នៅទិវាជនចំណាកស្រុកអន្តរជាតិ ដែលត្រូវបានរំលឹកនៅថ្ងៃទី ១៨ ខែធ្នូ យើងសំដែងការទទួលស្គាល់ចំពោះអ្នកដែលផ្សងព្រេងធ្វើដំណើរទៅបរទេស ដើម្បីស្វែងរកសុវត្ថិភាព សេចក្តីថ្លៃថ្នូ និងជីវិតរស់នៅមួយដែលល្អ។
យើងនឹកដល់រូបភាពដ៏អាណោចអាធម្ម និងរឿងរ៉ាវដ៏គួរអោយព្រឺព្រួច ដែលទាញការចាប់អារម្មណ៍របស់ពិភពលោក ហើយនិងជនចំណាកស្រុក និងជនភៀសខ្លួនចំនួនជាង ៣៦០០ នាក់ ដែលបានស្លាប់នៅឆ្នាំនេះ ក្នុងពេលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។
មិនថាពួកគេកំពុងគេចចេញពីសង្គ្រាម ភាពក្រីក្រ ឬកំពុងស្វែងរកឱកាសនោះទេ ការស្វែងរករបស់ជនចំណាកស្រុកផ្តល់ប្រយោជន៍ដល់មនុស្សគ្រប់គ្នា រាប់ពីគ្រួសារនៅឯផ្ទះដែលពឹងផ្អែកលើប្រាក់ចំណូលរបស់គេ ដល់និយោជកនៅបរទេសដែលត្រូវការកំលាំង និងជំនាញរបស់ពួកគេ។ នៅក្នុងករណីខ្លះ ប្រាក់ដែលពួកគេផ្ញើមកមានច្រើនជាងជំនួយអភិវឌ្ឍន៍ទៅទៀតសំរាប់ប្រទេសក្រីក្រ។ នៅតាមប្រទេសដែលខ្វះកំលាំងពលកម្ម ឬមានប្រជាជនច្រើនដែលស្ថិតក្នុងវ័យចាស់ ជនចំណាកស្រុកអាចជំរុញសេដ្ឋកិច្ចរបស់គេអោយដើរទៅមុខ។
ភាគច្រើនលើសលុបនៃប្រជាជនចំនួនជាង ២០០ លាននាក់ដែលធ្វើចំណាកស្រុកក្នុងមួយឆ្នាំៗ ចេញទៅដោយស្របច្បាប់។ តែទោះបីជាគេមានឯកសារបែបណាក៏ដោយ ក៏ពួកគេទាំងអស់គួរតែទទួលបានការការពារ និងការប្រព្រឹត្តមកលើប្រកបដោយមនុស្សធម៌។
ប្រទេសទាំងអស់គួរតែជួយ មិនមែនគ្រាន់តែប្រទេសនៅក្បែរខាងតែប៉ុណ្ណោះទេ។
មូលដ្ឋាននៃការកសាងប្រទេសរបស់យើងស្ថិតនៅលើការស្រម៉ៃចង់បាននៃជនចំណាកស្រុក។ ភាពក្លាហាន ការតស៊ូ និងសេរីភាពរបស់គេក្នុងការស្រម៉ៃចង់បានអនាគតមួយល្អប្រសើរ បានជំរុញអោយយើងមានវិបុលភាព ហើយក្លាយជាផ្នែកសំខាន់ចាំបាច់មួយនៃបេតិកភណ្ឌ និងចរិកជាតិរបស់យើង។
ថងៃនេះ យើងបញ្ជាក់សារជាថ្មីនូវការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយមនុស្សជាតិដទៃទៀតដែលធ្វើការលះបង់ និងការប្រថុយប្រថានយ៉ាងធំ ដើម្បីប្រឈមនឹងអ្វីដែលគេមិនស្គាល់។