រដ្ឋាភិបាលកម្ពុជាមិនគោរពបានពេញលេញតាមបទដ្ឋានអប្បបរិមា សំរាប់ការបំបាត់ការជួញដូរទេ ។ ទោះជាយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកំពុងតែខិតខំច្រើនគួរអោយកត់សំគាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរនេះ ។ ពេលនេះ ប្រទេសកម្ពុជាត្រូវបានដាក់ចូលក្នុងលំដាប់ទី ២ ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ ២០០៤ មកដោយសាររដ្ឋាភិបាលបានបង្កើនការចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្នុងឆ្នាំកន្លងទៅនេះ ។ រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសថ្នាក់ជាតិប្រឆាំងការជួញដូរ ដើម្បីកែលំអការឆ្លើយតបជាអន្ដរទីភ្នាក់ងារទៅនឹងការជួញដូរមនុស្ស និងកែលំអការសំរបសំរួលជាមួយសង្គមស៊ីវិល បង្កើនសកម្មភាពអនុវត្ដច្បាប់ប្រឆាំងនឹងជនធ្វើការជួញដូរ និងមន្ដ្រីឃុបឃិត ហើយនិងធ្វើសកម្មភាពការពារ ។ ក្នុងខែកុម្ភៈ ឆ្នាំ ២០០៨ ច្បាប់ថ្មីរបស់ប្រទេសកម្ពុជា ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មកេងប្រវ័ញ្ចផ្លូវភេទ ត្រូវបានប្រកាសអោយប្រើ និងចូលជាធរមានភ្លាមៗ ។ ច្បាប់នេះផ្ដល់អោយសមត្ថកិច្ចនូវអំណាចធ្វើការ ស៊ើបអង្កេតគ្រប់ទំរង់ទាំងអស់នៃការជួញដូរ ហើយជាមធ្យោបានខ្លាំងមួយក្នុងការខិតខំដើម្បីនាំយកមកកាត់ ទោស និងដាក់ទោសអោយធ្ងន់ធ្ងរដល់អ្នកដែលប្រព្រឹត្ដការជួញដូរមនុស្ស ។ មន្ដ្រីរដ្ឋាភិបាលជាន់ខ្ពស់បាន ប្រកាសជាសាធារណៈនូវគោលនយោបាយ “គ្មានការអត់ឱន” ចំពោះមន្ដ្រីដែលទទួលផលប្រយោជន៍ ឬឃុប ឃិតក្នុងការជួញដូរមនុស្ស ។
អនុសាសន៍សំរាប់ប្រទេសកម្ពុជាៈ បន្ដអនុវត្ដច្បាប់គ្រប់ជ្រុងជ្រោយ ប្រឆាំងនឹងការជួញដូរមនុស្ស បង្រៀន មន្ដ្រីអនុវត្ដច្បាប់ និងមន្ដ្រីរដ្ឋាភិបាលស្ដីពីច្បាប់ថ្មី បង្កើនអោយបានច្រើននូវការនាំខ្លួនមកកាត់ទោស ដាក់ទោសនិងទណ្ទកម្មដល់ជនប្រព្រឹត្ដការជួញដូរ ពិសេសនៅតាមតំបន់ក្រៅរដ្ឋធានី ប្រឹងប្រែងច្រើនថែមទៀត ក្នុងការនាំយកមកកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្មព្រហ្មទណ្ឌលើមន្ដ្រីពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ដាក់អោយទីភ្នាក់ងារជ្រើសរើសកម្មករទទួលខុសត្រូវតាមបទព្រហ្មទណ្ឌ ក្នុងការជ្រើសរើសកម្មករដោយបោកបញ្ឆោត បន្ដលើកកំពស់កិច្ចសហប្រតិបត្ដិការអន្ដរទីភ្នាក់ងារ និងកិច្ចសហការជាមួយសង្គមស៊ីវិល បង្កើតសូចនាករច្បាស់លាស់សំរាប់ក្រុមការងារថ្នាក់ខេត្ដ នៅក្រោមក្រុមការងារពិសេសថ្នាក់ជាតិ និងបង្កើនការខិតខំដើម្បីនាំយកមកកាត់ទោសអ្នកទេសចរផ្លូវភេទ និងអ្នកដែលបានជួយសំរួលដល់ការធ្វើអាជីវកម្មផ្លូវភេទ លើកុមារ ។
ការនាំខ្លួនយកមកកាត់ទោស
រដ្ឋាភិបាលកម្ពុជាបន្ដអនុវត្ដច្បាប់ប្រឆាំងការជួញដូរមនុស្សរបស់ខ្លួន ក្នុងឆ្នាំកន្លងទៅនេះ ។ ក្នុងខែ កុម្ភៈ ឆ្នាំ ២០០៨ ច្បាប់ថ្មីរបស់ប្រទេសកម្ពុជាស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មកេង ប្រវ័ញ្ចផ្លូវភេទ ត្រូវបានប្រកាស និងបានចូលជាធរមាន ។ ច្បាប់ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនេះ ដាក់ ទោសព្រហ្មទណ្ឌដល់គ្រប់ទំរង់ទាំងអស់នៃការជួញដូរមនុស្ស រួមទាំងទាសភាពបំណុល ចែងពីការដាក់ទោស ចំពោះបទល្មើស ដែលមានភាពម៉ឺងម៉ាត់គ្រប់គ្រាន់ និងស្របតាមទោសសំរាប់បទឧក្រិដ្ឋធ្ងន់ធ្ងរដទៃទៀត ដូច ជាការរំលោភសេពសន្ទវៈ ។ ដោយសារកង្វះខាតធនធាន រដ្ឋាភិបាលមិនបានផ្ដល់ស្ថិតិដែលគួរអោយយកជា ការបានស្ដីពីការនាំខ្លួនយកមកកាត់ទោស ។ ក្រសួងមហាផ្ទៃបានរាយការណ៍ពីការទទួលបានពាក្យបណ្ដឹង ទាក់ទងនឹងករណីជួញដូរមនុស្សចំនួន ៥៣ ករណី ពីខែមេសា ឆ្នាំ ២០០៧ ដល់ខែមិនា ឆ្នាំ ២០០៨ ។ ៣៥ ករណីជាករណីជួញដូរផ្លូវភេទ ដោយមានជនរងគ្រោះចំនួន ៦០ នាក់ និង ១១ ករណីជាករណីជួញដូរដើម្បី បង្ខំអោយធ្វើពលកម្ម ដោយមានជនរងគ្រោះចំនួន ១០៦ នាក់ ។ នគរបាលកម្ពុជាបានចាត់ការលើករណីចំនួន ៤៣ ។ ក្រសួងមហាផ្ទៃបានរាយការណ៍ថា ជនប្រព្រឹត្ដការជួញដូរចំនួន ៦៥ នាក់ត្រូវបានចាប់ខ្លួន ក្នុងរយៈ ពេលនៃរបាយការណ៍នេះ ។ តុលាការក្រុងភ្នំពេញបានធ្វើការជំនុំជំរះទោសជនប្រព្រឹត្ដការជួញដូរចំនួន ៥២ នាក់ ។ នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរបស់ក្រសួងមហាផ្ទៃបានរាយ ការណ៍ករណីចំនួន ៥២ ដែលមានការពាក់ព័ន្ធនឹងជនប្រព្រឹត្ដការជួញដូរមនុស្សចំនួន ៦៥ នាក់ ដែលនាំដល់ ការដាក់ទោសចំនួន ៨ ករណី ។ អង្គការមិនមែនរដ្ឋាភិបាលបានរាយការណ៍ពីករណីជួញដូរមនុស្សដើម្បីបង្ខំ អោយធ្វើពលកម្មចំនួន ១៩ ករណី ដែលពាក់ព័ន្ធនឹងអ្នកធ្វើចំណាកស្រុកស្របច្បាប់ ដែលធ្លាក់ខ្លួនក្នុងស្ថាន ភាពទាសភាពដោយការបង្ខំ នៅប្រទេសម៉ាឡេស៊ី តែក្រុមហ៊ុនជ្រើសរើសកម្មករនៅប្រទេសកម្ពុជា តាម ធម្មតា បង់លុយសង ហើយមិនត្រូវបានកាត់ទោសចំពោះបទល្មើសព្រហ្មទណ្ឌទេ ។ គេមិនឃើញមានភ្នាក់ងារជ្រើសរើសមនុស្សធ្វើការត្រូវបានដាក់អោយទទួលខុសត្រូវចំពោះការជួញដូរអ្នកធ្វើការអន្ដោប្រវេសន៍ ឬ ត្រូវបានកាត់ទោសទេ ។ នៅខែកុម្ភៈ ឆ្នាំ ២០០៨ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាអោយក្រសួងពាណិជ្ជកម្មលុបអាជ្ញាប័ណ្ណរកស៊ីរបស់ក្រុមហ៊ុនទទួលរៀបចំអាពាហ៍ពិពាហ៍ ហើយបានហៅការរកស៊ីបែបនេះថាជាទំរង់មួយនៃការជួញដូរមនុស្ស ។
អំពើពុករលួយមានជាទូទៅនៅប្រទេសកម្ពុជា ហើយជាទូទៅ គេជឿថា បុគ្គលខ្លះ រួមទាំងមន្ដ្រីប៉ូ លីស និងមន្ដ្រីតុលាការផង មានការពាក់ព័ន្ធក្នុងការជួញដូរមនុស្ស ។ ក្នុងកាយវិការដ៏សំខាន់មួយ ដែលជា សញ្ញាប្រាប់អោយដឹងថា មន្ដ្រីរដ្ឋាភិបាលជាន់ខ្ពស់នឹងមិនអត់ឱនអោយអំពើពុករលួយទេនោះ ការស៊ើបអង្កេត ករណីផ្ទះបនឆាយហួរ ២ បាននាំដល់ការដកតំណែងប្រធានសាលាឧទ្ធរណ៍ ចំពោះអំពើពុករលួយទាក់ទងនឹង ការជួញដូរមនុស្ស ។ ការស៊ើបអង្កេតដូចគ្នានេះនាំអោយចៅក្រមបីនាក់និងព្រះរាជអាជ្ញារងម្នាក់ទៀតនៃ សាលាឧទ្ធរណ៍ទទួលលិខិតព្រមានជាផ្លូវការ ។ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនរបស់ក្រសួងមហាផ្ទៃបានផ្ទេរតាមលក្ខណៈរដ្ឋបាលនូវមន្ដ្រីនរគបាល ២ នាក់ ដែលត្រូវបាន កាត់ទោសអោយជាប់ពន្ធនាគារចំនួន ៧ ឆ្នាំកាលពីឆ្នាំ ២០០៦ ដោយតុលាការក្រុងភ្នំពេញ ចំពោះអំពើពុក រលួយទាក់ទងនឹងការជួញដូរមនុស្ស ។ ថ្វីបើការខិតខំប្រឆាំងនឹងអំពើពុករលួយទាំងនេះគួរអោយសរសើរក្ដី តែមន្ដ្រី ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សត្រូវទទួលទោសអោយជាប់ពន្ធនាគារ មិនមែនគ្រាន់តែការដាក់ ទោសជាលក្ខណៈរដ្ឋបាលនោះទេ ។
ការការពារ (Protection)
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការខិតខំរបស់ខ្លួន ដើម្បីផ្ដល់ការការពារដល់ជនរងគ្រោះដោយការ ជួញដូរមនុស្ស ដោយទន្ទឹមនឹងនោះ បន្ដពឹងផ្អែកលើអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្ដរជាតិ ។ ជនរង គ្រោះមិនត្រូវបានប្រព្រឹត្ដទៅលើដូចជាជនល្មើស ឬត្រូវបានដាក់ទោសចំពោះអំពើដែលបានប្រព្រឹត្ដជា លទ្ធផលនៃការរងការជួញដូរនោះទេ ។ មន្ដ្រីអនុវត្ដច្បាប់ និងមន្ដ្រីអន្ដោប្រវេសន៍បានអនុវត្ដនិតិវិធីត្រឹមត្រូវក្នុងការកំណត់ជនរងគ្រោះ ក្នុងចំណោមក្រុមងាយរងគ្រោះ ហើយបញ្ជូនគេទៅមន្ទីរសង្គមកិច្ចខេត្ដ និង ក្រុង ។ ជនរងគ្រោះជាជនជាតិបរទេសត្រូវបានផ្ដល់កន្លែងស្នាក់នៅ នៅកន្លែងជំរកដែលផ្ដល់សេវាប្រឹក្សា អប់រំ និងសេវាច្បាប់ ក្នុងពេលរង់ចាំការបញ្ជូនត្រឡប់ទៅប្រទេសរបស់គេវិញ ។ តែមានកន្លែងជំរកដែលអាចផ្ដល់សេវាពេញលេញដល់ជនរងគ្រោះជាជនបរទេស មិនច្រើនទេ ដោយសារមានបញ្ហាផ្នែកភាសា ។ ប៉ូលីសលើកទឹកចិត្ដអោយជនរងគ្រោះចូលរួមក្នុងការស៊ើបអង្កេត និងកាត់ទោសជនប្រព្រឹត្ដការជួញដូរ តែការភ័យខ្លាចការសងសឹកពីជនល្មើសនៅតែជាឧបសគ្គ សំរាប់អោយពួកគេឡើងឆ្លើយបំភ្លឺ ។ ជនរងគ្រោះអាចដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណី ហើយប្ដឹងទៅលើជនប្រព្រឹត្ដការជួញដូរមនុស្ស ។ ជាញឹកញាប់ជនប្រព្រឹត្ដការជួញដូរប៉ុនប៉ងបង់លុយអោយជនរងគ្រោះ ឬគ្រួសាររបស់ជនរងគ្រោះ ដើម្បីអោយឈប់ធ្វើសហប្រតិបត្ដិការជាមួយសមត្ថកិច្ច ឬអង្គការមិនមែនរដ្ឋាភិបាល ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារ បានបន្ដផ្ដល់បុគ្គលិកដល់មជ្ឈមណ្ឌលទទួលស្នាក់នៅបណ្ដោះអាសន្ន ដែលដំណើរការដោយអង្គការ IOM នៅ ប៉ោយប៉ែត ។ មជ្ឈមណ្ឌលនេះធ្វើការវាយតំលៃដំបូងៗ ស្វែងរកគ្រួសារ និងផ្ដល់ជំនួយទាក់ទងនឹងការទៅរស់ នៅក្នុងសង្គមគ្រួសារវិញ សំរាប់ជនរងគ្រោះដែលធ្វើមាតុភូមិនិវត្ដន៍ពីប្រទេសថៃ ។ ក្នុងឆ្នាំ ២០០៧ ជនរង គ្រោះចំនួន ១៦០នាក់ ដែលត្រូវបានគេជួញដូរទៅប្រទេសថៃ ត្រូវបានរកឃើញដោយអង្គការ IOM ក្រសួង សង្គមកិច្ច និងអង្គការមិនមែនរដ្ឋាភិបាល ហើយត្រូវបានបញ្ជូនមកកាន់មជ្ឈមណ្ឌលបណ្ដោះអាសន្ននេះ ។ ក្រសួងសង្គមកិច្ចបានរាយកាណ៍ថា ជនរងគ្រោះដោយការជួញដូរផ្លូវភេទចំនួន ១៨៨ នាក់ ត្រូវបានបញ្ជូន អោយក្រសួងដោយប៉ូលីសមូលដ្ឋាន ហើយក្រសួងមហាផ្ទៃបានរាយការណ៍ថា ជនរងគ្រោះ ចំនួន ១៥៨ នាក់ ត្រូវបានជួយសង្គ្រោះ ក្នុងឆ្នាំ ២០០៧ ។ នៅ ខែធ្នូ ឆ្នាំ ២០០៧ ក្រុមប្រឹក្សាកំណែទំរង់ច្បាប់ និងតុលាការបាន បោះពុម្ពសៀវភៅបញ្ជីសេវា ស្ដីពីសេវាផ្ដល់ជំនួយផ្លូវច្បាប់ សំរាប់សេវាផ្នែកច្បាប់ និងសង្គមកិច្ចផ្សេងៗទៀត ហើយនិងសេវាទាក់ទងនឹងការជួញដូរមនុស្ស ដោយឡែកៗពីគ្នាសំរាប់ខេត្ដនីមួយៗ ។
ការបង្ការ (Prevention)
រាជរដ្ឋាភិបាលកម្ពុជាបានសំដែងអោយឃើញនូវការខិតខំច្បាស់លាស់ក្នុងការការពារកុំអោយមានការជួញដូរ មនុស្ស ។ នៅខែមេសា ឆ្នាំ ២០០៧ រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសថ្នាក់ជាតិមួយ (NTF) ដែល មានការចូលរួមរបស់ក្រសួងចំនួន ១១ ទីភ្នាក់ងាររដ្ឋាភិបាលចំនួន ៣ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និង អន្ដរជាតិចំនួនជាង ២០០ ។ NTF គឺជាយន្ដការត្រួតមើលពីលើ ដែលត្រូវបានគេស្គាល់ថាជា” ក្រុមការងារ ជាន់ខ្ពស់” ដែលមានឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃជាប្រធាន ។ គំនិតផ្ដួចផ្ដើមនេះរាប់ថា ជាលើកដំបូងហើយដែលរដ្ឋាភិបាលបានធ្វើការសំរបសំរួលការងារប្រឆាំងនឹងការជួញដូរមនុស្ស រវាងបណ្ដា ក្រសួង និងទីភ្នាក់ងារ ហើយបញ្ចូលជាផ្លូវការនូវការចូលរួមរបស់សង្គមស៊ីវិលផងដែរ ។ កាលពីខែកញ្ញា ថ្នាក់ ក្រុង និងខេត្ដបានចាប់ផ្ដើមបង្កើតក្រុមការងាររបស់គេប្រឆាំងនឹងការជួញដូរមនុស្ស ដែលដឹកនាំដោយអភិបាល និងអភិបាលរងខេត្ដ ។ ក្រុមការងារថ្នាក់ខេត្ដត្រូវរាយការណ៍ពីសកម្មភាពរបស់គេមកក្រុមការងារ ពិសេសថ្នាក់ជាតិ ២សប្ដាហ៍ម្តង ។ ដោយសហការជាមួយសង្គមស៊ីវិល ក្រុមការងារពិសេសថ្នាក់ជាតិ បានធ្វើយុទ្ធនាការប្រឆាំងនឹងការជួញដូរមនុស្សនៅទូទាំងប្រទេស ដោយបញ្ចូលសារល្អៗ ទាក់ទងនឹងគុណតំលៃ និងប្រពៃណីវប្បធម៌ខ្មែរ ដើម្បីបំផុសអោយជនជាតិខ្មែរធ្វើការប្រឆាំងនឹងការជួញដូរមនុស្ស ។ យុទ្ធនាការបានសង្កត់ធ្ងន់ថាការជួញដូរមនុស្សគឺជាអាទិភាពមួយរបស់ជាតិ ហើយបានផ្ដួចផ្ដើមអោយមានការពិភាក្សាស្ដីពីការជួញដូរមនុស្សនៅតាមវេទិការសាធារណៈ ក្នុងខេត្ដចំនួន៥នៅប្រទេសកម្ពុជា ។ អាជ្ញាធរ រដ្ឋាភិបាលបានចាប់ខ្លួនជនបរទេស ១២ នាក់ដែលត្រូវបានសង្ស័យថាធ្វើទេសចរណ៍ផ្លូវភេទលើកុមារ (ជន ជាតិអាមេរិក ២នាក់ អូទ្រីសម្នាក់ អាឡឺម៉ង់ ២ នាក់ អ៊ីតាលីម្នាក់ អង់គ្លេសម្នាក់ រុស្ស៊ី ២ នាក់ និងសឹង្ហបូរី ៣ នាក់) ហើយបានចោទប្រកាន់ពួកគេថាបានប្រព្រឹត្ដអំពើអនាចារ ។ ៨ នាក់ត្រូវបានដាក់ទោសអោយជាប់ ពន្ធនាគារពី ១០ ទៅ ២៨ ឆ្នាំ ។ ក្នុងខែតុលា នគរបាលក្រុងព្រះសីហនុបានចាប់ខ្លួនមហាសេដ្ឋីជនជាតិរុស្ស៊ី ម្នាក់ ពីបទចោទថាបានរំលោភផ្លូវភេទលើកុមារីមិនទាន់គ្រប់អាយុ ដែលត្រូវបានជួញដូរពីទីក្រុងភ្នំពេញ ។ នៅខែមិនា ឆ្នាំ ២០០៨ តុលាការក្រុងភ្នំពេញបានកាត់ទោសគាត់អោយជាប់ពន្ធនាគារចំនួន១៣ឆ្នាំ ។ រដ្ឋាភិ បាលកម្ពុជាបានបញ្ជូនចេញនូវជនជាតិអាមេរិកទៅកាន់សហរដ្ឋអាមេរិក ដើម្បីអោយទទួលការកាត់ទោស នៅសហរដ្ឋអាមេរិក ក្រោមច្បាប់ PROTECT Act របស់សហរដ្ឋអាមេរិក ។ ក្នុងការប្រឹងប្រែងផ្សេង ទៀតដើម្បីកាត់បន្ថយតំរូវការសកម្មភាពអាជីវកម្មផ្លូវភេទ ក្រសួងទេសចរណ៍បានសហការជាមួយអង្គការ មិនមែនរដ្ឋាភិបាលមួយ ដើម្បីបោះពុម្ពនិងចែកចាយកូនសៀវភៅព័ត៌មានសំរាប់អ្នកទេសចរ ដោយមានសេច ក្ដីព្រមានអោយដឹងពីទោសចំពោះការធ្វើទេសចរណ៍ផ្លូវភេទលើកុមារ ។ លើសពីនេះទៀត ក្រសួងទេសចរណ៍ បានធ្វើសិក្ខាសាលាមួយចំនួន សំរាប់ថៅកែនិងបុគ្គលិកផ្នែកឧស្សាហកម្មបដិសណ្ឋារកិច្ច ស្ដីពីវិធីកំណត់និងធ្វើអន្ដរាគមក្នុងករណីជួញដូរ និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារដោយទេសចរ ។ ក្រសួងទេសចរណ៍ថែមទាំងបានគាំទ្រកម្មវិធីសុវត្ថិភាពកុមារ ដែ់លកសាងបណ្ដាញដើម្បីការពារកុមារដែលប្រឈមនឹងគ្រោះថ្នាក់ នៅតាមកន្លែងទេសចរសំខាន់ៗ នៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ជាដើម ។