សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥
សូមជំរាបសួ ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួនណារុន បណ្ឌិត Stephen Fram បណ្ឌិត ចាន់ រ័ត្ន និងសមាជិកនៃសមាគមអ្នកគណិតវិទ្យាកម្ពុជា លោក Allen Tan អស់លោក លោកស្រី
ខ្ញុំមានសេចក្តីរីករាយដែលមានវត្តមាននៅរសៀលនេះ ដើម្បីចូលរួមស្តាប់បទបង្ហាញពិសេសនេះរបស់បណ្ឌិត Stephen Wolfram ដែល ដូចលោកអ្នកទាំងអស់ដឹងហើយ ស្ថិតក្នុងចំណោមមនុស្ស ដែលមានការគិតតាមបែបថ្មីនិងប្រកបដោយភាពច្នៃប្រឌិតបំផុត និងកំពុងធ្វើការនៅសហរដ្ឋអាមេរិក នាពេលនេះ។ ចំណាប់អារម្មណ៍របស់បណ្ឌិត Wolfram មានលើប្រធានបទជាច្រើន រាប់ពីរូបវិទ្យាដល់ការធ្វើកម្មវិធីកុំព្យូទ័រ និងការសរសេរ ហើយខ្ញុំចង់ស្តាប់គាត់ជាខ្លាំង នៅថ្ងៃនេះ។
នៅក្នុងពេលប៉ុន្មានថ្ងៃនេះ ខ្ញុំបានស្តាប់បទបង្ហាញរបស់បណ្ឌិត Wolfram តាម YouTube ។ ក្នុងនាមជាអ្នកសេដ្ឋកិច្ចម្នាក់ ខ្ញុំគិតថា វិទ្យាសាស្រ្ត បច្ចេកទេស និងការដាក់បញ្ចូលរបៀបថ្មី (Innovation) មានសារៈសំខាន់ ណាស់ដល់សេដ្ឋកិច្ចអាមេរិក។
ក្រុមហ៊ុនរបស់បណ្ឌិត Wolfram ដែលមានឈ្មោះថា Wolfram Research និងមានមូលដ្ឋាននៅរដ្ឋ Illinois គឺជាគំរូដ៏ប្រពៃមួយនៃចំណុចខ្លាំងមួយក្នុងចំណោមចំណុចខ្លាំងទាំងឡាយនៃសេដ្ឋកិច្ចអាមេរិក ពោលគឺវិស័យវិទ្យាសាស្រ្ត និងសេដ្ឋកិច្ចរបស់យើង។
បណ្ឌិត Wolfram និងសហការីរបស់លោកកំពុងបោះជំហានយ៉ាងធំក្នុងផ្នែកព័ត៌មានវិទ្យា ដែលកំពុងជំរុញកំណែលំអក្នុងផ្នែកថែទាំសុខភាព កម្មន្តសាល ការការពារបរិស្ថាន និងផ្នែកដទៃជាច្រើនទៀត។
នៅក្នុងមុខតំណែងរបស់ខ្ញុំកន្លងមកដែលទទួលខុសត្រូវលើផ្នែកគោលនយោបាយសេដ្ឋកិច្ចរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក គណប្រតិភូ ដែលមកធ្វើទស្សនកិច្ចធ្លាប់សួរយើងអំពីសារៈសំខាន់ នៃការបញ្ចូលរបៀបថ្មី តាមគំនិតច្នៃប្រឌិត នៅក្នុងសេដ្ឋកិច្ចអាមេរិក។ នៅពេលនោះ គេសួរខ្ញុំពីវិធីបង្កើត Silicon Valley នៅក្នុងប្រទេសរបស់គេបានយ៉ាងដូចម្តេច?
ចំលើយរបស់យើងគឺថា កត្តាមួយៗដែលចាំបាច់សំរាប់ធ្វើអោយសេដ្ឋកិច្ចមានលក្ខណៈបែបជឿនលឿនគឺខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ តែនៅសហរដ្ឋអាមេរិក មានកត្តាគន្លឹះចំនួនពីរ គឺការធ្វើការជ្រើសរើសបានល្អលើគោលនយោបាយសាធារណៈ និងការបណ្តុះវប្បធម៌ដែលអនុញ្ញាតអោយគំនិតថ្មីៗរីកដុះដាល។
ស្តីពីគោលនយោបាយសាធារណៈ ការគាំទ្ររបស់រដ្ឋាភិបាលចំពោះការអប់រំ ពិសេសការអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា ហើយនិងការស្រាវជ្រាវជាមូលដ្ឋាន មានសារៈសំខាន់ចាំបាច់ ។ អ្វីដែលមានសារៈសំខាន់ដូចគ្នានេះផងដែរគឺក្របខ័ណ្ឌច្បាប់រឹងមាំមួយសំរាប់ការដាក់បញ្ចូលរបៀបថ្មី ដែលក្នុងនោះ រួមមានការការពារចំពោះការក្ស័យធន ច្បាប់ការពារកម្មសិទ្ធិបញ្ញា និងរបបវិនិយោគ និងពាណិជ្ជកម្មបើកចំហ វិស័យហិរញ្ញវត្ថុមួយដែលធ្វើអោយសហគ្រិនក្នុងដំណាក់កាលដំបូងៗអាចទទួលបានទុន។
កត្តាសំខាន់មួយទៀតគឺលក្ខណៈបែបវិមជ្ឈការនៃប្រព័ន្ធនយោបាយ អប់រំ និងប្រព័ន្ធសេដ្ឋកិច្ចរបស់អាមេរិក ដែលបានលើកទឹកចិត្តដល់ការធ្វើជាដៃគូគ្នារវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីដំណើរការគំរោងតាមគំនិតជឿនលឿនថ្មី នៅទូទាំងសហរដ្ឋអាមេរិក។ ទាំងនេះត្រូវបានគេហៅថា ចង្កោមបច្ចេកទេស (Technology clusters) ដែលមានសារៈសំខាន់ជាខ្លាំងក្នុងការជំរុញកំណើនលូតលាស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផ្នែកបច្ចេកទេស។
តែកត្តាវប្បធម៌ក៏មានសារៈសំខាន់ផងដែរ។ សហរដ្ឋអាមេរិកមានឈ្មោះល្បីចំពោះការមានស្មារតីនៃភាពជាសហគ្រិន ដែលមិនត្រឹមតែអោយតំលៃលើការហ៊ានធ្វើការប្រថុយតែប៉ុណ្ណោះទេ តែក៏មើលឃើញផងដែរថា បរាជ័យក្នុងពេលដំបូងៗច្រើនតែនាំអោយមានជោគជ័យ នៅពេលក្រោយមក។
ចំណុចមួយដែលគួរអោយរំភើបស្តីពីប្រទេសកម្ពុជានៅពេលសព្វថ្ងៃគឺសញ្ញាច្បាស់ថា វប្បធម៌សហការគ្នានៃការបញ្ចូលរបៀបថ្មីកំពុងចាប់ផ្តើមចាក់ឬសហើយ ដោយប្រមូលផ្តុំគំនិតច្នៃប្រឌិតនៃប្រជាជនកម្ពុជាដែលមានមធ្យោបាយបច្ចេកទេសដែលអាចជួយដល់កំណើនលូតលាស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេស។
កំណែទំរង់ក្នុងវិស័យអប់រំក៏កំពុងដំណើរការផងដែរ ដែលនឹងលើកកំពស់គុណភាពនៃការសិក្សាផ្នែកវិទ្យាសាស្រ្តនិងបច្ចេកទេស ហើយបង្កើនចំនួននិស្សិតដែលសិក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា។ ដូច្នេះ ថ្វីបើយើងមិនទាន់ឃើញវានៅឡើយ តែក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់នេះអាចជារយៈពេលមានការប្រើបច្ចេកទេសថ្មីៗច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកមានមោទនភាពក្នុងការមានចំណែកមួយនៅក្នុងសង្គមកម្ពុជាថ្មីដែលមានការបញ្ចូលរបៀបថ្មីច្រើន។ កាលពីឆ្នាំទៅ យើងគឺជាអ្នកធ្វើការឧបត្ថម្ភដំបូងគេចំពោះបុណ្យវិស្វកម្មនិងវិទ្យាសាស្រ្តដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយលោក Allen Tan ហើយនៅឆ្នាំនេះ យើងនឹងជួយម្តងទៀតចំពោះបុណ្យនេះ។ ខ្ញុំសង្ឃឹមថា លោកអ្នកទាំងអស់នឹងចូលរួម។
គំរោងជំនួយមួយក្នុងចំណោមគំរោងជំនួយដ៏គួរអោយចាប់អារម្មណ៍បំផុតរបស់យើង ដែលមានឈ្មោះថា “ការបញ្ចូលរបៀបថ្មីក្នុងការអភិវឌ្ឍន៍” (Development Innovations) កំពុងនាំមនុស្សអោយរកឃើញ ធ្វើការសាកល្បង និងកំណត់លំដាប់នៃបច្ចេកទេសជាក់ស្តែង ដែលកែលំអគុណភាពនៃជីវិតរស់នៅ នៅប្រទេសកម្ពុជា។ដោយសារកម្មវិធីផ្តល់អាហារូបករណ៍ និងសេវាផ្តល់ការណែនាំស្តីពីការសិក្សាអប់រំរបស់យើង ពេលនេះ មានសិស្ស និស្សិតកម្ពុជាច្រើនជាងពេលណាៗទាំងអស់កំពុងសិក្សានៅតាមសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក ដែលមានកម្មវិធីសិក្សាល្អៗផ្នែកវិទ្យាសាស្រ្ត និងវិស្វកម្ម។
តាមរយៈការវិនិយោគទៅលើផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា យើងកំពុងតែធ្វើការវិនិយោគប្រកបដោយភាពឆ្លាតវៃទៅលើអនាគតនៃប្រទេសកម្ពុជា។ យើងសង្ឃឹមថា លោកអ្នកទាំងអស់នៅទីនេះ នឹងកំណត់យកវិទ្យាសាស្រ្ត និងបច្ចេកទេសធ្វើជាមធ្យោបាយមួយដើម្បីកែលំអខ្លួនលោកអ្នក និងសហគមន៍របស់លោកអ្នក។
សក្តានុពលនៃយុវជនកម្ពុជាគ្មានព្រំដែនទេ ហើយខ្ញុំរីករាយចំពោះអ្វីដែលលោកអ្នកទាំងអស់គ្នាអាចសំរេចបាននៅក្នុងឆ្នាំខាងមុខៗ។
សូមអរគុណច្រើនចំពោះការអញ្ជើញមក និងសូមរីករាយនឹងបទបង្ហាញ។