
អ្នកស្ម័គ្រចិត្ដរបស់ Peace Corps បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូ នៅក្នុងស្រុក ក្នុងប្រទេសចំនួនជាង១៣៧ ទួទាំងពិភពលោក ក្នុងពេល៤ទសវត្សកន្លងទៅ ដើម្បីបំពេញសេចក្ដីត្រូវការ លើការអភិវឌ្ឍន៍កែលំអស្ថានភាព ជាមូលដ្ឋាន និងបង្កើតឱកាសថ្មីៗ។ នៅពេលនេះ Peace Corps មានអ្នកស្ម័គ្រចិត្ដចំនួនជាង៧ ៥៣៣ នាក់ដែលកំពុងធ្វើការ នៅតាមប្រទេសចំនួនជាង ៧១ នៅទូទាំងពិភពលោក។
បេសកកម្មរបស់ Peace Corps គឺដើម្បីសំរបសំរួលការផ្លាស់ប្ដូរជំនាញចំណេះដឹងនិងឯកទេសរវាងគ្នានិងរវាងអង្គការនានា។ នៅទូទាំងពិភពលោក Peace Corps សហការជាមួយប្រទេសនិងដៃគូជាម្ចាស់ផ្ទះក្នុងវិស័យនានាដូចជាវិស័យអប់រំ កសិកម្មបរិស្ថានការអភិវឌ្ឍមុខជំនួញខ្នាតតូច សុខភាព និងការអភិវឌ្ឍយុវជន។ អ្នកស្ម័គ្រចិត្ដធ្វើការដោយផ្ទាល់ជាមួយប្រជាជនក្នុងប្រទេសម្ចាស់ផ្ទះក្នុងរយៈពេល២ឆ្នាំដោយទទួលបានប្រាក់ខែតិចតួចតែប៉ុណ្ណោះ។ គេរស់នៅក្នុងសហគមន៍ដែលគេធ្វើការរៀនសូត្រពីប្រពៃណី និងវប្បធម៌របស់អ្នកស្រុក ហើយរៀននិយាយភាសារបស់គេផងដែរ។
គោលដៅបីរបស់ Peace Corps គឺដើម្បី៖
- បញ្ជូនមនុស្សប្រុសស្រីដែលមានជំនាញដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសម្ចាស់ផ្ទះ។
- ធ្វើអោយប្រជាជនក្នុងប្រទេសម្ចាស់ផ្ទះយល់បានកាន់តែច្រើនពីប្រជាជនអាមេរិក។
- ធ្វើអោយប្រជាជនអាមេរិកយល់បានកាន់តែច្រើនពីប្រជាជននៅទូទាំងសាកលលោក។
អង្គការ Peace Corps នៅកម្ពុជា
តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា Peace Corps បានបើកកម្មវិធីថ្មីរបស់ខ្លួនមួយនៅកម្ពុជាក្នុងឆ្នាំ២០០៦។ ក្រុមអ្នកស្ម័គ្រចិត្ដទីមួយដែលមានគ្នា២៩នាក់បាន ស្បថចូលបំពេញការងារ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៧។ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ Peace Corps កម្ពុជានឹងបន្ដទទួលក្រុមអ្នកស្ម័គ្រចិត្ដថ្មីៗ ទៀតរាល់ឆ្នាំ ដែលមកធ្វើការតាមសាលារៀននិងអង្គការនានាតាមខេត្ដនានា។
ដោយឡែក ក្រសួងអប់រំ យុវជន និង កីឡាបានអញ្ជើញអ្នកស្ម័គ្រចិត្ដ Peace Corps អោយមកបង្រៀនភាសាអង់គ្លេសនៅតាមវិទ្យាល័យថ្នាក់ទុទិយភូមិ និងតាមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូភូមិភាគ។ នៅតាមតំបន់ភាគច្រើននៃប្រទេសកម្ពុជាចំនួនមានកំរិតនៃគ្រូ ដែលមានជំនាញផ្នែកភាសាអង់គ្លេស មិនទាន់បំពេញសេចក្ដីត្រូវការបានគ្រប់គ្រាន់នៅឡើយទេ។ គំរោងនេះមានបំណងជួយគ្រូបង្រៀននិងសិស្ស ក្នុងការលើកកំពស់ជំនាញក្នុងការនិយាយឆ្លើយឆ្លងគ្នាទូទៅ ជាភាសាអង់គ្លេស។
អ្នកស្ម័គ្រចិត្ដធ្វើការជាមួយគ្រូបង្រៀនភាសាអង់គ្លេសតាមវិទ្យាល័យកំរិតទុទិយភូមិ ដោយធ្វើការបង្រៀននិងរៀបចំប្លង់មេរៀនរួមគ្នា ។ អ្នកស្ម័គ្រចិត្ដជួយក្នុងការអនុវត្ដវិធីសាស្ដ្រថ្មីៗ ក្នុងថ្នាក់រៀនភាសាអង់គ្លេស ដែលរួមមានសកម្មភាពក្នុងថ្នាក់រៀននិងសំភារៈឯកសារ ហើយបញ្ចូលជំនាញបំនិនជីវិតទៅក្នុងកម្មវិធីសិក្សា។
គំរោងតាមសហគមន៍
ជាបន្ថែមលើការងារចំបងរបស់គេជាគ្រូបង្រៀនភាសាអង់គ្លេស Peace Corps សង្កត់ធ្ងន់លើតួនាទីរបស់អ្នកស្ម័គ្រចិត្ដក្នុងការអភិវឌ្ឍន៍សហគមន៍។ អ្នកស្ម័គ្រចិត្ដទាំងអស់របស់ Peace Corps ចូលរួមក្នុងសកម្មភាពដទៃទៀតនៃការអភិវឌ្ឍន៍ សហគមន៍ក្នុងរយៈពេលស្នាក់នៅនិងធ្វើការចំនួន២ឆ្នាំរបស់គេ។ គេធ្វើការជាមួយដៃគូក្នុងមូលដ្ឋាន ដើម្បីដំណីរការគំរោងបន្ទាប់បន្សំ ដែលអាចមានជាការបង្រៀនកុំព្យូទ័រ ការអប់រំពីសុខភាពនិងជំងឺអេដស៍ ការអប់រំលើការយល់ដឹងពីគ្រាប់មីន និងជំនាញបំនិនជីវិតផ្សេងៗទៀត ។ អ្នកស្ម័គ្រចិត្ដធ្វើការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍សហគមន៍ដើម្បីអោយគំរោងផ្ដល់លទ្ធផលវិជ្ជមាននិងយូរអង្វែងសំរាប់សហគមន៍ ។
អ្នកស្ម័គ្រចិត្ដ Peace Corps
អ្នកដែលបំរើការជាអ្នកស្ម័គ្រចិត្ដក្នុងអង្គការ Peace Corps ត្រូវបានជ្រើសរើសយ៉ាងសំរិតសំរាំងនៅសហរដ្ឋអាមេរិក តាមរយៈការដាក់ពាក្យ ដោយមានការប្រកួតប្រជែង។ អ្នកស្ម័គ្រចិត្ដ Peace Corps មានប្រុសមានស្រី ក្នុងអាយុចន្លោះពី២២ ដល៧៥ឆ្នាំ និងមកពីក្រុមជនជាតិនិងក្រុមភាគតិចផ្សេងៗជាច្រើន។ អ្នកស្ម័គ្រចិត្ដ Peace Corps ត្រូវមានសញ្ញាប័ត្រមហាវិទ្យាល័យនិង/ឬមានសញ្ញាប័ត្រជាន់ខ្ពស់។ គេមកប្រទេសកម្ពុជាដើម្បីរួមចំណែកផ្ដល់ជំនាញនិងចំណេះដឹង ដើម្បីអភិវឌ្ឍប្រទេសនេះ ដោយធ្វើសកម្មភាពដោយផ្ទាល់នៅនឹងមូលដ្ឋាន។
ពេលមកដល់ប្រទេសកម្ពុជាដំបូង អ្នកស្ម័គ្រចិត្ដ Peace Corps ត្រូវឆ្លងកាត់ការរៀនសូត្រយ៉ាងខ្លាំង។ ការរៀនសូត្រនេះរួមមានការរៀនភាសានិងវប្បធម៌ខ្មែរ សុខភាពនិងសុវត្ថិភាពផ្ទាល់ខ្លួន និងការបង្រៀនភាសាអង់គ្លេស។ ក្នុងអំឡុងពេលនៃអាណត្ដិទាំងមូលរបស់ខ្លួន អង្គការ Peace Corps ផ្ដល់ឱកាសក្នុងការទទួលបានបណ្ដុះបណ្ដាល ដល់អ្នកស្ម័គ្រចិត្ដនិងគ្រូដែលបង្រៀនជាមួយគេ ដើម្បីអោយពួកគេទទួលបានជំនាញបន្ថែមលើការបង្រៀននិងផ្នែកភាសាអង់គ្លេស។
អ្នកស្ម័គ្រចិត្ដរស់នៅជាមួយគ្រួសារខ្មែរតាមសហគមន៍ ដែលគេធ្វើការ ក្នុងកំរិតលក្ខណៈ និងធ្វើការ ដូចពលរដ្ឋខ្មែរ។ គេធ្វើការជាមួយប្រជាជនកម្ពុជាដើម្បីជួយក្នុងការងារ ដើម្បីធ្វើអោយមានអនាគតមួយដែលប្រសើរឡើងសំរាប់សហគមន៍និងប្រទេសកម្ពុជា។
របៀបស្នើសុំអ្នកស្ម័គ្រចិត្ដអង្គការ Peace Corps
អ្នកស្ម័គ្រចិត្ដ Peace Corps ផ្នែកបង្រៀនភាសាអង់គ្លេស និងបណ្ដុះបណ្ដាលគ្រូ ធ្វើការនៅតាមវិទ្យាល័យកំរិតទុទិយភូមិ ក្រៅទីក្រុងភ្នំពេញ។ ពាក្យសុំត្រូវដាក់ផ្ញើទៅអង្គការ Peace Corps តាមអាស័យដ្ឋាន ដូចខាងក្រោម ហើយត្រូវមានចុះហត្ថលេខា របស់មន្ដ្រីឬមានលិខិត បញ្ជាក់ការគាំទ្ររបស់ការិយាល័យអប់រំស្រុក និងអភិបាលស្រុក។
អង្គការ Peace Corps នៅកម្ពុជា
ផ្ទះលេខ៧អា ផ្លូវលេខ២៥៦ សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ
ទូរស័ព្ទៈ ៨៥៥-១២-៨២៦-៩៧៨