- ឯកអគ្គរដ្ឋទូត W.Patrick Murphy
- មន្ដ្រីសំខាន់ៗ
- ការិយាល័យ

លោក Patrick Murphy ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។ ជាមន្រ្តីអាជីពជាន់ខ្ពស់ម្នាក់នៅក្នុងក្រសួងការបរទេស លោកបានដឹកនាំការិយាល័យទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ជាមន្រ្តីជាន់ខ្ពស់ប្រចាំនៅការិយាល័យ (ឧបការីររដ្ឋមន្រ្តីស្តីទី)។ លោកបានធ្វើជាឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៨។
លោកឯកអគ្គរដ្ឋទូត Murphy បានធ្វើជាអនុប្រធានបេសកកម្មទូត និងជាភារធារីប្រចាំនៅព្រះរាជាណាចក្រថៃ (២០១៣ – ២០១៦) និងនៅប្រទេស Lesotho (២០០៦ – ២០០៨)។
តាំងពីចូលបម្រើការងារកិច្ចការបរទេស នៅឆ្នាំ១៩៩២ មក លោកធ្លាប់បានបំពេញការងារនៅប្រទេសមីយ៉ាន់ម៉ា ចិន អ៊ីរ៉ាក់ ហ្គីណេ និងប្រទេសម៉ាលី។ ការងាររបស់លោកកន្លងមក ក្នុងក្រសួងការបរទេស នៅរដ្ឋធានី Washington មានដូចជាការធ្វើជាតំណាងពិសេសសម្រាប់ប្រទេសមីយ៉ាន់ម៉ា (ស្តីទី) នាយកនិងនាយករងនៃការិយាល័យទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ដីគោក ជាទីប្រឹក្សានយោបាយនៃក្រុមការងារសម្រាប់ប្រទេសហៃទី និងជាមន្រ្តីទទួលបន្ទុកការងារប្រចាំប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ។
លោកឯកអគ្គរដ្ឋទូត Murphy ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារភីសខ័រ (Peace Corps) នៅប្រទេសកាមេរូន។ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ John Hopkins និងសញ្ញាប័ត្រអនុបណ្ឌិតមួយទៀតពីមហាវិទ្យាល័យ National War ដោយបាននិទ្ទេសឆ្នើម ហើយបានទទួលបរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Vermont ។ ក្រៅពីនេះ លោកបានសិក្សានៅវិទ្យាស្ថាន Institut Européen des Hautes Études Internationales ក្នុងទីក្រុង Nice នៃប្រទេសបារាំង។
មុនពេលចូលបម្រើការផ្នែកកិច្ចការបរទេស លោកឯកអគ្គរដ្ឋទូត Murphy បានធ្វើជាអ្នកជំនាញធនធានសេដ្ឋកិច្ច ឲ្យអង្គការមូលនិធិសត្វព្រៃពិភពលោក និងជាអ្នកវិភាគគោលនយោបាយឲ្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍បរទេស។ លោកចេះភាសាបារាំង ភូមា ចិន និង អេស្ប៉ាញ។ លោក និងភរិយាឈ្មោះ Kathleen មានកូនប្រុសម្នាក់ និងកូនស្រី ២ នាក់។