“តាំងពីដើមមក ប្រទេសអាមេរិកគឺជាកន្លែងដែលស្រឡាញ់សេរីភាពក្នុងការប្រតិបត្តិសាសនា។ គួរអោយ ស្តាយដែលមនុស្សជាច្រើននៅជុំវិញពិភពលោកគ្មានសេរីភាពនេះ…យើងសូមបួងសួងអោយគេមានភាពខ្លាំង និងបញ្ញាញាណដើម្បីមានអនាគតល្អ…គឺអនាគតដែលមនុស្សល្អក្នុងគ្រប់ជំនឿសាសនា ទាំងអ្នកកាន់សាសនាគ្រឹះ សាសនា ឥស្លាម សាសនាជី្វហ និងទាំងសាសនាហិនឌូ អាចធ្វើតាមចិត្តរបស់គេ ហើយប្រតិបត្តិសាសនា ទៅតាមមនសិការបស់គេ”
ប្រធានាធិបតី Donald Trump
សេរីភាពសាសនាគឺជាគុណតំលៃជាទីស្រឡាញ់របស់អាមេរិក និងជាសិទ្ធិជាសាកលមួយរបស់មនុស្ស
វាមានរយៈពេល ១៩ ឆ្នាំហើយ ចាប់តាំងពីការអនុម័តច្បាប់ស្តីពីសេរីភាពសាសនាអន្តរជាតិ ដែលជាច្បាប់ជាប្រវត្តិសាសន៍មួយដែលចាត់ទុកការលើកកំពស់សេរីភាពសាសនាជាផ្នែកសំខាន់មួយនៃគោលនយោបាយការបរទេសរបស់ប្រទេសអាមេរិក។ សហរដ្ឋអាមេរិកលើកកំពស់សេរីភាពសាសនា ដោយចាត់ទុកវាជាការចាំបាច់មួយ ផ្នែកសីលធម៌។ សំខាន់ដូចគ្នានេះផងដែរ យើងលើកកំពស់សេរីភាពសាសនា ពីព្រោះបណ្តាប្រទេសដែលការពារបានល្អនូវសិទ្ធិមនុស្សមួយនេះគឺជាប្រទេសដែលមានស្ថិរភាព មានសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិភាព។ ការខកខានរបស់រដ្ឋាភិបាលក្នុងការការពារសិទ្ធិនេះបណ្តាលអោយមានអស្ថិរភាព ភេរវកម្ម និងអំពើហឹង្សា។
របាយការណ៍ប្រចាំឆ្នាំនេះដែលផ្ញើជូនសភាសហរដ្ឋអាមេរិក រៀបរាប់លំអិតពីស្ថានភាពនៃសេរីភាពសាសនានៅក្នុងប្រទេសនិងទឹកដីចំនួនជិត ២០០ ហើយចងក្រងឯកសារស្តីពីការរំលោភបំពានរបស់រដ្ឋាភិបាល ក្រុមភេរវករ និងបុគ្គលនានា។
ការជំរុញរបស់សហរដ្ឋអាមេរិក ចំពោះសេរីភាពសាសនាអន្តរជាតិ ទាមទារអោយមានការតស៊ូដើម្បីសិទ្ធិរបស់ប្រជាជនដែលងាយរងគ្រោះខ្លាំងជាងគេ នៅក្នុងពិភពលោក។ ការប្រព្រឹត្តដ៏ឃោរឃៅរបស់ពួក ISIS ទៅលើក្រុមសាសនានានា និងក្រុមភាគតិច នៅមជ្ឈឹមបូព៌ា បានធ្វើអោយគេមានការចាប់អារម្មណ៍យ៉ាងច្រើន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ របាយការណ៍ប្រចាំឆ្នាំ សំរាប់ឆ្នាំ ២០១៦ នេះនិយាយលំអិតពីអំពើយង់ឃ្នងនេះ។
ពួក ISIS បាន និងបន្តរំលោភផ្លូវភេទ ចាប់ជំរិត ចាប់ធ្វើជាទាសករ និងសំលាប់មនុស្សដែលកាន់សាសនានិងស្ថិតក្នុងក្រុមជាតិសាសន៍ផ្សេងៗ។ ពួក ISIS ពិតជាត្រូវទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ដែលត្រូវបានប្រព្រឹត្តទៅលើអ្នកកាន់សាសនា Yezidis សាសនាគ្រឹះ និងសាសនាឥស្លាមស៊ីអា នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។ ពួក ISIS ក៏ទទួលខុសត្រូវផងដែរ ចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងការសំលាប់បំបាត់ក្រុមជាតិសាសន៍ទៅលើក្រុមទាំងនោះ ហើយក្នុងករណីខ្លះ ប្រឆាំងទៅលើក្រុមអ្នកកាន់សាសនាស៊ូនី ក្រុមឃើត និងក្រុមជនជាតិភាគតិចដទៃ ទៀត។ ការការពារក្រុមទាំងនេះ និងក្រុមដទៃទៀតដែលក្រុមនិយមហឹង្សាតំរង់គោលដៅមកលើ នៅតែជាអាទិភាពមួយផ្នែកសិទ្ធិមនុស្ស សំរាប់រដ្ឋការលោកប្រធានាធិបតី Trump ។
របាយការណ៍នេះគឺជាប្រភពព័ត៌មានមួយសំរាប់រដ្ឋាភិបាល ក៏ដូចជាសំរាប់ប្រជាពលរដ្ឋដែរ ដោយវាជួយផ្តល់ព័ត៌មានស្តីពីការងាររបស់មេដឹកនាំសាសនា អ្នកធ្វើច្បាប់ អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស អ្នកធ្វើការផ្នែកសិក្សាអប់រំ ស្ថាប័នពហុភាគី និងអង្គការមិនមែនរដ្ឋាភិបាល។
យើងមានការប្តេជ្ញាចិត្តយ៉ាងរឹងមាំ នៅក្នុងការលើកកំពស់ការការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្ស ។ ការចេញរបាយការណ៍នេះផ្តល់សំលេងដល់មនុស្សទាំងអស់ នៅទូទាំងពិភពលោក ដែលចង់រស់នៅក្នុងសន្តិភាព ស្របតាមមនសិការបស់គេ។
បន្ទាប់នេះ ខ្ញុំសូមបញ្ជូនរបាយការណ៍ប្រចាំឆ្នាំ ២០១៦ ស្តីពីសេរីភាពសាសនាអន្តរជាតិ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ទៅកាន់សភាសហរដ្ឋអាមេរិក។ ខ្ញុំសូមវាយតំលៃខ្ពស់ចំពោះការគាំទ្រជាយូរមករបស់សភា សហរដ្ឋអាមេរិក ចំពោះសេរីភាពសាសនាអន្តរជាតិ ហើយខ្ញុំរីករាយនឹងធ្វើការជាមួយសភាសហរដ្ឋអាមេរិក ដើម្បីរក្សា និងការពារសិទ្ធិមនុស្សជាសាកលនេះ។
Rex. W. Tillerson
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក
កម្ពុជា
របាយការណ៍ស្តីពីសេរីភាពសាសនាអន្តរជាតិ ឆ្នាំ ២០១៦
សេចក្តីសង្ខេបរួម
រដ្ឋធម្មនុញ្ញចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយត្រូវបានលើកកំពស់តាមរយៈការមានថ្ងៃបុណ្យ ការបណ្តុះបណ្តាលបែបសាសនា ការបង្រៀនពីព្រះពុទ្ធសាសនានៅតាមសាលារដ្ឋ និងការផ្តល់ថវិកាដល់ស្ថាប័នពុទ្ធសាសនា។ ច្បាប់ចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាសេរីភាពនេះមិនជ្រៀតជ្រែកជំនឿសាសនារបស់អ្នកដទៃ ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ មានការនិយាយថា រដ្ឋាភិបាលបានបំបែកការជួបជុំនៃអ្នកប្រតិបត្តិសាសនាគ្រឹះ ហើយបានចាប់ខ្លួនពួកគេមួយចំនួន ក្រោមការសង្ស័យថា ពួកគេកំពុងធ្វើការប្រជុំនយោបាយ។ មានការរិះគន់ពីឥស្លាមសាសនិកផងដែរទាក់ទងនឹងការដែលរដ្ឋាភិបាលបិទកម្មវិធីវិទ្យុជាភាសាចាម ដោយគ្មានហេតុផលច្បាស់លាស់។ ជនភៀសខ្លួនម៉ុងតាញ៉ាចំនួន ១៥០ នាក់ដែលកាន់សាសនាគ្រឹះ មកពីប្រទេសវៀតណាមត្រូវបានគេនិយាយថា ត្រូវបានសួរចំលើយដោយនគរបាលវៀតណាម នៅរាជធានីភ្នំពេញ ដែលជាការធ្វើអោយសកម្មជនចោទសួរពីមូលហេតុដែលនគរបាលបរទេសត្រូវបានអនុញ្ញាតអោយសួរជនភៀសខ្លួន។ នៅខែធ្នូ ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននាំជនម៉ុងតាញ៉ាចំនួន ១៣ នាក់ ត្រឡប់ទៅភូមិរបស់គេវិញ នៅប្រទេសវៀតណាម។
មានសេចក្តីរាយការណ៍មកថា មានការរារាំងចំពោះសមាហរណកម្មពេញលេញនៅក្នុងសង្គមរបស់ប្រជាជនចាមកាន់សាសនាឥស្លាម។ បុរសចាមម្នាក់ត្រូវបានគេសំលាប់ ក្រោមការសង្ស័យថា ធ្វើអាបធ្មប់។
មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកបានពិភាក្សាពីក្រុមម៉ុងតាញ៉ាដែលកាន់សាសនាគ្រឹះ ជាមួយរដ្ឋាភិបាល។ មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកក៏បានពិភាក្សាផងដែរពីសារៈសំខាន់នៃការរាប់រក និងភាពចំរុះគ្នានៃមេដឹកនាំក្រុមសាសនាឥស្លាម សាសនាគ្រឹះ និងពុទ្ធសាសនា។ ស្ថានទូតមានបំណងលើកកំពស់សារនៃភាពអត់ឱនផ្នែកសាសនា និងការយល់តាមរយៈកម្មវិធីវាគ្មិន និងទំរង់នៃការចូលរួមដទៃទៀត។
ផ្នែក ១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា
តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រជាជនកម្ពុជាមានចំនួនសរុបចំនួន ១៦ លាននាក់ (គិតត្រឹមខែកក្កដា ឆ្នាំ ២០១៦)។ បើយោងតាមការអង្កេតលើប្រជាជននៅឆ្នាំ ២០១៣ របស់វិទ្យាស្ថានស្ថិតិជាតិ ប្រជាជនចំនួន ៩៧,៩% កាន់ពុទ្ធសាសនា ហើយបើយោងតាមក្រសួងធម្មការ និងសាសនា មានប្រមាណ ៩៥% កាន់ពុទ្ធសាសនាហិនយាន ។ ជនជាតិខ្មែរភាគច្រើនលើសលុបជាពុទ្ធសាសនិក ។ អាណិកជនវៀតណាមដែលរស់នៅកម្ពុជា ជាប្រពៃណី កាន់ពុទ្ធសាសនាមហាយាន តែក៏មានច្រើនដែរដែលបែរមកកាន់ពុទ្ធសាសនាហិនយាន។ ជនជាតិវៀតណាមដទៃទៀតជាអ្នកកាន់សាសនារ៉ូម៉ង់កាតូលិក ហើយពួកគេគឺជាក្រុមភាគច្រើនលើសលុបក្នុងចំណោមអ្នកកាន់សាសនាកាតូលិក នៅកម្ពុជា។ អាណិកជនវៀតណាមមានប្រហែល ៥% នៃប្រជាជនកម្ពុជា។ យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល អ្នកកាន់សាសនាឥស្លាមមានចំនួនប្រមាណពី ២,៦% នៃប្រជាជនទាំងអស់ តែអង្គការមិនមែនរដ្ឋាភិបាលខ្លះប៉ាន់ប្រមាណថា អាចមានចំនួនពី ៤% ទៅ ៥%។ ក្នុងចំណោមនេះ ភាគច្រើនលើសលុបគឺចាម ថ្វីបើថាមិនមែនគ្រប់ចាមទាំងអស់កាន់សាសនាឥស្លាមទេ។ ចាមច្រើនរស់នៅតាមទីប្រជុំជន និងភូមិនេសាទតាមជនបទ តាមមាត់បឹងទន្លេសាបនិងទន្លេមេគង្គ និងក្នុងខេត្ដកំពត ។ នៅកម្ពុជា សាសនាឥស្លាមមានបួនសាខា គឺសាខា Shafi ដែលប្រតិបត្ដិដោយអ្នកកាន់សាសនាឥស្លាមរហូត ៩០% ។ សាខា Salafi (Wahhabi) សាខាដើមដែលមាន ឈ្មោះថា Iman-San និងសាខា Kadiani ។ ប្រជាជនក្នុងក្រុមសាសនាឯទៀតមានក្រុម Baha’i Faith ជ្វីហ្វ និងជនជាតិវៀតណាមដែលកាន់សាសនា Cao Dai ឬក្រុមអ្នកកាន់សាសនាគ្រឹះនិកាយផ្សេងៗ។
ផ្នែកទី ២. ការគោរពរបស់រដ្ឋាភិបាលចំពោះសេរីភាពសាសនា
ក្របខ័ណ្ឌច្បាប់
រដ្ឋធម្មនុញ្ញចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាវាមិនជ្រៀតជ្រែកជំនឿ សាសនាដទៃទៀត ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋធម្មនុញ្ញកំណត់ថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយចែងពីការអោយរដ្ឋផ្តល់ការគាំពារចំពោះការអប់រំតាមព្រះពុទ្ធសាសនា ហើយហាមប្រាមការរើសអើងខាងសាសនា។ ច្បាប់ហាមប្រាមក្រុមសាសនានានាមិនអោយប្រមាថក្រុមសាសនាដទៃទៀត តែកម្រមានបញ្ហានេះណាស់។ ច្បាប់ហាមប្រាមអង្គការសាសនាមិនអោយរៀបចំពិធី ធ្វើការប្រមូលផ្តុំ ប្រជុំ និងបើកវគ្គរៀនសូត្រ ដែលផ្តោតលើនយោបាយ។
ច្បាប់តំរូវអោយក្រុមអ្នកកាន់សាសនាទាំងអស់ រួមទាំងក្រុមពុទ្ធសាសនិកផង អោយដាក់ពាក្យសុំទៅក្រសួងធម្មការនិងសាសនា បើគេចង់ធ្វើសកម្មភាពផ្សេងៗផ្នែកសាសនា ។ នៅក្នុងពាក្យសុំ គេត្រូវបញ្ជាក់អោយច្បាស់ពីបំណង និងសកម្មភាពសាសនារបស់គេ ផ្តល់ប្រវត្តិរូបនៃមេដឹកនាំសាសនារបស់គេ រៀបរាប់ប្រភពថវិកា សន្យាផ្តល់របាយការណ៍ប្រចាំឆ្នាំ ដែលរៀបរាប់លំអិតពីសកម្មភាពសាសនាក្នុងឆ្នាំ យល់ព្រមគោរពតាមបញ្ញាតិដែលហាមក្រុមសាសនាប្រមាទក្រុមសាសនាដទៃទៀត បង្ករជំលោះ ឬបំផ្លាញសន្តិសុខជាតិ។ ការចុះបញ្ជីតំរូវអោយមានការយល់ព្រមពីថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយដំណើរការនេះស៊ីពេលរហូតដល់ ៩០ ថ្ងៃ។ តែក្រសួងសាសនា និងធម្មកាគ្មានអំណាចក្នុងការដាក់ទណ្ឌកម្មលើក្រុមសាសនាដែលមិនបានចុះបញ្ជីទេ ហើយក៏គ្មានបទពិន័យចំពោះការខកខានមិនបានចុះបញ្ជីដែរ។ ក្រុមសាសនាដែលបានចុះបញ្ជីហើយ ទទួលបានការលើកលែងពន្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្វីបើច្បាប់ហាមប្រាមជាផ្លូវការមិនអោយក្រុមមិនមែនជាពុទ្ធសាសនិកដើរបញ្ចុះបញ្ចូលអោយគេចូលសាសនារបស់ខ្លួន ហើយចែងថា ខ្លឹមសារអត្ថបទមិនមែនជារបស់ពុទ្ធសាសនិកអាចចែកចាយបានតែនៅក្នុងកន្លែងសាសនារបស់គេក្តី តែក្រសួងធម្មការបាននិយាយថា មានក្រុមអ្នកកាន់សាសនាគ្រឹះខ្លះនៅតែធ្វើសកម្មភាពតាំងនេះដោយគ្មានប្រឈមនឹងការចាប់ខ្លួនឡើយ។ ច្បាប់ក៏ហាមផងដែរលើការផ្តល់លុយ ឬសំភារៈដើម្បីបញ្ចុះបញ្ចូលអោយគេចូលសាសនារបស់ខ្លួន។
ច្បាប់តំរូវអោយមានការចុះបញ្ចីដាច់ដោយឡែកពីគ្នាផងដែររ នូវកន្លែងគោរពបូជា និងសាលាសាសនានានា។ កន្លែងគោរពបូជា និងសាលាសាសនាអាចត្រូវបានបិទបណ្តោះអាសន្ន រហូតដល់កន្លែងទាំងនោះត្រូវបានចុះបញ្ជីការហើយ តែក្រសួងធម្មការ និងសាសនានិយាយថា ខ្លួនមិនបានចាត់វិធានការនេះទេ។ គោលការណ៍អនុវត្តរបស់ច្បាប់នេះធ្វើការញែកដាច់ពីគ្នាតាមច្បាប់នូវ “កន្លែងធ្វើសក្ការៈបូជា” និង “កន្លែងសូត្រធម៌”។ ការបង្កើតកន្លែងបូជាទាមទារអោយស្ថាបនិកគឺជាម្ចាស់កម្មសិទ្ធិលើអាគារ និងដីអាគារនោះ។ កន្លែងនោះត្រូវដាក់មនុស្សបានយ៉ាងតិច ២០០ នាក់ ហើយពាក្យសុំការអនុញ្ញាតត្រូវមានការគាំទ្ររបស់អ្នកជឿនិងគាំទ្រចំនួនយ៉ាងតិច ១០០ នាក់។ ផ្ទុយទៅវិញ ការិយាល័យសំរាប់សូត្រធម៌អាចស្ថិតនៅក្នុងទីតាំងជួល ឬនៅលើដីជួល ហើយមិនចាំបាច់ទាល់តែដាក់មនុស្សបានប៉ុន្មាននោះទេ ។ចំណែកពាក្យសុំការអនុញ្ញាតលើកន្លែងសូត្រធម៌ត្រូវមានអ្នកគាំទ្រចំនួន២៥ នាក់យ៉ាងតិច។ កន្លែងគោរពបូជាត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងតិច ២ គម ហើយមិនអាចប្រើប្រាស់ដើម្បីបំរើបំណងផ្នែកនយោបាយ ទទួលឧក្រិដ្ឋជនអោយស្នាក់នៅ ឬជនគេចខ្លួនពីច្បាប់ឡើយ ។ ការកំណត់ចំងាយពីគ្នានេះគឺសំរាប់តែការកសាងកន្លែងគោរពបូជាថ្មីៗតែប៉ុណ្ណោះ ហើយមិនទាក់ទងនឹងការិយាល័យរបស់អង្គការសាសនា ឬកន្លែងសូត្រធម៌ទេ ។
សាលាសាសនាត្រូវតែមានការចុះបញ្ជីការជាមួយក្រសួងធម្មការនិងសាសនា ហើយនិងក្រសួងអប់រំ។ សាលាសាសនាត្រូវបានណែនាំអោយធ្វើតាមកម្មវិធីសិក្សាស្នូលរបស់ក្រសួងអប់រំ ដែលមិនបញ្ចូលផ្នែកស្តីពីសាសនាទេ តែសាលាអាចបន្ថែមមេរៀនដែលមានកម្មវិធីសិក្សាសាសនា បន្ថែមលើកម្មវិធីសិក្សាស្នូលរបស់ក្រសួងអប់រំ។ រដ្ឋាភិបាលជំរុញការបង្រៀនសាសនាព្រះពុទ្ធ នៅតាមសាលារដ្ឋ ដោយសំរបសំរួលជាមួយក្រសួងអប់រំ តែសិស្សដែលមិនកាន់សាសនាព្រះពុទ្ធមិនត្រូវបានបង្ខំអោយរៀនទេ។ ច្បាប់មិនបង្ខំអោយបង្រៀនសាសនាមិនមែនព្រះពុទ្ធទេហើយគ្មានសាសនាដទៃត្រូវបានបង្រៀននៅក្នុងសាលារដ្ឋទេ។ តែការបង្រៀនសាសនាដទៃដែលមិនមែនជាពុទ្ធសាសនា អាច បង្រៀនបាននៅតាមសាលាឯកជន។
ប្រទេសកម្ពុជាបានចូលរួមជាភាគីមួយនៅក្នុងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។
ការប្រតិបត្តិរបស់រដ្ឋាភិបាល
នៅដើមខែមិថុនា រដ្ឋាភិបាលបានបិទកម្មវិធី Radio Sap Cham ដែលជាកម្មវិធីប្រចាំថ្ងៃមានរយៈពេលមួយម៉ោង ដែលផ្សាយតាំងពីឆ្នាំ ២០០៤ មក ពីបញ្ហាទាក់ទងនឹងការអភិរក្សអត្តសញ្ញាណ ភាសា សាសនា និងវប្បធម៌ ចាម។ វាគឺជាកម្មវិធីវិទ្យុជាភាសាចាមតែមួយគត់នៅកម្ពុជា ហើយការបិទនេះនាំអោយមានការរិះគន់ពីសហគមន៍ចាម នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ រដ្ឋាភិបាលមិនបានពន្យល់ច្បាស់ពីហេតុផលនៃការបិទកម្មវិធីនេះទេ។
នៅខែមិថុនា អាជ្ញាធរខេត្តរតនៈគីរីបានបំបែកក្រុមជនជាតិចារ៉ាយមួយក្រុមមានគ្នា៥០ នាក់ ដែលកាន់សាសនាគ្រឹះ ដែលបានមកជួបជុំគ្នាដើម្បីរៀនគុម្ពី ដោយសំអាងថា ពួកគេមិនបានសុំការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន។ ក្រោយមក នៅក្នុងខែនោះ នគរបាលខេត្តបានឃុំខ្លួនរយៈពេលខ្លី នូវជនជាតិចារ៉ាយបីនាក់ ហើយបានបញ្ជាអោយគេលុបចោលរូបថតនៃការជួបជុំគ្នាដើម្បីធ្វើការបន់ស្រន់ នៅក្នុងម៉ាស៊ីនថតរបស់គេ។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរបានបំបែកការជួបជុំគ្នា ដោយខ្លាចថា ក្រុមនោះនិយាយពីបញ្ហានយោបាយ។
នៅខែកញ្ញា គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ជាថ្មីនូវសិទ្ធិរបស់អ្នកកាន់សាសនាឥស្លាមក្នុងការពាក់ឆ្នួតក្បាល ឬមួកតាមសាសនារបស់គេក្នុងពេលថតរូបចុះបញ្ជីអ្នកបោះឆ្នោត ដែលជាការខុសពីបំរាមលើកមុន ដែលមិនអោយធ្វើដូច្នេះសំរាប់ធ្វើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណផ្លូវការ។
រដ្ឋាភិបាលបានបន្តអោយមានថ្ងៃឈប់សំរាកបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ផ្តល់ការបង្រៀនតាមសាសនាព្រះពុទ្ធដល់សង្ឃ និងអ្នកឯទៀត នៅតាមវត្ត ហើយជួយជាថវិកាដល់វិទ្យាស្ថានដែលធ្វើការស្រាវជ្រាវ និងបោះពុម្ពឯកសារស្តីពីវប្បធម៌ខ្មែរ និងប្រពៃណីតាមព្រះពុទ្ធសាសនា។
តុលាការកាត់ក្តីខ្មែរក្រហមបន្តស្តាប់សក្ខីកម្មទាក់ទងនឹងការចោទប្រកាន់នៃការសំលាប់រង្គាលសំដៅលើក្រុមជនជាតិ និងទាក់ទងនឹងសាសនា ប្រឆាំងនឹងចាម នៅក្នុងសម័យខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។
បើយោងតាមវិទ្យុអាស៊ីសេរី នៅខែមិថុនា អាជ្ញាធរបានអនុញ្ញាតអោយនគរបាលវៀតណាមសួរជនភៀសខ្លួនម៉ុងតាញ៉ាដែលកាន់សាសនាគ្រឹះចំនួនប្រហែល ១៥០ នាក់ នៅភ្នំពេញ។ ក្រុបសកម្មជន និងតំណាងរបស់អង្គការ UNHCR បាននិយាយថា ជនភៀសខ្លួនមិនគួរត្រូវបាននគរបាលពីប្រទេសដែលខ្លួនបានគេចចេញធ្វើការសំភាសន៍ជាមួយទេ។ បើតាមសេចក្តីរាយការណ៍ពីខាងសារព័ត៌មាន ក្រុមម៉ុងតាញ៉ាទាំងនោះបានសំដែងការភ័យខ្លាច ក្រោយសំភាសន៍ចប់ថា រដ្ឋាភិបាលកម្ពុជានឹងចាប់បញ្ជូនពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ ជាប្រទេសដែលតាមសេចក្តីរាយការណ៍មក ពួកគេបានគេចចេញ ដោយសារហេតុផលសាសនា និងហេតុផលដទៃទៀត។ នៅក្នុងការថ្លែងទៅកាន់វិទ្យុអាស៊ីសេរី មន្រ្តីរដ្ឋាភិបាលបាននិយាយថា ពួកគេមិនបានដឹងពីការចុះមករបស់នគរបាលវៀតណាមទេ។ តែពួកម៉ុងតាញ៉ាបាននិយាយថា នគរបាលកម្ពុជាបានមកជាមួយនគរបាលវៀតណាម។ នៅខែតុលា ក្រសួងមហាផ្ទៃបានប្រកាសថា ភាគច្រើននៃពួកម៉ុងតាញ៉ាដែលនៅសេសសល់ មិនត្រូវបានផ្តល់សិទ្ធិជ្រកកោនអោយទេ បន្ទាប់ពីឆ្លងកាត់ការសំភាសន៍ដ៏ច្រើនមក ដោយបញ្ជាក់ថា “ចំលើយរបស់គេមិនស្របតាមអនុសញ្ញាស្តីពីជនភៀសខ្លួនទេ”។ ដំបូងឡើយ សារព័ត៌មានក្នុងស្រុកនិយាយថា ក្រសួងបានផ្តល់អោយពួកគេរយៈពេល ២ សប្តាហ៍ដើម្បីចាកចេញពីប្រទេសកម្ពុជា។ បើគេមិនចាកចេញទេ នោះគេនឹងប្រឈមនឹងការចាប់ខ្លួន ហើយនិងការចាប់បញ្ជូនចេញភ្លាមទៅប្រទេស វៀតណាម។ នៅខែធ្នូ UNHCR បានជូនម៉ុងតាញ៉ាចំនួន ១៣ នាក់ត្រឡប់ទៅភូមិរបស់គេវិញ នៅប្រទេសវៀតណាម។ ដោយសារសាសនា ជាតិពន្ធ និងនយោបាយមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ គេមានការពិបាកក្នុងការកំណត់ចំណាត់ប្រភេទនៃសកម្មភាពរបស់រដ្ឋាភិបាល ថាតើវាផ្អែកតែលើអត្តសញ្ញាណសាសនាឬយ៉ាងណា។
នៅក្នុងពិធីបុណ្យរ៉ាម៉ាដាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានរៀបចំទទួលអាហារស្រាយបួស Iftar ជូនសមាជិកនៃសហគមន៍ឥស្លាម។ នៅក្នុងសុន្ទរកថារបស់លោក លោកនាយករដ្ឋមន្រ្តីបានប្រាប់ទៅភ្ញៀវថា គ្មានមូលដ្ឋានសំរាប់ការរើសអើងផ្នែកនយោបាយនៅក្នុងប្រទេសទេ ហើយបានអំពាវនាវអោយពុទ្ធសាសនិកមានការអត់ឱន ហើយរាប់រកសហគមន៍អ្នកកាន់សាសនាគ្រឹះ និងសហគមន៍អ្នកកាន់សាសនាឥស្លាម។
ផ្នែកទី ៣. ស្ថានភាពនៃការគោរពរបស់សង្គមចំពោះសេរីភាពសាសនា
អ្នករស់នៅក្នុងសហគមន៍ចាមកាន់សាសនាឥស្លាមខ្លះបាននិយាយថា គេជួបឧបសគ្គនៅក្នុងការមានសមាហ រណកម្មពេញលេញទៅក្នុងសង្គម។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មានអ្នកខ្លះនៅក្នុងសហគមន៍ពុទ្ធសាសនិកដែលជាក្រុមភាគច្រើន និងក្រុមដទៃទៀតដែលជាចំនួនភាគតិច នៅតែមានការសង្ស័យទៅលើចាម ហើយមានជំនឿអរូប៉ិយថា ពួកគេចេះអាបធ្មប់។ នៅក្នុងករណីខ្លះ អ្នកដែលត្រូវបានគេសង្ស័យថា ចេះធ្វើអំពើ ត្រូវបានសំលាប់ដោយអ្នកភូមិ ឬសមាជិកគ្រួសាររបស់គេផ្ទាល់។ នៅខែមេសា ឈ្មោះ សៅ ស៊ីវ អាយុ ៦២ ឆ្នាំ ត្រូវបានកូនប្រសារស្រីរបស់គាត់ឈ្មោះ ម៉ៅ ចាន់នី និងម្តាយមីងរបស់នាងកាត់ក្បាល ពីព្រោះគេបាននិយាយថា សៅ ស៊ីវបានសំលាប់ឪពុករបស់ចាន់នី ដោយធ្វើអំពើ។
នៅខែមករា ជនមិនស្គាល់មុខបានគំរាមកំហែងសំលាប់ ហើយបានវាយប្រហារមកលើគ្រូបង្រៀន និងមន្រ្តីនៃសាលាឥស្លាមសំរាប់កុមារី នៅក្នុងសហគមន៍ចាម ក្នុងខេត្តត្បូងឃ្មុំ ដែលនាំអោយមានការដាក់ពង្រាយនគរបាលដើម្បីការពារសាលារៀននោះ។ នៅក្នុងករណីមួយ ថ្មមួយដុំត្រូវបានគប់ឆ្លងជញ្ជាំង ដោយរុំនឹងក្រដាស ដោយមានសំណេរ គំរាមសំលាប់អ្នកបង្កើតសាលារៀន និងជាអ៊ីម៉ាមក្នុងមូលដ្ឋាន ឈ្មោះ Muhammad Abdulrahman ព្រមទាំងកូនប្រុសរបស់គាត់ និងគ្រូៗនៅក្នុងសាលា។ នេះបើយោងតាមប្រធាននគរបាលឃុំ ឈ្មោះ សេង លី។ នៅក្នុងហេតុការណ៍ដទៃទៀត Abdulrahman បាននិយាយថា មនុស្សដែលគេមិនស្គាល់មួយចំនួនបានចោលផាវទៅលើជញ្ជាំងនៃសយនដ្ឋាន ក្នុងពេលដែលសិស្សដេក ហើយបានដាក់លាមកចូលទៅក្នុងអាងទឹក ដែលសិស្សបរិភោគ។
ផ្នែកទី ៤. គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកបានពិភាក្សាពីបញ្ហាសេរីភាពសាសនាជាមួយក្រសួងសាសនា និងធម្មការ និងមន្រ្តីដទៃទៀតនៃរដ្ឋាភិបាល។ មន្រ្តីដទៃទៀតនៃស្ថានទូតរដ្ឋអាមេរិកក៏បានពិភាក្សាផងដែរពីបញ្ហានៃការចាប់បញ្ជូនខ្លួនទៅប្រទេសដើមវិញ និងការស្នាក់នៅរបស់ក្រុមម៉ុតាញ៉ាដែលកាន់សាសនាគ្រឹះ ជាមួយមន្រ្តីរដ្ឋាភិបាល និងសមាជិកនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ។
ស្ថានទូតអាមេរិកថែមទាំងបានបញ្ជាក់ពីសារៈសំខាន់នៃការទទួលយកភាពចំរុះនៃសាសនាក្នុងជំនួបជាមួយមេដឹកនាំសាសនាព្រះពុទ្ធ សាសនាគ្រឹះ និងសាសនាឥស្លាម ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអត់ឱនរវាងអ្នកកាន់សាសនាផ្សេងៗ នៅក្នុងសង្គមប្រជាធិបតេយ្យ។ កម្មវិធីរបស់ស្ថានទូតបានផ្តោតលើក្រុមសាសនា ហើយបានជំរុញ ពហុភាពសាសនា តាមរយៈកម្មវិធីផ្លាស់ប្តូរ និងកម្មវិធីយុវជន។
ស្ថានទូតអាមេរិកបានបន្ដអនុវត្តកម្មវិធីមួយចំនួន ដែលផ្តោតលើចាមអ្នកកាន់សាសនាឥស្លាម ។ កម្មវិធីមួយមានបំណងជួយអភិរក្សបេតិកភណ្ឌរបស់ចាម ដូចជាបេតិកភណ្ឌសាសនា តាមរយៈការបង្រៀនក្នុងការអាន និងសរសេរជាភាសាកំណើតរបស់ចាម ហើយរួមមានការអភិរក្ស និងការសិក្សាពីវត្ថុបូរាណផ្នែកសាសនាពីអាណាចក្របូរាណចំប៉ា ដែលជាប្រភពដើមនៃចាមអ្នកកាន់សាសនាឥស្លាមនៅកម្ពុជាសព្វថ្ងៃ។ កម្មវិធីមួយទៀតមានការអញ្ជើញវាគ្មិនមកនិយាយ និងចូលរួមពិភាក្សា ដែលក្នុងនោះ មេដឹកនាំសាសនាឥស្លាមមកពីជុំវិញពិភពលោកធ្វើការប្រាស្រ័យជាមួយសហគមន៍ចាម ដើម្បីផ្តល់អោយជនជាតិចាមនូវការយល់ដឹងស៊ីជំរៅទៅលើតួនាទីស្ថាបនារបស់អ្នកកាន់សាសនាឥស្លាមដទៃទៀត នៅក្នុងកំលាំងពលកម្ម និងសហគមន៍របស់គេ។
កម្មវិធីដទៃទៀតរបស់ស្ថានទូតបានអញ្ជើញអ្នកកាន់សាសនាឥស្លាម អោយចូលរួមក្នុងសិក្ខាសាលាដែលមានការចូលរួមនៃវាគ្មិនជាភ្ញៀវមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍។ សិក្ខាសាលាផ្តោតលើកិច្ចសហប្រតិបត្តិការរវាងអ្នកកាន់សាសនាផ្សេងៗ ភាពជាអ្នកដឹកនាំសហគមន៍ និងដំណោះស្រាយលើវិវាទ។ មន្រ្តីទូតបានមកធ្វើទស្សនកិច្ចជាច្រើនលើកនៅក្នុងប្រទេស ដើម្បីជួបជាមួយក្រុមមនុស្សក្នុងសហគមន៍ ដោយធ្វើជាគំរូក្នុងការជំរុញភាពអត់ឱនរវាងសាសនា គោរពចំពោះវប្បធម៌ចាម បន្ថយភាពឯកកោរបស់ចាម ហើយជួយក្រុមចាមក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងវប្បធម៌ទូទៅរបស់ខ្មែរ។ គេបានពិភាក្សាពីវិធីធ្វើយ៉ាងណាអោយបងប្អូនចាមអាចធ្វើសមាហរណកម្មកាន់តែជ្រៅទៅក្នុងសង្គមខ្មែរ ដោយទន្ទឹមនឹងនោះ នៅរក្សាអត្តសញ្ញាណវប្បធម៌ និងអត្តសញ្ញាណសាសនារបស់គេបានហើយចាក់គ្រឹះនៃការអត់ឱនផ្នែកសាសនាពិតប្រាកដ និងយូរអង្វែង។