ភាពជាដៃគូថ្មីដើម្បីលើកកំពស់សុខភាពនៅកម្ពុជា

ចេញ​ថ្ងៃទី​១៥ ខែកុម្ភៈ​ ឆ្នាំ​២០១៧

ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិក សំរាប់កំចាត់និងការពារជំងឺ (CDC) បានចុះអនុស្សារណៈលើការយោគយល់គ្នាចំនួន ២ ជាមួយទីភ្នាក់ងារកូរេ សំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (KOICA) ដែលនឹងផ្តល់ក្របខ័ណ្ឌមួយសំរាប់អោយទីភ្នាក់ងារនៃរដ្ឋាភិ បាលសហរដ្ឋអាមេរិកធ្វើការជាដៃគូជាមួយទីភ្នាក់ងារ KOICA ដើម្បីជួយដល់សកម្មភាពក្រោមរបៀបវារៈ សាកលលោកស្តីពីសន្តិសុខផ្នែកសុខភាព (GHSA) នៅប្រទេសកម្ពុជា ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។

GHSA ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ ២០១៤ ហើយវាជាភាពជាដៃគូមួយដែលកាន់តែរីកធំឡើង របស់អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងប្រទេសជាង ៥០ ដើម្បីជួយពង្រឹងសមត្ថភាពប្រទេសនៅក្នុងការជួយធ្វើអោយពិភពលោកមានសុវត្ថិភាពនិងសន្តិសុខ ចាកផុតពីការគំរាមកំហែងនៃជំងឺឆ្លង និងលើក កំពស់សន្តិសុខនៃសុខភាពសាកលលោក យកធ្វើជាអាទិភាពជាតិ និងអាទិភាពសាកលលោក។

ការជួយជាថវិការបស់ KOICA នឹងជួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ ខ្លួនទាក់ទងនឹងការគ្រប់គ្រងផ្នែកសុខាភិបាលជាអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការលើក កំពស់ការចាក់ថ្នាំបង្ការ ការអភិវឌ្ឍកំលាំងការងារផ្នែកថែទាំសុខភាព និងការពង្រឹងមន្ទីរពិសោធន៍របស់ខ្លួន។

ភាពជាដៃគូរវាង KOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងធានាថា កម្មវិធីជាតិផ្នែកចាក់ថ្នាំការពារ របស់ប្រទេសកម្ពុជាកាន់តែអាចស្តុក និងចែកចាយវ៉ាក់សាំង និងចាក់ថ្នាំការពារដល់មនុស្សកាន់តែច្រើននៅតាមសហគមន៍ ដែលមានការប្រឈមខ្លាំងនឹងការឆ្លងជំងឺ។ KOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏នឹងធ្វើការជា មួយគ្នាផងដែរដើម្បីជួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកម្មវិធីបណ្តុះបណ្តាលតាមសាកលវិទ្យាល័យ និងការបណ្តុះបណ្តាលពេលបំពេញការងារ សំរាប់អ្នកធ្វើការតាមមូលដ្ឋានផ្នែកជំងឺរាតត្បាត។ ការខិតខំទាំងនេះនឹងធ្វើយ៉ាងណាអោយអ្នកជំនាញផ្នែកសុខភាពសត្វ និងសុខភាពសាធារណៈអាចបំពេញបានតាមបទដ្ឋាន បច្ចេកទេសអន្តរជាតិ ហើយឆ្លើយតបប្រកបដោយប្រសិទ្ធភាព នៅក្នុងករណីមានការផ្ទុះឡើងនៃជំងឺ ដោយរួម ទាំងការផ្ទុះដែលអាចប៉ះពាល់ដល់ទាំងសត្វ ទាំងមនុស្ស។

ជាចុងក្រោយ ភាពជាដៃគូរវាងKOICA និងរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងជួយពង្រឹងប្រព័ន្ធមន្ទីរ ពិសោធន៍នៅទូទាំងប្រទេសដែលអាចរកឃើញភ្នាក់ងារបណ្តាលអោយមានជំងឺរាតត្បាត ព្រមទាំងអាចឆ្លើយតបនឹងការគំរាមកំហែងនៃភាពស៊ាំរបស់មេរោគ។

តាំងពីការចាប់ផ្តើមអនុវត្តច្បាប់គ្រប់គ្រងសុខភាពអន្តរជាតិ នៅឆ្នាំ ២០០៥ មក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក រដ្ឋាភិបាលសហរដ្ឋអាមេរិក និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីពង្រឹងសមត្ថភាពនៅក្នុងការគ្រប់គ្រងឧប្បត្តិហេតុ និងព្រឹត្តិការណ៍សន្តិសុខផ្នែកសុខភាពធំៗ។ សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរេមានមោទនភាពនៅក្នុងការបន្តការជួយរបស់គេដល់ការខិតខំរបស់ ប្រទេសកម្ពុជា ក្នុងការការពារ តាមដាន និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះការគំរាមកំហែងនៃជំងឺរាតត្បាត និងបញ្ហាសន្តិសុខផ្នែកសុខភាព៕