គណប្រតិភូអាមេរិកនិងប្រទេសគំរោង LMI ជួបគ្នាក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់តំបន់

គណប្រតិភូមកពីសហរដ្ឋអាមេរិកនិងប្រទេសចូលរួមក្នុងគំរោង LMI ជួបគ្នា ក្នុងកិច្ចប្រជុំនៃក្រុមការងារថ្នាក់តំបន់
ចេញ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦

លោក William A. Heidt ឯកអគ្គរដ្ឋទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំ​​នៅ​​កម្ពុជា នឹង​​ថ្លែង​​សុន្ទរកថា នៅ​​ក្នុង​​ពិធី​​បើក​​កិច្ចប្រជុំ​​ស្តីពី​​គំរោង​​គំនិត​​ផ្តួចផ្តើម​​​នៅ​​តំបន់​​មេគង្គ​​ក្រោម (LMI) និងមិត្ត​​នៅ​​តំបន់​​មេគង្គ​​ក្រោម (FLM)នៃ​​ក្រុម​​ការងារ​​ថ្នាក់​តំបន់ នៅ​ថ្ងៃទី​១៩ ខែ​តុលា នៅ​សណ្ឋាគារ​សុខា ក្នុង​រាជធានី​ភ្នំពេញ​។ ដោយ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​អតីតរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក Hillary Clinton និង​សមាភាគី​របស់​លោកស្រី កាល​ពី​ឆ្នាំ​២០០៩ គំរោង LMI ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម ក្នុង​ការ​កាត់​បន្ថយ​គំលាត​គ្នា​ផ្នែក​​អភិវឌ្ឍន៍ ហើយ​ជំរុញ​សមាហរណកម្ម នៅ​ក្នុង​អាស៊ាន​។ FLM គឺ​ជា​ក្រុម​នៃ​ស្ថាប័ន​ម្ចាស់​ជំនួយ​និង​ប្រទេស​ដែល​មាន​គំនិត​ដូច​​គ្នា ហើយ​មាន​ការ​គិតគូរ​ខ្ពស់​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​អាទិភាព​របស់​គ្នា ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍន៍​។

នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ នៃ​ក្រុម​ការងារ​តំបន់​នៃ FLM  និង LMI សមាជិក​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អនុវត្តភាព​ជា​ដៃគូ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ប្រកប​ដោយ​និរន្តភាព ដែល​ជា​ទំរង់​កម្មវិធី​ផ្តើម​ឡើង​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ស្តីពី​គំរោង LMI នៅ​ខែ​កក្កដា ឆ្នាំ​២០១៦ ហើយ​ដែល​គាំទ្រ​ដោយ FLM ។ ភាព​ជា​ដៃគូ​នេះ​ផ្តោត​ទៅ​លើ​ការ​សំរបសំរួល​ការ​ខិតខំ​ដើម្បី​ជួយ​បណ្តា​រដ្ឋាភិបាល នៅ​ក្នុង​តំបន់​មេគង្គ​ក្រោម ក្នុង​ការ​រៀបចំ និង​គ្រប់គ្រង​គំរោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។ សមាជិក LMI និងFLM នឹង​ពិភាក្សា​ផង​ដែរ​ពី​អាទិភាព​ផ្នែក​នយោបាយ និង​ផ្នែក​កម្មវិធី នៅ​ពេល​ជិត​ដល់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី និង​កិច្ចប្រជុំ​របស់​មន្រ្តី​ជាន់​ខ្ពស់​អាស៊ាន​។

អ្នក​សារព័ត៌មាន​ដែល​ចង់​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ នៅ​ថ្ងៃពុធ ទី​១៩ ពី​ម៉ោង ៨:៣០ ដល់​ម៉ោង ១០:00 ព្រឹក គួរ​ទាក់ទង​មក ChreaV@state.gov នៅ​មុន​ថ្ងៃ​ត្រង់ ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា​។ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​៕