លោកស្រីភារធារីស្ថានទូតសហរដ្ឋអាមេរិក Julie Chung បានមានប្រសាសន៏ថា៖ “យើងផ្តោតសំខាន់លើការគាំទ្រដល់អង្គការសង្គមស៊ីវិល ពីព្រោះប្រជាពលរដ្ឋដែលសកម្ម និងមានចំណេះដឹង គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរឹងមាំ។ យើងសង្ឃឹមថា គម្រោងនេះនឹងជួយអង្គការសង្គមស៊ីវិលនៅកម្ពុជាក្នុងការធ្វើការងារមានប្រសិទ្ធភាពជាងមុន ក្នុងការធ្វើអោយមានការសន្ទនាក្នុងន័យស្ថាបនា និងគោរពគ្នា អំពីច្បាប់ និងគោលនយោបាយនានា ដែលទាក់ទងនឹងជីវិតរស់នៅរបស់ប្រជាជនកម្ពុជាទូទៅ”។
គម្រោងរយះពេល៥ឆ្នាំ ដែលត្រូវចំណាយថវិកាអស់៩លានដុល្លាអាមេរិកនេះ នឹងជួយអង្គការសង្គមស៊ីវិល ដោយបង្ហាញអោយឃើញនូវវិធីបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងដែលត្រូវបានស្តែងអោយ ឃើញលទ្ធផលជាក់ស្តែង ដូចជាក្រុមប្រឹក្សាភិបាល ខ្សែបន្ទាត់នៃការទាក់ទងគ្នាក្នុងអង្គការ និតិវិធីនៃការប្រតិបត្តិជាបទដ្ឋាន និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស។ គំរោងនេះផ្តល់អំណោយថវិកាខ្នាតតូចសំរាប់ការងារសំខាន់ៗ ដូចជាការតាមដានករណីសិទ្ធិដីធ្លី ការជួយជនរងគ្រោះដោយអំពើហឹង្សាដែលប្រព្រឹត្តដោយមនុស្សមានភេទខុសគ្នា និងការជួយដល់ការការពារតាមផ្លូវច្បាប់ ចំពោះធនធានធម្មជាតិដ៏សំបូររបស់ប្រទេសកម្ពុជា។ អំណោយថវិកានេះក៏នឹងជួយផងដែរដល់សកម្មភាពស្រាវជ្រាវ ដូចជាការស្ទង់មតិសាធារណៈ និងការសិក្សាវាយតំលៃផ្នែកសេដ្ឋកិច្ចសង្គម ដែលអាចជួយអង្គការសង្គមស៊ីវិលក្នុងការផ្តល់សេវាអោយចំគោលដៅ។
គំរោង CCSS គឺជាផ្នែកសំខាន់មួយនៃការជួយរបស់ទីភ្នាក់ងារ USAID នៅកម្ពុជា។ ជំនួយនេះលើកទឹកចិត្តអង្គការសង្គមស៊ីវិលអោយលើកកំពស់គណនេយ្យភាពក្នុងការគ្រប់គ្រង។ ទន្ទឹមនឹងនោះ គំរោងនេះផ្តោតលើតំលៃនៃដំណោះស្រាយដោយអ្នកក្នុងមូលដ្ឋាន ចំពោះបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដោយធ្វើអោយអង្គការសង្គមស៊ីវិលដើរលើផ្លូវទៅរកនិរន្តភាព។
អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ USAID: USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦១ ដោយលោកប្រធានាធិបតេយ្យ John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកសំរាប់ជំនួយបរទេស។ ចាប់តាំងពីឆ្នាំ១៩៩២ USAID បានផ្តល់ថវិកាប្រមាណជា ១ពាន់លានដុល្លា ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
អំពីវិទ្យាសា្ថនគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI): វិទ្យាសា្ថនគ្រប់គ្រងបូព៌ា-បស្ចឹម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៨ ជាអង្គការឯករាជ្យ មិនរក ប្រាក់កំរៃ ។ EWMI ធ្វើការដើម្បីពង្រឹងសង្គមប្រជាធិបតេយ្យ ដោយនាំមកនូវការធ្វើការរួមគ្នានៃរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន។