ការអោយប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើដែលធ្វើអោយមានអស្ថិរភាព

សេចក្តីថ្លែងការណ៍របស់លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក
ក្រសួងការបរទេសសហរដ្ឋអាមេរិក
ថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០១៨

នៅថ្ងៃទី ៤ ខែមិនា ប្រទេសរុស្ស៊ីបានប្រើសារធាតុវាយប្រហារទៅលើសរសៃប្រសាទ នៅក្នុងគោលបំណងសំលាប់ពលរដ្ឋអង់គ្លេសម្នាក់ និងកូនស្រីរបស់លោក នៅ Salisbury ។ការវាយប្រហារនេះទៅលើសម្ព័ន្ធមិត្តរបស់យើង គឺចក្រភពអង់គ្លេស បានធ្វើអោយជីវិតមនុស្សស្លូតត្រង់ប្រឈមនឹងគ្រោះថ្នាក់ ហើយបណ្តាលអោយមនុស្ស ៣ នាក់រងរបួសធ្ងន់ធ្ងរ ដោយរួមទាំងនគរបាលម្នាក់ផង។ ជាការឆ្លើយតបនឹងការរំលោភទាំងបំពាននេះលើ អនុសញ្ញាស្តីពីអាវុធគីមី និងការរំលោភលើច្បាប់អន្តរជាតិ ថ្ងៃនេះ សហរដ្ឋអាមេរិកនឹងបណ្តេញចេញនូវមន្រ្តីរុស្ស៊ីចំនួន ៤៨ នាក់ ដែលកំពុងបំរើការងារនៅក្នុងស្ថានបេសកកម្មទ្វេភាគីរបស់រុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក។ យើងក៏នឹងទាមទារផងដែរអោយរដ្ឋាភិបាលរុស្ស៊ីបិទស្ថានអគ្គកុងស៊ុលរបស់ខ្លួន នៅទីក្រុង Seattle ត្រឹមថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៨។ យើងចាត់វិធានការនេះ ដើម្បីបង្ហាញសាមគ្គីភាពដែលមិនអាចអោយគេបំបែកបំបាក់បាន ជាមួយចក្រភពអង់គ្លេស និងដើម្បីដាក់ផលវិបាកធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ចំពោះការដែលប្រទេសនេះនៅតែបន្តរំលោភលើបទដ្ឋានអន្តរជាតិ។

នៅក្នុងរឿងដោយឡែកមួយទៀត យើងបានចាប់ផ្តើមដំណើរការបណ្តេញអ្នកធ្វើការផ្នែកព័ត៌មានសំងាត់ ពីស្ថានបេសកកម្មរបស់រុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក ដោយអ្នកទាំងនោះបានរំលោភលើឯកសិទ្ធិក្នុងការរស់នៅក្នុងសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកសូមអំពាវនាវអោយប្រទេសរុស្ស៊ីទទួលយកការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ហើយបង្ហាញដល់ពិភពលោកថា ខ្លួនអាចបំពេញបានតាមការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរបស់ខ្លួនជាអន្តរជាតិ ក្នុងនាមជាសមាជិកមួយនៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ នៅក្នុងការលើកស្ទួយសន្តិសុខ និងសន្តិភាពអន្តរជាតិ។