ការិយាល័យ​សនិ្តសុខ​ប្រចាំ​តំបន់

ការិយាល័យ​សន្តិសុខ​ការទូត​ទទួល​ខុស​ត្រូវ​ ក្នុង​ការធានា​អោយ​មាន​បរិយាកាស​ប្រកប​ ដោយ​សនិ្តសុខ​និង​សុវតិ្ថភាព​ សំរាប់​ធ្វើការងារ​ការទូត​របស់​អាមេរិក ។ ភ្នាក់ងារ​ពិសេស​ផ្នែក​សេវា​សន្តិសុខ​ការទូត (DSS) ដែល​ត្រូវ​បាន​បញ្ជូន​ ទៅ​កាន់​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋ​អាមេរិក​នៅ​បរទេស ក្នុង​នាម​ជា​មន្រី្ត​សនិ្តសុខ​ប្រចាំ​តំបន់ (RSO) គឺ​ជា​ទីប្រឹក្សា​ផ្ទាល់​ របស់​ប្រធាន​បេសកកម្ម​​ការទូត លើ​បញ្ហា​សនិ្តសុខ​ទាំងអស់​ ហើយ​សំរប​សំរួល​គ្រប់​ផែ្នក​ទាំងអស់ ​នៃ​កម្មវិធី​សនិ្តសុខ​របស់​​បេសកកម្ម​ ។ RSO រៀបចំ​និង​អនុវត្ត​កម្មវិធី​សន្តិសុខ​​អោយ​មាន​ប្រសិទិ្ធភាព​ ដើម្បី​ការពារ​និយោជិក​របស់​យើង​ពី​ការវាយប្រហារ​របស់​ភេរវជន ឧក្រិដ្ឋជន និង​ការវាយប្រហារ​ដោយ​ប្រើ​បច្ចេកទេស​ ទាំង​នៅ​កន្លែង​ធ្វើការ​ ទាំង​នៅ​តាម​លំនៅដ្ឋាន ។​ RSO​ គឺ​ជា​អ្នក​ទំនាក់​ទំនង​សំខាន់​ជាងគេ​ជាមួយ​នគរបាល​បរទេស​និង​សេវា​សនិ្តសុខ​នៅ​ក្រៅ​ប្រទេស ដើម្បី​សុំ​ការគាំទ្រ​ដល់​ការស៊ើប​អង្កេត​និង​សកម្មភាព​ផ្តួចផ្តើម​របស់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​សហរដ្ឋ​អាមេរិក ។

ការិយាល័យ​សន្តិសុខ​ប្រចាំ​តំបន់​គ្រប់គ្រង​កម្មវិធី​ការពារ​នៅ​ក្រៅ​ប្រទេស​សំរាប់​សនិ្តសុខ​ការទូត​ដែល​រួម​មាន​ឆ្មាំ​សនិ្តសុខ ទាហាន​ម៉ារីន ឆ្មាំ​កំលាំង​សនិ្តសុខ​នៅ​ក្នុង​ស្រុក ឆ្មាំ​កំលាំង​សន្តិសុខ​តាម​លំនៅដ្ឋាន និង​កម្មវិធី​ដទៃ​ទៀត​សំរាប់​ការពារ​ស្ថាន​​បេសកកម្ម​របស់​សហរដ្ឋ​អាមេរិក ។ លើស​ពី​នេះ​ទៀត RSO ធ្វើការ​ជិតស្និទ្ធ​ ជាមួយ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​នានា​ក្នុង​ស្រុក តាម​រដ្ឋ​និង​ក្នុង​សហព័ន្ធ​ ក្នុង​សហរដ្ឋ​អាមេរិក​លើ​ការស៊ើបអង្កេត​ ដែល​មាន​តំរុយ​ឬ​ការ​ពាក់​ព័ន្ធ​នឹង​ប្រទេស​កម្ពុជា ។

ការិយាល័យ​សនិ្តសុខ​ប្រចាំ​តំបន់​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ពង្រឹង​ច្បាប់​និង​សនិ្តសុខ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សំរេច​បេសកកម្ម​រួម​គ្នា​របស់​យើង ។

RSO​ថែម​ទាំង​ផ្តល់​ពត៌មាន​ទាក់ទង​នឹង​រឿង​សនិ្តសុខ​ដល់​បុគ្គលិក​ថី្ម​ៗ ក្រុមហ៊ុន អង្គការ​អន្តរជាតិ និង​ស្ថាន​បេសកកម្ម​ជា​មិត្ត​នានា ។