ដោយអនុលោមតាមច្បាប់ ឆ្នាំ ២០០៧ ស្ដីពីការលើកកំពស់គុណតំលៃលទ្ធិប្រជាធិបតេយ្យ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានរៀបចំរបាយការណ៍នេះ ស្ដីពីការខិតខំរបស់សហរដ្ឋអាមេរិកក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅតាមប្រទេសដែលមិនដើរតាមលទ្ធិប្រជាធិបតេយ្យ និងប្រទេសដែលកំពុងស្ថិតក្នុងដំណាក់កាលអន្ដរកាលនៃលទ្ធិប្រជាធិបតេយ្យ នៅទូទាំងពិភពលោក ។ ច្បាប់នេះថែមទាំងបញ្ជាក់ទៀតថា យើងបន្ដកិច្ចសហប្រតិបត្ដិការរបស់យើងជាមួយក្រុមមនុស្ស និងបុគ្គលដែលមិនស្ថិតក្នុងរដ្ឋាភិបាល ដើម្បីលើកកំពស់គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ ភាពជាដៃគូជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល ទាំងអង្គការក្នុងស្រុក ទាំងអង្គការអន្ដរជាតិ មានសារៈសំខាន់ចាំបាច់ដល់ការអភិវឌ្ឍនិងជោគជ័យនៃសង្គមសេរី ហើយមានតួនាទីសំខាន់ចាំបាច់ ក្នុងការធានាអោយមានរដ្ឋាភិបាលដែលមានការ ទទួលខុសត្រូវ និងការផ្លាស់ប្ដូរតាមលទ្ធិប្រជាធិបតេយ្យ ។
នៅពេលពិគ្រោះយោបល់ជាមួយអង្គការមិនមែនរដ្ឋាភិបាលនិងស្របតាមនិយមន័យរបស់ច្បាប់នេះ ទៅលើប្រទេសក្នុងអន្ដរកាលប្រជាធិបតេយ្យ និងមិនប្រជាធិបតេយ្យយើងបានធ្វើសេចក្ដីរាយការណ៍ពីការខិតខំជាអាទិភាពរបស់យើងក្នុងប្រទេសចំនួន ១០៦ ។ សកម្មភាពនិមួយៗដែលយើងបានគូសបញ្ជាក់ក្នុងរបាយការណ៍នេះ ដែលរួមមានកម្មវិធីទ្វេភាគី កិច្ចការសាធារណៈផ្នែកការទូត សកម្មភាពផ្ដួចផ្ដើមពហុភាគី កិច្ចសហប្រតិបត្ដិការជាមួយអង្គការអន្ដរជាតិ និងអង្គការក្នុងស្រុកហើយនិងកម្មវិធីជំនួយមានបំណងលើកបង្ហាញត្រួសៗ មិនមែនលំអិតអស់សាច់រឿង ស្ដីពីសកម្មភាពទាំងអស់ ដែលសហរដ្ឋអាមេរិកបានធ្វើក្នុងផ្នែកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនោះទេ ។
ដូចដែលរបាយការណ៍មានបង្ហាញហើយ យើងផ្ដោតការខិតខំរបស់យើងលើវិធីជាក់ស្ដែង ដើម្បីពង្រឹងសមាសភាពស្នូល ដែលបណ្ដាប្រទេសនៅជុំវិញពិភពលោកត្រូវមាន ដើម្បីការពារនិងអនុវត្ដសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យប្រកបដោយប្រសិទ្ធិភាព។ វិធីទាំងនេះមាន៖ ១) ដំណើរការបោះឆ្នោត ដែលមានលក្ខណៈសេរី និងយុត្ដិធម៌ ដោយគូប្រជែងទាំងអស់មានភាពស្មើគ្នា ដើម្បីធានាអោយមានការប្រកួតប្រជែងពិតប្រាកដ ។ ២) អភិបាលកិច្ចល្អដោយមានស្ថាប័នមានតំណាងត្រឹមត្រូវ តំលាភាព និងគណនេយ្យភាព ដែលដំណើរការទៅនៅក្រោមនិតិរដ្ឋរួមទាំងមានផ្នែកនិតិបញ្ញាតិ និងផ្នែកតុលាការឯករាជ្យ ។ ៣) សង្គមស៊ីវិលរឹងមាំល្អដោយមានអ្នកការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសហជីព ។
គោលបំណងរបស់យើងគឺពង្រីកចំនួនរដ្ឋដែលគ្រប់គ្រងល្អ តាមលទ្ធិប្រជាធិបតេយ្យ ដែលដំកល់សេរីភាពនៅក្រោមនិតិរដ្ឋ គោរពសិទ្ធិមនុស្ស បំពេញសេចក្ដីត្រូវការនៃប្រជាជនរបស់ខ្លួន ហើយធ្វើអ្វីៗប្រកបដោយការទទួលខុសត្រូវក្នុងប្រព័ន្ធពិភពលោក ។ សហរដ្ឋអាមេរិកមិនអាចធ្វើដូច្នេះបានជួសមុខអោយប្រទេសដទៃឡើយ ហើយក៏មិនគួរធ្វើដូច្នេះដែរ ។ វាត្រូវតែចេញពីការជ្រើសរើសនិងគំនិតផ្ដួចផ្ដើមរបស់គេ។ តែយើងអាចជួយបាន ហើយយើងត្រូវតែជួយ ។ នេះគឺជាភាពជាដៃគូ មិនមែនជាការដាក់ក្រឹត្យក្រមទៅលើខ្លាំងពេកនោះទេ ។ ភាពជាដៃគូដើម្បីការផ្លាស់ប្ដូរតាមលទ្ធិប្រជាធិបតេយ្យ ដែលយើងកំពុងផ្ដួចផ្ដើមអោយមានឡើងជាមួយរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលនិងមនុស្សប្រុសស្រីដែលមានចិត្ដក្លាហាននៅជុំវិញពិភពលោក កំពុងតែជួយធ្វើអោយមានពិភពលោកមួយដែលមានភាពសេរី និងសុវត្ថិភាពជាងមុន សំរាប់មនុស្សទាំងអស់គ្នា ។
ជាមួយនឹងការយល់ឃើញបែបនេះយើងសូមចេញរបាយការណ៍ស្ដីពីការលើកកំពស់សេរីភាព និង លទ្ធិប្រជាធិបតេយ្យ នៅខែឧសភា ឆ្នាំ ២០០៨ ។
តើរបាយការណ៍ស្ដីពីការលើកកំពស់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានរៀបចំយ៉ាងដូចម្ដេច?
របាយការណ៍ចែកចេញជា ៤ ផ្នែក ។ ផ្នែកទី ១ គឺជាសេចក្ដីថ្លែងសង្ខេបប្រហាក់ប្រហែលនឹងសេចក្ដីនៅក្នុងកឋាខ័ណ្ឌទី១ និងទី២ ក្នុងផ្នែកអារម្ភកថានៃរបាយការណ៍ប្រចាំឆ្នាំស្ដីពីសិទ្ធិមនុស្ស សំរាប់ប្រទេសមួយៗ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ទាក់ទងនឹងស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅតាមប្រទេសនិមួយៗ ។ ផ្នែកទី ២ គឺជាសេចក្ដីថ្លែងពីអាទិភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការជំរុញការ ប្រតិបត្ដិ គុណតំលៃ គោលការណ៍ប្រជាធិបតេយ្យ ហើយនិងសិទ្ធិមនុស្ស ។ ផ្នែកនេះក៏មាននិយាយផងដែរពីសកម្មភាពមួយៗ ដែលត្រូវធ្វើ និងមានការគាំទ្រពីប្រធានបេសកកម្មទូត និងមន្ដ្រីអាមេរិកដទៃទៀត ។ ផ្នែក ទី ៣ គូសបញ្ជាក់ពីសកម្មភាពច្រើនថែមទៀតជាបន្ដរបស់ស្ថានទូត ស្ដីពីជំនួយបរទេស កិច្ចការសាធារណៈ និងការទូត ព្រមទាំងសកម្មភាពសាធារណៈផ្សេងៗទៀត ទៅលើអាទិភាព ដែលនិយាយក្នុងផ្នែកទី ២ ។ ផ្នែក ទី ៤ គឺជាការបន្ដសេចក្ដីរៀបរាប់ពីសកម្មភាពក្រោយៗទាក់ទងនឹងការជំរុញសិទ្ធិមនុស្សជាមូលដ្ឋានទាំងអស់ និងអភិបាលកិច្ចតាមលទ្ធិប្រជាធិបតេយ្យដែលមិនត្រូវបានគូសបញ្ជាក់ក្នុងពេលកន្លងមក ។
ប្រទេសកម្ពុជា
ផ្នែកទី ១
កម្ពុជាគឺជាព្រះរាជាណាចក្រ អាស្រ័យរដ្ឋធម្មនុញ្ញ ដោយមានរដ្ឋាភិបាលតាមរយៈការបោះឆ្នោត ។ គណបក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិច បានបង្កើតរដ្ឋាភិបាលចំរុះក្នុងឆ្នាំ ២០០៤ ។ តែគណបក្សប្រជាជនត្រួតត្រាច្រើន ដោយអំណាចភាគច្រើនផ្ដុំលើដៃរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ។ ក្នុងឆ្នាំ ២០០៧ ប្រវត្ដិផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនៅអាក្រក់នៅឡើយ ដោយសារកង្វះឆន្ទះនយោបាយក្នុងការអនុវត្ដនិតិរដ្ឋ ការរំលោភលើជនជាប់ឃុំឃាំង ការនៅតែមានបញ្ហាជំលោះដីធ្លី និងការបណ្ដេញមនុស្សចេញពីលំនៅដ្ឋានដោយបង្ខំ ការរឹតត្បិតសេរីភាពក្នុងការនិយាយស្ដី និងសេរីភាពសារព័ត៌មានតាមរយៈការចោទប្រកាន់ពីបទបរិហារកេរ្ដិ៍និងផ្សាយព័ត៌មានមិនពិត ការជួញដូរមនុស្ស និងអំពើពុករលួយដែលមានជាទូទៅ ។ យ៉ាងណា ក្ដី រដ្ឋាភិបាលបានប្រកាន់តាមជំហានវិជ្ជមានខ្លះ ក្នុងឆ្នាំកន្លងទៅនេះ ដូចជានៅពេលដែលតុលាការកាត់ទោសខ្មែរក្រហមបានចោទប្រកាន់មន្ដ្រីជាន់ខ្ពស់ខ្មែរក្រហមចំនួន ៥ នាក់ ថាបានប្រព្រឹត្ដអំពើឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ។ នៅពេលនេះ អ្នកទាំងនោះកំពុងជាប់ឃុំដោយរង់ចាំការកាត់ទោស ។
ផ្នែកទី ២
ការពង្រឹងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ការទ្រទ្រង់និតិរដ្ឋ ការកាត់បន្ថយអំពើពុករលួយ និងការពង្រឹងការការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជាគឺជាអាទិភាពគន្លឹះរបស់សហរដ្ឋអាមេរិក ។ ក្នុងពេលដែល មន្ដ្រីសហរដ្ឋអាមេរិកបន្ដលើកកំពស់ប្រព័ន្ធប្រជាធិបតេយ្យ ការគាំទ្រដល់ក្រុមនយោបាយ និងក្រុមអ្នកធ្វើការ ដើម្បីការពារសិទ្ធិស្របច្បាប់នៅតែជាសកម្មភាពសំខាន់ចាំបាច់ដដែល ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកសូមអំពាវនាវអោយការបោះឆ្នោតនាខែកក្កដា ឆ្នាំ ២០០៨ ខាងមុខនេះប្រព្រឹត្ដទៅដោយសេរី និងយុត្ដិធម៌ ដោយមានរដ្ឋាភិបាលកើតឡើងស្របតាមរដ្ឋធម្មនុញ្ញ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកលើកទឹកចិត្ដអោយមានភាពបើកចំហក្នុងការពិភាក្សានយោបាយជាសាធារណៈ នយោបាយពហុបក្ស ការចូលរួម និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ។ លើសពីនេះទៀត មន្ដ្រីសហរដ្ឋអាមេរិក និងអង្គការមិនមែនរដ្ឋាភិបាលដែលទ្រទ្រង់ដោយសហរដ្ឋអាមេរិកបានលើកឡើងនូវបញ្ហាកំណែទំរង់ដីធ្លី ការប្រើភាពអត់ធ្មត់ក្នុងអំឡុងពេលបណ្ដេញមនុស្សចេញស្របច្បាប់និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកមានបំណងចង់ពង្រឹងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការតាមដាន និងស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស គាំទ្រនិងតាមដានសិទ្ធិនយោបាយ និងសិទ្ធិស្របច្បាប់ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកគាំទ្រគោលដៅរបស់រដ្ឋាភិបាលកម្ពុជា ដែលចង់លុបបំបាត់ការជួញដូរមនុស្ស ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការដើម្បីការពារសេរីភាពកម្មករ ហើយប្រឆាំងនឹងទំរង់អាក្រក់បំផុតនៃពលកម្មកុមារ ។ កម្មវិធីដែលទ្រទ្រង់ដោយសហរដ្ឋអាមេរិក លើកកំពស់សេរីភាពសារព័ត៌មាន ហើយលើកទឹកចិត្ដអោយផ្ដល់ ឱកាសផ្នែកសិក្សាអប់រំ និងផ្នែកសេដ្ឋកិច្ចដល់សហគមន៍ចាមនៅក្នុងប្រទេស ។
ផ្នែកទី ៣
មន្ដ្រីស្ថានទូតអាមេរិកប្រើវេទិការ និងពិធីដែលមានអ្នកសារព័ត៌មានចូលរួមដើម្បីធ្វើសុន្ទរកថាលើប្រធានបទផ្សេងៗ ទាក់ទងនឹងអភិបាលកិច្ចល្អរួមទាំងការអនុម័តច្បាប់ប្រឆាំងនឹងអំពើពុករលួយ ដែលបំពេញបានតាមបទដ្ឋានអន្ដរជាតិតំរូវការអោយមានកំណែទំរង់ប្រព័ន្ធតុលាការ និងតុលាការឯករាជ្យ តំលាភាពក្នុងរដ្ឋាភិបាល និងការគោរពសេរីភាពសារព័ត៌មាន ។ មន្ដ្រីសហរដ្ឋអាមេរិកមានយុទ្ធសាស្ដ្របន្ដក្នុងការពិភាក្សាពីអភិបាលកិច្ចល្អ និងកង្វល់ស្ដីពីសិទ្ធិមនុស្ស ជាមួយរដ្ឋមន្ដ្រី និងមន្ដ្រីជាច្រើនក្នុងរដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកជំរុញអោយមានការបោះឆ្នោតជាតិ ឆ្នាំ ២០០៨ ប្រកបដោយប្រជាធិបតេយ្យ សេរី និងយុត្ដិធម៌ ដែលបើកចំហសំរាប់គណបក្សទាំងអស់ ។ ស្ថានទូតអាមេរិកបានចុះបញ្ជីមន្ដ្រីចំនួន ១២ រូបអោយធ្វើជាអ្នកសង្កេតការរយៈពេលយូរលើការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០០៨ ។ អ្នកសង្កេតការពិនិត្យមើលឡើងវិញលើដំណើរការការចុះ និងលុបបញ្ជីឈ្មោះអ្នកបោះឆ្នោត ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកគាំទ្រកម្មវិធីដែលរៀបចំអោយមានការពិភាក្សាដេញដោលគ្នារវាងបេក្ខជនចំរុះគណបក្សនយោបាយ ចំនួន ជាង ៣០ ដង ។ មន្ដ្រីសហរដ្ឋអាមេរិកបានទទួលជោគជ័យក្នុងការជំរុញអោយការពិភាក្សាដេញដោលគ្នានេះ ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍នៅទូទាំងប្រទេស ។ សហរដ្ឋអាមេរិកកំពុងតែឧបត្ថម្ភសកម្មភាពលើកទឹកចិត្ដអោយនារីចូលរួមក្នុងកិច្ចការនយោបាយ និងចូលរួមជាបេក្ខជនគណបក្សនយោបាយសំខាន់ៗ ។ កម្មវិធីមួយទៀតដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកពង្រីកការចូលរួមរបស់យុវជនក្នុងជីវិតនយោបាយ ដោយបានផ្ដល់ការបណ្ដុះបណ្ដាលដល់យុវជនជាង ៣៥ ០០០ នាក់ ។
មន្ដ្រីស្ថានទូតអាមេរិកបន្ដជំរុញអោយមានការពង្រឹងនិតិរដ្ឋ និងឯករាជ្យតុលាការ ។ ក្នុងឆ្នាំ ២០០៧ កម្មវិធីមួយដែលទ្រទ្រង់ថវិកាដោយសហរដ្ឋអាមេរិក រួមជាមួយនឹងសាកលវិទ្យាល័យភូមិន្ទនិតិសាស្ដ្រ និង សេដ្ឋកិច្ចបានរៀបចំសំដែងការប្រលងកាត់ក្ដីលើកដំបូងនៅប្រទេសកម្ពុជា ។ កម្មវិធីគាំទ្រថវិកាដោយសហរដ្ឋអាមេរិកដដែលនេះបានជួយរដ្ឋាភិបាលក្នុងការអនុម័តក្រមសីលធម៌តុលាការ ក្នុងឆ្នាំដដែលនោះ ។ បណ្ដាកម្មវិធីដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពរបស់អ្នកមានអាជីពផ្នែកច្បាប់ រួមចំណែកដល់កំណែទំរង់តុលាការ និងការខិតខំប្រឆាំងនឹងអំពើពុករលួយ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកឧបត្ថម្ភកម្មវិធី សាកល្បង ក្នុងតុលាការខេត្ដកណ្ដាល ដើម្បីបង្កើនតំលាភាពតុលាការ ។ ដើម្បីជួយក្នុងការនាំមេដឹកនាំខ្មែរក្រហម និងអ្នកដែលមានការទទួលខុសត្រូវធំបំផុតចំពោះអំពើព្រៃផ្សៃមកកាត់ទោស សហរដ្ឋអាមេរិកបន្ដជួយគាំទ្រអង្គការមិនមែនរដ្ឋាភិបាលឯករាជ្យតែមួយគត់នៅប្រទេសកម្ពុជា ដែលធ្វើការចងក្រងឯកសារស្ដីពីអំពើឧក្រិដ្ឋប្រឆាំងមនុស្សជាតិរបស់អតីតរបបខ្មែរក្រហម ។
ផ្នែកទី ៤
រដ្ឋាភិបាលសហរដ្ឋអាមេរិកជំរុញអោយមានការបើកឱកាសនយោបាយ ដោយគាំទ្រក្រុមអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ដែលផ្ដោតការងារលើការទទួលបានសិទ្ធិនយោបាយ និងសិទ្ធិស្របច្បាប់ ។ សហរដ្ឋអាមេរិកផ្ដល់ជំនួយថវិកា ចូលរួមជាមួយនិងជំរុញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលស៊ើបអង្កេតករណីចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សរាប់រយករណី ធ្វើអន្ដរាគមដោយផ្ទាល់និងផ្ដល់សេវាផ្លូវច្បាប់ដល់បុគ្គលម្នាក់ៗ ។ អង្គការមិនមែនរដ្ឋាភិបាលកម្ពុជាមួយ ដែលធ្វើការផ្ដល់ការការពារតាមផ្លូវច្បាប់ ហើយដែលទទួលជំនួយថវិកាពីសហរដ្ឋអាមេរិកបន្ដផ្ដល់សេវាផ្លូវច្បាប់ដល់អ្នកក្រ ។ កម្មវិធីមួយទៀតរបស់សហរដ្ឋអាមេរិកធ្វើការជួសមុខអោយសហគមន៍ ក្នុងជំលោះដីធ្លី ។ កម្មវិធីមួយដែលទទួលថវិកាពីសហរដ្ឋអាមេរិកធ្វើការបណ្ដុះបណ្ដាលលើការជំរុញនិងការពារសិទ្ធិមនុស្សហើយនិងជួយកម្មវិធីការពារអំពើហឹង្សាលើស្ដ្រី ។ សហរដ្ឋអាមេរិកជួយថវិកាដល់អង្គការពលកម្មអន្ដរជាតិ និងកម្មវិធីដទៃៗទៀត ដើម្បីការពារសិទ្ធិកម្មករ តាមរយៈការតាមដានលក្ខខ័ណ្ឌការងារតាមរោងចក្រកាត់ដេរគាំទ្រយន្ដការដោះស្រាយវិវាទការងារហើយប្រយុទ្ធប្រឆាំងនឹងទំរង់អាក្រក់បំផុតនៃពលកម្មកុមារ ។
មន្ដ្រីស្ថានទូតអាមេរិកលើកទឹកចិត្ដអោយបើកអោយមានសេរីភាពច្រើនថែមទៀតក្នុងការធ្វើការប្រជុំជនតាមរយៈការងារតស៊ូមតិដោយផ្ទាល់់ជាមួយរដ្ឋាភិបាល ។ ឧទាហរណ៍ មន្ដ្រីសហរដ្ឋអាមេរិកបានទទួលជោគជ័យក្នុងការសុំអោយរដ្ឋាភិបាលអនុញ្ញាតិអោយមានការដើរក្បួនអបអរទិវាសិទ្ធិមនុស្ស ថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០០៧ និងការជួបប្រជុំមហាជន ហើយនិងការជួបប្រជុំមហាជនថ្ងៃទី ៦ មេសា ឆ្នាំ ២០០៨ នៅភ្នំពេញ របស់គណបក្សប្រឆាំង ។
ការខិតខំរបស់សហរដ្ឋអាមេរិកក្នុងការជំរុញសេរីភាពសារព័ត៌មានផ្ដោតលើកម្មវិធីអប់រំអ្នកសារព័ត៌មានអំពីតួនាទីរបស់គេក្នុងសង្គមប្រជាធិបតេយ្យ និងលើកកំពស់គុណភាពនៃការយកព័ត៌មាន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកជួយដល់កម្មវិធីមួយដែលបណ្ដុះបណ្ដាលអ្នកសារព័ត៌មានកម្ពុជាពីវិធីយកព័ត៌មានពីសវនាការតុលាការ រួមទាំងតុលាការកាត់ទោសពួកមេខ្មែរក្រហមផង ការបោះឆ្នោត និងករណីប្រឆាំងនឹងអំពើពុករលួយ ។ សហរដ្ឋអាមេរិកនៅបន្ដប្រឈមដោះស្រាយនឹងការគំរាមកំហែងពីពួកឥស្លាមជ្រុលនិយម ដោយជំរុញការអប់រំស្ដីពីលទ្ធិប្រជាធិបតេយ្យ និងការជួយដល់សហគមន៍ឥស្លាម តាមរយៈកម្មវិធីចុះជួយដល់កន្លែងនិងការផ្ដល់ជំនួយថវិកាខ្នាតតូច ។ រដ្ឋាភិបាលអាមេរិកបានចែកចាយសៀវភៅដែលមានចំណងជើងថា”ជីវិតរបស់អ្នកកាន់សាសនាឥស្លាមនៅប្រទេសអាមេរិក” ជាភាសាខ្មែរ និងជាភាសាចាម ក្នុងពេលទស្សនៈកិច្ចទៅកាន់វិហារឥស្លាមនិងសហគមន៍ចាម ។ ដោយមានជំនួយគាំទ្រពីសហរដ្ឋអាមេរិក អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយនៅបន្ដកម្មវិធីវិទ្យុសំលេងផ្សាយព័ត៌មានប្រចាំសប្ដាហ៍ជាភាសាចាម ។ នេះជាកម្មវិធីតែមួយគត់នៅប្រទេសកម្ពុជាដែលផ្សាយជាភាសាចាមសំរាប់អោយបងប្អូនចាមស្ដាប់ ។
ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក៏ជាផ្នែកសំខាន់ចាំបាច់មួយដែរ នៃយុទ្ធសាស្ដ្ររបស់សហរដ្ឋអាមេរិក ដើម្បីលើកកំពស់សិទ្ធិមនុស្ស ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកគាំទ្រការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការសំរបសំរួលសកម្មភាពជួញដូរមនុស្ស ដោយយកអង្គការមិនមែនរដ្ឋាភិបាលក្រសួងនិងទីភ្នាក់ងាររដ្ឋាភិបាលធ្វើជាដៃគូ ។