ជូនចំពោះលោកប្រធាន
យើងកត់សំគាល់ឃើញការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងការរក្សា និងការពារ “របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធានាសិទ្ធិមនុស្ស និងការគោរពច្បាប់”។ យើងទទួលស្គាល់ ប្រវត្តិនៃប្រទេសកម្ពុជាក្នុងការធ្វើសហប្រតិបត្តិការជាមួយយន្តការនៃអង្គការសហប្រជាជាតិ និងកាតព្វកិច្ច និងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ប្រទេសកម្ពុជាចំពោះសិទ្ធិមនុស្ស ដូចដែលត្រូវបានស្តែងអោយឃើញតាមរយៈការគាំទ្ររបស់ខ្លួនចំពោះការបង្កើតការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅកម្ពុជា និងតាមរយៈការអោយសច្ចាប័នរបស់កម្ពុជាលើអនុសញ្ញាអន្តរជាតិមួយចំនួនស្តីពីសិទ្ធិមនុស្ស។ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាបន្តអនុស្សារណៈនៃការយោគយល់ជាមួយការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យើងទទួលស្គាល់ផងដែរនូវជំហានដែលប្រទេសកម្ពុជាបានប្រកាន់យក ក្នុងការផ្តួចផ្តើមអោយមានកំណែទំរង់លើគណកម្មាធិការជាតិរៀបចំការបោះឆ្នោត និតិវិធីក្នុងការបោះឆ្នោត និងការចុះឈ្មោះអ្នកបោះឆ្នោត ដែលជាការឆ្លើយតបនឹងកង្វល់ជាទូទៅរបស់ពលរដ្ឋទាក់ទងនឹងការបោះឆ្នោតឆ្នាំ ២០១៣។
ទោះបីជាមានជំហានវិជ្ជមានទាំងនេះក្តី ក៏យើងនៅកត់សំគាល់ឃើញពីកង្វល់សំដែងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅក្នុងឆ្នាំនេះ ស្តីពីឧបសគ្គថ្មីៗចំពោះសិទ្ធិក្នុងការសំដែងមតិ សិទ្ធិក្នុងការធ្វើការប្រមូលផ្តុំគ្នាដោយសន្តិភាព និងសិទ្ធិក្នុងការចូលរួមគ្នាជាក្រុម សមាគម។ យើងគាំទ្រការអំពាវនាវរបស់ពួកគេដែលសុំអោយអាជ្ញាធរកម្ពុជា “ធានាអោយមានបរិយាកាសមានភាពអនុគ្រោះ និងប្រកបដោយសុវត្ថិភាពសំរាប់សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការចាប់អោយរដ្ឋាភិបាលមានការទទួលខុសត្រូវ ហើយនាំមកនូវផលប្រយោជន៍នៃសិទ្ធិមនុស្សដល់សង្គមកម្ពុជាទាំងមូល”។ យើងនិងលោកអគ្គលេខាធិការមានបំណងដូចគ្នាក្នុងការចង់អោយរដ្ឋាភិបាលកម្ពុជាបន្តឡើងវិញនូវការសន្ទនានយោបាយ ហើយ “ធានាអោយមានការគោរពយ៉ាងពេញលេញចំពោះសិទ្ធិមនុស្ស រួមទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការចងក្រងគ្នាជាក្រុម ជាសមាគម និងសេរីភាពក្នុងការប្រមូលផ្តុំគ្នា”។
យើងមានកង្វល់យ៉ាងជ្រាលជ្រៅចំពោះការកើនឡើងនៅពេលនេះនៃភាពតានតឹងនយោបាយ នៅកម្ពុជា ដែលជាការគំរាមកំហែងដល់សកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ យើងមានកង្វល់ជាពិសេសដោយមើលឃើញថា មានការប្តឹងទៅតុលាការដោយមិនទំនង ប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាល។ យើងមានកង្វល់ដូចគ្នានេះផងដែរពីស្ថានភាពនៃ “វប្បធម៌សន្ទនា” រវាងគណបក្សនយោបាយធំជាងគេទាំងពីរ ដែលឈប់មានដំណើរទៅមុខ។ យើងសោកស្តាយចំពោះការធ្វើឃាតក្នុងពេលថ្មីៗនេះលើរូបលោកកែម ឡី ដែលជាអ្នកធ្វើអត្ថាធិប្បាយ និងជាអ្នកវិភាគម្នាក់ ហើយកត់សំគាល់ឃើញនូវការដែលបទឧក្រិដ្ឋនេះនាំអោយសង្គមស៊ីវិល និងសំលេងឯករាជ្យនៅកម្ពុជាមានការភ័យខ្លាច។
យើងសូមអំពាវនាវអោយមានការស៊ើបអង្កេតពេញលេញ និងដោយតំលាភាព ចំពោះការស្លាប់របស់លោកកែម ឡី។ ជារួម យើងសូមអំពាវនាវអោយអ្នកពាក់ព័ន្ធទាំងអស់ធ្វើការដើម្បីបន្ថយការកើនឡើងនៃភាពតានតឹងហើយបង្កើនការទុកចិត្តគ្នា។ យើងសូមអំពាវនាវអោយរដ្ឋាភិបាលខិតខំជាអតិប្បរិមា ដើម្បីបង្កើតអោយមានបរិយាកាសនយោបាយមួយ ដែលក្នុងនោះ គណបក្សប្រឆាំង និងសង្គមស៊ីវិលអាចធ្វើសកម្មភាពបានដោយសេរី។ យើងសូមអំពាវនាវផងដែរ អោយប្រទេសកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការធ្វើការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលនឹងធានាភាពស្របច្បាប់នៃរដ្ឋាភិបាលក្រោយ។ យើងត្រៀមជាស្រេចក្នុងការជួយប្រទេស និងប្រជាជនកម្ពុជា ក្នុងការដោះស្រាយកង្វល់ទាំងនេះ តាមលក្ខណៈស្របតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។
* ប្រទេសអ៊ុយក្រែន និងប្រទេស Liechtenstein បានគាំទ្រសេចក្តីប្រកាសនេះ បន្ទាប់ពីត្រូវបានថ្លែងចប់។