របាយការណ៍​ជួញដូរ​មនុស្ស​នៅកម្ពុជា ឆ្នាំ​២០១២

កម្ពុជា​​គឺជា​ប្រទេស​ប្រភព ប្រទេស​ឆ្លងកាត់ និង​ជា​ប្រទេស​គោលដៅ​សំរាប់​បុរស ស្រ្តី និង​កុមារ ដែល​រងគ្រោះ​ដោយ​ការ​បង្ខំ​អោយ​ធ្វើ​ពលកម្ម និង​ការ​ជួញដូរ​ផ្លូវ​ភេទ​។ ស្ដ្រី និង កុមារ​កម្ពុជា​ធ្វើ​បំលាស់​ទី​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ជា​ពិសេស​ប្រទេស​ថៃ​និង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​រក​ការងារ​ធ្វើ ហើយ​មាន​ច្រើន​នាក់​ត្រូវ​រងគ្រោះ​ដោយ​ការ​ជួញដូរ​ផ្លូវ​ភេទ ទាសភាព​នៅ​ផ្ទះ ទាសភាព​បំណុល​ដោះ​មិន​រួច ឬ​ស្ថានភាព​ត្រូវ​បាន​គេ​បង្ខំ​អោយ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​ក្នុង​ទូក​នេសាទ សំណង់ និង​កសិឧស្សាហកម្ម​។ ស្រ្តី​និង​កុមារ​វៀតណាម ដែល​មួយ​ចំនួន​ធំ​រងគ្រោះ​ដោយ​ទាសភាព​បំណុល (Debt bondage) ត្រូវ​បាន​គេ​នាំ​យក​មក​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​បង្ខំ​អោយ​បំរើ​ផ្លូវ​ភេទ​។ គំរោង​របស់​អន្តរ​ទីភ្នាក់ងារ​សហប្រជាជាតិ​ស្តីពី​ការ​ជួញដូរ​មនុស្ស​បាន​រាយការណ៍​ថា ជន​រងគ្រោះ​ខ្មែរ​ដោយ​ការ​ជួញដូរ​មនុស្ស​ចំនួន ១៤៩ នាក់​ត្រូវ​បាន​បញ្ជូន​មក​ពី​ប្រទេស​ថៃ ក្នុង​ឆ្នាំ ២០១១ ហើយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនិតិសម្បទារ (MOSAVY) បាន​រាយការណ៍​ថា បាន​ទទួល​ជន​រងគ្រោះ​ ដោយ​ការ​ជួញដូរ​មនុស្ស​ចំនួន ១០៦ នាក់ ពី​ប្រទេស​ថៃ​។ ក្នុង​ឆ្នាំ​របាយការណ៍​នេះ មាន​បុរស​កម្ពុជា​ចំនួន​ជាង ១០០ នាក់​ត្រូវ​បាន​បង្ខំ​អោយ​ធ្វើការ​ក្នុង​ទូក​នេសាទ​ដែល​ដោត​ទង់ជាតិ​ថៃ ត្រូវ​បាន​បញ្ជូន​មក​មាតុភូមិ​វិញ បន្ទាប់​ពី​បាន​គេច​ខ្លួន​រួច​ពី​ជន​ជួញដូរ​លើ​រូប​គេ ឬ​បន្ទាប់​ពី​ត្រូវ​បាន​សង្គ្រោះ​ក្នុង​អំឡុង​ពេល​ឆ្មក់​ចូល​របស់​ឥណ្តូនេស៊ី​។ បុរស​ទាំង​នោះ​បាន​និយាយ​ថា ខ្លួន​គេ​ត្រូវ​បាន​បោក​បញ្ឆោត​ ដោយ​ថៅកែ​ទូក​នេសាទ​ថៃ ទាក់ទង​នឹង​រយៈពេល​ត្រូវ​ធ្វើការ និង​ប្រាក់​ឈ្នួល​។ បុរស​កម្ពុជា​ខ្លះ​ថែម​ទាំង​បាន​ប្រាប់​ពី​ការ​ធ្វើ​បាប​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​មេការ​ថៃ​នៅ​លើ​ទូក ហើយ​ត្រូវ​បាន​បង្ខំ​អោយ​នៅ​លើ​ទូក​រហូត​ដល់​រយៈពេល ២ ឆ្នាំ​។

ការ​មិន​យល់​ពី​កាតព្វកិច្ច ការ​មិន​ចេះ​អាន​កិច្ច​ព្រមព្រៀង ឬ​គ្មាន​លុយ​បង់​ថ្លៃ​ក្រដាស​ស្នាម​ បាន​ធ្វើ​អោយ​អ្នក​​ធ្វើការ​ចំណាក​ស្រុក​​កម្ពុជា​ខ្លះ​ងាយ​រង​នឹង​ការ​បង្ខំ​អោយ​ធ្វើ​ពលកម្ម និង​បំណុល​ទាសភាព ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី​។ អ្នក​ធ្វើការ​ទាំង​នេះ​បាន​និយាយ​ពី​ការ​ដែល​ថៅកែ​ក្នុង​ប្រទេស​ដែល​គេ​ទៅ​ដល់​នោះ​ ដក​ហូត​សំណៅ​នៃ​កិច្ច​សន្យា​ការងារ ឬ​ដក​ហូត​លិខិត​ឆ្លង​ដែន​។ ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ត្រូវ​បាន​រាយការណ៍​មក​ថា បាន​កែ​អត្តសញ្ញាណប័ណ្ណ​ស្រប​ច្បាប់ និង​ឯកសារ​បញ្ជាក់​អាយុ ដើម្បី​អាច​ជ្រើសរើស​ពលករ​ជា​កុមារ​ ដោយ​ខុស​ច្បាប់​បាន​។ នៅ​ប្រទេស​កម្ពុជា ឪពុក​ម្តាយ​ពេល​ខ្លះ​លក់​កូន​អោយ​គេ​បង្ខំ​ធ្វើ​ពលកម្ម រួមទាំង​ការ​បំរើ​ដូច​ទាសករ​នៅ​តាម​ផ្ទះ ឬ​អោយ​ដើរ​សុំ​ទាន​តាម​ផ្លូវ នៅ​ប្រទេស​ថៃ​។ កុមារ​កម្ពុជា​ថែម​ទាំង​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ប្រទេស​វៀតណាម ដើម្បី​បង្ខំ​អោយ​ធ្វើ​ពលកម្ម​។ តំបន់​ពេស្យាចារ​ស្វាយប៉ាក នៅ​ក្រៅ​ក្រុង​ភ្នំពេញ ដែល​នៅ​ទី​នោះ មាន​ការ​ប្រកប​មុខរបរ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ នៅ​តែ​បន្ត​សកម្មភាព​ដដែល ទោះ​បី​ជា​នគរបាល​បាន​ខិតខំ​បិទ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​ក៏​ដោយ​។ យោង​តាម​អង្គការ​ពលកម្ម​ពិភពលោក មាន​កុមារ​ធ្វើ​ពលកម្ម​ក្នុង​ទំរង់​ធ្ងន់ធ្ងរ​បំផុត​ដទៃ​ទៀត ដែល​រួម​មាន​ការងារ​ផ្នែក​កសិកម្ម ការ​ធ្វើ​ឥដ្ឋ ក្បឿង ការ​ដើរ​លក់​តាម​ផ្លូវ និង​ការ​ដើរ​សុំ​ទាន​។ កុមារ​ទាំង​នេះ​ងាយ​រងគ្រោះ​នឹង​ការ​ជួញដូរ​មនុស្ស​ណាស់​។

នៅ​ក្នុង​ប្រទេស ស្រ្តី​និង​កុមារ​វៀតណាម និង​កម្ពុជា​ត្រូវ​បាន​គេ​ជួញដូរ​ពី​តំបន់​ជនបទ​មក​ក្រុង​ភ្នំពេញ សៀមរាប ប៉ោយប៉ែត កោះកុង និង ទីក្រុង​ព្រះសីហនុ ដើម្បី​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​។ ការ​លក់​កុមារី​ព្រហ្មចារី នៅ​តែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ប្រទេស​កម្ពុជា​។ បុរស​កម្ពុជា​គឺជា​ប្រភព​ធំ​បំផុត​នៃ​តំរូវការ​ពេស្យាចារ​កុមារ ថ្វី​បើ​មាន ចំនួន​ច្រើន​គួរសម​នៃ​បុរស​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ព្រមទាំង​ប្រទេស​អាស៊ី​ដទៃ​ទៀត មក​ប្រទេស​កម្ពុជា ជា​ទេសចរ​ផ្លូវ​ភេទ​លើ​កុមារ​ក្តី​។

រដ្ឋាភិបាល​​កម្ពុជា​មិន​គោរព​បាន​ពេញលេញ តាម​បទដ្ឋាន​អប្បបរិមា សំរាប់​ការ​បំបាត់​ការ​ជួញដូរ​មនុស្ស​ទេ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​រដ្ឋាភិបាល​កំពុង​តែ​ខិតខំ​ច្រើន​គួរ​អោយ​កត់​សំគាល់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​នេះ​។ រដ្ឋាភិបាល​បាន​បន្ត​ការ​ខិតខំ​ក្នុង​ការ​នាំ​ខ្លួន​មក​កាត់ទោស​នូវ​ករណី​អ្នក​ជួញដូរ​មនុស្ស ដោយ​បាន​ផ្តន្ទាទោស​ជន​ល្មើស​ជួញដូរ​ចំនួន ៦២ នាក់​ ក្នុង​ឆ្នាំ​នៃ​របាយការណ៍​។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ដែល​មាន​តែ ២០ នាក់ ដែល​ត្រូវ​បាន​ដាក់​ទោស​ កាលពី​ឆ្នាំ​នៃ​របាយការណ៍​កន្លង​ទៅ​។ រដ្ឋាភិបាល​មាន​ការ​ជឿនលឿន​បាន​គ្រាន់​បើ​ក្នុង​ការ​ប្រឈម​នឹង​ការ​ជួញដូរ​ពលករ​កម្ពុជា​ឆ្លងដែន ក្នុង​ពេល​ដែល​ខ្លួន​បាន​ធ្វើ​អោយ​មាន​ការ​ដាក់ទោស​លើ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​មាន​ច្បាប់​អនុញ្ញាត ដែល​បាន​ប្រព្រឹត្ត​ការ​ជួញដូរ និង​ការ​ជ្រើសរើស​ពលករ​ដោយ​ក្លែង​បន្លំ​។ នៅ​ខែ​តុលា ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត លើ​បំរាម​លើ​ការ​ជ្រើសរើស បង្រៀន និង​បញ្ជូន​ពលករ​បំរើ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​។ នៅ​ក្នុង​ឆ្នាំ​នៃ​របាយការណ៍​នេះ រដ្ឋាភិបាល​ថែម​ទាំង​បាន​ផ្តើម​ការ​ចរចា​លើ​អនុស្សារណៈ នៃ​ការ​យោគយល់​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដើម្បី​ការពារ​សិទ្ធិ​ របស់​ពលករ​ចំណាក​ស្រុក​កម្ពុជា នៅ​ប្រទេស​ម៉ាឡេស៊ី​។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ថែម​ទាំង​បាន​ចេញ​អនុក្រិត្យ ដើម្បី​គ្រប់គ្រង​លើ​ការ​ជ្រើសរើស និង​ការ​ប្រព្រឹត្ត​ទៅ​លើ​ពលករ​ចំណាក​ស្រុក​។ យ៉ាង​ណា​ក្តី ក្រិត្យ​នេះ​មាន​ចំណុច​ខ្សោយ​ធំ​ៗ ដូចជា​កង្វះ​ការ​បញ្ជាក់​អោយ​បាន​ច្បាស់​នូវ​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក ឬ​ការ​គ្រប់គ្រង​ថ្លៃ​ជ្រើសរើស​ដែល​ពលករ​ចំណាក​ស្រុក​ត្រូវ​បង់​អោយ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​បំរើ​តាម​ផ្ទះ ដែល​ជា​ការ​ធ្វើ​អោយ​ពលករ​ងាយ​រង​គ្រោះ​ដោយសារ​ទាសភាព​បំណុល និង​ការ​បង្ខំ​អោយ​ធ្វើ​ពលកម្ម​។ ក្រិត្យ​ថែម​ទាំង​មិន​បាន​កំណត់​បទដ្ឋាន​អប្បបរិមា​សំរាប់​គោល​ណែនាំ​សំរាប់​ការ​តាមដាន របស់​រដ្ឋាភិបាល​លើ​អ្នក​កំរ៉ៃ​ជើងសារ និង​អ្នក​ជ្រើសរើស​ពលករ ហើយ​និង​ការ​អនុវត្ត​លើ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​សកម្មភាព​ជ្រើសរើស​ពលករ​ដោយ​ខុស​ច្បាប់​។

អនុសាសន៍​សំរាប់​ប្រទេស​កម្ពុជា

រក្សា​ការ​ខិតខំ​ក្នុង​ការ​ស៊ើប​អង្កេត និង​នាំ​ខ្លួន​យក​មក​កាត់​ទោស​នូវ​ជន​ល្មើស​ក្នុង​ការ​ជួញដូរ ទាំង​អ្នក​ជួញ​ដូរ​ពលកម្ម ទាំង​អ្នក​ជួញ​ដូរ​ផ្លូវ​ភេទ កែ​លំអ​ការ​ខិតខំ​ក្នុង​ការ​ស៊ើប​អង្កេត​និង​កាត់ទោស​មន្ដ្រី​រដ្ឋាភិបាល ដែល​មាន​ការ​ពាក់ព័ន្ធ ក្នុង​ការ​ជួញដូរ​មនុស្ស ចេញ​វិធានការ​តឹងរឹង​ក្នុង​ការ​តាមដាន និង​អនុវត្ត​ដើម្បី​គ្រប់គ្រង​អោយ​បាន​ល្អ​នូវ​ការ​ជ្រើសរើស​ពលករ ការ​រក​ការងារ​អោយ និង​ការ​ការពារ​ពលករ​ចំណាក​ស្រុក​នៅ​បរទេស ដាក់​ទោស​ព្រហ្មទណ្ឌ​លើ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ក្នុង​ពេល​ជ្រើសរើស​ពលករ ដូចជា​ទាសភាព​បំណុល ការ​ឃុំ​ពលករ​ទុក​មួយ​កន្លែង​ក្នុង​អំឡុង​ពេល​រៀន​សូត្រ​មុន​ពេល​ចេញ​ដំណើរ ហើយ​និង​ការ​ជ្រើសរើស​ពលករ​អាយុ​ក្រោម ១៨ ឆ្នាំ​។ ធ្វើ​អោយ​អាជ្ញាធរ​អនុវត្ត​ច្បាប់ និង​អ្នក​ចេញ​គោលនយោបាយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​មាន​ច្រើន​ឡើង​នៃ​ការ​ជួញដូរ​បុរស​ពេញ​វ័យ ជា​ពិសេស​ក្នុង​ផ្នែក​នេសាទ ហើយ​ជួយ​បុរស​រង​គ្រោះ​អោយ​បាន​ច្រើន​នៅ​ក្នុង​ជំរក​ របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល កែប្រែ​អនុក្រិត្យ​លេខ ១៩០ ដែល​ទើប​តែ​ត្រូវ​បាន​អនុម័ត ស្តីពី​ពលករ​ចំណាក​ស្រុក ដោយ​បញ្ចូល​បញ្ញាតិ​ច្បាស់លាស់ ប្រកប​ដោយ​តំលាភាព និង​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ការពារ​ពលករ​ចំណាក​ស្រុក បង្កើន​ការ​ខិតខំ​ធ្វើ​អោយ​ដំណើរ​តុលាការ​មាន​ប្រសិទ្ធភាព​ច្រើន និង​គិត​គូរ​ពី​សេចក្តី​ត្រូវការ​និង​ផល​ប្រយោជន៍ របស់​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ បង្កើត​អោយ​មាន​ការ​បញ្ជាក់​ការ​ការពារ​សាក្សី ជា​ពិសេស​សំរាប់​ជន​រងគ្រោះ​ ដោយ​ការ​ជួញដូរ បង្កើន​ការ​ខិតខំ​ក្នុង​ការ​រក​មើល​ជនរងគ្រោះ ដោយសារ​ការ​ជួញដូរ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ ដូចជា​កុមារ និង​ពលករ​ចំណាក​ស្រុក កំណត់​ពិធីសារ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​នៃ​ជន​រងគ្រោះ​នៅ​ទូទាំង​ប្រទេស បង្កើន​ការ​បញ្ជូន​របស់​រដ្ឋាភិបាល​នូវ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​ទៅ​អោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដោយ​បន្ថែម​ការ​ឧបត្ថម្ភ និង​សេវា ដែល​រួម​មាន​ជំនួយ​ផ្លូវ​ច្បាប់ ការ​គាំទ្រ​ផ្នែក​ចិត្តសាស្រ្ត​សង្គម និង​កម្មវិធី​ធ្វើ​សមាហរណកម្ម​ឡើង​វិញ បង្កើន​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​គោលដៅ​ស្តីពី​ការ​ការពារ និង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ប្រកប​ដោយ​សុវត្ថិភាព នៃ​ពលករ​ចំណាក​ស្រុក ប្រកាន់​ខ្ជាប់​និង​អនុវត្ត​តាម​លក្ខខ័ណ្ឌ​នៃ​ផែនការ​សកម្មភាព​ជាតិ (​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣​) កែ​លំអ​សហប្រតិបត្តិការ និង​សំរបសំរួល​គ្នា​ជា​អន្តរ​ទីភ្នាក់ងារ​រវាង​នរគបាល មន្រ្តី​តុលាការ និង​បុគ្គលិក​ដទៃ​ទៀត​របស់​រដ្ឋ លើ​ករណី​ជួញដូរ និង​ដំណើរការ​នៃ​ការ​បញ្ជូន​ជន​រងគ្រោះ ហើយ​បន្ត​ប្រកាស​អោយ​មាន​យុទ្ធនាការ​លើក​កំពស់​ការ​យល់​ដឹង​ របស់​សាធារណជន ដើម្បី​កាត់​បន្ថយ​តំរូវការ​លើ​ការ​ជួញដូរ​ផ្លូវ​ភេទ និង​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ របស់​មនុស្ស​នៅ​ក្នុង​ស្រុក និង​ជនបរទេស​។

ការ​នាំ​ខ្លួន​យក​មក​កាត់ទោស

រដ្ឋាភិបាល​កម្ពុជា​បាន​ដើរ​ទៅ​មុខ​ខ្លះ មិន​ទៅ​មុខ​ខ្លះ​ក្នុង​ការ​អនុវត្ដ​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។ ច្បាប់​ដែល​ត្រូវ​បាន​ដាក់​ចេញ នៅ​ឆ្នាំ ២០០៨ ស្ដីពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ មាន​និយាយ​ពី​បទល្មើស​ជួញដូរ​ជា​ច្រើន ក្នុង​មាត្រា​ចំនួន ១២ ក្នុង​ចំណោម​មាត្រា​ចំនួន ៣០ ក្នុង​ច្បាប់​នេះ​។ ច្បាប់​នៅ​កម្ពុជា​ហាម​ប្រាម​គ្រប់​ទំរង់​ទាំងអស់ នៃ​ការ​ជួញដូរ​មនុស្ស ចែង​ពី​ការ​ដាក់ទោស ចំពោះ​បទ​ល្មើស ដែល​មាន​ភាព​ម៉ឺងម៉ាត់​គ្រប់គ្រាន់ និង​ស្រប​តាម​ទោស សំរាប់​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដទៃ​ទៀត ដូចជា​ការ​រំលោភ​សេពសន្ទវៈ​។ ក្នុង​ឆ្នាំ​នេះ ក្រសួង​យុត្តិធម៌​បាន​នាំ​មក​កាត់ទោស​ចំនួន ១០២ ករណី ដែល​បាន​នាំ​ដល់​ការ​ផ្តន្ទាទោស​លើ ៦២ ករណី​​។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន គឺ​មាន​តែ​ការ​ផ្តន្ទាទោស​តែ ២០ ករណី​ទេ​។ ក្នុង​ចំណោម​ករណី​ទាំង ១០២ មាន​ជន​ប្រព្រឹត្ត​ការ​ជួញដូរ​ចំនួន ៤៩ នាក់ ត្រូវ​បាន​នាំ​មក​ទោស​ក្រោម​ច្បាប់​ជួញដូរ​មនុស្ស ហើយ​មាន ៣២ នាក់​ត្រូវ​បាន​កាត់ទោស​ក្រោម​ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​ស្ថាន​ទំងន់​ធ្ងន់ធ្ងរ​។ ក្នុង​អំឡុង​ពេល​ក្រោម​របាយការណ៍​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ទោស​ថៅកែ បុគ្គលិក និង​អ្នក​គ្រប់គ្រង​ចំនួន ៨ នាក់​ នៃ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ ដែល​មាន​អាជ្ញាប័ណ្ណ ពី​បទល្មើស​ទាក់ទង​នឹង​ការ​ជួញដូរ ដើម្បី​កេង​ប្រវ័ញ្ច​ពលកម្ម​។ ជន​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​ពី ១ ឆ្នាំ​ដល់ ៨ ឆ្នាំ​។ ពលករ​ខ្មែរ​នានា​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ថៃ​ដោយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​មួយ​នៅ​ភ្នំពេញ បាន​ឆ្លើយ​បញ្ជាក់​ថា​ក្រុមហ៊ុន​បាន​នាំ​ពួកគេ​អោយ​ទៅ​ធ្វើការ នៅ​ក្នុង​រោងចក្រ ដែល​កេង​ប្រវ័ញ្ច​លើ​រូបគេ ដោយ​លិខិត​ឆ្លង​ដែន​របស់​គេ​ត្រូវ​បាន​ដក​ហូត គ្មាន​ការ​ព្យាបាល​ជំងឺ​អោយ ហើយ​ប្រាក់​ឈ្នួល​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្រើន មុន​ពេល​គេ​ទទួល​ការ​គំរាម​កំហែង​ចំពោះ​ការ​ប្រាប់​ផ្នែក​សារព័ត៌មាន ពី​ស្ថានភាព​ទុក្ខ​លំបាក​របស់​គេ​។ ក្នុង​ឆ្នាំ​ក្រោម​របាយការណ៍​នេះ ជន​បរទេស​ដែល​ប្រព្រឹត្ត​អំពើ​អាណាចារ​លើ​កុមារ ហើយ​ត្រូវ​បាន​ផ្តន្ទាទោស ដោយ​តុលាការ​ចំនួន ៣ នាក់ ដោយ​មាន​ម្នាក់​ជាប់​ចោទ​ផង​ដែរ​ ពី​ការ​ជួញដូរ​ផ្លូវ​ភេទ ហើយ​មាន​ម្នាក់​ទៀត​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា បាន​ពាក់ព័ន្ធ​នឹង​ករណី​ល្មើស​ផ្លូវ​ភេទ លើ​កុមារ​យ៉ាង​ធំ​បំផុត​មួយ ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា បាន​ទទួល​ការ​លើកលែង​ទោស ហើយ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​មុន​កាល​កំណត់​។

អំពើ​ពុក​រលួយ​ដែល​មាន​ជា​ទូទៅ​នៅ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់​បាន​បន្ត​រាំង​ស្ទះ ដល់​ការ​ប្រឹងប្រែង​ប្រឆាំង​ការ​ជួញដូរ ហើយ​អ្នក​សង្កេតការ​ក្នុង​ស្រុក​ជឿ​ថា វា​ជា​បុព្វហេតុ​នៃ​និទណ្ឌភាព សំរាប់​ក្រុមហ៊ុន ដែល​ជ្រើសរើស​ពលករ​ដោយ​ខុស​ច្បាប់ ដែល​មាន​ចំណែក​ធ្វើ​អោយ​មាន​ការ​ជួញដូរ​។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១១ អតីត​ប្រធាន​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​របស់​នគរបាល​ក្រុង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ដោយ​កំបាំង​មុខ​អោយ​ជាប់​ពន្ធនាគារ​ចំនួន ៧ ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​ចូល​ដៃ​ចូល​ជើង​ក្នុង​បទ​ល្មើស ដែល​រួម​មាន​ការ​ទទួល​សំណូក​ពី​ម្ចាស់​ផ្ទះ​បន​ជា​ថ្នូ​នឹង​ការ​ផ្តល់​ការ​ការពារ ហើយ​និង​ព័ត៌មាន​ ពី​ការ​ឆ្មក់​ចូល​ឆែកឆេរ នៅ​ពេល​អនាគត​។ យ៉ាង​ណា​ក្តី ការ​ចោទ​ប្រកាន់​ស្តីពី​អំពើ​ពុករលួយ មិន​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ឬ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​យក​មក​ពិនិត្យ​ទេ ហើយ​ជនល្មើស​ដែល​តុលាការ​បាន​ដាក់​ទោស​នោះ បាន​គេច​ខ្លួន​មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ពេល​នេះ​នៅ​មិន​ទាន់​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​។

ការ​ការពារ (Protection)

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​រក្សា​ការ​ខិតខំ​របស់​ខ្លួន​ក្នុង​ការ​រក​មើល​ជន​រងគ្រោះ ដោយសារ​ការ​ជួញដូរ ហើយ​ខំ​ធ្វើ​យ៉ាង​ណា​អោយ​ពួកគេ​បាន​ទទួល​សេវាកម្ម ក្នុង​អំឡុង​ពេល​ក្រោម​របាយការណ៍​នេះ​។ ថ្វី​បើ​មាន​ក្រសួង​មួយ​ចំនួន​បាន​រួម​ចំណែក​ផ្តល់​ស្ថិតិ​ដល់​មូលដ្ឋាន​ទិន្នន័យ នៃ​ការ​ជួញដូរ​ក្តី តែ​ព័ត៌មាន​គឺ​មិន​ត្រឹមត្រូវ និង​មិន​ពេញលេញ​ទេ​។ អាជ្ញាធរ​កម្ពុជា​បាន​បន្ត​ប្រើ​និតិវិធី​ជា​ប្រព័ន្ធ​ដើម្បី​រក​មើល​ជន​រងគ្រោះ ហើយ​បញ្ជូន​គេ​ទៅ​កន្លែង​ផ្តល់​ទី​ជំរក​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​។ រដ្ឋាភិបាល​ក៏​មាន​កន្លែង​ផ្តល់​ជំរក​បណ្តោះអាសន្ន​មួយ​ដែរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ សំរាប់​ស្រ្តី និង​កុមារី តែ​អាជ្ញាធរ​មិន​ផ្តល់​ជំនួយ​អ្វី​បន្ថែម​លើ​នេះ​ទេ​។ ថ្វី​បើ​មាន​ជន​រងគ្រោះ ជា​បុរស​ច្រើន​ក្តី ក៏​នៅ​តែ​មាន​កង្វះ​កន្លែង​ជំរក​សំរាប់​ពួកគេ​ដែរ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​មិន​តំរូវ​អោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទទួល​ជន​រងគ្រោះ​ជា​បុរស​ទេ​។ ក្រសួង​​សង្គមកិច្ច​បាន​រាយការណ៍ ពី​ការ​បាន​ទទួល និង​បាន​បញ្ជូន​ជន​រងគ្រោះ ដោយ​ការ​ជួញដូរ​ចំនួន ៨៨៤ នាក់​ ទៅកាន់​កន្លែង​ផ្តល់​ទី​ជំរក ហើយ​នគរបាល​មូលដ្ឋាន​បាន​បញ្ជូន​ជន​រងគ្រោះ ដោយ​ការ​ជួញដូរ​ផ្លូវ​ភេទ​ចំនួន ២៤៧ នាក់​ទៅ​មន្ទីរ​សង្គមកិច្ច​ខេត្ត​។ ដោយ​មាន​ជំនួយ​ពី​អង្គការ UNICEF ក្រសួង​សង្គមកិច្ច​បាន​បន្ត​ដំណើរការ​មជ្ឈមណ្ឌល​ទទួល​អោយ​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ប៉ោយប៉ែត ដែល​នៅ​ទីនោះ ក្រសួង​បាន​រាយការណ៍​ថា​បាន​រក​ឃើញ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​ចំនួន ១០៦ នាក់ ក្នុង​ចំណោម​ជនជាតិ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក ហើយ​ដែល​ត្រូវ​បាន​បញ្ជូន​មក​ពី​ប្រទេស​ថៃ​វិញ ក្នុង​ឆ្នាំ​ក្រោម​របាយការណ៍​នេះ​។

អាជ្ញាធរ​បាន​លើក​ទឹកចិត្ត​អោយ​ជន​រងគ្រោះ ចូលរួម​ក្នុង​ការ​ស៊ើប​អង្កេត និង​ការ​នាំ​ជន​ប្រព្រឹត្ត​ការ​ជួញដូរ​មក​កាត់ទោស ហើយ​បាន​ផ្តល់​សិទ្ធិ​អោយ​ជន​រងគ្រោះ​ប្តឹង​។ យ៉ាង​ណា​ក្តី ប្រព័ន្ធ​អនុវត្ត​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​ទន់​ខ្សោយ និង​ប្រកប​ដោយ​អំពើ​ពុក​រលួយ​របស់​ប្រទេស​កម្ពុជា ដំណើរការ​បណ្តឹង​ស៊ី​ពេល​យូរ ការ​ភ័យ​ខ្លាច​ការ​សងសឹក និង​កង្វះ​ការ​ការពារ​សាក្សី និង​កង្វះ​ធនធាន​នៅ​តែ​ធ្វើ​អោយ​ជន​រងគ្រោះ​មិន​ចង់​ធ្វើ​សហប្រតិបត្តិការ​ក្នុង​ករណី​នានា ហើយ​បង្ករ​ជា​ឧបសគ្គ​ដល់​លទ្ធភាព​របស់​គេ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​។ រដ្ឋាភិបាល​មិន​បាន​បោះពុម្ព​ផ្សាយ​ទិន្នន័យ ស្តីពី​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ តាំង​ពី​ឆ្នាំ​២០០១ មក​។ លើស​ពី​នេះ​ទៀត មន្រ្តី​រដ្ឋាភិបាល​មិន​បាន​លៃ​ថវិកា​ទុក​សំរាប់​ការ​ស៊ើប​អង្កេត​លើ​ការ​បង្ខំ​អោយ​កុមារ​ធ្វើ​ពលកម្ម​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​អធិការកិច្ច​លើ​ករណី​បែប​នេះ​ទេ ក្នុង​អំឡុង​ពេល​ក្រោម​របាយការណ៍​នេះ​។

ការ​បង្ការ

រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ការ​ខិតខំ ដោយ​មាន​កំរិត​របស់​ខ្លួន ដើម្បី​ការពារ​កុំ​អោយ​មាន​ការ​ជួញដូរ​មនុស្ស ក្នុង​អំឡុង​ពេល​ក្រោម​របាយការណ៍​នេះ​។ រដ្ឋាភិបាល​បាន​ដំណើរការ​ប្រព័ន្ធ​ស្គែន​ក្រយ៉ៅ​ដៃ​ នៅ​ព្រលាន​យន្តហោះ ដែល​ក្រសួង​ការងារ​សង្ឃឹម​ថា ប្រព័ន្ធ​នេះ​អាច​ប្រើ​ក្នុង​ការងារ​បង្ការ មិន​អោយ​មាន​ការ​ជួញដូរ​មនុស្ស តែ​រហូត​មក​ដល់​ចុង​នៃ​អំឡុង​ពេល​ក្រោម​របាយការណ៍​នេះ ការ​នេះ​មិន​ទាន់​បាន​ដើរ​ទៅ​មុខ​នៅ​ឡើយ​ទេ​។ នៅ​ខែ​តុលា ឆ្នាំ​២០១១ តាម​ការ​ស្នើ​សុំ​របស់​សកម្មជន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ជា​ការ​ឆ្លើយ​តប​នឹង​របាយការណ៍ ស្តីពី​ជនជាតិ​ខ្មែរ​ទទួល​រង​ការ​កេង​ប្រវ័ញ្ច​ក្នុង​ការងារ​បំរើ​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី រដ្ឋាភិបាល​បាន​រឹត​បន្តឹង​លើ​សិទ្ធិ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ដោយ​ដាក់​បំរាម​ទាំង​ស្រុង​លើ​ធ្វើ​ចំណាក​ស្រុក របស់​ស្រ្តី​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ធ្វើ​ការ​ជា​អ្នក​បំរើ​តាម​ផ្ទះ​។ ការ​រឹត​បន្តឹង​នេះ​អាច​នាំ​ដល់​កំណើន​នៃ​ហានិភ័យ​នៃ​ការ​ជួញដូរ​សំរាប់​អ្នក​ដែល​នៅ​តែ​ទទូច​ចង់​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​។ ក្នុង​ករណី​ដោយ​ឡែក​ពី​នេះ នៅ​ខែ​សីហា ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​អនុម័ត​អនុក្រិត្យ​លេខ ១៩០ ដែល​គ្រប់គ្រង​សកម្មភាព​របស់​បណ្តា​ក្រុមហ៊ុន នៅ​ក្នុង​ប្រទេស ដែល​ជ្រើសរើស​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស តែ​វិធានការ​នេះ​មិន​បាន​ដោះស្រាយ​បញ្ហា​នៃ​ការ​ទារ​ថ្លៃ​ខ្ពស់​ហួសហេតុ មុន​ពេល​ចេញ​ដំណើរ ពី​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ហើយ​ការ​នេះ​មាន​ចំណែក​ដោយ​ផ្ទាល់​ក្នុង​ការ​ធ្វើ​អោយ​មាន​ទាសភាព​បំណុល​។ ជា​រួម ច្បាប់​និង​បទ​បញ្ញាតិ​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ការ​ជ្រើសរើស ការ​រក​កន្លែង​ការងារ​អោយ និង​ការ​ការពារ​ពលករ​ចំណាក​ស្រុក​ទៅ​បរទេស នៅ​ខ្សោយ​នៅ​ឡើយ​។ វា​ខ្វះ​ការ​ញែក​អោយ​ដាច់​ច្បាស់​ពី​គ្នា​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ និង​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ក្នុង​អំឡុង​ពេល​នៃ​ដំណើរការ​ជ្រើសរើស​ពលករ ហើយ​វា​មិន​បញ្ជាក់​លំអិត​នូវ​ការ​តាមដាន ឬ​គ្រប់គ្រង​អោយ​បាន​សមស្រប លើ​បណ្តា​ទីភ្នាក់ងារ ដើម្បី​ជៀសវាង​ការ​រំលោភ ការពារ​កុំ​អោយ​មាន​អំពើ​ពុករលួយ និង​អនុវត្តទោស​ព្រហ្មទណ្ឌ​។ ក្នុង​អំឡុង​ពេល​ក្រោម​របាយការណ៍​នេះ ក្រសួង​ការងារ​បាន​រាយការណ៍​ថា ខ្លួន​បាន​ចាប់ផ្តើម​ផ្តល់​ការ​បង្រៀន​មុន​ពេល​ចេញ​ដំណើរ សំរាប់​ពលករ​ចំណាក​ស្រុក​ស្តីពី​សិទ្ធិ​របស់​គេ​។ តែ បញ្ហា​ដូចជា​ការ​យក​លិខិត​ឆ្លង​ដែន​ទុក និង​ទាសភាព​បំណុល​មិន​ត្រូវ​បាន​ពន្យល់​ទៅ​ពលករ​ទេ ឬ​ក៏​មិន​ត្រូវ​បាន​និយាយ​អោយ​បាន​គ្រប់គ្រាន់​ក្នុង​អនុក្រិត្យ ដែល​ទើប​ត្រូវ​បាន​អនុម័ត​ថ្មី​ៗ​។ ផែនការ​សកម្មភាព​ជាតិ (​ឆ្នាំ​២០១១ – ២០១៣​) ដែល​ជា​ក្របខ័ណ្ឌ​គោលនយោបាយ របស់​រដ្ឋាភិបាល​សំរាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ត្រូវ​បាន​អនុម័ត​យល់ព្រម ដោយ​គណកម្មាធិការ​ជាតិ នៅ​ខែ​ធ្នូ ឆ្នាំ​២០១១​។

ក្រសួង​កិច្ចការ​នារី​បាន​សំរបសំរួល និង​រៀបចំ​ទិវា​យល់​ដឹង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៅ​ខែ​ធ្នូ ឆ្នាំ​២០១១ ដែល​តាមរយៈ​នេះ អ្នក​ចូលរួម​ប្រមាណ ៤០ ០០០ នាក់ និង​ទូរទស្សនិកជន​ចំនួន ៣ លាន​នាក់​ បាន​លឺ​ការ​ឆ្លើយ​បំភ្លឺ​របស់​ជន​រងគ្រោះ ដោយ​ការ​ជួញដូរ​ផ្លូវ​ភេទ និង​ការ​ប្តេជ្ញា​របស់​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ក្នុង​ការ​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។ ដោយ​មាន​ការ​ជួយ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល រដ្ឋាភិបាល​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​ជួញដូរ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​សៀមរាប​។ ក្រសួង​ទេសចរណ៍​បាន​បន្ត​ការ​ខិតខំ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​ធ្វើ​ផ្ទាំង​ប៉ាណូ ការ​ឃោសនា​តាម​ទស្សនាវដ្តី និង​ក្រដាស​ចែង​អោយ ដើម្បី​​កាត់​បន្ថយ​តំរូវការ​លើ​ជំនូញ​ផ្លូវ​ភេទ និង​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ ថ្វី​បើ​ការ​ខិតខំ​ទាំង​នេះ​សំដៅ​​លើ​ទេសចរ​ផ្លូវ​ភេទ​បរទេស ជា​ជាង​មនុស្ស​នៅ​ក្នុង​ប្រទេស​។ អាជ្ញាធរ​បាន​ដាក់ទោស​លើ​ទេសចរ​ផ្លូវ​ភេទ​ជា​បរទេស​ចំនួន ៦ នាក់ ក្នុង​ឆ្នាំ​ក្រោម​របាយការណ៍​នេះ ហើយ​ករណី​ចំនួន ៣ កំពុង​តែ​ដំណើរការ​បន្ត​។ ការ​លើក​លែង​ទោស និង​ការ​ដោះលែង​មុន​កាល​កំណត់​នៃ​ជន​ជាប់ទោស ពី​បទ​ប្រព្រឹត្ត​អំពើ​អាណាចារ លើ​កុមារ​បាន​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​នៃ​ការ​ខិតខំ​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ​។ មន្រ្តី​កង​រាជអាវុធហត្ថ​កម្ពុជា​បាន​រៀបចំ ដោយ​មាន​ការ​ជួយ និង​គាំទ្រ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​បាន​ចូលរួម​ក្នុង​វគ្គ​រៀន​សូត្រ​ស្តីពី​ការ​កសាង​សមត្ថភាព របស់​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ក្នុង​ឆ្នាំ​ក្រោម​របាយការណ៍​នេះ​។ កំលាំង​យោធា​កម្ពុជា ដែល​ចូលរួម​ក្នុង​ការ​ថែ​រក្សា​សន្តិភាព នៅ​បរទេស បាន​ត្រូវ​បាន​បង្រៀន​ស្តីពី​ការ​ជួញដូរ​មនុស្ស មុន​ពេល​ចេញ​បំពេញ​បេសកកម្ម​។