របាយការណ៍ស្តីពីសេរីភាពសាសនាអន្តរជាតិ ឆ្នាំ២០១៧

សេចក្តីសង្ខេបរួម

រដ្ឋធម្មនុញ្ញចែងថា ពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ហើយត្រូវ​បានលើកកំពស់តាមរយៈការមានថ្ងៃបុណ្យ ការបណ្តុះបណ្តាលបែបសាសនា ការបង្រៀនពីព្រះពុទ្ធសាសនានៅតាមសាលារដ្ឋ និងការផ្តល់ថវិកាដល់ស្ថាប័ន​ពុទ្ធ​សាសនា។ ច្បាប់ចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាសេរីភាព​នេះមិនជ្រៀតជ្រែកជំនឿសាសនារបស់អ្នកដទៃ ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋាភិបាលមិនព្រមអនុញ្ញាតអោយ​ការិយាល័យ​នៃឧត្តមស្នងការទទួលបន្ទុកជនភៀស​ខ្លួន​របស់អង្គការសហប្រជាជាតិ (UNHCR) នាំទៅតាំងទីលំនៅជាថ្មី នូវជនម៉ុងតាញ៉ាមួយក្រុម ដែលត្រូវបានគេនិយាយថា មានហេតុផលត្រឹមត្រូវ​ក្នុងការទទួលបានសិទ្ធិជ្រកកោន ហើយដែលបានគេចេញពីការធ្វើបាប នៅ​ប្រទេសវៀតណាម។ នៅខែតុលា រដ្ឋាភិបាលបានធ្វើសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ លើការតាំងទីលំនៅជាថ្មី​នៃក្រុមម៉ុងតាញ៉ាចំនួន ៧ នាក់ នៅប្រទេសទី ៣ តែបាន​និយាយថា ២៩ នាក់ទៀត គ្មានហេតុផលគ្រប់គ្រាន់សំរាប់ទទួលបានសិទ្ធិជ្រកកោនទេ ហើយបានប្រកាសពីផែនការចាប់បញ្ជូនពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ ថ្មីបើអង្គការ UNHCR ព្រមជួយគេ​នៅក្នុងការតាំងទីលំនៅជាថ្មី​ក្តី។ រដ្ឋាភិបាលបានថ្កោលទោសថាជាការជ្រៀងជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នូវសេចក្តីថ្លែងការណ៍​របស់អ្នករាយការណ៍​ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សសំរាប់ប្រទេសកម្ពុជាដែលរិះគន់ការប្រព្រឹត្តទៅលើក្រុមម៉ុងតាញ៉ា ។

អ្នកភូមិបានសំលាប់ព្នងមួយចំនួន ដោយសង្ស័យថា បានធ្វើធ្មប់ ដោយសារតែជំនឿសាសនា និងការប្រតិបត្តិរបស់គេ។ មានសេចក្តីរាយការណ៍​ផងដែរថា មានការរារាំងដល់សមាហរណកម្មក្នុងសង្គម​ នូវក្រុមចាម។

មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកបានពិភាក្សាពីក្រុមម៉ុងតាញ៉ាដែលកាន់សាសនាគ្រឹះ ជាមួយរដ្ឋាភិបាល។ មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកក៏បានពិភាក្សាផងដែរពីសារៈ​សំខាន់នៃការរាប់រក និងភាពចំរុះគ្នាផ្នែកសាសននា ជាមួយតំណាងរដ្ឋាភិបាល មេដឹកនាំគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងមេដឹកនាំក្រុមសាសនាឥស្លាម សាសនាគ្រឹះ និងពុទ្ធសាសនា។ ​ស្ថាន​ទូតមានបំណងលើកកំពស់សារសំខាន់នៃភាពអត់ឱនផ្នែកសាសនា និងការយល់តាមរយៈ​ការរៀបចំអាហារស្រាយបួស Iftar ជាផ្លូវការ កម្មវិធីវាគ្មិន និងទំរង់នៃការចូលរួមដទៃទៀត។

ផ្នែក ១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា

តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រជាជនកម្ពុជាមានចំនួន​សរុបចំនួន ១៦.២ លាន​នាក់ (គិតត្រឹមខែកក្កដា ឆ្នាំ ២០១៧)។ បើយោងតាមការអង្កេតលើប្រជាជននៅឆ្នាំ ២០១៣ របស់វិទ្យាស្ថានស្ថិតិជាតិ ប្រជា​ជន​ចំនួន ៩៧,៩% កាន់​ពុទ្ធសាស​នា ហើយបើយោងតាមក្រសួងធម្មការ​ និងសាសនាស្ទើរតែទាំងអស់​នៃពួកគេ កាន់ពុទ្ធសាសនា​ហិន​យាន ។ ជនជាតិ​​ខ្មែរ​ភាគ​ច្រើន​លើស​​​លុប​ជាពុទ្ធ​សាស​និក​ ។ ​អាណិកជនវៀតណាមដែលរស់នៅកម្ពុជា​ ជាប្រពៃណី កាន់ពុទ្ធសាសនាមហាយាន តែក៏មានច្រើនដែរដែលបែរមកកាន់ពុទ្ធសាសនាហិនយាន។ ជនជាតិវៀត​ណាមដទៃទៀតជាអ្នកកាន់សាសនារ៉ូម៉ង់កាតូលិក ហើយពួកគេគឺជាក្រុមភាគច្រើនលើសលុប​ក្នុងចំណោមអ្នកកាន់​សាសនាកាតូលិក នៅកម្ពុជា។ អាណិកជនវៀតណាមមានប្រហែល ៥% នៃប្រជាជនកម្ពុជា។ យោងតាមការប៉ាន់​ប្រមាណ​របស់រដ្ឋាភិបាល អ្នកកាន់សាសនាឥស្លាមមានចំនួនប្រមាណពី ២,១% នៃប្រជាជនទាំងអស់ តែអង្គការមិនមែនរដ្ឋាភិបាលខ្លះប៉ាន់ប្រមាណថា អាចមានចំនួនពី ៤% ទៅ ៥%។ ​ក្នុងចំណោម​នេះ ​ភាគ​ច្រើនលើស​លុប​គឺចាម ថ្វីបើថាមិនមែនគ្រប់ចាមទាំងអស់កាន់សាសនាឥស្លាមទេ។ ចាម​ច្រើន​រស់នៅ​តាមទីប្រជុំជន និងភូមិ​នេសាទ​តាមជន​បទ តាម​មាត់បឹងទន្លេសាប​និងទន្លេ​មេគង្គ និងក្នុង​ខេត្ដកំពត ។​ នៅ​កម្ពុជា ​សាសនា​ឥស្លាម​មាន​បួនសាខា គឺសាខា​ Shafi​ ដែល​ប្រតិបត្ដិ​ដោយអ្នក​កាន់​សាសនា​ឥស្លាម​រហូត ៩០% ។ សាខា Salafi (Wahhabi) សាខា​ដើមដែល​មាន ឈ្មោះថា Iman-San និង​សាខា Kadiani ។ ប្រជាជនក្នុងក្រុមសាសនា​ឯទៀតមានក្រុម Baha’i Faith ជ្វីហ្វ និងជនជាតិវៀតណាមដែលកាន់សាសនា Cao Dai ឬក្រុមអ្នកកាន់សាសនាគ្រឹះ​និកាយ​ផ្សេងៗ។
​​​​

ផ្នែកទី ២. ការគោរពរបស់រដ្ឋាភិបាលចំពោះសេរីភាពសាសនា

ក្របខ័ណ្ឌច្បាប់

រដ្ឋធម្មនុញ្ញចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាវាមិនជ្រៀតជ្រែកជំនឿ សាសនា​ដទៃទៀត ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋធម្មនុញ្ញកំណត់ថា ពុទ្ធសាសនាគឺជាសាសនា​របស់​រដ្ឋ ហើយចែងពីការអោយរដ្ឋផ្តល់ការគាំពារចំពោះការអប់រំតាមព្រះពុទ្ធសាសនា ហើយហាមប្រាមការរើសអើង​ខាង​សាសនា។ ច្បាប់ហាមប្រាម​ក្រុម​សាស​នានានា​មិនអោយ​ប្រមាថ​ក្រុម​សាសនា​ដទៃទៀត តែកម្រមានបញ្ហានេះណាស់។ ច្បាប់ហាមប្រាមអង្គការសាសនា​មិនអោយរៀបចំពិធី ធ្វើការប្រមូលផ្តុំ ប្រជុំ និងបើកវគ្គរៀនសូត្រ ដែល​ផ្តោតលើនយោបាយ។

ច្បាប់តំរូវអោយក្រុមអ្នកកាន់សាសនា​ទាំង​អស់ រួម​ទាំងក្រុម​ពុទ្ធ​សាសនិក​ផង អោយ​ដាក់​ពាក្យ​សុំ​ទៅក្រសួង​ធម្មការ​និងសាសនា បើគេ​ចង់ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ផ្នែក​សាសនា ។ ច្បាប់កំណត់ថា ក្រុមនានាត្រូវតែប្រាប់រដ្ឋាភិបាល​នូវ​បំណងនៃអង្គការសាសនារបស់គេ រៀបរាប់ពីសកម្ម​ភាព​សាសនា​​របស់គេ ផ្តល់ប្រវត្តិរូបនៃមេដឹកនាំសាសនារបស់គេ រៀបរាប់ប្រភពថវិកា សន្យាផ្តល់​របាយការណ៍ប្រចាំឆ្នាំ ដែលរៀបរាប់លំអិតពីសកម្មភាពសាសនាទាំងអស់ យល់ព្រមគោរពតាមបញ្ញាតិដែលហាមក្រុម​សាសនាប្រមាទក្រុមសាសនាដទៃទៀត បង្ករជំលោះ ឬបំផ្លាញសន្តិសុខជាតិ។ ការចុះបញ្ជីតំរូវអោយមានការយល់​ព្រមពីថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយដំណើរការនេះស៊ីពេលរហូតដល់ ៩០ ថ្ងៃ។ តែក្រសួងសាសនា និង​ធម្មកាគ្មានអំណាចក្នុងការដាក់ទណ្ឌកម្មលើក្រុមសាសនាដែលមិនបានចុះបញ្ជីទេ ហើយក៏គ្មានបទពិន័យចំពោះការខក​ខានមិនបានចុះបញ្ជីដែរ។ ក្រុមសាសនាដែលបានចុះបញ្ជីហើយ ទទួលបានការលើកលែងពន្ធពីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ច្បាប់ហាមប្រាមជាផ្លូវការមិនអោយក្រុមមិនមែនជាពុទ្ធសាសនិកដើរបញ្ចុះបញ្ចូលអោយគេចូលសាសនារបស់ខ្លួន ហើយចែងថា ខ្លឹមសារអត្ថបទមិនមែនជារបស់ពុទ្ធសាសនិកអាចចែកចាយបានតែនៅក្នុងកន្លែង​សាសនារបស់គេតែប៉ុណ្ណោះ ។ ច្បាប់ក៏​ហាមផងដែរលើការផ្តល់លុយ ឬសំភារៈដើម្បីបញ្ចុះបញ្ចូលអោយ​គេចូលសាសនារបស់ខ្លួន។

​​​​​​ច្បាប់តំរូវអោយមានការចុះបញ្ចីដាច់ដោយឡែកពីគ្នាផងដែររ នូវកន្លែងគោរពបូជា និងសាលាសាសនា។ កន្លែងគោរពបូជា និងសាលាសាសនាអាចត្រូវបានបិទបណ្តោះអាសន្ន រហូតដល់កន្លែងទាំងនោះត្រូវបានចុះបញ្ជីការ​ហើយ តែក្រសួងធម្មការ​ និងសាសនានិយាយថា ខ្លួនមិនបានចាត់វិធានការនេះទេ។ ច្បាប់​ធ្វើការញែកដាច់ពីគ្នារវាង “កន្លែងធ្វើសក្ការៈបូជា” និង “កន្លែងសូត្រធម៌”។ ការបង្កើត​កន្លែងបូជា​ទាមទារ​អោយស្ថាបនិក​គឺជាម្ចាស់កម្ម​សិទ្ធិ​លើ​អាគារ និងដីអាគារនោះ។ កន្លែងនោះត្រូវដាក់មនុស្សបាន​យ៉ាងតិច ២០០ នាក់ ហើយពាក្យសុំការអនុញ្ញាត​ត្រូវ​មាន​ការគាំទ្ររបស់អ្នកជឿនិងគាំទ្រចំនួនយ៉ាងតិច ១០០ នាក់។ ការិយាល័យសំរាប់សូត្រធម៌អាចស្ថិត​នៅក្នុងទីតាំង​ជួល ឬនៅលើដីជួល ហើយមិនចាំបាច់​ទាល់តែដាក់មនុស្សបាន​ប៉ុន្មាននោះទេ ។​ចំណែកពាក្យសុំការអនុញ្ញាតលើកន្លែង​សូត្រធម៌​ត្រូវមានអ្នកគាំទ្រចំនួន​២៥ នាក់យ៉ាងតិច។​ កន្លែង​គោរព​បូជា​ត្រូវស្ថិត​នៅឆ្ងាយ​ពីគ្នាយ៉ាង​តិច ២ គម ហើយ​មិនអាច​ប្រើ​ប្រាស់​​ដើម្បីបំរើ​បំណងផ្នែក​នយោ​បាយ ទទួល​ឧក្រិដ្ឋ​ជនអោយ​ស្នាក់​នៅ​ ឬជន​គេច​ខ្លួនពីច្បាប់​ឡើយ ។ ការកំណត់​ចំងាយពីគ្នានេះ​​គឺសំរាប់តែការ​កសាង​កន្លែង​គោរព​បូជា​ថ្មីៗតែ​ប៉ុណ្ណោះ ហើយមិន​ទាក់ទង​នឹងការិយា​ល័យ​របស់​អង្គការ​សាសនា ឬកន្លែងសូត្រធម៌​ទេ ។

សាលា​សាសនាត្រូវតែមានការចុះបញ្ជីការជាមួយក្រសួង​ធម្ម​ការ​និងសាសនា ហើយនិងក្រសួងអប់រំ។ សាលាសាសនាត្រូវបានណែនាំអោយធ្វើតាមកម្មវិធីសិក្សាស្នូលរបស់ក្រសួងអប់រំ ដែលមិនបញ្ចូលផ្នែកស្តីពីសាសនា​ទេ តែសាលាអាចបន្ថែមមេរៀនដែលមានកម្មវិធីសិក្សាសាសនា បន្ថែមលើកម្មវិធីសិក្សាស្នូល​របស់ក្រសួងអប់រំ។ រដ្ឋាភិបាលជំរុញការបង្រៀនសាសនាព្រះពុទ្ធ នៅតាមសាលារដ្ឋ ដោយសំរបសំរួលជាមួយក្រសួងអប់រំ តែសិស្សដែល​មិន​កាន់សាសនាព្រះពុទ្ធមិនត្រូវបានបង្ខំអោយរៀនទេ។ ច្បាប់មិនកំណត់អោយបង្រៀនសាសនាមិនមែនព្រះពុទ្ធទេ​ហើយគ្មានសាសនាដទៃត្រូវបានបង្រៀន​នៅក្នុងសាលារដ្ឋទេ។ ការបង្រៀនសាសនាដទៃដែលមិនមែនជាពុទ្ធសាស​នា អាច​ បង្រៀនបាន​នៅតាមសាលាឯកជន។

ប្រទេសកម្ពុជាបានចូលរួមជាភាគីមួយ​នៅក្នុងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។

​​​​ការប្រតិបត្តិរបស់រដ្ឋាភិបាល ​​​​

នៅខែសីហា អ្នករាយការណ៍​ពិសេសនៃអង្គការសហប្រជាជាតិ​ស្តីពីស្ថាន​ភាពសិទ្ធិមនុស្ស​ នៅកម្ពុជា គឺលោកស្រី Rhona Smith បានចេញសេចក្តីថ្លែងមួយបន្ទាប់ពី បន្ទាប់ពីបេសកកម្មរយៈពេល ២ សប្តាហ៍​របស់លោកស្រីមកកាន់ប្រទេសកម្ពុជា ដោយបញ្ជាក់ថា អង្គការ UNHCR បានសំរេចថា អ្នកស្រុកម៉ុងតាញ៉ាវៀតណាមដែលកាន់សាសនាគ្រឹះ ចំនួន ៣៦ នាក់ ដែលបានរត់គេចខ្លួនមកកម្ពុជា មានហេតុផលគ្រប់គ្រាន់​ក្នុងការសុំសិទ្ធិជ្រកកោន។ តែ រដ្ឋាភិបាលកម្ពុជាមិនបានយល់ព្រមអោយពួកគេតាំងទីលំនៅ នៅកម្ពុជា ឬក៏សំរួលអោយពួកគេទៅរស់នៅក្នុងប្រទេសទី ៣ ឡើយ។ នៅខែតុលា រដ្ឋាភិបាលបានកំណត់ថា ពួកគេចំនួន ៧ នាក់មានហេតុផលត្រឹមត្រូវក្នុងការអះអាងជាជនភៀសខ្លួន ហើយបានធ្វើសហប្រតិបត្តិការក្នុងការបញ្ជូនពួកគេទៅប្រទេសទី ៣។ រដ្ឋាភិបាលនិយាយថា ២៩ នាក់ទៀតគ្មានហេតុផលគ្រប់គ្រាន់សំរាប់សុំសិទ្ធិជ្រកកោនទេ ហើយបានប្រកាសចាប់បញ្ជូនពួកគេទៅប្រទេសវៀតណាមវិញ ថ្វីបើ​អង្គការ UNHCR ព្រមជួយពួកគេក្នុងការទៅតាំងទីលំនៅជាថ្មីក្តី។ រដ្ឋាភិបាលបានទាត់ចោលនូវសេចក្តីថ្លែងរបស់អ្នករាយការណ៍​ពិសេស ហើយបានថ្កោលទោសលោកស្រី ចំពោះអ្វីដែលខ្លួនហៅថា ជាការជ្រៀតជ្រែកចូលក្នុងកិច្ចការ​ផ្ទៃក្នុងរបស់ខ្លួន។

នៅខែកញ្ញា នៅពេលថ្លែងទៅកាន់កម្មករកាត់ដេរ នៅខេត្តកំពង់ចាម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានសុំ​អោយថៅកែអនុញ្ញាតអោយអ្នកកាន់សាសនាឥស្លាមពាក្យកន្សែងរុំក្បាល និងស្លៀកពាក់តាមប្រពៃណីរបស់គេ នៅកន្លែងធ្វើការ។ នៅក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាន លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មី​ នូវសិទ្ធិរបស់អ្នកកាន់សាសនា​ឥស្លាម ក្នុងការគ្របក្បាលតាមសាសនារបស់គេ នៅក្នុងសាលា និងនៅក្នុងការថតរូប សំរាប់ប្រើប្រាស់ផ្លូវការ។ លោក​ថែមទាំងបានសន្យាជួយដល់គ្រូឥស្លាម នៅទូទាំងប្រទេស ហើយបានសសើររដ្ឋាភិបាល ចំពោះការសំរួលដល់ការធ្វើសមាហរណកម្មពួកគេទៅក្នុងប្រព័ន្ធអប់រំសាធារណៈ។

រដ្ឋាភិបាលបានបន្តអោយមានថ្ងៃឈប់សំរាកបុណ្យ​តាម​ប្រពៃណីព្រះពុទ្ធសាសនា ផ្តល់ការបង្រៀនតាម​សាសនាព្រះពុទ្ធ​ដល់សង្ឃ និងអ្នកឯទៀត នៅតាមវត្ត ហើយជួយជាថវិកាដល់វិទ្យាស្ថានដែលធ្វើការស្រាវជ្រាវ និង​បោះពុម្ពឯកសារ​ស្តីពីវប្បធម៌ខ្មែរ និងប្រពៃណីតាមព្រះពុទ្ធសាសនា។

តុលាការកាត់ក្តីខ្មែរក្រហមបន្តស្តាប់សក្ខីកម្មទាក់ទងនឹងការចោទប្រកាន់​នៃការសំលាប់រង្គាលលើក្រុម​ជនជាតិ និងទាក់ទងនឹងសាសនា ប្រឆាំងនឹងចាម នៅក្នុងសម័យខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ​១៩៧៩។

នៅក្នុងពិធីបុណ្យរ៉ាម៉ាដាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានរៀបចំទទួលអាហារស្រាយបួស Iftar ជូន​សមាជិកនៃសហគមន៍​ឥស្លាមចំនួន ៤៧០០ នាក់។ នៅក្នុងសុន្ទរកថារបស់លោក លោកនាយករដ្ឋមន្រ្តីបានប្រាប់ទៅភ្ញៀវថា គ្មានមូលដ្ឋាន​សំរាប់ការរើសអើងផ្នែកនយោបាយនៅក្នុងប្រទេសទេ ហើយបានអំពាវនាវអោយពុទ្ធសាសនិកមានការអត់ឱន ហើយរាប់រកសហគមន៍​អ្នកកាន់សាសនាគ្រឹះ និងសហគមន៍​អ្នកកាន់សាសនាឥស្លាម។

ផ្នែកទី ៣. ស្ថានភាពនៃការគោរពរបស់សង្គមចំពោះសេរីភាពសាសនា

អ្នកភូមិបានសំលាប់ព្នងមួយចំនួន ដែលគេសង្ស័យថា ដាក់អំពើ ដោយសារជំនឿ​របស់គេ។ នៅខែកក្កដា បុរសអាយុ ២៩ ឆ្នាំ​ម្នាក់ត្រូវបានគេបាញ់នៅត្រង់ក្បាល នៅខេត្តមណ្ឌលគីរី ហើយនៅខែវិច្ឆិកា បុរសអាយុ ៦២ ឆ្នាំ​ម្នាក់ត្រូវបានគេកាត់ក្បាល​ដោយអ្នកភូមិ នៅខេត្តកំពត។​ អ្នកទាំងពីរត្រូវបានគេចោទថា ចេះធ្វើធ្មប់។

អ្នករស់នៅក្នុងសហគមន៍​ចាមកាន់សាសនាឥស្លាមខ្លះបាននិយាយថា​ គេជួបឧបសគ្គនៅក្នុងការមាន​សមាហ ​រណកម្មពេញលេញ​ទៅក្នុងសង្គម។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍​ថា មានអ្នកខ្លះ​នៅក្នុងសហគមន៍ពុទ្ធសាសនិកដែលជាក្រុមភាគច្រើន នៅតែមានការសង្ស័យទៅលើចាម និងក្រុមភាគតិចដទៃទៀត ថាចេះអាបធ្មប់។ នៅក្នុងករណីខ្លះ អ្នកដែលត្រូវបានគេសង្ស័យថា ចេះធ្វើអំពើ ត្រូវបាន​សំលាប់ដោយអ្នកភូមិ ឬសមាជិកគ្រួសាររបស់គេ ផ្ទាល់។

ផ្នែកទី ៤. គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក

មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកបាន​ពិភាក្សាពី​បញ្ហា​សេរីភាព​សាសនាជាមួយក្រសួងសាសនា និងធម្មការ និងមន្រ្តីដទៃទៀត​នៃរដ្ឋាភិបាល។ មន្រ្តីក្រសួងបាន​និយាយអំពីផែនការផ្តួចផ្តើមរបស់គេ ក្នុងការធ្វើពង្រាងច្បាប់ថ្មី​ស្តីពីសេរីភាព​សាសនា។ ស្ថានទូតបានស្ម័គ្រចិត្តពិនិត្យលើពង្រាងច្បាប់​នោះ នៅពេលសមស្រប។ មន្រ្តីស្ថានទូតរដ្ឋ​អាមេរិកក៏​បាន​​ពិភាក្សាផងដែរពីបញ្ហា​នៃការចាប់បញ្ជូន​ខ្លួន​ទៅប្រទេសដើមវិញ និងការស្នាក់នៅរបស់ក្រុមម៉ុតាញ៉ាដែលកាន់សាសនាគ្រឹះ ជាមួយមន្រ្តីរដ្ឋាភិបាល និងសមាជិក​នៃ​អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ។

ស្ថានទូត​​អាមេរិក​បាន​បញ្ជាក់ពីសារៈសំខាន់នៃការទទួលយកភាពចំរុះ​​នៃសាសនា ​ក្នុងជំនួបជាមួយមេដឹក​នាំសាសនា​ព្រះពុទ្ធ សាសនា​គ្រឹះ និងសាសនាឥស្លាម ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអត់ឱនរវាងអ្នកកាន់សាសនាផ្សេងៗ នៅក្នុង​សង្គមប្រជាធិបតេយ្យ។ កម្មវិធីរបស់ស្ថានទូតបានផ្តោតលើក្រុមសាសនា ហើយបានជំរុញ​ ពហុភាព​សាសនា តាមរយៈកម្មវិធីផ្លាស់ប្តូរ និងកម្មវិធីយុវជន។

កម្មវិធីមួយចំនួន​របស់ស្ថានទូត​មានបំណងជួយអភិរក្សបេតិកភណ្ឌរបស់ចាម ដូចជាបេតិកភណ្ឌសាសនា តាមរយៈការបង្រៀន​ក្នុងការអាន និង​សរសេរជាភាសាកំណើតរបស់ចាម ហើយរួមមានការអភិរក្ស និងការសិក្សាពីវត្ថុបូរាណផ្នែកសាសនាពីអាណាចក្រ​បូរាណចំប៉ា។ កម្មវិធីមួយទៀត​មានការអញ្ជើញវាគ្មិនមកនិយាយ និងចូលរួមពិភាក្សា ដែលក្នុងនោះ មេដឹកនាំសាសនាឥស្លាមមកពីជុំវិញពិភពលោក​​ធ្វើការប្រាស្រ័យជាមួយសហគមន៍​ចាម ដើម្បីផ្តល់អោយជនជាតិចាមនូវការយល់ដឹងស៊ីជំរៅទៅលើតួនាទីស្ថាបនា​​របស់អ្នកកាន់សាសនាឥស្លាមដទៃទៀត នៅក្នុងកំលាំងពលកម្ម និងសហគមន៍​របស់គេ។

កម្មវិធីដទៃទៀតរបស់ស្ថានទូតបានផ្តោតលើកិច្ចសហប្រតិបត្តិការគ្នារវាងអ្នកកាន់សាសនាផ្សេងៗ ភាពជាអ្នកដឹកនាំក្នុងសហគមន៍ និងដំណោះស្រាយលើការវិវាទ។ បានអញ្ជើញ​អ្នកកាន់សាសនាឥស្លាម អោយចូលរួមក្នុងសិក្ខាសាលាដែលមានការចូលរួមនៃវាគ្មិនជាភ្ញៀវមកពីទូ​ទាំង​តំបន់អាស៊ីអាគ្នេយ៍។ សិក្ខាសាលាផ្តោតលើកិច្ចសហប្រតិបត្តិការរវាងអ្នកកាន់សាសនាផ្សេងៗ ភាពជាអ្នកដឹកនាំសហគមន៍ និងដំណោះស្រាយ​លើវិវាទ។ មន្រ្តីទូតបានមកធ្វើទស្សនកិច្ចជាច្រើនលើកនៅក្នុងប្រទេស ដើម្បីជួប​ជាមួយក្រុម​មនុស្សក្នុង​សហគមន៍ ដោយនៅពេលនោះ ជំរុញការអត់ឱនផ្នែកសាសនា បង្ហាញការគោរពចំពោះវប្បធម៌ចាម បន្ថយភាព​ឯក​កោរបស់ចាម ហើយជួយក្រុមចាម​ក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងវប្បធម៌ទូទៅ​របស់ខ្មែរ។ លោកឯកអគ្គរដ្ឋទូតថែមទាំងបានរៀបចំអាហារស្រាយបួស(Iftar) ទទួលចាម និងអ្នកកាន់សាសនាឥស្លាម នៅបុណ្យរ៉ាម៉ាដាន។ សំរាប់អាហារស្រាយបួសនេះ យើងបានអញ្ជើញសមាជិក​នៃគណបក្សដឹកនាំប្រទេស និងគណបក្សប្រឆាំង ក្រុមយុវជន សង្គមស៊ីវិល ហើយបើកអោយមានការ​ពិភាក្សាគ្នាដោយចំហ អំពីសារៈសំខាន់​នៃការទទួលយក និងការអត់ឱនផ្នែកសាសនា។