បុគ្គលិករបស់ ODC
ODC នៅក្នុងប្រទេសកម្ពុជារួមមាន ក្រុមបុគ្គលិកចំនួន៦នាក់ ដែលដឹកនាំដោយនាយទាហានជាន់ខ្ពស់កងទ័ពជើងគោកអាមេរិកមួយរូប។ ODC គ្រប់គ្រងសកម្មភាពជំនួយ ផែ្នកសន្តិសុខ និងសំរបសំរួលការគាំទ្រ នៅក្នុងប្រទេសកម្ពុជា។ បើសិនជាលោកអ្នកចង់ទាក់ទងមកកាន់ការិយាល័យកិច្ចសហប្រតិបត្តិការយោធា (ODC) សូមផ្ញើអ៊ីម៉េលទៅកាន់ ODCCambodia@state.gov ។
- វរសេនីយ៍ទោ Marcus Ferrara នាយការិយាល័យកិច្ចសហប្រតិបត្តិការយោធា៖ ទទួលខុសត្រូវរួមលើការប្រតិបត្តិប្រចាំថៃ្ងរបស់ ODC នៅកម្ពុជា។
- ភួង សុផល ជំនួយការគ្រប់គ្រងធនធាន៖ គ្រប់គ្រងការងារដែលទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ។
- កាយ យោមា ជំនួយការប្រតិបត្តិការ៖ គ្រប់គ្រងការងារដែលទាក់ទងនឹងការហ្វឹកហ្វឺន ដែលជាជំនួយ របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ការហ្វឹកហ្វឺនក្នុងស្រុក ក្រុមហ្វឹកហ្វឺនចល័ត (MTT) និងសមយុទ្ធ ជំនួយផ្នែកមនុស្សធ៌ម ព្រមទាំងជាអ្នកទាក់ទងជាមួយអាជ្ញាធរដែនដី។
- ហ៊ែល សិទ្ធីរីយ៉ា ជំនួយការគ្រប់គ្រងកម្មវិធី៖ គ្រប់គ្រងការងារ ដែលទាក់ទងនឹងការធ្វើផែនការ និងការត្រួតពិនិត្យវគ្គបណ្តុះបណ្តាលក្រៅប្រទេស ព្រមទាំងកម្មវិធីផ្សេងៗ រួមមាន ការរៀបចំទិដ្ឋាការ និងសកម្មភាពផេ្សងទៀតដែលពាក់ព័ន្ធ។ គាត់ក៏ទទួលខុសត្រូវក្នុងការដោះដូរផ្នែកជំនួយយោធាជាមួយប្រទេសកម្ពុជាផងដែរ។
កម្មវិធីរបស់ការិយាល័យសហប្រតិបត្ដិការយោធា
ទំនាក់ទំនងដោយផ្ទាល់រវាងយោធានិងយោធារវាងសហរដ្ឋអាមេរិកនិងកម្ពុជា ត្រូវបានផ្អាកក្នុងខែកក្កដា ឆ្នាំ១៩៩៧ ។ ក្នុងឆ្នាំ២០០៤ មានការបន្ធូរបន្ថយបំរាមជាច្រើន ដែលជាការសំរួលអោយមានសកម្មភាពកាន់តែច្រើនឡើង រវាងយោធានិងយោធាជាមួយកម្ពុជា។ ទោះបីជាហិរញ្ញប្បទានសំរាប់យោធាបរទេស (FMF) និងការអប់រំនិងហ្វឹកហ្វឺនយោធាអន្ដរជាតិ (IMET) នៅតែស្ថិតនៅក្រោមទណ្ឌកម្មក្ដី តែសកម្មភាពសហប្របតិបត្ដិការ ផ្នែកសន្ដិសុខមួយចំនួន នៅកម្ពុជាមានកំណើន ១០០% ក្នុងឆ្នាំ២០០៥ ហើយមានការរំពឹងថានឹងមានកំណើនច្រើនថែមទៀត ក្នុងឆ្នាំ២០០៦។ ក្នុងឆ្នាំ២០០៥ មន្ដ្រីកម្ពុជាជាង៤០នាក់ បានចូលរួមក្នុងការហ្វឹកហ្វឺន ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក នៅតំបន់ប៉ាស៊ីហ្វឹកឬសហរដ្ឋអាមេរិក។ នៅមានការផ្លាស់ប្ដូរផ្សេងៗទៀត ដែលត្រូវបានធ្វើ រួមទាំងការផ្លាស់ប្ដូរគ្នាស្ដីពីច្បាប់យោធា ការផ្លាស់ប្ដូរអ្នកឯកទេសផ្នែកពេទ្យ និងការផ្លាស់ប្ដូរអ្នកឯកទេសផ្នែកកិច្ចការសាធារណៈ។
កម្ពុជាក៏បានចូលរួមផងដែរ ក្នុងកម្មវិធីឧបត្ថម្ភផ្នែកប្រឆាំងភេរវកម្មយោធាប្រចាំតំបន់ (RDCTF) ។ កម្មវិធីនេះផ្ដោតលើការពង្រឹងទំនាក់ទំនង ដែលមានការទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយការប្រឹងប្រែងរួមរបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ ក្នុងឆ្នាំ២០០៥ មជ្ឈមណ្ឌលទំនាក់ទំនងរវាងស៊ីវិល និងយោធា (CCMR) បានបើកសិក្ខាសាលាមួយក្រោមប្រធានបទថា “ការឆ្លើយតបរបស់ស៊ីវិលនិងយោធាទៅនឹងភេរវកម្ម”។ ថវិការបស់ RDCTF ក៏ត្រូវបានប្រើផងដែរ ដើម្បីទិញឯកសារសំរាប់រៀនភាសាអង់គ្លេស សំរាប់មជ្ឈមណ្ឌលភាសាអង់គ្លេសរបស់កងយោធពលខេមរៈភូមិន្ទ (ខម) ។
សកម្មភាពមនុស្សធម៌ផ្នែកគ្រាប់មីន៖ ការចេះគ្រប់គ្រងបាន លើផលប៉ះទង្គិចខ្លាំងនិងធម្មតា ការគ្រប់គ្រងចំការមីន ការថែទាំយានយន្ដ និងភាពជាអ្នកដឹកនាំ ដែលក្រុមពិសេសនៃកងទ័ពសហរដ្ឋអាមេរិកបង្រៀនអ្នកដោះមីនកម្ពុជា។ បុគ្គលិកនៃកងទ័ពសហរដ្ឋអាមេរិកផ្នែកកំទេចយុទ្ធភណ្ឌបង្រៀនពីបច្ចេកទេសទុកដាក់និងសុវត្ថិភាពនៃគ្រាប់រំសេវនិងគ្រឿងផ្ទុះ ដល់បុគ្គលិកកម្ពុជាផ្នែកកំទេចយុទ្ធភណ្ឌ។
កម្មវិធីជំនួយដល់ជនរងគ្រោះដោយគ្រាប់ផ្ទុះ (BRAVA)៖ បុគ្គលិកពេទ្យក្នុងកងទ័ពជើងគោក និងជើងអាកាសសហរដ្ឋអាមេរិក បានចុះមក ដើម្បីធ្វើការវះកាត់ជួយជីវិតនិងព្យាបាលអវៈយវៈរបួស តាមតំបន់មានគ្រាប់មីននៃប្រទេសកម្ពុជា ដោយផ្ដោតជាសំខាន់ លើជនរងគ្រោះ ដោយគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
កម្មវិធីកសាងសាលារៀននិងស្ពានជាជំនួយមនុស្សធម៌៖ បញ្ជាការដ្ឋានប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកបានផ្ដល់ថវិកាសំរាប់កសាងស្ពានចំនួន ៨ និងសាលារៀនចំនួន ៤ នៅកម្ពុជា ជាផ្នែកមួយនៃកម្មវិធីជំនួយមនុស្សធម៌។ គ្លីនិកមួយក៏ត្រូវបានកសាងឡើងដោយទាហានម៉ារីនអាមេរិកក្នុងខែតុលា ឆ្នាំ២០០៥ នៅខេត្ដកំពង់ឆ្នាំង។ ទឹកលុយ ដែលត្រូវបានប្រើក្នុងគំរោងវិស្វកម្មរបស់សហរដ្ឋអាមេរិក ក្រោមកម្មវិធីជំនួយមនុស្សធម៌ពីនាយសមុទ្រ មានចំនួនសរុបជាង ២ លានដុល្លាសហរដ្ឋអាមេរិក។
ការចែកមុង៖ ក្នុងពេល ៤ ឆ្នាំ កន្លងមកនេះ បញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំតំបន់មហាសមុទ្រ ប៉ាស៊ីហ្វិក បានផ្ដល់មុង ដែលមានតំលៃជាទឹកប្រាក់ចំនួនជាង ៦ សែនដុល្លាសហរដ្ឋអាមេរិក ទៅអោយអង្គការផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា ដែលរួមមាននូវមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ មជ្ឈមណ្ឌល សកម្មភាពមីនកម្ពុជា អង្គការ HALO Trust និងក្រុមពិគ្រោះយោបល់ផ្នែកគ្រាប់មីន។ មុងទាំងនេះត្រូវបានចែកចាយនៅតំបន់ប៉ៃលិន និងតាមតំបន់គ្រុនចាញ់ដទៃទៀតទូទាំងប្រទេសកម្ពុជា ដើម្បីជួយការពារការឆ្លងជំងឺតាមរយៈសត្វមូស។ ជំងឺដែលបណ្ដាលមកពីសត្វមូស ដូចជាជំងឺគ្រុនចាញ់និងជំងឺគ្រុនឈាម មានច្រើននៅកម្ពុជា។
កម្មវិធីជំនួយមនុស្សធម៌ទាក់ទង នឹងសំភារៈយោធា ដែលនៅសល់មិនប្រើ (HAP-EP)៖ ការិយាល័យសហប្រតិបត្ដិការយោធា (ODC) អាមេរិក នៅកម្ពុជាគ្រប់គ្រងកម្មវិធី នៅកម្ពុជា ជួសមុខអោយបញ្ជាការដ្ឋានសហរដ្ឋអាមេរិក ប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។ ក្រោមកម្មវិធីសំភារៈយោធា ដែលនៅសល់មិនប្រើ មានឡានធំនិងឡានពេទ្យជាង ១០០ ត្រូវបានផ្ដល់ទៅអោយបណ្ដាអង្គការដោះមីននៅកម្ពុជា។ កម្មវិធី HAP-EP ផ្ដោតការយកចិត្ដទុកដាក់ លើការផ្ដល់គ្រឿងផ្គត់ផ្គង់និងបរិក្ខាពេទ្យ ដែលនៅសល់មិនប្រើ ពីក្នុងឃ្លាំងយោធា ទៅអោយបណ្ដាមន្ទីរពេទ្យនានានៅទូទាំងប្រទេសកម្ពុជា ។
សន្និសីទ៖ សមាជិកកងយោធពលខេមរៈភូមិន្ទ ទទួលបានការអញ្ជើញនិងថវិកាសំរាប់ចូលរួមក្នុងសន្និសីទនៅក្នុងតំបន់និងនៅសហរដ្ឋអាមេរិក ដែលច្រើនផ្ដោតជាសំខាន់ លើនិតិរដ្ឋ បញ្ហាផ្នែកពេទ្យ តួនាទីរវាងស៊ីវិលនិងយោធា គ្រោះមហន្ដរាយ និងប្រតិបត្ដិការរុករកនិងសង្គ្រោះ។
កម្មវិធីដោះមីន របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក៖ ODC រៀបចំនិងដឹកនាំប្រតិបត្ដិការដោះមីន នៅកម្ពុជាដែលទទួលថវិកា ពីកម្មវិធីដោះមីនមនុស្សធម៌ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ថវិកាក្នុងឆ្នាំសារពើពន្ធ ២០០៥ សំរាប់កម្មវិធីនេះគឺ ៣,៨ លានដុល្លាអាមេរិក។ លុយនេះត្រូវបានចែកអោយ CMAC អង្គការ HELO Trust និងក្រុមពិគ្រោះយោបល់ផ្នែកគ្រាប់មីន (MAG) សំរាប់ការដោះមីន។
កម្មវិធីអភិវឌ្ឍន៍និងស្រាវជ្រាវលើការដោះមីនមនុស្សធម៌របស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក៖ ជាផ្នែកមួយនៃការខិតខំរបស់សហរដ្ឋអាមេរិក ដើម្បីសំរួលដល់ការដោះមីននៅកម្ពុជា ODC ដឹកនាំនិងសំរបសំរួលកម្មវិធីនេះ ដែលបង្កើតឧបករណ៍សំរាប់ជួយក្នុងការងារដោះមីនមនុស្សធម៌ក្នុងពិភពលោក។ កម្មវិធីនេះបង្កើតផលិតផលដែលធ្វើអោយគេកាន់តែអាចរកមើលកត់ចំណាំដោះ និងកំទេចគ្រាប់មីន ព្រមទាំងផ្ដល់បរិក្ខា សំរាប់ការហ្វឹកហ្វឺន និងការធានាគុណភាពក្រោយពេលដោះមីន។ បច្ចេកទេសខ្លះរបស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក ដែលត្រូវបានយកមកប្រើសាកល្បងនៅកម្ពុជារួមមាន៖
- កម្មវិធីកែច្នៃគ្រឿងផ្ទុះ៖ គឺជាប្រព័ន្ធដែលដោះរំសេវផ្ទុះចេញពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួចហើយយករំសេវ ទៅកែច្នៃសំរាប់ប្រើដោយក្រុមអ្នកដោះមីន។ ដៃគូមានអង្គការ Golden West Humanitarian Foundation, CMAC និង QAsia ។
- Tempest៖ គឺជាគ្រឿងចក្រ ដែលបញ្ជាពីចំងាយសំរាប់កាត់រុក្ខជាតិល្មមៗកាត់ខ្សែមីន និងសំអាតកំទេចលោហៈធាតុ នៅលើផ្ទៃចំការមីនប្រឆាំងមនុស្ស។ អង្គការដៃគូមាន DTW (ផលិតករ) និង HALO Trust ។
- ឧបករណ៍រាវមីនកាន់ដៃ៖ ឧបករណ៍នេះ អាចរកមើលគ្រាប់មីនប្រឆាំងមនុស្សនិងរថគ្រោះ ដែលធ្វើពីលោហៈធាតុ និងមិនមែនលោហៈធាតុ។ ក្រុមដោះមីនមនុស្សធម៌អាមេរិកមួយក្រុមកំពុងតែដំណើរការគំរោងមួយ ដើម្បីបង្ហាញការដោះមីនមនុស្សធម៌ របស់កងទ័ពអាមេរិក ដោយប្រើឧបករណ៍នេះ។