ការិយាល័យ​​អនុព័ន្ធ​ផ្នែក​ច្បាប់

ការិយាល័យ​​អនុព័ន្ធ​​ផ្នែក​​ច្បាប់ ​នៅ​ទីក្រុង​ភ្នំពេញ​ គឺ​ជា​វត្ដមាន​ទី​៦០ នៅ​បរទេស​របស់ ​ការិយាល័យស្រាវជ្រាវ​សហព័ន្ធ (FBI) ដែល​ជា​ផ្នែក​មួយ ​នៃ​ក្រសួង​យុត្ដិធម៌​របស់​សហរដ្ឋ​អាមេរិក ។ ការិយាល័យ​ផ្នែក​ច្បាប់​ មាន​បុគ្គលិក​ជំនាញ​ ផ្នែក​អនុវត្ដ​ច្បាប់​និង​បុគ្គលិក​ជំនួយ​របស់ FBI ធ្វើការ​ដើម្បី​រារាំង​បទ​ឧក្រិដ្ឋ​ នៅ​បរទេស​ឆ្ងាយ​ៗ​ពី​សហរដ្ឋ​អាមេរិក​និង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​បទ​ឧក្រិដ្ឋ​ជា​អន្ដរជាតិ​អោយ​បាន​ឆាប់​បំផុត ។

សម​ដូចដែល​អតីត​នាយក FBI គឺ​លោក Robert S. Mueller III បាន​ធ្វើ​ការកត់សំគាល់​មក​ថា “សាកល​ភាវូបនីយកម្ម មិនថា​ភេរវកម្ម ការជួញដូរ​ជា​អន្ដរជាតិ​នូវ​គ្រឿង​ញៀន របស់​រត់​គយ និង​ការជួញដូរ​មនុស្ស ឬ​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ិនធ័រណែត​ទេ សុទ្ធ​តែ​ទាមទារ​អោយ​យើង​ធ្វើ​ការប្រឹងប្រែង​រួម​គ្នា នៅ​ជុំវិញ​ពិភពលោក ។ ការ​នេះ​មាន​ន័យ​ថា​យើង​ត្រូវ​មាន​ភ្នាក់ងារ​របស់​យើង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​សម​ភាគី​របស់​យើង​នៅ​បរទេស​លើ​ករណី​ដែល​ជា​ប្រយោជន៍​ទៅ​វិញ​ទៅ​មក មិនមែន​គ្រាន់​តែ​ដើម្បី​ដោះស្រាយ​បញ្ហា​បទឧក្រិដ្ឋ​ដែល​ត្រូវ​បាន​ប្រព្រឹត្ដ​តែ​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​ការពារ​កុំ​អោយ​កើត​មាន​ផង​ដែរ​នូវ​បទឧក្រិដ្ឋ​និង អំពើ​ភេរវកម្ម ដោយ​ធ្វើការ​ចែក​រំលែក​ពត៌មាន​អោយ​បាន​ទាន់​ពេលវេលា“ ។

សកម្មភាព​នៃ​ការិយាល័យ​ច្បាប់​នេះ​គឺ​ដើម្បី ៖

  • សំរបសំរួល​ការស៊ើបអង្កេត​ជា​អន្ដរជាតិ​ជាមួយ​សហការី​របស់​គេ ។
  • រក​មើល​មុខ​សញ្ញា​អន្ដរជាតិ​សំរាប់​បំរើ​ការស៊ើបអង្កេត​ក្នុង​សហរដ្ឋ​អាមេរិក ។​
  • ភ្ជាប់​គ្នា​រវាង​លទ្ធភាព​ របស់​សហរដ្ឋ​អាមេរិក​ និង​លទ្ធភាព​របស់​អន្ដរជាតិ​ ក្នុង​ផ្នែក​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​សំខាន់​ៗ​ ដើម្បី​ធានា​សុវត្ថិភាព​ ដល់​សាធារណៈជន​អាមេរិក​នៅ​ទីនេះ និង​នៅ​បរទេស ។ បទដ្ឋាន​សំរាប់​ធ្វើ​សកម្មភាព​រួម​គ្នា​ និង​ការចែក​រំលែក​ពត៌មាន​គ្នា​ មាន​ចែង​ជា​ទូទៅ​ក្នុង​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ ​រវាង​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ជា​ម្ចាស់​ផ្ទះ ។
  • សំរប​សំរួល​វគ្គ​បណ្ដុះ​បណ្ដាល​ របស់ FBI ចំពោះ​នគរបាល​នៅ​តាម​តំបន់ ដែល​មាន​រាប់​ពី​ការប្រឆាំង​ភេរវកម្ម​ និង​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ិនធ័រណែត រហូត​ដល់​បច្ចេកទេស​ធ្វើ​កោសលវិច័យ ការជួញដូរ​មនុស្ស​និង​សិទ្ធិមនុស្ស ។

កម្មវិធី​អនុព័ន្ធ​ផ្នែក​ច្បាប់​របស់ FBI ស្ថិត​ក្រោម​ការគ្រប់គ្រង​ របស់​ការិយាល័យ​ប្រតិបត្ដិការ​អន្ដរជាតិ ដែល​ដឹកនាំ​ដោយ​ភ្នាក់ងារ​ពិសេស​ម្នាក់ ប្រចាំ​នៅ​ទីស្នាក់កា​ធំ​របស់ FBI ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ។ ការិយាល័យ​នេះ​ ធ្វើ​ការទាក់ទង​យ៉ាង​ជិតស្និទ្ធ​ ជាមួយ​ទី​ភ្នាក់ងារ​ដទៃ​ទៀត ​របស់​សហព័ន្ធ​ប៉ូលិស​អន្ដរជាតិ ប៉ូលិស​បរទេស និង​មន្ដ្រី​សន្ដិសុខ ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ហើយ​និង​សមាគម​ជាតិ​ និង​អន្ដរជាតិ​ផ្នែក​អនុវត្ដ​ច្បាប់ ។