ផ្សាយនៅថ្ងៃទី ២២ ខែមិនា ឆ្នាំ ២០១៧
ភ្នំពេញ៖ លោក Zeb Hogan រំលឹកពីភាពស្ញប់ស្ញែងដែលលោកមានក្នុងចិត្ត ក្នុងនាមជាអ្នកជីវសាស្រ្តផ្នែកជលផល ថ្មីម្នាក់ ពេលលោកមកដល់តំបន់អាស៊ីអាគ្នេយ៍ កាលពីប្រហែល ២០ ឆ្នាំមុន ហើយបានឃើញទន្លេមេគង្គ។ ដោយបានធំដឹងក្តី នៅតំបន់វាលលំហ Arizona ដែលនៅទីនោះ ទន្លេកម្រមានទឹក កុំថាឡើយត្រី ក្នុងនាមជានិស្សិតអាហារូប ករណ៍ Fulbright វ័យក្មេងម្នាក់ លោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលមកឃើញទន្លេដែលផ្តល់ភោគផលច្រើនបំផុតយ៉ាងនេះ នៅក្នុងពិភពលោក។
លោក Hogan បាននិយាយថា “អ្វីៗទាំងអស់មានលក្ខណៈរស់រវើក។ វាដូចជាមើលទៅពិភពលោកតាមកញ្ចក់កែវថ្មីមួយ។ វាមានភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងតំបន់ Arizona”។
កម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំរបស់លោក ទីបំផុតបានចប់ តែលោក Hogan បានវិលមករកទន្លេមេគង្គវិញ ក្នុងពេលមិនយូរ។ រាប់ឆ្នាំក្រោយមក លោកបានចំណាយពេលកាន់តែច្រើន នៅក្នុងតំបន់នេះ ដោយបានជ្រួតជ្រាបពីវប្បធម៌នៃប្រទេសថៃ និងប្រទេសកម្ពុជា។ ប្រទេសទាំងពីរនេះមានទន្លេមេគង្គហូរកាត់។ ដោយបានផ្តោតការស្រាវជ្រាវរបស់លោកទៅលើត្រីដែលធ្វើការផ្លាស់ទី លោកបានក្លាយជាអ្នកជំនាញផ្នែកត្រីរាជនៃទន្លេមេគង្គដែលមានដោយតំបន់ និងជាប់ឯកត្តកម្មក្នុងពិភពលោកជាត្រីទឹកសាបធំជាងគេក្នុងពិភពលោក ដោយមានគេចាប់បានក្នុង ទំងន់ ២៩៣ គក។
ឥឡូវនេះ រយៈពេល ២ ទសវត្សក្រោយមក លោក Hogan ដែលជាសមាជិកម្នាក់នៅក្នុងកម្មវិធីទូរទស្សន៍ National Geographic និងជាពិធីករកម្មវិធីទូរទស្សន៍ ដែលមានចំណងជើងថា ត្រីយក្សក្នុងកម្មវិធីសត្វរបស់ទូរ ទូរទស្សន៍ National Geographic (Monster Fish on Nat Geo Wild) កំពុងដឹកនាំគំរោងស្រាវជ្រាវថ្មីមួយ ដែលមានរយៈពេល ៥ឆ្នាំ និងជួយដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលមានឈ្មោះថា “The Wonders of the Mekong” (ភាពអស្ចារ្យនៃតំបន់ទន្លេមេគង្គ) ដោយមានការចូលរួមនៃក្រុមអ្នកស្រាវជ្រាវចំរុះ ដើម្បីលើកកំពស់ការយល់ដឹងអោយបានច្រើនទៅលើប្រព័ន្ធអេកូឡូស៊ីដ៏អស្ចារ្យបំផុតមួយក្នុងចំណោមប្រព័ន្ធអេកូឡូស៊ីដ៏អស្ចារ្យបំផុតនានា នៅលើផែនដី។
គំរោងនេះកំពុងចាប់ផើ្តម នៅចំពេលដែលអាងទន្លេមេគង្គ ដែលចិញ្ចឹមមនុស្សចំនួនជាង ៦០ លាននាក់ កំពុងមានការផ្លាស់ប្តូរយ៉ាងច្រើន។ ថ្វីត្បិតតែទន្លេនេះមិនបានរងការប៉ះពាល់ជាយូរមកហើយក្តី តែពេលនេះ កំពុងមានការផ្លាស់ប្តូរ ដោយសារការកសាងទំនប់វារីអគ្គិសនី បំរែបំរួលអាកាសធាតុ ការបាត់បង់កន្លែងជំរក កំលាំងសេដ្ឋកិច្ច និងកំលាំងនយោបាយធំៗកំពុងតែកំណត់រូបរាងជាថ្មីនៃតំបន់ទាំងមូល ដែលមានវប្បធម៌ និងប្រវត្តិសាស្រ្តដ៏ សំបូរបែប។
ថ្លែងនៅក្នុងពិធីសម្ពោធគំរោង នៅភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា លោក Hogan បានមានប្រសាសន៍ថា “តាមមតិរបស់ខ្ញុំ ទន្លេមេគង្គគឺជាទន្លេដ៏មានសារៈសំខាន់បំផុត នៅក្នុងពិភពលោក។ តែពេលនេះ ទន្លេមេគង្គកំពុងតែស្ថិតនៅក្នុងរបត់មួយ ដែលក្នុងនោះ ការជ្រើសរើសដែលត្រូវបានធ្វើនៅក្នុងរយៈពេល ១០ ឬ ១៥ ឆ្នាំទៀតនេះ អាចជាកត្តាកំណត់ចំពោះជីវិតដែលទន្លេនេះទ្រទ្រង់”។
ពស់នៅអាស៊ីអាគ្នេយ៍
ដោយមានប្រភពពីភ្នំទឹកកកនៃតំបន់ទីបេ ទន្លេមេគង្គក៏ទទួលបានទឹកពីក្បាលទឹកតែមួយផងដែរ ជាមួយនឹងទន្លេ Yangtze និងទន្លេ Yellow Rivers នៅក្នុងប្រទេសចិន។ នៅប្រទេសចិន ទន្លេនេះមានឈ្មោះថា Lancang ដោយប្តូរឈ្មោះមកជាទន្លេមេគង្គ ពេលហូរកាត់ប្រទេសឡាវ និងប្រទេសភូមា។
ទន្លេនេះបន្តហូរកាត់តំបន់ដែលមានទេសភាពល្អបំផុតនៅក្នុងពិភពលោក ដោយរួមទាំងតំបន់ព្រៃភ្នំត្រីកោណមាស ដែលល្បីខាងដំណាំអាភៀន។ លើចំងាយរាប់រយម៉ៃល៍ ទន្លេនេះបង្កើតបានជាព្រំប្រទល់រវាងប្រទេសថៃ និងប្រទេសឡាវ។ ក្រោយមក ក្នុងអ្វីដែលជាការលាតសន្ធឹងវែងជាងគេ វាក្លាយជាកន្លែងទឹកធ្លាក់ជាបន្តបន្ទាប់គ្នា ដែលគេអោយឈ្មោះថា Khon Pi Long ឬ “កន្លែងដែលខ្មោចវង្វេងផ្លូវ” ដោយហូរកាត់ប្រជុំកោះចំនួន ៤០០០ កោះ ដោយកោះជាច្រើនមានវត្តនិងទីសក្តារៈ ព្រមទាំងកន្លែងទឹកធ្លាក់ដ៏ធំជាងគេក្នុងពិភពលោក មុនពេលផុតពីប្រទេសឡាវ ហើយចូលមកដល់ប្រទេសកម្ពុជា។
នៅកម្ពុជា ទន្លេនេះមានរណ្តៅជ្រៅៗ ដែលជាកន្លែងធំជាងគេក្នុងពិភពលោកសំរាប់ជាជំរកសំរាប់ត្រីទឹកសាប មុនពេលហូរចូលទៅដីទំនាបដ៏ធំ ហើយជន់លិចព្រៃ ដែលជាការធ្វើអោយតំបន់នេះផ្តល់ផលបានច្រើន។ ទន្លេនេះភ្ជាប់ទៅនឹងបឹងទន្លេសាប ដោយដៃមួយដែលហូរប្តូរទិសរាល់ឆ្នាំ។ បឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងជា “បេះដូងដែលកំពុងដើរនៃប្រទេសកម្ពុជា”។ បន្ទាប់មក ទន្លេនេះហូរទៅប្រទេសវៀត ណាម ឆ្លងកាត់វាលស្រែល្វឹងល្វើយ ដោយមានពូជស្រូវឡើងទឹកដែលដុះរាប់ម៉ែត្រ ឡើងជាមួយនឹងទឹកជំនន់ មុនពេលហូរចែកជាសាខាចំនួន ៩ ដែលគេហៅថា “នាគ ៩” ហើយនៅទីបំផុត ហូរចាក់ទៅសមុទ្រចិនខាងត្បូង។
លោក Sudeep Chandra ប្រធាននៃមជ្ឈមណ្ឌលជលសារក្នុងសាកលលោក របស់សាកលវិទ្យាល័យ Nevada ដែលកំពុងធ្វើការសំរបសំរួលការស្រាវជ្រាវ បានមានប្រសាសន៍ថា “ទន្លេមេគង្គនិងដៃរបស់វាធំណាស់ ដោយភ្ជាប់គ្នាទៅវិញទៅមក ជាមួយទេសភាពរបស់វា នៅក្នុងរដូវវស្សា ហើយស្រកចុះតាមបណ្តាញរបស់វា នៅរដូវប្រាំង”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “កំរិតនៃការទាក់ទងគ្នានេះរបស់ទន្លេមេគង្គមិនដូចទន្លេដទៃទេ ដូចដែលគេឃើញតាមរយៈបរិមាណដ៏ច្រើននៃជីវសាស្រ្តចំរុះ និងផលិតផលត្រី ដែលបានមកពីប្រព័ន្ធទន្លេនេះ ក្នុងមួយឆ្នាំៗ”។
តំបន់នេសាទទឹកសាបធំជាងគេក្នុងពិភពលោក
តាមពិតទៅ តំបន់ទន្លេមេគង្គទាំងមូលស្ថិតក្នុងចំណោមតំបន់ដែលមានជីវសាស្រ្តចំរុះច្រើនជាងគេបំផុត នៅក្នុងពិភពលោក។ តំបន់នេះមានពូជរុក្ខជាតិមិនតិចជាង ២០ ០០០ ប្រភេទ ពូជសត្វស្លាបប្រមាណ ១២០០ ប្រភេទ ពូជសត្វល្មូន និងសត្វរស់នៅក្នុងទឹកផងលើគោកផងចំនួនប្រមាណ ៨០០ ប្រភេទ និងពូជថនិកសត្វចំនួន ៤៣០ ដែលក្នុងនោះរួមមានខ្លា ដំរី និងផ្សោតដែលជិតដាច់ពូជ។
ទន្លេនេះមានពូជត្រីជិត ១០០០ មុខ។ បើនិយាយពីចំនួនប្រភេទត្រីគឺចាញ់តែតំបន់ Amazon ទេ។ ទន្លេនេះមានត្រី រាប់ពីបបែលទឹកសាបដ៏ធំ រហូតដល់ត្រីរាជដែលអាចមានទំងន់ដល់ទៅ ៥០០ ផោន។
លោក Hogan បាននិយាយថា “ទន្លេមេគង្គគឺជាឋានសួគ៌សំរាប់អ្នកជីវសាស្រ្តមច្ឆា។ វាមានលក្ខណៈ អស្ចារ្យសព្វគ្រប់ តែវាក៏ជាតំបន់ដែលប្រឈមនឹងហានិភ័យផងដែរ”។
“ប្រទេសកម្ពុជាគឺជាកន្លែងជំរកចុងក្រោយសំរាប់ជីវសាស្រ្តចំរុះ ដែលកំពុងទ្រេតទ្រោតលើមុខកាំបិទ ហើយត្រីធំដែលគេស្គាល់ជាច្រើនកំពុងជិតផុតពូជហើយ”។
មួយចំណែក ដោយសារហេតុផលនេះ ទីស្នាក់ការធំរបស់គំរោងនេះនឹងស្ថិតនៅរាជធានីភ្នំពេញ។ ក្នុងចំណោមប្រទេសទាំងអស់ដែលមានទន្លេមេគង្គហូរកាត់ គ្មានប្រទេសណាមួយមានទំនាក់ទំនងជិតស្និតទៅនឹងទន្លេនេះច្រើនជាងប្រទេសកម្ពុជាទេ ដោយមានបឹងនេសាទត្រីទឹកសាបធំជាងគេ ក្នុងពិភពលោក។ យោងតាមការប៉ាន់ប្រមាណខ្លះ អាងទន្លេមេគង្គផលិតត្រីបានចំនួនជាង ៣ លានតោន ក្នុងមួយឆ្នាំ ដែលត្រូវជាចំនួនមួយភាគបួននៃ បរិមាណត្រីទឹកសាបដែលគេចាប់បាននៅក្នុងពិភពលោក។
តំបន់ដីសណ្តដ៏មានជីជាតិនៃតំបន់ទន្លេមេគង្គថែមទាំងជួយបំពេញតំរូវការអាហារកាន់តែច្រើនឡើងនៃស្រូវ នៅក្នុងពិភពលោក។ នៅឆ្នាំ ២០១៤ ប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅក្នុងតំបន់មេគង្គក្រោមផលិតស្រូវបានជាង ១០០ លានតោន ដែលមានបរិមាណសរុបប្រហែល ១៥% នៃបរិមាណសរុបក្នុងពិភពលោក។ ការដាំ ស្រូវដោយគ្មានឈប់ដែលគេឃើញនៅប្រទេសកម្ពុជា ក្នុងភាគកណ្តាល អាស្រ័យលើល្បប់ដែលមានជីជាតិរបស់ទន្លេមេគង្គ ដែលហូរចាក់មកនៅរដូវវស្សា ពិសេសពីខែមិថុនា ដល់ខែតុលា។
ពិតណាស់ អ្វីដែលបានកើតឡើងនៅចុងម្ខាងនៃទន្លេមេគង្គអាចមានផលប៉ះពាល់ខ្លាំង នៅចុងម្ខាងទៀតនៃទន្លេនេះ។ អ្នកជំនាញមានកង្វល់យ៉ាងខ្លាំងថា ការកសាងទំនប់វារីអគ្គិសនីជាបន្តបន្ទាប់នៅប្រទេសឡាវ និងនៅតំបន់ដទៃទៀត ក្នុងផ្នែកខាងលើនៃទន្លេមេគង្គ និងដៃរបស់វា នឹងបំផ្លាញកន្លែងជំរកដ៏សំខាន់ សំរាប់មច្ឆាដែលធ្វើការបំលាស់ទី ហើយនៅទីបំផុតអាចនាំអោយពូជត្រីជាច្រើនផុតពូជ ដូចជាត្រីរាជ ដែលអាចមានប្រវែងដល់ ១០ ហ្វីត។
ពីវិទ្យាសាស្រ្តទូទៅ ទៅសេដ្ឋកិច្ចប្រកបដោយនិរន្តភាព
ថ្វីបើតំបន់នេះមានកំណើនសេដ្ឋកិច្ចជាលំដាប់ តែមានប្រទេសច្រើនក្នុងចំណោមនេះ ដែលនៅក្រនៅឡើយ។ សម្ពាធផ្នែកសេដ្ឋកិច្ច ដូចជាតំរូវការដីសំរាប់កសិឧស្សាហកម្ម ការធ្វើអាជីវកម្មដែលមិនធានានិរន្តភាពដែលមិនមែនសំដៅតែទៅលើត្រីតែប៉ុណ្ណោះទេ តែទៅលើឈើមានតំលៃផងដែរ ហើយនិងផលប៉ះពាល់នគរូបនីយកម្ម កំពុងតែមានកាន់តែច្រើនឡើង។
លោក Hogan បាននិយាយថា “យើងត្រូវមើលឃើញសេចក្តីត្រូវការលើកំណើនសេដ្ឋកិច្ច។ ការអភិរក្ស និងការអភិវឌ្ឍន៍ត្រូវតែមានដំណើរទៅទន្ទឹមគ្នា។ វាមិនអាចមានមួយអត់មួយទេ”។
លក្ខណៈចំរុះគ្នានៃវប្បធម៌នៅតំបន់ទន្លេមេគង្គក៏មានលក្ខណៈគួរអោយកត់សំគាល់ដូចជីវសាស្រ្តចំរុះនៃតំបន់នេះដែរ។ មានប្រជាជនជាង ៣០០ លាននាក់ ដែលស្ថិតក្នុងក្រុមជនជាតិដាច់ពីគ្នាចំនួនជិត ១០០ នៅក្នុងមហាតំបន់ទន្លេមេគង្គ។ តំបន់នេះថែមទាំងមានបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំបូរបែបផងដែរ។ នៅភាគខាងជើងប្រទេសឡាវ មានទីក្រុង Luang Prabang ដែលជាកន្លែងដើមនៃជំនឿព្រះពុទ្ធសាសនា ព្រមទាំងមានទីក្រុងបូរាណនៃសម័យអាណាចក្រអង្គរ ដែលជាតំបន់ក្រុងធំជាងគេ ក្នុងពិភពលោក ក្នុងសម័យមុនឧស្សាហកម្ម។
លោក Hogan បាននិយាយថា “គោលដៅនៃគំរោងនេះគឺដើម្បីបន្ស៊ីការយល់លើវិទ្យាសាស្រ្តបច្ចុប្បន្នស្តីពី ជីវសាស្រ្តចំរុះ អាកាសធាតុ និងជលសាស្រ្តនៃអាងទន្លេមេគង្គ ជាមួយនឹងការយល់តាមលក្ខណៈប្រវត្តិសាស្រ្ត និងបូរាណវិទ្យា នៃប្រព័ន្ធនេះ ដើម្បីចង្អុលទៅរកអនាគតប្រកបដោយនិរន្តភាពមួយ”។
“ដោយសារសារៈសំខាន់នៃទន្លមេគង្គដែលមានទំនាក់ទំនងល្អជាមួយនឹងមនុស្ស មច្ឆា និងសត្វព្រៃ ការសំរេចចិត្តនៅពេលនេះ មានសារៈសំខាន់ជាខ្លាំងសំរាប់អនាគតនៃតំបន់នេះ”។