ត្រីយក្សធ្វើការបំលាស់ទីដ៏ធំបំផុតមួយក្នុងចំណោមការធ្វើការបំលាស់ទីដ៏ធំបំផុត នៅក្នុងពិភពលោក

សរសេរ​ដោយ Stefan Lovgren
ថ្ងៃ​ទី២៩ ខែ​មិនា ឆ្នាំ​២០១៧

ការធ្វើការបំលាស់ទីដ៏ធំៗបំផុតខ្លះនៃសត្វ នៅក្នុងពិភពលោក គឺនៅលើដី ដូចជាសត្វគោព្គោព្រៃ (Wildebeest) ដែលធ្វើដំណើរឆ្លងកាត់តំបន់ទំនាបនៅទី្វបអាហ្វ្រិក និងសត្វរមាំងនៅតំបន់វាលនៅអាឡាស្កា។ មានការធ្វើដំណើរច្រើន និងមិនធម្មតាផ្សេងទៀត តាមអាកាស នៃសត្វមេអំបៅម្យ៉ាង ដែលស្វែងរកទីជំរកនៅតំបន់ភ្នំ នៃប្រទេសម៉ិកស៊ិក ឬសត្វស្លាបដែលធ្វើដំណើររាប់ពាន់ម៉ៃល៍ ដើម្បីទៅដល់តំបន់ដែលវាអាចរកចំណីបាន នៅតំបន់ត្រូពិច ក្នុងរដូវរងា។

តែការធ្វើដំណើរដ៏សំខាន់និងធំបំផុតមួយ ដែលមានចំនួនសត្វដ៏ច្រើនលើសលុប មានឡើងដោយយើងមិនអាចមើលឃើញបាន នៅក្នុងទឹកដែលគេមិនអាចមើលឃើញឆ្លុះបាន នៃទន្លេសាប ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ក្នុងមួយឆ្នាំៗ មានត្រីរាប់ពាន់លានក្បាល មានធំមានតូច ធ្វើការបំលាស់ទីដ៏អស្ចារ្យបំផុតមួយនៃសត្វ នៅលើផែនដីយើងនេះ។

លោក Zeb Hogan ដែលជាសមាជិកស្រាវជ្រាវម្នាក់នៃកម្មវិធីទូរទស្សន៍ ដែលជាសមាជិកស្រាវជ្រាវម្នាក់នៃកម្មវិធីទូរទស្សន៍ខ្សែកាប National Geographic និងជាពិធីករក្នុងកម្មវិធីទូរទស្សន៍នេះ ស្តីពីត្រីយក្ស បានមានប្រសាសន៍ថា “នេះគឺជារឿងមួយធំ និងអស្ចារ្យ ដែលមនុស្សភាគច្រើនមិនបានលឺ”។

លោក Hogan កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវ និងចងក្រងឯកសារស្តីពីការ បំលាស់ទី ក្នុងនាមជាអ្នកដឹកនាំក្រុមនៅក្នុងគំរោងមួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលមានឈ្មោះថា គំរោង “អច្ឆរិយៈនៃទន្លេមេគង្គ” ដែលផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពនៃទន្លេ និងទិដ្ឋភាពនៃអាងទន្លេមេគង្គក្រោម។

ត្រីយក្ស

ការធ្វើការបំលាស់ទីចាប់ផ្តើមនៅចុងខែកញ្ញា ឬដើមខែតុលា គឺនៅក្រោយទឹកជំនន់នៃបឹងទន្លេសាប (ដែលជាបឹងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍) ឡើងដល់ចំនុចកំពូលបានបន្តិច ហើយបឹងដ៏ធំនេះបញ្ចេញទឹក និងត្រីក្នុងបរិមាណដ៏ច្រើន តាមទន្លេសាប ដែលភ្ជាប់បឹងនេះជាមួយនឹងទន្លេមេគង្គ។

ត្រីដំបូងដែលចាប់ផ្តើមការធ្វើដំណើរនេះស្ថិតក្នុងចំណោមត្រីធំជាងគេក្នុងពិភពលោក ដូចជាត្រីរាជ ដែលអាចធំដល់ប្រវែង ៣ ម និងមានទំងន់ដល់ទៅជិត ៣០០ គក។ ឈ្មោះត្រីនេះបញ្ជាក់ពីឋានៈពិសេសនៃត្រីនេះ នៅក្នុងភាសាខ្មែរ។បន្ទាប់ពីត្រីរាជគឺមានត្រីគល់រាំង ដែលមានទំហំប្រហាក់ប្រហែលគ្នានឹងត្រីរាជដែរ ហើយដែលកំពុងជិតផុតពូជ។ ត្រីនេះ ដែលជានិមិត្តរូបនៃសារៈសំខាន់របស់ត្រី គឺជាត្រីជាតិនៅកម្ពុជា។

នៅក្នុងខែបន្តបន្ទាប់ក្រោយមក មានត្រីរហូតដល់ចំនួន ១០០ ប្រភេទធ្វើដំណើរតាមត្រីធំនេះ។ ដោយសារហេតុផលដែលអ្នកស្រាវជ្រាវមិនដឹង ចំនួននៃត្រីធ្វើការបំលាស់ទីនេះមានចំនួនច្រើនបំផុត តែក្នុងពេលប៉ុន្មានថ្ងៃមុនពេលខែពេញវង់តែប៉ុណ្ណោះ។

មកដល់ខែមករា ត្រីរៀលមានបរិមាណច្រើនជាងគេ ដែលធ្វើការបំលាស់ទី។លោក Hogan បាននិយាយថា នៅពេលនោះ ទន្លេមានត្រីដេដាស់ ហើយគេអាចឃើញអ្នកនេសាទនេសាទបានត្រីយ៉ាងច្រើន ដោយគ្រាន់តែប្រើថ្នងដងតែប៉ុណ្ណោះ។

ការធ្វើបំលាស់ទីមានការទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការហូរតាមរដូវនៃទឹកទន្លេ។ នៅក្នុងរយៈពេលភាគច្រើនក្នុងមួយឆ្នាំៗ ទឹកទន្លេសាបហូរទៅភាគខាងត្បូង ប្រហែល ១២០ គម ដោយគិតពីបឹងទន្លេសាបដល់រាជធានីភ្នំពេញ ដែលជាទីដែលវាភ្ជាប់ជាមួយទន្លេមេគង្គ។ តែនៅក្នុងរដូវភ្លៀង ទឹកទន្លេមេគង្គឡើងលឿន ដោយហូរចូលទៅក្នុងទន្លេសាប។

ការនេះធ្វើអោយទឹកទន្លេសាបប្តូរទិសហូរ។ មានទន្លេមិនច្រើនទេនៅក្នុងពិភពលោកដែលមានលក្ខណៈបែបនេះ។ កូនត្រីដែលចេញមកពីកន្លែងពង នៅខាងដើមនៃទន្លេមេគង្គ ផ្លាស់ទីមកដល់ទន្លេសាប និងបឹងទន្លេសាប ដែលនៅទីនោះ វាលាក់ខ្លួន ហើយធំធាត់ ដោយទំហំផ្ទៃបឹងមានការកើនឡើង ១០ ដងធំជាងផ្ទៃរបស់វានៅ រដូវប្រាំង។

បន្ទាប់មក នៅខែកញ្ញា និងខែតុលា នៅពេលភ្លៀងឈប់ធ្លាក់ ហើយទឹកចាប់ផ្តើមស្រក ទឹកទន្លេនៅនឹង ហើយបន្ទាប់មក ចាប់ផ្តើមហូរយឺតៗ ទៅត្បូងម្តងទៀត។ ពេលនេះហើយដែលត្រីធ្វើការបំលាស់ទីយ៉ាងធំ។

ភាពសំបូរ

វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលអ្នកនេសាទរាប់ពាន់នាក់ ដោយប្រើមង និងសំណាញ់គ្រប់ប្រភេទ ចុះទៅទន្លេសាប នៅពេលត្រីធ្វើការបំលាស់ទីប្រចាំឆ្នាំ ដើម្បីចាប់ត្រីដែលកំពុងសំបូរ។

ឧបករណ៍ដែលធំជាងគេ ហើយមានលក្ខណៈស្មុគស្មាញជាងគេ ដែលគេប្រើគឺ ដាយ។ មងចំនួន ១៤ជួរនេះ ដែលមានរាងដូចតង់ ដែលសរុបទៅមានចំនួន ៦៣ ត្រូវបានគេយកទៅដាក់នៅទន្លេសាប ពីខែតុលាដល់ខែ មិនា ដោយស្ទាក់ចាប់ត្រី នៅពេលដែលវាធ្វើការបំលាស់ទីចុះតាមទន្លេ។ តែក្នុងរយៈពេលមួយម៉ោង ដាយមួយបែបនេះ ដែលមានទទឹងប្រវែង ២៥ ម និងបណ្តោយប្រវែង ១០០ម អាចចាប់ត្រីបានរហូតដល់ ៥ តោន។

ប្រសិទ្ធភាពនេះត្រូវបានបង្ហាញច្បាស់ នៅក្នុងអំឡុងពេលយើងចុះទៅមើល ក្នុងពេលថ្មីៗនេះ។ រាល់កន្លះម៉ោងម្តង កម្មករនៅលើផ្ទះទឹកអណ្តែតទាញដាយម្តង ដោយមានត្រីយ៉ាងប៉ោងនៅក្នុងនោះ។

បន្ទាប់ពីដងសន្ទូចទំលាក់ត្រីចុះ កម្មកររើសត្រីពូជធំ រួមទាំងកូនត្រីរាជ និងត្រីកំពត មុនពេលយកប៉ែលចូកត្រីរៀលដាក់ក្នុងធុង។ នៅពេលគេចូកដាក់ពេញហើយ គេលើកធុងទាំងនោះដាក់ទៅក្នុងទូកតូច យកមកច្រាំង។ ដល់ត្រឹមនេះ គេទំលាក់មងចូលទៅក្នុងទន្លេរួចហើយ។

គេច្រើនយកត្រីរៀលទៅធ្វើប្រហុក ដែលជាអាហារសំខាន់របស់ប្រជាជនរាប់លាននាក់ ដែលរស់នៅតាមដងទន្លេមេគង្គ។ នៅឆ្នាំខ្លះ ត្រីរៀលមានច្រើន ហើយមនុស្សក្នុងសហគមន៍ទាំងមូលនាំគ្នាមកច្រាំងទន្លេ ដើម្បីធ្វើត្រី ដោយគេជាន់វាដូចគេជាន់ផ្លែទំពាំងបាយជូដែរ។

តើមានត្រីប៉ុន្មានដែលធ្វើការបំលាស់ទីតាមទន្លេសាប ក្នុងមួយឆ្នាំៗ?

អ្នកស្រាវជ្រាវគ្មានមធ្យោបាយសំរាប់រាប់អោយបានច្បាស់នូវចំនួនត្រីរាប់ពាន់លាន ដែលធ្វើការបំលាស់ទី នៅក្នុងទឹកទេ ដែលពេលខ្លះ ក្នុងជំរៅទឹកដល់ទៅជាង ៣០ ម។ តែគេអាចប្រើទិន្នន័យពីត្រីដែលនេសាទបាន ដើម្បីធ្វើការប៉ាន់ប្រមាណ។ នៅឆ្នាំ ២០១១ – ២០១២ ដែលជាឆ្នាំសំបូរត្រីជាងគេ ការនេសាទដោយប្រើដាយចាប់ត្រីបានចំនួន ៤៦ ០០០ តោន។ លោក Hogan បាននិយាយថា ចំនួននេះ បើគិតជាចំនួនត្រីវិញ គឺមានប្រហែល ៥ ពាន់លានក្បាល។

អញ្ចឹងគេអាចសួរបានថា តើមានត្រីដែលធ្វើការបំលាស់ទីចំនួនប៉ុន្មានដែលបញ្ចប់ការធ្វើដំណើររបស់វាដោយជាប់មង? ឡាវ ស្រ៊ាង ដែលជាម្ចាស់ដាយ ជឿថា អត្រានៃត្រីដែលគេចាប់បាន អាចមានដល់ទៅ ៩០%។

តាមរយៈមងព្រោងព្រាតដែលគេឃើញនៅទន្លេសាប គេងាយនឹងជឿសំដីគាត់។ ដៃដែលនៅកន្លែងខាងក្រោមគេ ក៏ចាប់បានត្រីច្រើនដូចដាយដាក់នៅកន្លែងខាងលើដែរ ដែលជាការបង្ហាញអោយឃើញថា មានត្រីច្រើនដែលឆ្លងផុតពីដាយខាងលើ។

លោក Hogan បាននិយាយថា “ចំនួនពិតប្រាកដនៃត្រីដែលធ្វើការបំលាស់ទីតាមទន្លេសាប នៅឆ្នាំដែល សំបូរត្រីបំផុត គឺប្រហែលជាមានចំនួនច្រើនជាង ៥ ពាន់លានក្បាលឆ្ងាយ។

លោកប៉ាន់ប្រមាណថា ទំហំសរុបនៃត្រីទាំងនោះ បើបូកបញ្ចូលគ្នាទៅអាចធំជាងទំហំបូកសរុបគ្នានៃសត្វ Wildebeest សេះបង្កង់ និង Gazelle ដែលធ្វើដំណើរឆ្លងកាត់តំបន់ទំនាបនៃទ្វីបអាហ្វ្រិកភាគខាងកើត ឬមានទំហំស្មើនឹង ១០០ ដងនៃចំនួនសត្វស្លាប ដែលធ្វើដំណើររវាងទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក ក្នុងមួយឆ្នាំៗ។

តាមដានការធ្វើការបំលាស់ទីដ៏ធំ

យ៉ាងណាក្តី នៅក្នុងអតីតកាលមានត្រីច្រើនជាងពេលនេះទៅទៀត ដោយសារការនេសាទហួសកំរិត ការបាត់បង់កន្លែងជ្រក និងការកសាងទំនប់វារីអគ្គិសនីបានធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងទៅលើចំនួនត្រី ពិសេសត្រីធំៗ នៅក្នុងទន្លេមេគង្គស្ទើរតែទាំងមូល។ ចំលាក់នៅលើជញ្ជាំងនៃប្រាសាទអង្គរដែលមានអាយុរាប់ពាន់ឆ្នាំ បង្ហាញនូវសម័យកាលមួយដែលត្រីរាជ និងត្រីគល់រាំងមានច្រើនជាងនេះឆ្ងាយ។

លោក Hogan បាននិយាយថា “ការនេះបង្ហាញអោយឃើញថា ទន្លេទាំងមូលគឺជាប្រព័ន្ធដែលមានការទាក់ទងគ្នាទៅវិញទៅមក”។

លោកបាននិយាយបន្ថែមទៀតថា “ត្រីដែលធ្វើបំលាស់ទីគឺជាផ្នែកមួយដែលមានសារៈសំខាន់បំផុតនៃប្រព័ន្ធបរិស្ថានអេកូឡូស៊ី ដែលទន្លេមេគង្គ និងដៃរបស់វាផ្តល់អោយ ក្នុងមួយឆ្នាំៗ។ គ្រាន់តែជលផលនៃតំបន់អាងទន្លេមេគង្គមួយមានតំលៃប្រមាណជាង ១០ ពាន់លានដុល្លា”។

ចំពោះការធ្វើបំលាស់ទីតាមទន្លេសាប វាពិតជាមិនច្រើនទេ បើប្រៀបធៀបនឹងការធ្វើបំលាស់ទីដែលមានសារៈសំខាន់ដូចគ្នានេះ ហើយមិនសូវមានគេដឹង នៅរដូវទឹកឡើងដល់កំរិត ដែលនៅពេលនោះ កូនត្រីរាប់រយពាន់លានក្បាល រួមទាំងកូនត្រីរាជ និងកូនត្រីគល់រាំងផង ហូរចុះតាមទឹកទន្លេមេគង្គទៅកាន់តំបន់ទំនាបទឹកលិច នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម។

អ្នកស្រាវជ្រាវមានគំរោងសិក្សាលើការធ្វើការបំលាស់ទីដ៏ច្រើននេះនៃកូនត្រី នៅពេលក្រោយ ក្នុងឆ្នាំ ២០១៧ នេះ ដើម្បីស្វែងយល់បន្ថែមពីការធ្វើការបំលាស់ទីនេះ ដែលកំពុងស្ថិតនៅក្រោមការគំរាមកំហែងកាន់តែច្រើនឡើង។