តម្រូវការអោយមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ សម្រាប់ធ្វើដំណើរ៖
ចាប់ពីថ្ងៃទី២៦ ខែមករា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) នឹងតម្រូវឱ្យគ្រប់អ្នកធ្វើដំណើរតាមផ្លូវអាកាសដែលនឹងចូលទៅសហរដ្ឋអាមេរិកបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ដែលទើបបានធ្វើក្នុងអំឡុងពេល៧២ម៉ោងនៃការចេញដំណើរ។ ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែបញ្ជាក់ថាអ្នកដំណើរទាំងអស់មានលទ្ធផលតេស្តអវិជ្ជមានមុននឹងអាចឡើងយន្តហោះបាន។ ក្រុមហ៊ុនអាកាសចរណ៍មិនត្រូវអនុញ្ញាតឲ្យអ្នកដំណើរឡើងយន្តហោះទេប្រសិនបើមិនបានផ្តល់ឯកសារដែលបង្ហាញថាគេមានលទ្ធផលអវិជ្ជមាន ឬបានជាសះស្បើយឡើងវិញហើយ។ តម្រូវការនេះគឺដាច់ដោយឡែកពីដំណើការដាក់ពាក្យសុំទិដ្ឋាការ។ រាល់សេចក្តីប្រកាសរបស់ប្រធានាធិបតីដែលរឹតបន្តឹងការធ្វើដំណើរដោយសាជំងឺកូវីដ១៩ នៅមានសុពលភាពដដែល ហើយបន្តអនុវត្តចំពោះអ្នកធ្វើដំណើរដែលជាប់ក្នុងការរឹតបន្តឹងនោះដោយមិនគិតពីលទ្ធផលតេស្តកូវីដ ឬការចាក់វ៉ាក់សាំងរបស់គេឡើយ។ អ្នកដំណើរដែលមានការលើកលែងដោយសាពាក់ព័ន្ធនឹងផលប្រយោជន៍ថ្នាក់ជាតិ ក៏ត្រូវបំពេញទៅតាមតម្រូវការធ្វើតេស្តមុនពេលចេញដំណើរដែរ។ សម្រាប់ព័ត៌មានបន្ថែមពីការលើកលែងសម្រាប់តម្រូវការតេស្តកូវីដ សូមចុចត្រង់នេះ។
សេវាកម្ម៖
ចាប់ពីពេលនេះតទៅ ស្ថានទូតអាមេរិកនៅភ្នំពេញបើកបំរើសេវាកម្មសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ និងទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួន រួមមានប្រភេទK ប្រភេទCR1 ប្រភេទCR2 ប្រភេទIR1 ប្រភេទIR2 ប្រភេទSB1 ប្រភេទEB5 ប្រភេទB1/B2 ប្រភេទF ប្រភេទM និងប្រភេទJ។ ស្ថានទូតកំពុងខិតខំធ្វើប្រតិបត្តិការករណីទិដ្ឋាការនីមួយៗឲ្យបានលឿន ប៉ុន្តែពេលវេលានៃការរង់ចាំអាចនឹងយូរជាងមុនដោយសាយើងនៅមានករណីដែលនៅសល់ពីមុនជាច្រើនកំពុងបន្តដំណើរការនៅឡើយ។ ប្រាក់ដែលបានបង់សម្រាប់ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (MRV fee) នឹងមានសុពលភាពរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលបានបង់ប្រាក់ ហើយអាចប្រើប្រាស់ដើម្បីដាក់ពាក្យសុំទិដ្ឋាការនៅក្នុងប្រទេសណាដែលបានបង់ប្រាក់នោះ។ ប្រសិនបើលោកអ្នកមានធុរៈបន្ទាន់ហើយត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមការណែនាំដែលបានផ្ដល់ជូនក្នុងគេហទំព័រនេះសម្រាប់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ឬអ៊ីម៉េលមក IVPhnomPenh@state.gov សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ ដើម្បីស្នើសុំណាត់សម្ភាសន៍ជាប្រញាប់។
ការពន្យាសុពលភាពនៃថ្លៃដាក់ពាក្យសុំទិដ្ឋាការ៖
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាយល់ឃើញថា បេក្ខជនជាច្រើនបានបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការរួចហើយ និងកំពុងរង់ចាំណាត់សម្ភាសន៍។ ស្ថានទូតកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការបើកបំរើសេវាកម្មទិដ្ឋាការទាំងអស់ឡើងវិញឱ្យបានឆាប់ និងមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ ក្នុងពេលនេះ លោកអ្នកអាចទុកចិត្តបានថា ស្ថានទូតនឹងបន្តសុពលភាពនៃការបង់ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (MRV Fee) របស់លោកអ្នកដែលបានបង់រួច រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យបេក្ខជនទាំងអស់ដែលមិនអាចណាត់សម្ភាសន៍សុំទិដ្ឋាការដោយសារតែការផ្អាកសេវាកម្មមានឱកាសណាត់សម្ភាសន៍ និង/ឬចូលសម្ភាសន៍ជាមួយនឹងថ្លៃដាក់ពាក្យសុំទិដ្ឋាការរបស់ខ្លួនដែលបានបង់រួច។ សូមបន្តតាមដានគេហទំព័រនេះ សម្រាប់ព័ត៌មានពីពេលណាដែលស្ថានទូតបើកបំរើសេវាកម្មទិដ្ឋាការធម្មតាឡើងវិញ។
ការផ្អាកមិនឲ្យចូលសហរដ្ឋអាមេរិកចំពោះជនអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួនដែលអាចបង្កហានិភ័យដល់ទីផ្សារការងារអាមេរិក៖
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ប្រធានាធិបតីបានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយផ្អាកជនអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួនដែលអាចបង្កហានិភ័យដល់ទីផ្សារការងារអាមេរិកមិនឲ្យចូលសហរដ្ឋអាមេរិក។ សេចក្ដីប្រកាសនេះនឹងបន្តសុពលភាពនៃសេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ១០០១៤ និងលេខ១០០៥២ ដោយបន្តការផ្អាកមិនអោយចូលនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ សេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ១០០១៤ ផ្អាកជនអន្តោប្រវេសន៍ប្រភេទមួយចំនួនមិនឲ្យចូលសហរដ្ឋអាមេរិក ខណៈសេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ១០០៥២ ផ្អាកជនមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួនដែលអាចបង្កហានិភ័យដល់ទីផ្សារការងារអាមេរិកមិនឲ្យចូលសហរដ្ឋអាមេរិក ក្នុងកំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាថ្មី។ សេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ១០០៥២ សំដៅដល់អ្នកមានទិដ្ឋាការប្រភេទH-1B ប្រភេទH-2B ប្រភេទL-1 ប្រភេទJ-1 សម្រាប់ចូលរួមហាត់ការងារ (intern) អ្នកហ្វឹកហ្វឺនការងារ (trainee) គ្រូបង្រៀន (teacher) អ្នកផ្តល់ប្រឹក្សាបោះជំរុំ (camp counselor) អ្នកធ្វើការតាមផ្ទះ (au pair) ឬអ្នកចូលរួមកម្មវិធីការងារធ្វើដំណើរនារដូវក្ដៅ (summer work travel program) ព្រមទាំងប្តី/ប្រពន្ធ និងកូនៗរបស់ពួកគេដែលមានទិដ្ឋាការប្រភេទH-4 ប្រភេទL-2 ឬប្រភេទJ-2 ។ ពលរដ្ឋអាមេរិក អ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ស្របច្បាប់ និងជនបរទេសដែលកំពុង ឬបានចូលសហរដ្ឋអាមេរិករួចហើយ ឬអ្នកដែលទទួលបានទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ឬទិដ្ឋាការអន្តោប្រវេសន៍រួចហើយនៅថ្ងៃដែលសេចក្ដីប្រកាសនេះចូលជាធរមាន នឹងមិនរាប់បញ្ចូលក្នុងសេចក្ដីប្រកាសនេះទេ។
សេចក្ដីប្រកាសរបស់ប្រធានាធិបតីស្តីអំពីជំងឺកូរ៉ូណាថ្មី៖
ជនបរទេសណាដែលធ្លាប់មានវត្តមាននៅក្នុងបណ្តាប្រទេសទាំងអស់ខាងក្រោមនេះអំឡុងពេល១៤ថ្ងៃមុនចូលឬមានបំណងចូលសហរដ្ឋអាមេរិកត្រូវបានហាមឃាត់ ដោយយោងទៅតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ៩៩៨៤ លេខ៩៩៩២ លេខ៩៩៩៣ លេខ៩៩៩៦ និងលេខ១០០៤១ ដែលបានធ្វើឡើងនៅថ្ងៃទី២៥ខែមករា។ ប្រទេសទាំងអស់នោះរួមមាន៖
– ប្រទេសអាហ្រ្វិចខាងត្បូង
– ប្រទេសប្រេស៊ីល
– ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ដោយមិនរាប់បញ្ចូលទឹកដីក្រោមចក្រភពដែលនៅខាងក្រៅទ្វីបអឺរ៉ុប។
– សាធារណរដ្ឋអៀរឡង់
– ប្រទេសទាំង២៦នៅក្នុងតំបន់ Schengen រួមមានប្រទេសអូទ្រីស ប្រទេសប៊ែលស៊ិក សាធារណរដ្ឋឆែក ប្រទេសដាណឺម៉ាក ប្រទេសអេស្តូនី ប្រទេសហ្វាំងឡង់ ប្រទេសបារាំង ប្រទេសអាឡឺម៉ង់ ប្រទេសក្រិច ប្រទេសហុងគ្រី ប្រទេសអ៊ីស្លង់ ប្រទេសអ៊ីតាលី ប្រទេសឡេតូនី ប្រទេសលិចតិនស្តាញ ប្រទេសលីទុយអានី ប្រទេសលុចសំបួ ប្រទេសម៉ាល់ត៍ ប្រទេសហូឡង់ ប្រទេសណរវែស៍ ប្រទេសប៉ូឡូញ ប្រទេសប៉ទុយហ្គាល់ ប្រទេសស្លូវាគី ប្រទេសស្លូវានី ប្រទេសអេស្បាញ ប្រទេសស៊ុយអ៉ែត និងប្រទេសស្វីស
– សាធារណរដ្ឋឥស្លាមិកអ៊ីរ៉ង់
– សាធារណរដ្ឋប្រជាមានិតចិន ដោយមិនរាប់បញ្ចូលរដ្ឋបាលពិសេសនៃហុងកុង និងម៉ាកាវ។
មានករណីលើកលែងមួយចំនួន ដូចជាសម្រាប់អ្នកមានសិទ្ធរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិក និងសមាជិកគ្រួសារមួយចំនួនរបស់ពលរដ្ឋ អាមេរិកព្រមជាមួយនឹងការលើកលែងដទៃទៀតដែលមានចែងនៅក្នុងសេចក្ដីប្រកាសទាំងនោះ។ ប្រសិនបើអ្នករស់នៅ ធ្លាប់បានធ្វើដំណើរទៅប្រទេសដូចមានរាយនាមខាងលើកាលពីពេលថ្មីៗកន្លងមក ឬមានបំណងធ្វើដំណើរទៅប្រទេសដូចមានរាយនាមខាងលើនេះមុនធ្វើដំណើរទៅអាមេរិក យើងខ្ញុំសូមផ្តល់យោបល់ឲ្យលាកអ្នកពន្យារថ្ងៃសម្ភាសន៍ ដោយត្រូវរង់ចាំរហូតដល់រយៈពេល១៤ថ្ងៃក្រោយពីថ្ងៃដែលអ្នកចាកចេញពីប្រទេសដែលហាមប្រាមខាងលើជាមុនសិន។ ម្យ៉ាងទៀត ប្រសិនបើអ្នកមានអាការៈដូចជាមានជំងឺផ្តាសាយ ឬជឿថាអ្នកបានប៉ះពាល់ជាមួយនឹងមេរោគកូរ៉ូណាថ្មី យើងខ្ញុំសូមផ្តល់យោបល់ឲ្យអ្នកពន្យារថ្ងៃសម្ភាសន៍ ដោយត្រូវរង់ចាំយ៉ាងហោចណាស់រហូតដល់រយៈពេល១៤ថ្ងៃទៅមុខទៀត។
ការលុបចោលសេចក្តីប្រកាសរបស់ប្រធានាធិបតីលេខ ៩៦៤៥ និង ៩៩៨៣
នៅថ្ងៃទី ២០ ខែមករាឆ្នាំ ២០២១ លោកប្រធានាធិបតី Biden បានចុះហត្ថលេខាលើសេចក្តីប្រកាសរបស់ប្រធានាធិបតីដែលមានចំណងជើងថា“ការបញ្ចប់បម្រាមប្រកាន់ពូជសាសន៍នៃការចូលទៅកាន់សហរដ្ឋអាមេរិក“។ សេចក្តីប្រកាសនេះបញ្ចប់ការរឹតត្បិតការធ្វើដំណើរក្រោមសេចក្តីប្រកាសរបស់ប្រធានាធិបតីលេខ ៩៦៤៥ និង ៩៩៨៣ ដែលបានផ្អាកការចូលទៅកាន់សហរដ្ឋអាមេរិកដោយផ្អែកលើប្រភេទទិដ្ឋការនៃជនជាតិជាក់លាក់មួយចំនួនពីប្រទេស Burma, Eritrea, Iran, Kyrgyzstan, Libya, Nigeria, North Korea, Somalia, Sudan, Syria, Tanzania, Venezuela, និង Yemen។ សូមចុចត្រង់នេះ here សម្រាប់ព័ត៌មានបន្ថែម។