍ នៃការទទួលបានការសិក្សាពីសាកលវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិក។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលផ្តល់ប្រឹក្សារបស់ EducationUSA តាមទូរស័ព្ទលេខ ០១០ ៥០ ២១ ២១ ឫអ៊ីមែល eduusa@puc.edu.kh ។