ការផ្តល់អំណាចសហគមន៍៖ កម្លាំងផ្លាស់ប្ដូរក្នុងការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជា

ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣

  • ផាទ្រីស្យា អ៊ុងពីន នាយិកាប្រចាំប្រទេស នៃកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី
  • ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា

ថ្ងៃ ១ ធ្នូ គឺ​ជា​ខួប​លើក​ទី​ ៣៥​ នៃ​ទិវា​ពិភពលោកប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ដែល​ជា​ឱកាស​មួយ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍន​ភាព​គួរឱ្យ​កត់​សម្គាល់​​​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ឆ្លើយ​តប​​នឹង​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​ ជា​ពិសេស​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​ ហើយ​និង​ទទួល​ស្គាល់​ការងារ​ដែល​នៅ​សេស​សល់​ដើម្បី​បញ្ចប់​ជំងឺ​នេះ​ដែល​ជា​ការ​គំរាម​កំហែង​ដល់​សុខ​ភាព​សាធារណៈ​។ យើង​ក៏​ចង​ចាំ​ និងកោត​សរសើរ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​វីរ​ភាព​របស់​អ្នក​ដែល​នៅ​ជួរ​មុខ​នៃ​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​​ ជា​ពិសេស​​ តួ​នាទី​ប្រកប​ដោយ​ការ​ផ្លាស់​ប្តូរ​ ដែល​​អង្គការ​​ដឹក​នាំ​ដោយ​សហគមន៍​ ដើរតួនា​ទី ។

ក្រុម​ការងារ​​​​សហគមន៍​ត្រូវ​បាន​ដឹក​នាំ​ដោយ​ប្រជា​ជន​​យ៉ាង​​ពិត​ប្រាកដ​។ ជួប​ជា​មួយ​អ្នក​​ស្រី​ វន វី ​ជា​​ស្ត្រី​ខ្មែរមាន​ភាព​អំនត់​ម្នាក់​ ​ដែល​មាន​ក្តី​សុបិន​ចង់​ក្លាយ​​​ជា​គ្រូ​បង្រៀន​ ហើយ​​បាន​ពង្រីក​តួនាទីរបស់​ខ្លួន​ក្លាយ​​ជា​អ្នក​ដឹក​នាំ​ក្នុង​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែងប្រឆាំង​នឹង​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​ក្នុង​ប្រទេស។

ដោយ​មាន​ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ពី​អង្គការ​សុខ​ភាពក្នុង​ស្រុក​ ​ដែល​ចុះ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ការងារ​របស់​ខ្លួន​ អ្នក​ស្រី ​វី ​ក៏​មាន​បំណង​ចូល​រួម​ក្នុង​សកម្មភាព​ផ្សព្វ​ផ្សាយ ដោយ​អាច​ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​គាត់​ក្នុង​ការ​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ ដើម្បី​ជួយ​អប់រំ​ដល់​ស្ត្រីបម្រើការតាមគ្រឹះស្ថាន ​កម្សាន្ត​ដទៃ​ទៀត​អំពី​ការ​បង្ការ​​មេរោគ​អេដស៍​។ បើ​ទោះ​បី​ជា​ជីវភាព​​ក្រី​ក្រ និង​មាន​បញ្ហា​ផ្នែក​សុខភាពក៏​ដោយ​​ ក៏​អ្នក​ស្រី​បាន​តស៊ូ​រហូត​ក្លាយ​ជា​អ្នក​ដឹក​នាំ​ក្នុង​វេទិការួមគ្នារបស់​បណ្តាញ​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ និង​ប្រជាជន​ងាយ​រង​គ្រោះ​ដោយ​មេរោគ​អេដស៍​ (DFoNPAM) ក្នុង​ខេត្ត​បាត់ដំបង។ វេទិកា​នេះ​ភ្ជាប់​បុគ្គល​ដែល​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ និង​​ប្រជាជន​ងាយ​រង​គ្រោះ​ដោយ​មេរោគ​អេដស៍ មាន​ដូចជា ស្ត្រីបម្រើការតាមគ្រឹះស្ថាន​កម្សាន្ត បុរស​​រួម​ភេទ​ជាមួយ​បុរស​ និង​ស្ត្រី​បំប្លែង​ភេទ​​ ដែល​ពួក​គេ​ទាំង​នេះ​តែង​តែ​ប្រឈម​​នឹង​ការ​រើស​អើង​ និង​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ការ​ថែ​ទាំ​សុខ​ភាព​។​

តួ​នាទី​របស់​អ្នក​ស្រី ​វី​ មាន​វិសាល​ភាព​ធំ​ ហើយ​បច្ចុប្បន្ន​​​អ្នក​ស្រី​​ក៏​បង្កើត​បរិយាកាស​​សុវត្ថិភាពមួយ​​ ដែលអាចឱ្យ​​ប្រជា​ជន​ក្នុង​សហគមន៍​​អាច​​ពិភាក្សា​​ដោយ​​បើក​​ចំហ​​អំពី​​ជីវិត​​ កង្វល់​ និង​​សុខភាព​​របស់​​ពួក​​គេ​​ដោយ​​គ្មាន​​ការ​​ភ័យ​​ខ្លាច​​។ អ្នក​ស្រី​ក៏​ធ្វើ​ការ​អប់រំ​ប្រជា​ជន​ក្នុង​សហគមន៍​អំពី​ការ​ធ្វើ​តេស្ត​មេរោគ​អេដស៍​ ការបង្ការ​ និង​ការ​ព្យាបាល​ ខណៈដែលអ្នក​ស្រី​ជួយ​ដល់​ការ​លុប​បំបាត់​ភាពភ័យ​ខ្លាច​ និង​ការ​មាក់​ងាយ​ខ្លួន​ឯង​ ដោយ​ធ្វើ​ការ​តស៊ូ​មតិ​សម្រាប់​ការ​ថែ​ទាំ​សុខភាព​ និងការគាំ​ពារសង្គមឱ្យ​​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​សហគមន៍​ជន​បទ​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ប្រជា​ជន​ជិត ៧៦.០០០ នាក់​ កំពុង​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ ហើយ​ប្រជាជន​ដែល​ប្រឈមមុខ​​នឹងការ​ឆ្លង​មេរោគ​អេដស៍​ ប្រឈម​នឹង​ការ​ភ័ណ្ឌ​ច្រឡំ​​ ការ​មាក់​ងាយ​ និង​ការ​រើស​អើង​​ ដែល​ធ្វើ​ឱ្យ​​ពួក​គេ​មិន​សូវ​ទទួល​បាន​ព័ត៌មាន​អំពី​របៀប​បង្ការ​មេរោគ​អេដស៍​/ជំងឺ​អេដស៍​ ឬ​ក៏​ស្វែង​រក​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ ជា​ហេតុ​នាំ​ឱ្យ​​មាន​ការ​ពន្យារ​ពេល​ក្នុង​​ការ​ចាប់​ផ្តើម​ការ​ព្យាបាល​សង្គ្រោះ​ជីវិត​។ ការ​តស៊ូ​មតិ​របស់​អ្នក​ស្រី ​ វី​ មាន​ឥទ្ធិ​ពល​លើ​ចំណុចសំខាន់នៃបញ្ហាទាំងនេះ ដោយ​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​សម្រាប់​ការ​គាំ​ទ្រ​ ជា​ពិសេស​សម្រាប់​ប្រជាជនគន្លឹះ​។

ប្រទេស​កម្ពុជា​មាន​វឌ្ឍន​ភាព​ច្រើន​ក្នុង​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​ ដោយ​សារ​គំនិត​ផ្តួច​ផ្តើម​ដែល​ដឹក​នាំ​ដោ​យ​សហគមន៍​ ដូច​ជាករណី​អ្នក​ស្រី​ វី  និងដោយមាន​ការ​ជម្រុញ​គាំ​ទ្រ​ពី​រាជ​រដ្ឋា​ភិបាល​ក​ម្ពុជា​ និង​ដៃ​គូ​នានា​ ដូច​ជា​ UNAIDS មូល​និធិ​សកល​ (the Global Fund) និង​ផែន​ការ​សង្គ្រោះ​បន្ទាន់​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​សម្រាប់ការ​ឆ្លើយ​តប​នឹងជំងឺអេដស៍ (PEPFAR) ។ សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ ដូចជា DFoNPAM បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការពិភាក្សា​ហេតុ​ផល​លើ​ច្បាប់ដែលដាក់​ទោសទណ្ឌ លុប​បំបាត់​ការមាក់ងាយ និង​ការ​តស៊ូ​មតិ​សម្រាប់​គោល​នយោបាយ​ និង​សេវាកម្ម​ដែល​ធ្វើឱ្យ​​​លទ្ធភាព​ទទួល​បាន​សេវា​មេរោគ​អេដស៍ប្រសើរ​ឡើង ខណៈ​ដែល​លើក​កម្ពស់​សិទ្ធិ​មនុស្ស​។

កិច្ចខិត​ខំ​ប្រឹង​ប្រែង​កៀរ​គរ​សហគមន៍​ បាន​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ការ​បង្ការ​មេរោគ​អេដស៍​ និង​កៀរ​គរប្រជា​ជន​ជា​ច្រើននាក់​ដើម្បី​ធ្វើតេស្ត និងព្យាបាលមេរោគ​អេដស៍។ ការ​កើន​ឡើង​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ដោយ​ខ្លួន​ឯង​ – ការ​ធ្វើ​តេស្ត​ចំនួន​ ៦.៥៩៨ ដែល​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​បី​ខែ​កន្លង​មក​នេះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ ១.២៤១ ក្នុង​ត្រី​មាស​ចុង​ក្រោយ​នៃ​ឆ្នាំ​ ២០២២ – ឆ្លុះ​បញ្ចាំង​ពី​ការ​ចូល​រួម​ដ៏​រឹង​មាំ​ពី​មិត្តភក្តិ និង​សហគមន៍។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩ ការអប់រំ​ផ្សព្វ​ផ្សាយ​​សហគមន៍​​បាន​ជួយ​ដល់​បុគ្គល​ជាង​ ១៣.០០០ នាក់​ ដែល​ជា​ប្រជាជនគន្លឹះ ចាប់​ផ្តើម​ប្រើ​ប្រាស់ឱសថ​​បង្ការ​ការ​ឆ្លង​មេរោគអេដស៍មុនពេលប្រព្រឹត្តប្រឈម (PrEP) ដែល​ជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​។​

ទោះ​បី​ជា​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​ ការ​បញ្ចប់​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​ ដែល​ជា​ការ​គំរាម​កំហែង​ដល់​សុខ​ភាព​សាធារណៈ​នៅ​កម្ពុជា​ ទាម​ទារ​ការ​ប្តេជ្ញា​ចិត្ត​ប្រកប​ដោយ​ចីរភាព​។ ខណៈ​ដែល​ ​ប្រមាណ​ ៨៦ ភាគ​រយ​ ​នៃអ្នករស់​នៅ​ជាមួយ​មេរោគ​អេដស៍ក្នុងប្រទេសកម្ពុជា​ដឹង​ពី​ស្ថាន​ភាព​របស់​ពួក​គេ​ និង​អាច​ទទួល​បាន​ការ​ព្យាបាល​ ក៏​ប៉ុន្តែនៅ​មាន​អ្នករស់នៅជាមួយមេរោគអេដស៍​ជា​ច្រើន​នាក់​ទៀត​មិនទាន់​​ដឹង​ស្ថាន​ភាពរបស់​ខ្លួន​។ ការបន្ត​​ភ័ណ្ឌ​ច្រឡំ បទដ្ឋាន​សង្គម​ ដែល​ដាក់​ទោស​ទណ្ឌ​ និង​វិសម​ភាព​យេន​ឌ័រ​ ជំរុញ​ឱ្យ​មាន​ការ​មាក់​ងាយ​ និង​ការ​រើស​អើង​ និង​បង្ក​​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​។ ការ​បញ្ចប់​បញ្ហា​​នេះ​ តម្រូវ​ឱ្យ​មាន​ការបន្ថែម​ការ​ឆ្លើយ​តប​ថ្នាក់​ជាតិ​នៅ​គ្រប់​កម្រិត​​ ដើម្បី​ជួប និងផ្តល់សេវា​​បញ្ជៀប​ព័ត៌​មាន​ពី​ការ​បង្ការ​មេរោគ​អេដស៍​ និង​ផ្ដល់​សេវា​ដែល​សមស្រប​  និង​ថ្លៃ​ថ្នូរ​ ដល់​ប្រជា​ជន​ងាយ​រង​គ្រោះ​នឹង​ការ​ឆ្លង​មេរោគ​អេដស៍។​

ថ្ងៃ​នេះ​ ក្នុង​ទិវាពិភព​លោក​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ សូម​យើង​ចង​ចាំ​សាច់​រឿង​របស់​អ្នក​ស្រី​ វី ក៏​ដូច​ជា​ក្រុម​ការងារ​ដឹក​នាំ​សហគមន៍​ដ៏​អង់​អាច​ដទៃ​ទៀត​។​ ហើយ​ក៏​កុំ​បំភ្លេច​ក្រុម​ប្រជា​ជន​គន្លឹះ​ ដែល​យើង​ត្រូវ​ជួប​ និងផ្តល់សេវា។ អាជ្ញា​ធរ​រដ្ឋា​ភិបាល​ ដៃ​គូ​អភិវឌ្ឍ​ និង​អង្គ​ការ​សង្គម​ស៊ី​វិល​ ត្រូវ​បន្ត​ផ្ដល់​អំណាច និង​គាំ​ទ្រ​ដល់​ភាព​ជា​អ្នក​ដឹក​នាំ​របស់​សហគមន៍​ ក្នុង​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​ថ្នាក់​ជាតិ​។​ កម្ពុជា​សម្រេច​បាន​យ៉ាង​ច្រើន​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជាប្រវត្តិសាស្ត្រជាតិ​ ហើយ​ឥឡូវ​នេះ​ កម្ពុជា​ក៏​មាន​សក្តានុពល​ក្នុង​ការ​ក្លាយ​ជា​អ្នក​ដឹក​នាំ​នៅ​អាស៊ី​ និង​ជុំ​វិញ​ពិភព​លោក​ តាម​រយៈ​នវានុវត្តន៍​លើ​ការ​គាំ​ទ្រ​ការ​ឆ្លើយ​តប​ ដែល​ដឹក​នាំ​ដោយ​សហគមន៍​។ ក្នុង​នាម​ជា​ដៃ​គូ​ដ៏​យូរ​អង្វែង​ ដែល​ផ្ដោត​សំខាន់​លើ​ប្រជាជន​កម្ពុជា​ យើង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​សាកល និង​​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ ដើម្បី​បញ្ចប់​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​៕