រយៈពេល៣៥ឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីរបាយការណ៍ដំបូងស្តីពីជំងឺដែលគេហៅថា ជំងឺអេដស៍ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងសហរដ្ឋអាមេរិក។ នៅពេលនោះ មានមនុស្សប្រមាណ ៣៥ លាននាក់ នៅ ទូទាំងពិភពលោកបានស្លាប់ដោយសារជំងឺដែលមានការទាក់ទងនឹងជំងឺអេដស៍ ដោយក្នុងនោះមានចំនួន ១១៥ ០០០ នៅកម្ពុជា។ ទោះបីជាជំងឺនេះបានរាលដាលខ្លាំងក្លានៅទីនេះក្តី កម្ពុជាបានក្លាយជាប្រទេសនាំមុខគេនៅលើ ពិភពលោកក្នុងការខិតខំប្រយុទ្ធនឹងជំងឺអេដស៍។ សព្វថ្ងៃនេះ ក្នុងពេលពិភពលោកអបអរទិវា ប្រយុទ្ធនឹងជំងឺអេដស៍ យើងអបអរជោគជ័យរបស់ប្រទេសកម្ពុជា ហើយសំលឹងទៅរកថ្ងៃមួយដែលកម្ពុជាបញ្ចប់ការគំរាមកំហែងពីជំងឺអេដស៍។
មេរោគអេដស៍ដែលបង្កជាជំងឺអេដស៍ បានមកដល់ប្រទេសកម្ពុជាយឺត តែបន្ទាប់ពីអ្នកជំងឺទី១ត្រូវបានប្រកាសនៅឆ្នាំ១៩៩១ វាបានរាលដាលយ៉ាងលឿន ដោយគ្រាន់តែនៅឆ្នាំ១៩៩៥ មានការឆ្លងថ្មីចំនួន ២៣ ០០០ករណី។ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាចំនួនប្រហែល ៧៣ ០០០ នាក់មានផ្ទុកមេរោគនេះ។ ជាការប្រសើរ រដ្ឋាភិបាលកម្ពុជានិងសង្គមស៊ីវិលបានបំផុសការប្រឹងប្រែងយ៉ាងឆាប់ ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ ស្តែងចេញនូវភាពជាអ្នកដឹកនាំយ៉ាងមោះមុត ដើម្បីចលនាស្ថាប័ន ជំនាញឯកទេសនិងធនធាន ដើម្បីផ្តល់សេវាប្រកបដោយគុណភាព។ ការគាំទ្រដ៏ខ្លាំងរបស់សហគមន៍អន្តរជាតិ ដោយរួមទាំងផែនការបន្ទាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ (PEPFAR) និងកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ (UNAIDS) បានបំពេញបន្ថែមលើការខិតខំរបស់កម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ មកដល់ត្រឹមឆ្នាំ ២០១៥ ប្រទេសកម្ពុជាអាចកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មីមកនៅត្រឹមតិចជាង ១០០០ ករណីក្នុងមួយឆ្នាំ ដែលជាការថយចុះពីចំណុចកំពូលចំនួន ៩៦%។ ប្រទេសកម្ពុជាថែមទាំងមានអត្រាគ្របដណ្តប់ ក្នុង ការព្យាបាលជំងឺអេដស៍ដោយប្រើថ្នាំប្រឆាំងជំងឺអេដស៍ខ្ពស់ជាងគេនៅតំបន់អាស៊ី ហើយស្ថិតនៅក្នុងចំណោមប្រទេសដែលមានអត្រាគ្របដណ្តប់ខ្ពស់ជាងគេក្នុងពិភពលោក។
នៅឆ្នាំ ២០១៣ ប្រទេសកម្ពុជាបានប្តេជ្ញាសំរេចគោលដៅជាសកល “៩០ ៩០ ៩០” នៅត្រឹមឆ្នាំ ២០២០
(៩០%នៃចំនួនអ្នកផ្ទុកមេរោគអេដស៍ត្រូវបានកំណត់រោគវិនិច្ឆ័យ ៩០% នៃអ្នកបានទទួលរោគវិនិច្ឆ័យទទួលបាន ការព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគអេដស៍ និង ៩០%នៃអ្នកដែលទទួលបានការព្យាបាលលែងមានមេរោគនេះនៅក្នុងខ្លួន)។ ប្រទេសកម្ពុជាបានប្តេជ្ញាបន្ថែមទៀត ដើម្បីកាត់បន្ថយការឆ្លងថ្មីអោយបានតិចជាង ៣០០ ករណី ក្នុងមួយឆ្នាំៗ នៅត្រឹមឆ្នាំ ២០២៥ ហើយបញ្ចប់ការរាលដាលនៃជំងឺអេដស៍ ដែលជាការគំរាមកំហែងផ្នែកសុខភាព ៥ឆ្នាំ មុនគោលដៅរបស់សាកលលោក។ ប្រសិនបើកម្ពុជាសំរេចបានគោលដៅនេះ ហើយប្រទេសនេះកំពុងស្ថិតលើមាគ៌ានេះនឹងសំរេចបាន នោះកម្ពុជានឹងក្លាយជាប្រទេសគំរូដ៏សំខាន់មួយសំរាប់ ពិភពលោក។
ជោគជ័យរបស់ប្រទេសកម្ពុជា នៅក្នុងការឆ្លើយតបនឹងជំងឺអេដស៍ ឈរលើមូលដ្ឋាននៃការឆាប់អនុវត្តបាននូវការប្រតិបត្តិល្អ និងអនុសាសន៍អន្តរជាតិ ព្រមជាមួយនឹងគំនិតថ្មីៗរបស់ប្រទេសកម្ពុជា នៅក្នុងការផ្តល់សេវា ដល់ប្រជាជនដែលត្រូវការ។ ដើម្បីសំរេចបានគោលដៅថ្នាក់ជាតិដ៏ធំ ទាមទារអោយមានការវិនិយោគជាបន្ត និង ការប្តេជ្ញាចិត្តក្នុងការពង្រីក និងផ្លាស់ប្តូរផ្លូវយុទ្ធសាស្រ្តថ្មីៗ នាំមកនូវលទ្ធផលល្អជាងយុទ្ធសាស្រ្តចាស់។
នៅសប្តាហ៍នេះ ប្រទេសកម្ពុជាបានឈានដល់ចំណុចថ្មីជាប្រវត្តិសាស្រ្ត ដោយបានអនុម័ត្តគោល នយោបាយថ្មីមួយ គឺផ្តល់ការព្យាបាលភ្លាមៗដោយថ្នាំប្រឆាំងមេរោគអេដស៍ដល់អ្នកជំងឺអេដស៍គ្រប់រូប ស្របតាម អនុសាសន៍ចុងក្រោយបំផុត របស់អង្គការសុខភាពពិភពលោក។ ការធ្វើនេះគឺដើម្បីជួយដល់ពលរដ្ឋ អ្នកជាទី ស្រឡាញ់និងប្រទេសជាតិ ពីព្រោះវាជាការវិនិយោគដ៏ល្អផ្នែកសុខភាពសាធារណៈ ដែលជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយការចំណាយនៅពេលអនាគត។ ដោយការខ្នះខ្នែងព្យាបាលអ្នកផ្ទុកមេរោគនេះអោយបានភ្លាមៗ គឺបង្ការការឆ្លងបន្ថែមទៀតនៃមេរោគនេះ និងឈានទៅរកការលុបបំបាត់ការឆ្លងថ្មីៗទៀត។ វាក៏ជាឱកាសមួយផង ដែរ ក្នុងការលើកទឹកចិត្តដល់អ្នកដែលស្ថិតក្នុងស្ថានភាពប្រឈម អោយទទួលបានការធ្វើតេស្ត។
ប៉ុន្តែនៅមានការងារច្រើនទៀតដែលត្រូវធ្វើ ដើម្បីសំរេចគោលដៅនេះ ពិសេសនៅក្នុងកិច្ចការព្យាបាល។ នៅក្នុងឆ្នាំដំបូងៗនៃការរាតត្បាត អ្នកដែលទទួលរោគវិនិច្ឆ័យភាគច្រើនឈានទៅរកការស្លាប់ឆាប់។ បច្ចុប្បន្ន ការ ព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ARV) ធ្វើអោយអ្នកផ្ទុកមេរោគអេដស៍អាចរស់នៅបានយូរដូចមនុស្ស ធម្មតា ប្រសិនបើគេទទួលបានការកំណត់រោគវិនិច្ឆ័យនិងការព្យាបាលដោយថ្នាំ ARV បានទាន់ពេលវេលា ហើយ គោរពតាមការព្យាបាល និងការរស់នៅសមស្រប។ នៅចុងឆ្នាំ ២០១៥ មនុស្សចំនួន ៧៥%ដែលផ្ទុកមេរោគ អេដស៍នៅកម្ពុជា ទទួលបានការព្យាបាលដោយថ្នាំ ARV ។ នេះគឺជាជោគជ័យដ៏ធំមួយ ទន្ទឹមនឹងនោះនៅមានអ្នក ផ្ទុកមេរោគអេដស៍ចំនួនប្រមាណ ១៥ ០០០ ថែមទៀតនៅកម្ពុជា ដែលមិនទាន់ទទួលបានការព្យាបាល។ យើង ត្រូវតែធ្វើការជាមួយគ្នា ដើម្បីរកមើលថា តើហេតុអ្វីក៏ពួកគេខកខានយ៉ាងនេះ និងដើម្បីធានាថា គ្រប់គ្នាអាចទទួល បានការព្យាបាល។ ការធ្វើដូច្នេះមិនត្រឹមតែជួយសង្គ្រោះជីវិតរបស់មនុស្សម្នាក់ៗទេ តែវាថែមទាំងជាជំហានមួយ ដ៏សំខាន់ផងដែរ ក្នុងការលុបបំបាត់ការឆ្លងមេរោគអេដស៍ផងដែរ។
បទពិសោធន៍បង្ហាញអោយឃើញថា ជនគ្រប់រូបព្រមទទួលយកសេវាជំងឺអេដស៍ ប្រសិនបើពួកគេអាច ត្រូវផ្តល់អោយនូវភាពថ្លៃថ្នូ សុវត្ថិភាព និងការគោរពសិទ្ធិមនុស្ស។ នេះជាបញ្ហាពិសេសមួយសំរាប់ក្រុមដែលមិន សូវទទួលបានការយកចិត្តទុកដាក់ ដូចជាអ្នកធ្វើការតាមកន្លែងកំសាន្ត បុរសដែលរួមភេទជាមួយបុរស អ្នកប្រើ ថ្នាំញៀន អ្នកផ្ទុកមេរោគអេដស៍ អ្នកប្តូរភេទ ដែលមានខ្លះនៅរងការមាក់ងាយ ការរើសអើង ការចាប់ខ្លួនតាមអំពើចិត្ត និងហឹង្សានៅឡើយ។ ការនេះបង្កជាឧបសគ្គក្នុងការបង្ការខ្លួនគេពីការឆ្លងមេរោគអេដស៍ និងរស់នៅក្នុង ជីវិតមួយពេញលេញធម្មតា នៅពេលគេទទួលបានការព្យាបាលដោយថ្នាំប្រឆាំងជំងឺអេដស៍។ យើងសូមអោយ ប្រទេសកម្ពុជាបន្តការខិតខំការពារសិទ្ធិមនុស្ស ធានាអោយមានការគោរពទាំងអស់គ្នា ប្រឆាំងការរើសអើង និងធ្វើ អោយមានបរិយាកាសគោរពច្បាប់និងគោលនយោបាយ។ បើគ្មានយ៉ាងដូច្នេះទេ នោះគេមិនអាចសំរេចសុបិន្ត បញ្ឈប់ការឆ្លងថ្មីៗបានទេ។
ត្រូវធានាអោយបានថា រាល់អ្នកផ្ទុកមេរោគអេដស៍ត្រូវបានកំណត់រោគវិនិច្ឆ័យ ទទួលបានការព្យាបាល និង អាចរស់នៅក្នុងជីវិតមួយពេញលេញដូចគេ ដោយគ្មានការមាក់ងាយ និងការរើសអើង។ ទាំងអស់នេះមិនអាចកើតដោយស្វ័យប្រវត្តិ ឬស្រួលទេ តែរយៈពេល ២៥ឆ្នាំមកនេះបានបង្ហាញថាគេអាចសំរេចបាន។ ការដឹកនាំនិងប្តេជ្ញា ចិត្តជាប់លាប់ ការអនុវត្តគោលនយោបាយត្រឹមត្រូវ ដោយវិនិយោគចំគោលដៅ ការបង្កើនលទ្ធផលនៅទូទាំង ប្រទេសតាមរយះយុទ្ធសាស្រ្តដែលគោរពសិទ្ធិមនុស្ស និងយកចិត្តទុកដាក់ចំពោះប្រជាជន នឹងក្លាយជាការពិត នៅក្នុងទសវត្សបន្ទាប់។ ប្រទេសកម្ពុជាកំពុងធ្វើជាគំរូគេនៅក្នុងពិភពលលោក។ ការធ្វើអោយមានពិភពលោកមួយ ដែលគ្មានការភ័យខ្លាចពីជំងឺអេដស៍ គឺអាស្រ័យលើការប្តេជ្ញាចិត្តជាបន្តនៃមនុស្សគ្រប់គ្នា។
រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈកម្មវិធី PEPFAR និង UNAIDS មានកិត្តិយសដោយបានធ្វើការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល សហគមន៍ និងអ្នកដែលរងគ្រោះដោយមេរោគអេដស៍ ដើម្បី ធ្វើការកាត់បន្ថយការរាតត្បាតនៃជំងឺអេដស៍។ យើងនៅតែមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ហើយបន្តវិនិយោគលើ សំលេង សមត្ថភាព និងធនធានថវិការបស់យើងដើម្បីគាំទ្រដល់ការខិតខំរបស់ប្រទេសកម្ពុជា នៅក្នុងការសំរេច បាននូវគោលដៅដ៏ធំធេងដែលអាចធ្វើបាន របស់ប្រទេសកម្ពុជា៕
William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា
Marie-Odile Emond ប្រធាននៃ UNAIDS ប្រចាំនៅប្រទេសកម្ពុជា