សេចក្តីថ្លែងការណ៍រួមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ចំណុចទី ២ ការពិភាក្សាទូទៅ
កិច្ចប្រជុំលើកទី ៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
ទីក្រុងហ្សឺណែវ ថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៨

សូមគោរពលោកប្រធាន

ប្រទេសណូវែលសេឡង់ធ្វើសេចក្តីប្រកាសនេះ តាងនាមអោយក្រុមប្រទេសចំនួន ៤៥។ សំណៅទាំងមូលនៃសេចក្តីប្រកាសនេះ និងបញ្ជីនៃប្រតិភូដែលផ្តល់ការគាំទ្រនឹងត្រូវបានផ្សព្វផ្សាយតាម Extranet ។

សហគមន៍អន្តរជាតិបានផ្តល់ការគាំទ្រដ៏ខ្លាំងដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅក្នុងរយៈពេល ២៥ ឆ្នាំ ចាប់តាំងពីរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាចែងពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងទសវត្សក្រោយមក យើងបានអបអរសាទរនឹងដំណើរជឿនលឿនរបស់ប្រទេសកម្ពុជា ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ ១៩៩១។ សូចនាករល្អៗមានដូចជាការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំ ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យ។

ក្នុងពេលដែលយើងកំពុងខិតទៅជិតដល់ការបោះឆ្នោត ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំនេះ សុទិដ្ឋិនិយមកន្លងមករបស់យើងបានប្រែក្លាយជាកង្វល់ដ៏ជ្រាលជ្រៅ លើការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ក្នុងពេលថ្មីៗនេះ នៃសិទ្ធិនយោបាយ និងសិទ្ធិរបស់ពលរដ្ឋ។ ជំហានដើរថយក្រោយទាំងនេះរួមមានសញ្ញានៃការគាបសង្កត់កាន់តែខ្លាំងឡើងទៅលើគណបក្សនយោបាយប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ យើងមានកង្វល់ដូចដែលត្រូវបានលើកឡើងដោយស្នងការជាន់ខ្ពស់ និងអ្នករាយការណ៍ពិសេស ស្តីពីសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលនឹងបំផ្លាញដល់ការរៀបចំការបោះឆ្នោតមួយដែលមានភាពសេរី ត្រឹមត្រូវ និងគួរអោយទុកចិត្តបាន នៅខែកក្កដា។ បើ រដ្ឋាភិបាលកម្ពុជាចង់រក្សាភាពស្របច្បាប់របស់ខ្លួន នោះការបោះឆ្នោតត្រូវតែមានភាពសេរី ត្រឹមត្រូវ និងគួរអោយទុកចិត្តបាន។

សន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលត្រូវបានធ្វើសច្ចានុម័តដោយប្រទេសកម្ពុជានិងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាធានា ហើយសេចក្តីប្រកាសរបស់អាស៊ានស្តីពីសិទិ្ធមនុស្សបានបញ្ជាក់ពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការចងក្រងគ្នាជាសមាគម និងសេរីភាពរបស់ពលរដ្ឋក្នុងការចូលរួមក្នុងរដ្ឋាភិបាល តាមរយៈការបោះឆ្នោត ដែលមានភាពសេរី ត្រឹមត្រូវ និងគួរអោយទុកចិត្តបាន ហើយត្រូវបានធ្វើតាមកាលកំណត់ និងមានតំលាភាព។ តែនៅក្នុងពេលប៉ុន្មានខែនេះ យើងបានកត់សំគាល់ឃើញដោយក្តីកង្វល់ថា៖

  • មានការបង្ក្រាបច្រើនលើផ្នែកសារព័ត៌មាន និងសង្គមស៊ីវិល នៅទូទាំងប្រទេស ដូចជាការបិទ ឬផ្អាកអង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនផ្នែកសារព័ត៌មានមួយចំនួន។
  • មេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា កឹម សុខាត្រូវបានចាប់ខ្លួន នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ ហើយតាំងពីពេលនោះមក ត្រូវបានគេដកសិទ្ធិ ដូចជាសិទ្ធិក្នុងការជួបមេធាវីរបស់ខ្លួន សិទ្ធិក្នុងការការពារខ្លួនតាមរយៈជំនួយផ្លូវច្បាប់ តាមការជ្រើសរើសរបស់ខ្លួន។
  • ការដែលតុលាការបន្តមិនដោះលែងលោក កឹម សុខាអោយនៅក្រៅឃុំ នៅក្នុងអំឡុងពេលនៃសវនាការ គឺជាកង្វល់មួយ ពិសេសក្នុងពេលដែលសុខភាពរបស់គាត់កាន់តែធ្លាក់ចុះ។
  • គណបក្សសង្រ្គោះជាតិកម្ពុជាត្រូវបានរំលាយដោយតុលាការកំពូល នៅថ្ងៃទី ១៦ ខែវិច្ឆិកា សមាជិកគណបក្សនេះចំនួន ១១៨ នាក់ត្រូវបានហាមមិនអោយធ្វើសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ ហើយកៅអីនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានត្រូវបានបែងចែកទៅអោយសមាជិកដែលមិនបានជាប់ឆ្នោត មកពីគណបក្សគ្រប់គ្រងប្រទេស និងគណបក្សដទៃទៀត។

យើមានកង្វល់ជាពិសេសចំពោះស្ថានភាពរបស់មេដឹកនាំបក្សប្រឆាំង កឹម សុខា ដែលកំពុងជាប់ឃុំ បន្ទាប់ពីការចាប់ខ្លួគាត់តាមអំពើចិត្ត។ តាមសេចក្តីរាយការណ៍មក គាត់កំពុងស្ថិតក្នុងសភាពឯកកោ ដោយមិនសូវទទួលបានការថែទាំសុខភាព រងការតាមលួចមើល និងស្ថានភាពដទៃទៀត ដូចជាការបើកភ្លើងបំភ្លឺរហូត។ យើងសូមអំពាវនាវអោយមានការដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងលោក កឹម សុខាផង។
យើងសូមអំពាវនាវអោយប្រទេសកម្ពុជា៖

  • លុបចោលការរំលោយគណបក្សសង្គ្រោះជាតិកម្ពុជា និងអោយសមាជិកជាប់ឆ្នោតទាំងអស់ចូលកាន់កៅអីរបស់គេនៅថ្នាក់ជាតិ និងថ្នាក់ឃុំឡើងវិញ ហើយ
  • លុបចោលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលកំណត់ហេតុផលមិនសូវច្បាស់លាស់សំរាប់ធ្វើការរំលាយគណបក្សនយោបាយ។

ដំណើរការបោះឆ្នោតមួយដែលគណបក្សប្រឆាំងធំជាងគេដែលប្រកាន់តាមលទ្ធិប្រជាធិបតេយ្យ ត្រូវបានគេផាត់ចេញតាមអំពើចិត្ត មិនអាចត្រូវបានចាត់ទុកថា មានភាពស្របច្បាប់ ត្រឹមត្រូវបានទេ។

យើងសូមអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីកុំអោយហួសពេលទាន់ នៅក្នុងការធានាថា ការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខនេះមានភាពសេរី ត្រឹមត្រូវ និងគួរអោយទុកចិត្តបាន។ ជាពិសេស យើងសូមអោយការបោះឆ្នោតនេះប្រព្រឹត្តទៅនៅក្នុងបរិយាកាមានសសន្តិភាព ដោយគ្មានការគំរាមកំហែង ការចាប់ខ្លួនតាមអំពើចិត្ត ឬគ្មានការគំរាមកំហែង និងសូមអំពាវនាវអោយមានការគោរព ការពារ និងបំពេញតាមកាតព្វកិច្ចសិទ្ធិមនុស្សជាអន្តរជាតិទាំងអស់ ដែលមានសារៈសំខាន់សំរាប់ធានាអោយការបោះឆ្នោតមានជោគជ័យ ដូចជាសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពក្នុងការចងក្រងគ្នាជាក្រុម ជាសមាគម និងប្រមូលផ្តុំគ្នាដោយសន្តិភាព។

លើសពីនេះទៀត យើងសូមអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជាកុំប្រើវិធានការផ្លូវរដ្ឋបាល ផ្លូវហិរញ្ញវត្ថុ និងផ្លូវតុលាការ ធ្វើជាឧបករណ៍នយោបាយប្រឆាំងនឹងគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស ហើយសូមអំពាវនាវអោយកែប្រែឡើងវិញនូវច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីសហជីព ក្រមព្រហ្មទណ្ឌកម្ពុជា និងវិសោធនកម្មថ្មីៗទៅលើរដ្ឋធម្មនុញ្ញ។ បរិយាកាសនយោបាយត្រូវតែជាបរិយាកាសមួយ ដែលនៅក្នុងនោះ គណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយអាចដំណើរការទៅ អាចបំពេញតួនាទីស្របច្បាប់របស់គេ ដោយគ្មានការភ័យខ្លាច ការគំរាមកំហែង ឬការរឹតត្បិតតាមអំពើចិត្តទេ។

យើងមានការលើកទឹកចិត្តដោយទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៤ ខែមិនា។ យើងសូមលើកទឹកចិត្តអោយរដ្ឋាភិបាល កម្ពុជាយកចិត្តទុកដាក់ចំពោះអនុសាសន៍របស់អ្នករាយការណ៍ពិសេស ដែលគាត់បានផ្តល់នៅក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ។ ទាក់ទងនឹងរឿងនេះ យើងសូមអោយប្រទេសកម្ពុជាចាត់វិធានការចាំបាច់ទាំងអស់ ក្នុងការការពារ និងទប់ស្កាត់អំពើគំរាមកំហែង និងការសងសឹកទៅលើអ្នកដែលធ្វើសហប្រតិបត្តិការជាមួយយន្តការសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិ ដូចជាអ្នកការពារសិទិ្ធមនុស្ស និងអ្នកដទៃទៀតដែលមានតួនាទីក្នុងសង្គមស៊ីវិល។ យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រដល់ការអនុវត្តជំនួយដែលនឹងពង្រឹងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា។

យើងសូមអោយសហគមន៍អន្តរជាតិបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពសព្វថ្ងៃ នៅកម្ពុជា ហើយយើងចង់អោយក្រុមប្រឹក្សាសិទ្ធិមនុស្សធ្វើការពិចារណាបន្ថែមទៀត បើសិនជាស្ថានភាពសិទ្ធិមនុស្សនៅមុនពេលបោះឆ្នោតខែកក្កដា គ្មានភាពល្អប្រើប្រសើរទេ។ យើងសូមលើកទឹកចិត្តអោយអគ្គស្នងការសិទ្ធិមនុស្សផ្តល់ព័ត៌មានថ្មីៗស្តីពីស្ថានភាពនៅកម្ពុជា នៅក្នុងកិច្ចប្រជុំផ្តល់ព័ត៌មាន នៅមុនកិច្ចប្រជុំខែមិថុនា របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។

ក្នុងពេលដែលប្រទេសកម្ពុជាកំពុងដើរលើផ្លូវនៃការអភិវឌ្ឍន៍ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាបំពេញតាមការប្តេជ្ញាចិត្ត និងកាតព្វកិច្ចផ្នែកសិទ្ធិមនុស្ស ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សពិតប្រាកដ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សំរាប់ប្រជាជនកម្ពុជាទាំងអស់។

សូមអរគុណលោកប្រធាន។

ប្រទេសគាំទ្រសេចក្តីប្រកាសនេះ ដែលត្រូវបានថ្លែងចេញកាលពីថ្ងៃទី ២១ មិនា ឆ្នាំ ២០១៨

1. Albania
2. Armenia
3. Australia
4. Austria
5. Belgium
6. Bosnia-Herzegovina
7. Bulgaria
8. Canada
9. Croatia
10. Cyprus
11. Czechia
12. Denmark
13. Estonia
14. Finland
15. France
16. Germany
17. Greece
18. Hungary
19. Iceland
20. Ireland
21. Israel
22. Italy
23. Latvia
24. Liechtenstein
25. Lithuania
26. Luxembourg
27. The former Yugoslav Republic of Macedonia
28. Malta
29. Marshall Islands
30. Montenegro
31. New Zealand
32. Netherlands
33. Norway
34. Poland
35. Portugal
36. Romania
37. Slovakia
38. Slovenia
39. Spain
40. Sweden
41. Switzerland
42. Ukraine
43. United Kingdom of Great Britain and Northern Ireland
44. United States of America