ខេត្តទាំងអស់នៃប្រទេសកម្ពុជាគឺជាប្រភពនៃការជួញដូរមនុស្ស។ ជាទូទៅ ការជួញដូរផ្លូវភេទមានលក្ខណៈលាក់បាំង។ កុមារនិងនារីខ្មែរនិងវៀតណាមមកពីតំបន់ជនបទចូលទីក្រុង និងតំបន់ទេសចរណ៍ ដែលនៅទីនោះ ពួកគេត្រូវរងការជួញដូរផ្លូវភេទនៅតាមផ្ទះបន ហើយញឹកញាប់ជាងនេះទៀត គឺកន្លែងបំរើផ្លូវភេទ “មិនផ្ទាល់” ដូចជាបៀហ្កាដិន កន្លែងម៉ាសា ហាងខារ៉ាអូខេ និងកន្លែងមិនទាក់ទងនឹងពាណិជ្ជកម្ម។ របាយការណ៍មួយរបស់អង្គការមិនមែនរដ្ឋាភិបាលដែលចេញនៅឆ្នាំ២០១៣ បានពិនិត្យមើលចំនួនកុមារ នៅក្នុងចំណោមមនុស្សដែលត្រូវបានគេជួញដូរផ្លូវភេទ នៅតាមកន្លែងបំរើផ្លូវភេទ នៅតាមទីក្រុងចំនួន៣ នៅកម្ពុជា ហើយបានរកឃើញថា កុមារមានចំនួន ៨,២% នៃជនរងគ្រោះទាំងនោះ។ របាយការណ៍នេះបានសន្និដ្ឋានថា ចំនួននេះបង្ហាញអោយឃើញការធ្លាក់ចុះយ៉ាងច្រើន នៅក្នុងទំរង់បែបនេះនៃការជួញដូរផ្លូវភេទលើកុមារ បើប្រៀបធៀបនឹងរបាយការណ៍មុនៗ ពីអង្គការ ស្ថាប័ននានា នៅឆ្នាំ១៩៩៧ និងឆ្នាំ២០០០។ អង្គការមិនមែនរដ្ឋាភិបាលដដែលបាននិយាយថា ការវាយតំលៃកាលពីខែមិនា ឆ្នាំ២០១៥ បានរកឃើញថាចំនួនកុមារដែលស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងនេះ មានការធ្លាក់ចុះថែមទៀតដល់ ២,២%។ អង្គការនេះមិនទាន់បោះពុម្ពផ្សាយជាផ្លូវការនូវលទ្ធផលទាំងនេះទេ នៅពេលដាច់រយៈពេលនៃការធ្វើរបាយការណ៍។ បុរសកម្ពុជាគឺជាប្រភពតំរូវការធំជាងគេលើពេស្យាចារកុមារ។ តែបុរសមកពីប្រទេសដទៃនៅអាស៊ី សហរដ្ឋអាមេរិក អូស្រ្តាលី អាហ្វ្រិកខាងត្បូង និងអឺរ៉ុប ធ្វើដំណើរមកកម្ពុជា ដើម្បីធ្វើទេសចរណ៍ផ្លូវភេទលើកុមារ។ ស្រ្តីនិងកុមារវៀតណាម ដែលមានច្រើនជាជនរងគ្រោះដោយទាសភាពបំណុល ធ្វើដំណើរមកកម្ពុជា ហើយបានរងគ្រោះដោយការជួញដូរផ្លូវភេទ។ អង្គការមិនមែនរដ្ឋាភិបាលរាយការណ៍ថា ជនរងគ្រោះជាជនជាតិវៀតណាមត្រូវបានដឹកឆ្លងកាត់ប្រទេសកម្ពុជាដោយក្រុមឧក្រិដ្ឋជន មុនពេលត្រូវបានកេងប្រវ័ញ្ច នៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ ជនប្រព្រឹត្តការជួញដូរនៅកម្ពុជាច្រើនតែជាសមាជិកសហគមន៍ ឬគ្រួសារ ឬក៏បណ្តាញតូចៗនៃឈ្មួញកណ្តាលដែលធ្វើសកម្មភាពដោយខ្លួនឯង។ អំពើពុករលួយទាក់ទងនឹងការជួញដូរ នៅតែជាកង្វល់ធំមួយ។ មន្រ្តីពុករលួយនៅកម្ពុជា ថៃ និងម៉ាឡេស៊ីរួមគ្នាជាមួយឈ្មួញកណ្តាលដែលជ្រើសរើសពលករ ដើម្បីសំរួលដល់ការដឹកជញ្ជូនជនរងគ្រោះឆ្លងកាត់ព្រំដែន។ អ្នកសង្កេតការណ៍ក្នុងស្រុកនិយាយថា មន្រ្តីពុករលួយច្រើនធ្វើអោយរាំងស្ទះដល់ដំណើរជឿនលឿននៅក្នុងករណីដែលក្នុងនោះជនប្រព្រឹត្តការជួញដូរត្រូវបានគេជឿថា មានទំនាក់ទំនងសេដ្ឋកិច្ច ទំនាក់ទំនងក្នុងបទល្មើស ឬទំនាក់ទំនងនយោបាយជាមួយមន្រ្តីរដ្ឋាភិបាល។
រដ្ឋាភិបាលកម្ពុជាមិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរិមាសំរាប់ការបំបាត់ការជួញដូរមនុស្សទេ។ ទោះជាយ៉ាងណាក្ដីក៏រដ្ឋាភិបាលកំពុងតែខិតខំច្រើនគួរសមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ រដ្ឋាភិបាលបានអនុម័តលើគោលការណ៍ណែនាំថ្នាក់ជាតិសំរាប់រកនិងបញ្ជូនជនរងគ្រោះ ហើយអាជ្ញាធរមូលដ្ឋានបានរកឃើញជនរងគ្រោះចំនួន ៥៨៩ នាក់ ដែលជាចំនួនកើនឡើងពីចំនួន ៣២៦ នាក់ នៅក្នុងឆ្នាំមុន។ រដ្ឋាភិបាលខ្វះទិន្នន័យពេញលេញស្តីពីសកម្មភាពការងារអនុវត្តច្បាប់ តែព័ត៌មានដែលត្រូវបានប្រមូលពីប្រភពផ្សេងៗបង្ហាញអោយឃើញនូវដំណើរជឿនលឿននៅក្នុងការកាត់ទោស និងដាក់ទោស ពិសេសចំពោះករណីបទល្មើសទាក់ទងនឹងការជួញដូរពលកម្ម។ រដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តផែនការសកម្មភាពជាតិ ដែលត្រូវបានបង្កើតអោយមានឡើង នៅក្នុងអំឡុងពេលនៃរបាយការណ៍មុន ហើយបានលៃថវិកាចំនួន ៥០០ ០០០ ដុល្លាអាមេរិក សំរាប់គណកម្មាធិការអន្តរក្រសួង ដែលដឹកនាំការងារប្រឆាំងការជួញដូរនៅកម្ពុជា។ យ៉ាងណាក្តី រដ្ឋាភិបាលមិនបានធ្វើការស៊ើបអង្កេត កាត់ទោស ឬដាក់ទោសមន្រ្តីដែលធ្វើការឃុបឃិតណាមួយឡើយ។ រដ្ឋាភិបាលមិនបានចេញគោលណែនាំផ្លូវការ ដែលអនុញ្ញាតអោយមានការប្រើបច្ចេកទេសស៊ើបអង្កេតជាសំងាត់ នៅក្នុងការស៊ើបអង្កេតករណីជួញដូរឡើយ ហើយកង្វះការអនុញ្ញាតច្បាស់លាស់នៅតែជាឧបសគ្គធ្វើមិនអោយមន្រ្តីអាចធ្វើការបានពេញលេញ ដើម្បីចាប់អោយជនប្រព្រឹត្តការជួញដូរផ្លូវភេទទទួលខុសត្រូវ។
អនុសាសន៍សំរាប់ប្រទេសកម្ពុជា
បង្កើនការខិតខំក្នុងការស៊ើបអង្កេត និងនាំខ្លួនយកមកកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្មចំពោះជនល្មើសក្នុងការជួញដូរផ្លូវភេទ ជនដែលទិញកុមារយកមករួមភេទ និងមន្រ្តីឃុបឃិត ចេញប្រកាសឬការណែនាំផ្លូវការដទៃទៀតដែលអនុញ្ញាតអោយមានការប្រើបច្ចេកទេសស៊ើបអង្កេតសំងាត់ នៅក្នុងការអនុវត្តច្បាប់ប្រឆាំងការជួញដូរ អនុវត្តពេញលេញនូវពិធីសារថ្មីទូទាំងប្រទេសសំរាប់រកមើលជនរងគ្រោះនៅក្នុងចំណោមក្រុមដែលងាយរងគ្រោះ ហើយបង្រៀនមន្រ្តីអោយយល់ពីខដែលចែងនៅក្នុងច្បាប់នេះ បង្កើនសេវាសំរាប់ជនរងគ្រោះជាបុរស ពិសេសបុរសដែលត្រូវបានគេកេងប្រវ័ញ្ចនៅក្នុងឧស្សាហកម្មនេសាទ បង្កើតអោយមាននិតិវិធីជាប្រព័ន្ធ ហើយកំណត់ធនធានសំរាប់ជួយជនរងគ្រោះខ្មែរ តាមរយៈបេសកកម្មការទូតនៅបរទេស ឬនៅក្នុងប្រទេសដែលគ្មានតំណាងទូតកម្ពុជា អនុវត្តប្រព័ន្ធមួយសំរាប់តាមដាន ប្រមូល និងរាយការណ៍ទិន្នន័យស្តីពីការកាត់ទោសប្រឆាំងការជួញដូរ និងការងារការពារជនរងគ្រោះ កែសំរួលច្បាប់ដែលអនុញ្ញាតអោយមានសំណងនៅពេលធ្វើការដាក់ទោសលើជនប្រព្រឹត្តការជួញដូរ សំរួលអោយអង្គការមិនមែនរដ្ឋាភិបាលមានលទ្ធភាពច្រើនឡើងក្នុងការប្រើគោលនយោបាយ សំរាប់ធ្វើការផ្ទេរការគ្រប់គ្រងជាផ្លូវការនៃជនរងគ្រោះជាកុមារ បង្កើនការខិតខំធ្វើអោយដំណើរការរបស់តុលាការយកចិត្តទុកដាក់លើសេចក្តីត្រូវការ និងផលប្រយោជន៍របស់ជនរងគ្រោះ ដូចជាតាមរយៈការផ្តល់ការការពារដល់សាក្សី និងជំរើសលើសំណងទូទាត់ បញ្ចូលខ្លឹមសារស្តីពីការប្រឆាំងការជួញដូរទៅក្នុងសាលាបណ្តុះបណ្តាលនគរបាល និងបង្កើនយុទ្ធនាការលើកកំពស់ការយល់ដឹងរបស់សាធារណៈ ដើម្បីកាត់បន្ថយតំរូវការរបស់មនុស្សនៅក្នុងស្រុក ទៅលើការទិញដូរផ្លូវភេទ និងទេសចរណ៍ផ្លូវភេទលើកុមារ។
ការនាំខ្លួនយកមកកាត់ទោស
រដ្ឋាភិបាលខ្វះទិន្នន័យពេញលេញ ស្តីពីការងារពង្រឹងការអនុវត្តច្បាប់ តែព័ត៌មានដែលត្រូវបានប្រមូលមកពីប្រភពផ្សេងៗបង្ហាញថា មានភាពជឿនលឿននៅក្នុងការនាំខ្លួនជនល្មើសមកកាត់ទោស និងដាក់ទោស ពិសេសចំពោះបទល្មើសទាក់ទងនឹងការជួញដូរពលកម្ម។ ច្បាប់ដែលត្រូវបានដាក់ចេញនៅឆ្នាំ២០០៨ ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មកេងប្រវ័ញ្ចផ្លូវភេទមាននិយាយច្បាស់ពីបទល្មើសជួញដូរ ក្នុងមាត្រាចំនួន ១២ ក្នុងចំណោមមាត្រាចំនួន ៣០ ក្នុងច្បាប់នេះ។ ច្បាប់នេះហាមប្រាមគ្រប់ទំរង់ទាំងអស់នៃការជួញដូរមនុស្ស ហើយចែងពីការដាក់ទោសចំពោះបទល្មើស ដែលមានភាពម៉ឺងម៉ាត់គ្រប់គ្រាន់ និងស្របតាមទោសសំរាប់បទឧក្រិដ្ឋធ្ងន់ធ្ងរដទៃទៀត ដូចជាការរំលោភសេពសន្ទវៈ។ អាជ្ញាធរមិនសូវយល់ពីច្បាប់ប្រឆាំងការជួញដូរទេ ហើយបានប្រើបញ្ញាតិនៃក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជាសំរាប់កាត់ទោសក្នុងករណីបទល្មើសជួញដូរមនុស្ស។ រដ្ឋាភិបាលមិនបានផ្តល់ទិន្នន័យពេញលេញស្តីពីការងារពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរទេ។ តែរបាយការណ៍របស់រដ្ឋាភិបាល ដោយមានការបន្ថែមពីអង្គការមិនមែនរដ្ឋាភិបាល បង្ហាញថា រដ្ឋាភិបាលបានកាត់ទោសជនសង្ស័យចំនួនយ៉ាងហោចណាស់ ៦៩ នាក់ នៅក្រោមច្បាប់ប្រឆាំងការជួញដូររបស់ខ្លួន ឬបទបញ្ញាតិប្រហាក់ប្រហែលគ្នានេះ នៅក្នុងក្រមព្រហ្មទណ្ឌ ដោយក្នុងនោះ មានបទល្មើលជួញដូរផ្លូវភេទចំនួន ៣៨ និងបទល្មើស ប្រព្រឹត្តការជួញដូរកំលាំងពលកម្មចំនួន ៣១។ របាយការណ៍របស់រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាលបង្ហាញថា រដ្ឋាភិបាលបានដាក់ទោសលើជនប្រព្រឹត្តការជួញដូរផ្លូវភេទយ៉ាងហោចណាស់ចំនួន ១៩ នាក់ និងជនប្រព្រឹត្តការជួញដូរកំលាំងពលកម្មចំនួន ២៤ នាក់ ដែលជាចំនួនកើនពីចំនួនជនប្រព្រឹត្តការជួញដូរផ្លូវភេទចំនួន ២២ នាក់ និងជនប្រព្រឹត្តការជួញដូរពលកម្មចំនួន ៧ នាក់ ដែលត្រូវបានតុលាការដាក់ទោស កាលពីឆ្នាំមុន។ ជនល្មើសបានទទួលទោសពី ២ ទៅ ១៥ ឆ្នាំក្នុងពន្ធនាគារ។ ចិនតៃវ៉ាន់ចំនួន ៥ នាក់ ដែលត្រូវបានដាក់ទោសដោយកំបាំងមុខនៅក្នុងអំឡុងពេលនៃរបាយការណ៍លើកមុន ពីបទបង្ខំអោយបុរសកម្ពុជារាប់រយនាក់ធ្វើពលកម្ម នៅក្នុងផ្នែកនេសាទ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ។ រដ្ឋាភិបាលកម្ពុជាបានបន្តរៀបចំនិងបើកការបណ្តុះបណ្តាលក្រោមជំនួយរបស់ម្ចាស់អំណោយស្តីពីការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរ សំរាប់នគរបាល ព្រះរាជអាជ្ញា ចៅក្រោម និងមន្រ្តីរដ្ឋាភិបាលដទៃទៀត។ អង្គការក្នុងស្រុក និងមន្រ្តីខ្លះមើលឃើញសេចក្តីត្រូវការជាបន្ទាន់លើបច្ចេកទេសប្រមូលភស្តុតាងទំនើប ដែលរួមមានការស៊ើបអង្កេតជាសំងាត់ ការបន្ថយការពឹងផ្អែកលើការឆ្លើយរបស់សាក្សី ហើយនិងការសំរបតាមលក្ខណៈដែលកាន់តែមានភាពលាក់បាំងច្រើននៃការជួញដូរផ្លូវភេទ នៅកម្ពុជា។ នគរបាលបានបន្តស៊ើបអង្កេតករណីនៃការជួញដូរផ្លូវភេទ ដែលកើតមាននៅតាមផ្ទះបន ឬករណីដែលក្នុងនោះ ជនរងគ្រោះមកប្តឹងដោយផ្ទាល់ តែមិនបានចាត់ការលើករណីដែលមានភាពស្មុគស្មាញខ្លាំងនោះទេ។ រដ្ឋាភិបាលមិនបានចេញការណែនាំដែលផ្តល់ការយល់ព្រមច្បាស់លាស់លើការប្រមូលភស្តុតាងដោយសំងាត់ក្នុងករណីជួញដូរមនុស្សទេ។ ដោយសារគ្មានការណែនាំនេះ នគរបាលជាច្រើនដាក់កំរិតព្រំដែនលើខ្លួនឯងលើការស៊ើបអង្កេតបែបហ្នឹង ហើយព្រះរាជអាជ្ញាបដិសេធសំណើរបស់អ្នកស៊ើបអង្កេតលើអំណាចនេះ ដែលជាការបង្ខំអោយគេបិទការស៊ើបអង្កេតខ្លះចោល។ អង្គការមិនមែនរដ្ឋាភិបាលមួយបាននិយាយថា មន្រ្តីប្រឈមនឹងបញ្ហាជាពិសេសក្នុងការកសាងសំណុំរឿងចំពោះករណីបទល្មើសនៃការជួញដូរឆ្លងព្រំដែន។
អំពើពុករលួយដែលមានជាទូទៅនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងរដ្ឋាភិបាលកម្ពុជារឹតត្បិតយ៉ាងខ្លាំងលើលទ្ធភាពរបស់មន្រ្តីម្នាក់ៗ ក្នុងការចាប់អោយជនប្រព្រឹត្តការជួញដូរទទួលខុសត្រូវ។ រដ្ឋាភិបាលមិនបានស៊ើបអង្កេត នាំយកមកកាត់ទោស ឬដាក់ទោសបុគ្គលិករដ្ឋណាមួយដែលសមគំនិតក្នុងការជួញដូរ ឬចាត់វិធានការដាក់ទណ្ឌកម្មណាមួយប្រឆាំងនឹងអតីតមេនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ ដែលការដាក់ទោសនៅឆ្នាំ២០១១ ទៅលើគាត់ពីបទជួញដូរមនុស្សត្រូវបានលុបចោលទៅវិញ នៅក្នុងសវនាការបិទទ្វារ និងដោយគ្មានការប្រកាស របស់តុលាការកំពូល នៅឆ្នាំ២០១៣។
ការការពារ (Protection)
រដ្ឋាភិបាលមានភាពជឿនលឿននៅក្នុងការការពារជនរងគ្រោះ។ នៅក្នុងឆ្នាំនៃរបាយការណ៍នេះ រដ្ឋាភិបាលបានអនុម័តដាក់អោយប្រើគោលការណ៍ណែនាំសំរាប់ប្រព័ន្ធថ្នាក់ជាតិប្រកបដោយលក្ខណៈបទដ្ឋាន សំរាប់ការរកមើល និងបញ្ជូនជនរងគ្រោះ នៅក្នុងចំណោមជនងាយរងគ្រោះ ដែលត្រូវបានរៀបចំអស់រយៈពេលជាង ៥ ឆ្នាំមកហើយ។ ដោយមានជំនួយពីអង្គការអន្តរជាតិមួយ រដ្ឋាភិបាលបានបន្តដំណើរការមជ្ឈមណ្ឌលទទួលអោយស្នាក់នៅបណ្តោះអាសន្នមួយនៅប៉ោយប៉ែត ដែលនៅទីនោះ រដ្ឋាភិបាលបានរកមើលជនរងគ្រោះដោយការជួញដូរក្នុងចំណោមជនចំណាកស្រុកចំនួនប្រហែល ៦០ ០០០ នាក់ ដែលត្រូវបានបញ្ជូនត្រឡប់ពីប្រទេសថៃវិញ នៅឆ្នាំ២០១៥។ ជនរងគ្រោះចំនួន ១០០ នាក់ត្រូវបានរកឃើញក្នុងចំណោមក្រុមនេះ ហើយត្រូវបានផ្តល់ជំរកបណ្តោះអាសន្នអោយ តែដោយសារការជួញដូរក្នុងចំណោមមនុស្សទាំងនោះមានភាពធំធេង គេងាយនឹងមានការខកខានក្នុងការរកឃើញជនរងគ្រោះជាច្រើនទៀត។ រដ្ឋាភិបាលបានដំណើរការកន្លែងជំរកបណ្តោះអាសន្នមួយនៅភ្នំពេញសំរាប់ទទួលជនរងគ្រោះដោយការជួញដូរ និងបទល្មើសផ្សេងទៀត ជាស្រី្ត ហើយបានបញ្ជូនជនរងគ្រោះដោយការជួញដូរទៅកន្លែងជំរករបស់អង្គការមិនមែនរដ្ឋាភិបាល ដែលភាគច្រើនមើលថែទាំជនរងគ្រោះដោយសារការធ្វើបាបផ្សេងៗ ដើម្បីអោយទទួលបានជំនួយបន្ថែម។ អាជ្ញាធរមិនបានផ្តល់ស្ថិតិពេញលេញស្តីពីចំនួនជនរងគ្រោះដែលខ្លួនបានជួយ ឬបញ្ជូនទេ ហើយចំនួនសរុបនៃជនរងគ្រោះដែលត្រូវបានរកឃើញ ឬជួយដោយរដ្ឋាភិបាល ឬអង្គការមិនមែនរដ្ឋាភិបាល ក៏មិនត្រូវបានដឹងដែរ។ តែនគរបាលមូលដ្ឋានបានបញ្ជូនជនរងគ្រោះដោយការជួញដូរចំនួន ៥៨៩ នាក់ទៅស្ថាប័នខេត្តសំរាប់បញ្ជូនបន្តទៅអង្គការមិនមែនរដ្ឋាភិបាល។ ចំនួននេះមានការកើនឡើងពីចំនួន ៣២៦ នាក់ ដែលត្រូវបានបញ្ជូននៅក្នុងឆ្នាំមុន។ អាជ្ញាធរបានរាយការណ៍ថា ភាគច្រើននៃជនរងគ្រោះទាំងនោះគឺជាជនរងគ្រោះដោយការជួញដូរកំលាំងពលកម្ម។ រដ្ឋាភិបាលបានបន្តពឹងផ្អែកខ្លាំងលើសង្គមស៊ីវិលអោយជួយការពារជនរងគ្រោះ ដោយការជួញដូរ តែរដ្ឋាភិបាលមិនបានសំរួលអោយអង្គការមិនមែនរដ្ឋាភិបាលមានលទ្ធភាពប្រើប្រាស់និតិវិធីដែលអនុញ្ញាតអោយមានការផ្ទេរជាផ្លូវការនូវការគ្រប់គ្រងលើជនរងគ្រោះជាកុមារ ដែលជាការធ្វើអោយអង្គការដែលទទួលជនរងគ្រោះជាកុមារ អាចរងបណ្តឹងតុលាការ។ ពេលខ្លះ មន្រ្តីរដ្ឋាភិបាលបញ្ជូនកុមារអោយទៅនៅក្នុងបរិយាកាសដែលមានការប្រឈមខ្លាំង បើសិនជាសមាជិកគ្រួសារមិនព្រមទទួលគ្រប់គ្រងបណ្តោះអាសន្ន នៅក្នុងកន្លែងជំរក ដែលជាការនាំអោយកុមារទាំងនោះងាយរងនឹងការធ្លាក់ខ្លួនជាជនរងគ្រោះម្តងទៀត។ ថ្វីបើជនរងគ្រោះដោយសារការជួញដូរកំលាំងពលកម្មមានច្រើននៅក្នុងចំណោមបុរសក្តី តែជំនួយដែលត្រូវបានផ្តល់សំរាប់ជនរងគ្រោះទាំងនោះមានមិនច្រើនទេ។
ថ្វីបើនាយករដ្ឋមន្រ្តីបានអំពាវនាវអោយអ្នកការទូតកម្ពុជាបំរើអោយបានល្អចំពោះអ្នកធ្វើការចំណាកស្រុកនៅបរទេស តែស្ថានបេសកកម្មទូតនៅបរទេសនៅតែខ្វះថវិកាឬសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ជំនួយចាំបាច់ ឬបញ្ជូនពួកគេមកមាតុភូមិវិញ។ ជនរងគ្រោះដែលត្រូវបានរកឃើញនៅក្នុងប្រទេសដែលគ្មានតំណាងទូតកម្ពុជា រឹតតែមិនសូវទទួលបានការជួយទៅទៀត។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនិតិសម្បទារ បានទទួលជនរងគ្រោះកម្ពុជាចំនួន ៨៥៧ នាក់ ដែលត្រូវបានគេបញ្ជូនត្រឡប់មកវិញពីប្រទេសឥណ្តូនេស៊ី ចិន ថៃ ម៉ាឡេស៊ី វៀតណាម Papua New Guinea អារ៉ាប៊ីសាអ៊ូឌីត និងអាហ្វ្រិកខាងត្បូង។ ភាគច្រើននៃពួកគេត្រូវបានបញ្ជូនមកមាតុភូមិវិញ ក្រោមជំនួយរបស់អង្គការអន្តរជាតិ។ ជនរងគ្រោះទាំងនេះរាប់រយនាក់ត្រូវបានគេបង្ខំអោយធ្វើការនៅលើទូកនេសាទ តែអ្នកជំនាញប៉ាន់ប្រមាណថា ចំនួននេះគ្រាន់តែចំនួនតិចតួចនៃចំនួនសរុបនៃជនជាតិខ្មែរ ដែលរងការជួញដូរក្នុងទំរង់នេះតែប៉ុណ្ណោះ។
រដ្ឋាភិបាលតំរូវអោយធ្វើមាតុភូមិនិវត្តន៍នៃជនរងគ្រោះបរទេស ហើយមិនបានផ្តល់ជំរើសផ្សេងផ្នែកច្បាប់ដល់ការបញ្ជូនពួកគេទេ ប្រសិនបើគេប្រឈមនឹងភាពពិបាក ឬការសងសឹក នៅពេលគេទៅដល់ប្រទេសកំណើតរបស់គេវិញ។ ជនរងគ្រោះ៥នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។ គ្មានរបាយការណ៍ថា រដ្ឋាភិបាលបានដាក់ទណ្ឌកម្មលើមនុស្សដែលត្រូវបានរកឃើញថាជាជនរងគ្រោះ ដោយសារការជួញដូរទេ តែការខិតខំដើម្បីកំណត់ជនរងគ្រោះធ្វើអោយគេមិនអាចរកឃើញជនរងគ្រោះជាច្រើន ហើយធ្វើអោយពួកគេប្រឈមនឹងការដាក់ទណ្ឌកម្ម។ មន្រ្តីច្រើនតែខ្វះកន្លែងការិយាល័យគ្រប់គ្រាន់ សំរាប់ដាក់អោយជនរងគ្រោះ និងជនល្មើសនៅដាច់ពីគ្នាក្នុងពេលសំភាសន៍។ ដោយធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយ រដ្ឋាភិបាលបានផ្តើមអនុវត្តគំរោងសាកល្បងមួយ នៅតាមខេត្តចំនួន៣ ដោយអោយអ្នកធ្វើការផ្នែកសង្គមកិច្ចដែលបានទទួលការបណ្តុះបណ្តាល ហើយអោយផ្តល់សេវាគ្រប់គ្រងលើករណីមួយដល់ជនរងគ្រោះ ដែលមានក្តីក្នុងតុលាការ។ តែប្រព័ន្ធច្បាប់ពុករលួយនិងខ្សោយរបស់ប្រទេសកម្ពុជា ហើយនិងកង្វះការការពារគ្រប់គ្រាន់សំរាប់ជនរងគ្រោះ និងសាក្សី ដែលត្រូវបានធ្វើអោយមានលក្ខណៈកាន់តែអាក្រក់ឡើងដោយដំណើរការកាត់ក្តីយូរ និងការភ័យខ្លាចការសងសឹកដោយជនប្រព្រឹត្តការជួញដូរ បង្ករជាឧបសគ្គមិនអោយជនរងគ្រោះមានចិត្តចង់ធ្វើសហប្រតិបត្តិការនៅក្នុងករណីជាច្រើន។ ជនរងគ្រោះដែលគ្រួសាររបស់គេបានទទួលសំណងទូទាត់ក្រៅតុលាការ ពីជនប្រព្រឹត្តការជួញដូរ ច្រើនតែផ្លាស់ប្តូរចំលើយជាកសិណរបស់គេ ដែលជាការធ្វើអោយរាំងស្ទះដល់ការនាំខ្លួនជនល្មើសមកកាត់ទោសបានដោយជោគជ័យ។ ជាគោលការណ៍ ជនរងគ្រោះអាចទទួលបានសំណងទូទាត់ តែការនេះត្រូវរងកំហិតព្រំដែនដោយលក្ខខ័ណ្ឌផ្លូវច្បាប់ដែលចែងថា ការទូទាត់សងអាចត្រូវបង់អោយតែនៅពេលជនព្រឹត្តការជួញដូរចេញពីពន្ធនាគារវិញតែប៉ុណ្ណោះ។
ការការពារកុំអោយកើតមាន (Prevention)
រដ្ឋាភិបាលកម្ពុជាបានបន្តការខិតខំក្នុងការការពារកុំអោយមានការជួញដូរមនុស្ស។ គណកម្មាធិការអន្តរក្រសួង និងលេខាធិការដ្ឋានរបស់គណកម្មាធិការនេះ បានសំរបសំរួលសកម្មភាពប្រឆាំងការជួញដូរ ហើយបានចាប់ផ្តើមអនុវត្តផែនការសកម្មជាតិជាតិ ដែលត្រូវបានបង្កើតនៅក្នុងអំឡុងពេលនៃរបាយការណ៍លើកមុន។ រដ្ឋាភិបាលបានផ្តល់បុគ្គលិកចំនួន ៧២ នាក់អោយធ្វើការអោយគណកម្មាធិការនេះ ហើយជាលើកដំបូង បានផ្តល់ថវិកាឯករាជ្យអោយចំនួន ៥០០ ០០០ ដុល្លាអាមេរិក។ គណកម្មាធិការនៅមូលដ្ឋានសំរបសំរួលការងារនៅថ្នាក់ខេត្ត អង្គការមិនមែនរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលបានផ្តល់ថវិកាតិចតួចដល់គណកម្មាធិការចំនួន ៤ ក្នុងចំណោមគណកម្មាធិការទាំងនេះ នៅឆ្នាំ២០១៥ ដោយនៅក្នុងឆ្នាំ២០១៤ បានផ្តល់អោយតែគណកម្មាធិការចំនួនតែ២ទេ។ អង្គការមិនមែនរដ្ឋាភិបាលមួយបាននិយាយថា បានទទួលពាក្យបណ្តឹងចំនួន ៩៦ ពីជនរងគ្រោះ ដែលចង់ទារសំណងតាមផ្លូវច្បាប់ ពីឈ្មួញកណ្តាល ឬមេខ្យល់ដែលដើរទាក់ទាញមនុស្ស ចំពោះការរងនឹងការជួញដូរនៅប្រទេសម៉ាឡេស៊ី។ រដ្ឋាភិបាលបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនជ្រើសរើសពលករមួយពីបទរកស៊ីខុសច្បាប់ ដែលអាចមានចំណែកនាំដល់ការជួញដូរមនុស្ស។ ដោយមានការជួយពីម្ចាស់អំណោយបរទេស និងម្ចាស់អំណោយក្នុងស្រុក រដ្ឋាភិបាលបានផលិត និងផ្សព្វផ្សាយឯកសារបោះពុម្ព ធ្វើការផ្សាយតាមវិទ្យុ និងការតាំងបង្ហាញតាមផ្ទាំងប៉ាណូ និងផ្ទាំងរូបទាក់ទងនឹងគ្រោះថ្នាក់នៃការជួញដូរមនុស្ស។ នគរបាលប្រឆាំងការជួញដូរបានរៀបចំនិងផ្តល់ការបណ្តុះបណ្តាលដោយខ្លួនគេដល់ផ្នែកបំរើការសប្បាយ ស្តីពីគោលនយោបាយ និងនិតិវិធីក្នុងការការពារ និងរាយការណ៍ពីបទល្មើសជួញដូរផ្លូវភេទ។ រដ្ឋាភិបាលបានរាយការណ៍ពីការមានកិច្ចព្រមព្រៀងជាមួយស្ថានទូតចិន នៅភ្នំពេញ ក្នុងការពិនិត្យអោយបានហ្មត់ចត់លើពាក្យសុំទិដ្ឋាការរបស់នារីខ្មែរដែលមិនទាន់រៀបការ ដើម្បីរកមើលភាពអាចរងគ្រោះដោយការជួញដូរ ឬសញ្ញាបង្ហាញពីការជួញដូរ តែគេមិនដឹងថា មានការអនុវត្តដូចនេះមែនដើម្បីកាត់បន្ថយបន្ថយបន្ទុកមិនត្រឹមត្រូវសំរាប់អ្នកធ្វើចំណាកស្រុកឬអត់នោះទេ។ ក្រសួងទេសចរណ៍បានបន្តការសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ក្នុងការធ្វើការបណ្តុះបណ្តាល ធ្វើផ្ទាំងប៉ាណូ និងក្រដាសចែកចាយ ដែលមានបំណងកាត់បន្ថយតំរូវការលើជំនូញផ្លូវភេទ និងទេសចរណ៍ផ្លូវភេទលើកុមារ ថ្វីបើការខិតខំទាំងនេះសំដៅលើទេសចរផ្លូវភេទបរទេស ជាជាងមនុស្សនៅក្នុងប្រទេសដែលជាប្រភពធំនៃតំរូវការលើជំនួញផ្លូវភេទលើកុមារក្តី។ អាជ្ញាធរបានកាត់ទោសទេសចរផ្លូវភេទចំនួន ៦ នាក់ និងបានដាក់ទោសពួកគេចំនួន ៣ នាក់ បានចាប់បញ្ជូនជនសង្ស័យម្នាក់ទៅសហរដ្ឋអាមេរិកវិញ ហើយបានកាត់ទោសជនជាតិខ្មែរម្នាក់ ហើយបានដាក់ទោសលើ ៥ នាក់ទៀត ដែលបានទិញការរួមភេទជាមួយកុមារ។ អ្នកជំនាញក្នុងស្រុកបាននិយាយថា គេនៅតែមានកង្វល់លើការខកខានរបស់រដ្ឋាភិបាលក្នុងការធ្វើការស៊ើបអង្កេត ឬដាក់ទោសសមស្របទៅលើជនបរទេសដែលទិញការរួមភេទជាមួយកុមារ។ នៅក្នុងឆ្នាំនៃរបាយការណ៍នេះ ជនល្មើសដែលបានទទួលទោសហើយត្រូវបានបន្ថយទោសជាប់ពន្ធនាគារពី ៨ ឆ្នាំមក ៥ ឆ្នាំ។ រដ្ឋាភិបាលបានធ្វើការបណ្តុះបណ្តាលស្តីពីការប្រឆាំងការជួញដូរមនុស្សដល់បុគ្គលិកទូត និងបុគ្គលិកយោធារបស់ខ្លួន មុនពេលពួកគេចេញទៅបំពេញការងារថែរក្សាសន្តិភាពនៅបរទេស។