វិធីធ្វើរបាយការណ៍
ស្ថានទូតអាមេរិករៀបចំសេចក្ដីព្រាងដំបូងនៃរបាយការណ៍នេះ ដោយប្រមូលព័ត៌មានពីប្រភព ផ្សេងៗ ដែលរួមមានមន្ដ្រីរដ្ឋាភិបាលនិងសាសនា អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន អ្នកតាមដាន ផ្នែកសិទ្ធិមនុស្ស ក្រុមសាសនា និង និស្សិតបញ្ញាវ័ន្ដ ។ ការប្រមូលព័ត៌មានបែបនេះអាចនាំអោយមានគ្រោះ ថ្នាក់ ហើយមន្ដ្រីដែលបំរើក្នុងកិច្ចការបរទេសរបស់សហរដ្ឋអាមេរិក តែងតែខិតខំពុះពារជាប្រចាំ ក្រោមស្ថានភាពដ៏លំបាក ហើយនៅពេលខ្លះមានគ្រោះថ្នាក់ផង ដើម្បីស៊ើបអង្កេតសេចក្ដីរាយការណ៍ពីបទរំលោភសិទ្ធិមនុស្ស តាមដានការបោះឆ្នោត និងជួយអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ ដោយសារតែជំនឿសាសនារបស់ គេ។
ការិយាល័យទទួលបន្ទុកសេរីភាពសាសនាអន្ដរជាតិបានសហការក្នុងការប្រមូលនិងវិភាគព័ត៌មាន សំរាប់យកមករៀបចំជារបាយការណ៍សំរាប់ប្រទេសមួយៗ ដោយប្រើប្រាស់ជំនាញឯកទេសរបស់ការិយាល័យផ្សេងៗទៀតក្នុងក្រសួងការបរទេស អង្គការសាសនា អង្គការមិនមែនរដ្ឋាភិបាល មន្ដ្រីរដ្ឋាភិបាលបរទេស តំណាងរបស់សហប្រជាជាតិ អង្គការ ស្ថាប័នប្រចាំតំបន់និងអន្ដរជាតិដទៃទៀត ព្រមទាំងអ្នកជំនាញពីខាងផ្នែកសិក្សាអប់រំនិងប្រព័ន្ធឃោសនា ។ ក្នុងការចងក្រងនិងកែតំរូវរបាយការណ៍សំរាប់ប្រទេសនិមួយៗ ការិយាល័យទទួលបន្ទុកសេរីភាពសាសនាអន្ដរជាតិ បានធ្វើការពិគ្រោះយោបល់ជាមួយអ្នកជំនាញលើបញ្ហារើសអើង និងការធ្វើទុក្ខបុកម្នេញផ្នែកសាសនា មេដឹកនាំសាសនាផ្សេងៗ និងអ្នកជំនាញផ្នែកច្បាប់ ។ គោលការណ៍របស់ការិយាល័យនេះគឺធ្វើយ៉ាងណាត្រូវសិក្សាវាយតំលៃព័ត៌មានទាំងអស់ដោយមិនលំអៀង ដោយពេញលេញនិងដោយយុត្ដិធម៌ ។
របាយការណ៍នេះសំរាប់អោយក្រសួង ទីភ្នាក់ងារនិងការិយាល័យនានារបស់សហរដ្ឋអាមេរិកប្រើសំរាប់កំណត់គោលនយោបាយ ធ្វើការងារទូត កំណត់ជំនួយ ការហ្វឹកហ្វឺននិងការកំណត់ការចែកចាយធនធានផ្សេងៗ និង សំរាប់ជួយកំណត់ថាតើប្រទេសណាដែលបានប្រព្រឹត្ដឬអត់ឱនអោយ “ការរំលោភធ្ងន់ធ្ងរជាពិសេស ” លើសេរីភាពសាសនា ។ ប្រទេសទាំងនេះមានឈ្មោះផងដែរថាជាប្រទេសដែលនាំអោយមានកង្វល់ជាពិសេស ។
ការប្រើប្រាស់ពាក្យពេចន៌
នៅពេលរបាយការណ៍នេះនិយាយថា រដ្ឋាភិបាលមួយ “ជាទូទៅគោរព” សិទ្ធិក្នុងការមានសេរីភាព សាសនា នៅក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍ ប្រយោគនេះចង់បង្ហាញអោយឃើញថា រដ្ឋាភិបាលមានបំណងការពារសេរីភាពសាសនាអោយបានពេញលេញ ។ ដូច្នេះ “ជាទូទៅគោរព” គឺការគោរពបានក្នុងកំរិតខ្ពស់បំផុតចំពោះសេរីភាពសាសនា ដែលមានកំណត់ក្នុងរបាយការណ៍នេះ ។ ពាក្យថា “ជាទូទៅគោរព” ត្រូវបានប្រើ ពីព្រោះការការពារនិងការលើកកំពស់សេរីភាពសាសនាគឺជាការប្រឹងប្រែងដែលត្រូវមានការវិវត្តនិងភាពមោះមុតជានិច្ច។ គេមិនអាចនិយាយអោយបានច្បាស់លាស់បានទេថា រដ្ឋាភិបាលមួយបានគោរពសិទ្ធិនេះបានពេញលេញនៅក្នុងឆ្នាំនៃការធ្វើរបាយការណ៍នោះទេ ទោះបីជានៅក្នុងកាលទេសៈល្អយ៉ាងណាក៏ដោយ ។
ប្រទេសកម្ពុជា
រដ្ឋធម្មនុញ្ញចែងពីសេរីភាពសាសនា ហើយជាក់ស្ដែង និងជាទូទៅ រដ្ឋាភិបាលគោរពសិទ្ធិនេះ ។ ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ។
នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ ស្ថានភាពនៃការគោរពសេរីភាពសាសនាដោយរដ្ឋាភិបាល មិនមានការប្រែប្រួលទេ ហើយគោលនយោបាយរបស់រដ្ឋាភិបាលបានបន្ដរួមចំណែកដល់ការប្រតិបត្ដិសាសនាដោយសេរីនិងជាទូទៅ ។
មានករណីមិនច្រើនទេដែលត្រូវបានរាយការណ៍មកស្ដីពីការរំលោភឬការរើសអើងពីសង្គម ដោយសារជំនឿឬការប្រតិបត្ដិផ្នែកសាសនានោះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកពិភាក្សាពីបញ្ហាសេរីភាពសាសនាជាមួយរដ្ឋាភិបាល ជាផ្នែកមួយនៃគោលនយោបាយរួមរបស់ខ្លួនក្នុងការលើកកំពស់សិទ្ធិមនុស្ស ។
ផ្នែកទី ១៖ ប្រជាសាស្ដ្រទាក់ទងនឹងសាសនា (Religious Demography)
ប្រទេសកម្ពុជាមានផ្ទៃដីប្រមាណ ៦៧ ០០០ ម៉ៃល៍ការេ ហើយមានប្រជាជនប្រមាណ ១៤,១ លាន នាក់ ។ ប្រជាជនប្រមាណ ៩៣% កាន់សាសនាព្រះពុទ្ធ(ហិនយាន) ។ ប្រពៃណីព្រះពុទ្ធសាសនាហិនយានត្រូវបានប្រកាន់ខ្ជាប់និងជាទូទៅ នៅគ្រប់ខេត្ដក្រុងទាំងអស់ ដោយមានវត្ដចំនួន ៤ ១០០ នៅក្នុងប្រទេសទាំងមូល ។ ដោយសារជនជាតិខ្មែរភាគច្រើនលើសលុបជាពុទ្ធសាសនិកជន មានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធរវាងព្រះពុទ្ធសាសនា ប្រពៃណីវប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ។ ការប្រកាន់ខ្ជាប់តាមព្រះពុទ្ធសាសនា ជាទូទៅ ត្រូវបានគេចាត់ទុកថាជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញបាននៃអត្ដសញ្ញាណវប្បធម៌និងជាតិសាសន៍ ក្នុងប្រទេសនេះ ។ ពុទ្ធសាសនាមហាយានមានអ្នកជឿប្រមាណ ១៥០ ០០០ នាក់ ហើយមានវត្ដចំនួន ៦៣ នៅទូទាំងប្រទេស ។
មានអ្នកកាន់សាសនាឥស្លាមប្រមាណពី ៥០០ ០០០ ទៅ ៧០០ ០០០ នាក់ (គឺចន្លោះពី ៣,៥% ទៅ ៥% នៃប្រជាជន) ដែលភាគច្រើនលើសលុបគឺចាម ដែលច្រើនរស់នៅតាមទីក្រុងនិងភូមិនេសាទតាមជនបទ តាមមាត់ទន្លេសាបនិងទន្លេមេគង្គ និងនៅក្នុងខេត្ដកំពត ។ អង្គការខ្លះដែលធ្វើការឬមានទំនាក់ទំនងជាមួយ ប្រជាជនចាម ធ្វើការប៉ាន់ប្រមាណថា កម្ពុជាមានប្រជាជនចាមតិចជាងនេះទេ ។ ការធ្វើជំរឿនស្ថិតិទូទាំងប្រទេសនៅឆ្នាំ ២០០៨ នឹងអាចបញ្ជាក់ចំនួនបានត្រឹមត្រូវជាងនេះ ។ នៅកម្ពុជាសាសនាឥស្លាមមានបួនសាខា គឺសាខាស៊ីអាដែលទទួលឥទ្ធិពលពីម៉ាឡេ ហើយដែលប្រតិបត្ដិដោយអ្នកកាន់សាសនាឥស្លាមចំនួន ៨៨% ។ សាខា Salafi ដែលទទួលឥទ្ធិពលពីគុយវេតនិងអារ៉ាប៊ីសាអ៊ូឌីត (ពេលខ្លះ គេហៅថា “Wahhabi”) ដែលមានអ្នកជឿប្រមាណ ៦% នៃអ្នកកាន់សាសនាឥស្លាម តែចំនួននេះចេះតែមានការកើនឡើង ។ សាខាដើម ដែលមាន ឈ្មោះថា Iman-San ដែលប្រតិបត្ដិដោយអ្នកជឿចំនួន ៣% និងសាខា Kadiani ដែលមានអ្នកជឿ ៣% ដែរ ។ សាខាទាំងបួននេះមានវិហារឥស្លាមចំនួនពី ២០០ ទៅ ៣០០ និងមានវិហារឥស្លាម Surav តូចៗពី ២០០ ទៅ ៣០០ ដែលមានអ្នកមកប្រតិបត្ដិសាសនារហូតដល់ ៤០ នាក់ ហើយមិនមានកន្លែងសំរាប់គ្រូប្រដៅសាសនាឈរធ្វើធម្មទេសនានៅថ្ងៃសុក្រទេ ។ ក្រុមអ្នកកាន់សាសនាគ្រឹះដែលមានចំនួនតិចតួច តែកំពុងតែមានកំនើនឡើង ត្រូវជាប្រមាណ ២% នៃប្រជាជនទាំងមូល ។ មាននិកាយឬអង្គការសាសនាគ្រឹះប្រមាណ ១០០ ដែលធ្វើសកម្មភាពដោយសេរីនៅទូទាំងប្រទេស ហើយមានវិហារគ្រឹះចំនួន ២ ៤០០ តែក្នុងចំណោមនេះមាន តែ ៩០០ ប៉ុណ្ណោះដែលបានចុះបញ្ជីការជាផ្លូវការ ។ អង្គការសាសនាដទៃទៀតដែលមានអ្នកជឿមិនច្រើន មានសាសនា Baha’i Faith និង Cao Dai របស់វៀតណាម ដោយមួយៗមានអ្នកប្រតិបត្ដិតាមប្រហែល ២០០០ នាក់តែប៉ុណ្ណោះ ។
ក្រុមសាសនទូតបរទេសធ្វើសកម្មភាពដោយសេរី ។ សេចក្ដីប្រកាសនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០០៧របស់ក្រសួងធម្មការនិងសាសនា បានបញ្ជាក់សារជាថ្មីនូវការហាមប្រាមដែលចេញកាលពីឆ្នាំ ២០០៣ នូវការដើរបញ្ចុះបញ្ចូលអោយមនុស្សប្ដូរសាសនា ពីផ្ទះមួយទៅផ្ទះមួយ និងសកម្មភាពបែបនេះ ដូចជាការប្រើប្រដាប់បំពងសំលេង ឬផ្ដល់ជំនួយតែសំរាប់អ្នកដើរតាមនិកាយសាសនារបស់ខ្លួន ។ តែសកម្មភាពផ្ដល់ជំនួយ ដោយមិនរើសមុខដោយក្រុមសាសនទូតត្រូវបានលើកទឹកចិត្ដអោយមាន ។
ផ្នែកទី ២៖ ស្ថានភាពនៃសេរីភាពសាសនា
ក្របខ័ណ្ឌច្បាប់និងគោលនយោបាយ៖ រដ្ឋធម្មនុញ្ញចែងពីសេរីភាពសាសនា ហើយជាក់ស្ដែង និងជាទូទៅ រដ្ឋាភិបាលគោរពសិទ្ធិនេះ ។ រដ្ឋាភិបាលមិនអត់ឱនអោយការរំលោភសេរីភាពសាសនាទេ មិនថាការរំលោភនោះប្រព្រឹត្ដដោយផ្នែកឯកជនឬ ផ្នែករដ្ឋាភិបាលឡើយ ។ យ៉ាងណាក្ដី ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ។ រដ្ឋាភិបាលប្រារឰថ្ងៃបុណ្យជាតិទាក់ទងនឹងព្រះពុទ្ធសាសនា ផ្ដល់ការបណ្ដុះបណ្ដាលនិងអប់រំស្ដីពីពុទ្ធសាសនាដល់ព្រះសង្ឃនិងអ្នកឯទៀតនៅតាមវត្ដ និងផ្តល់ការគាំទ្រខ្លះដល់វិទ្យាស្ថានដែលធ្វើការស្រាវជ្រាវនិងបោះពុម្ពផ្សាយឯកសារស្ដីពីវប្បធម៌ និងប្រពៃណីព្រះពុទ្ធសាសនារបស់ខ្មែរ។ រដ្ឋធម្មនុញ្ញហាមប្រាមការរើសអើងខាងសាសនា ។
ច្បាប់តំរូវអោយក្រុមអ្នកកាន់សាសនាទាំងអស់ រួមទាំងក្រុមពុទ្ធសាសនិកផង អោយដាក់ពាក្យសុំ ទៅក្រសួងធម្មការនិងសាសនា បើគេចង់កសាងកន្លែងគោរពបូជា ឬធ្វើសកម្មភាពផ្សេងៗផ្នែកសាសនា ។ នៅក្នុងពាក្យសុំរបស់គេ គេត្រូវបញ្ជាក់អោយច្បាស់ពីបំណងនិងសកម្មភាពផ្នែកសាសនារបស់គេ ដែលត្រូវតែ គោរពតាមបញ្ញតិ ដែលហាមប្រាមក្រុមសាសនានានាមិនអោយប្រមាថក្រុមសាសនាដទៃទៀត បង្កើតអោយ មានជំលោះ ឬ ប៉ះពាល់ដល់សន្ដិសុខជាតិ ។ តែមិនមានការដាក់ពិន័យចំពោះការមិនចុះបញ្ជីការ ហើយជាក់ ស្ដែងមានក្រុមខ្លះ មិនបានចុះបញ្ជីការទេ ។
ក្នុងអំឡុងពេលនៃរបាយការណ៍នេះ មិនមានសេចក្ដីរាយការណ៍ដែលនិយាយថា មានក្រុមសាសនាជួបប្រទះនឹងឧបសគ្គជាដុំកំភួន ក្នុងការទទួលបានការយល់ព្រមលើការកសាងកន្លែងគោរពបូជាទេ ។ បទបញ្ជាស្ដីពីការគ្រប់គ្រងសាសនាពីខាងក្រៅតំរូវអោយមានការចុះបញ្ជីកន្លែងគោរពបូជានិងសាលា សាសនា ជាបន្ថែមលើការយល់ព្រមរបស់រដ្ឋាភិបាល មុនពេលធ្វើការសាងសង់កន្លែងគោរពបូជាថ្មីៗ ។ កន្លែងគោរពបូជាត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងតិច ២ គម ហើយមិនអាចប្រើប្រាស់ដើម្បីបំរើបំណងផ្នែកនយោបាយ ទទួលឧក្រិដ្ឋជនអោយស្នាក់នៅឬជនគេចខ្លួនពីច្បាប់ឡើយ ។ ការកំណត់ព្រំដែនពីគ្នានេះត្រូវបានអនុវត្ដ ទាក់ទងតែនឹងការកសាងកន្លែងគោរពបូជាថ្មីៗតែប៉ុណ្ណោះ ហើយមិនទាក់ទងនឹងការិយាល័យរបស់អង្គការសាសនាទេ ។ បទបព្ជានេះតំរូវអោយមានការបង្រៀនសាសនានិងការគោរពដល់ក្រុមសាសនាឯទៀតៗផងដែរ ។
មន្ដ្រីរដ្ឋាភិបាលកម្ពុជាបានបន្ដរៀបចំការប្រជុំប្រចាំឆ្នាំនៃតំណាងគ្រប់ក្រុមសាសនាទាំងអស់ ដើម្បីពិភាក្សាពីការវិវត្ដន៍ផ្នែកសាសនានិងដោះស្រាយបញ្ហាកង្វល់នានា ។
រដ្ឋធម្មនុញ្ញកំណត់យកពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ ដោយយោងតាមការកំណត់នេះរបស់រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលបានអនុញ្ញាតិអោយមានការបង្រៀនពីពុទ្ធសាសនានៅតាមសាលារដ្ឋនានា ។
ការរិតត្បិតលើសេរីភាពសាសនា៖ គោលនយោបាយនិងការអនុវត្ដរបស់រដ្ឋាភិបាលបានរួមចំណែកអោយមានការប្រតិបត្ដិសាសនាដែលមានភាពសេរីជាទូទៅ ។ ទោះបីជាមានការប្រកាសឡើងវិញកាលពីខែមិថុនា ឆ្នាំ ២០០៧ នូវការហាមប្រាមក្នុងការដើរបញ្ចុះបញ្ចូលអោយប្ដូរសាសនាពីផ្ទះមួយទៅផ្ទះមួយក្ដី តែក្រុមសាសនទូតបរទេស ជាទូទៅអាចធ្វើសកម្មភាពដោយសេរីនៅទូទាំងប្រទេស ហើយមិនមានជួបឧបសគ្គអ្វីធំដុំទេក្នុងការបំពេញការងាររបស់គេ ។ មន្ដ្រីរដ្ឋាភិបាលបានសំដែងអំណរគុណចំពោះការងាររបស់ក្រុមសាសនាជាច្រើន ក្នុងការផ្ដល់ជំនួយដែលគេត្រូវការជាខ្លាំងក្នុងផ្នែកអប់រំ ការអភិវឌ្ឍន៍ជនបទ និងការបណ្ដុះបណ្ដាល ។ តែមន្ដ្រីទាំងនោះក៏បានសំដែងកង្វល់ខ្លះដែរថា ក្រុមបរទេសខ្លះប្រើសាសនាធ្វើជារបាំងដើម្បីធ្វើសកម្មភាពខុសច្បាប់ឬពាក់ព័ន្ធក្នុងកិច្ចការនយោបាយ ។ ក្នុងរយៈពេលនៃរបាយការណ៍នេះ រដ្ឋាភិបាលមិនបានបិទសាលាឥស្លាម (madrassahs) ណាមួយ ដូចដែលខ្លួនធ្លាប់ធ្វើពីមុនមកនោះទេ ។ មិនមានសេចក្ដីរាយការណ៍ពីការឃុំខ្លួនឬចាប់ដាក់ពន្ធនាគារ នៅក្នុងប្រទេស ដោយសារតែរឿងសាសនាទេ ។
ការបង្ខំអោយប្ដូរសាសនា៖ មិនមានសេចក្ដីរាយការណ៍ពីការបង្ខំអោយប្ដូរសាសនាទេ ដោយរួមទាំងកុមារសញ្ជាតិអាមេរិក ដែលត្រូវបានចាប់ពង្រាត់ឬនាំយកចេញពីសហរដ្ឋអាមេរិកដោយខុសច្បាប់ ឬក៏របាយការណ៍ពីការជំទាស់មិន អនុញ្ញាតិអោយពលរដ្ឋទាំងនេះត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញទេ ។
ផ្នែកទី ៣៖ ការរើសអើងនិងការរំលោភពីសង្គម
ពុំមានសេចក្ដីរាយការណ៍ពីការរំលោភឬការរើសអើងពីសង្គមច្រើនទេ ទាក់ទងនឹងការប្រតិបត្ដិ ឬជំនឿសាសនានោះ ។
នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០០៦ មានពុទ្ធសាសនិកមួយក្រុមបានរុះហើយដុតវិហារគ្រឹះមួយ ដែលសង់មិនទាន់ហើយ នៅខេត្ដកណ្ដាល ។ មានសេចកី្តរាយការណ៍មកថា អាជ្ញាធរខេត្ដមិនបានអនុញ្ញាតិអោយក្រុមវិហារ Wesleyan សាងសង់វិហារគ្រឹះនោះទេ ដូច្នេះក្រុមនោះបានសង់ផ្ទះមួយសំរាប់គ្រូបង្រៀនសាសនា ដោយនៅពេលក្រោយមក គេបានប្រែក្លាយវាទៅជាវិហារ ។ មានការនិយាយមកថា អភិបាលស្រុកនោះបានធ្វើការចរចារដើម្បីសំរុះសំរួលគ្នាវិញ រវាងគ្រឹះសាសនិកនិងពុទ្ធសាសនិកនៅតំបន់នោះ ។ តាមរយៈការសំរុះ សំរួលគ្នានោះ គេអាចសង់ផ្ទះនោះឡើងវិញបាន ហើយមិនមានការប្ដឹងផ្តល់អ្នកដែលចូលរួមក្នុងសកម្មភាពរុះរើផ្ទះនោះទេ ។ មេដឹកនាំព្រះវិហារនៅកន្លែងនោះបានបញ្ជាក់ថា ផ្ទះនោះមិនត្រូវបានកសាងឡើងវិញទេ តែគាត់មានផែនការប្រែក្លាយកន្លែងនោះអោយទៅជាសាលារៀនមួយ ។
ក្រុមសាសនាភាគតិចជួបប្រទះតិចតួចឬគ្មានតែម្ដង នូវការរើសអើងពីសង្គមក្នុងអំឡុងពេលនៃរបាយការណ៍នេះ តែអ្នកកាន់សាសនាគ្រឹះនិងអ្នកកាន់សាសនាឥស្លាមមានការប៉ះទង្គិចគ្នាតិចតួច ។
មានការរាយការណ៍ពីភាពតានតឹងនឹងគ្នាម្ដងម្កាលរវាងសាខាផ្សេងគ្នានៃសាសនាឥស្លាម គឺក្រុមដែលបានទទួលលុយពីក្រុមនានាក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត គុយវេត ម៉ាឡេស៊ី ឬឥណ្ដូនេស៊ី អាស្រ័យលើលទ្ធិរបស់សាខា ។ ពុទ្ធសាសនិកខ្លះបានសំដែងកង្វល់ពីការដែលសហគមន៍ចាមទទួលជំនួយថវិកាពីប្រទេសក្រៅ ។ តែជាទូទៅ ប្រជាជនចាមរស់នៅដោយចុះសំរុងល្អនៅក្នុងសង្គម មានទទួលមុខនាទីធំៗក្នុងផ្នែកជំនួញនិងក្នុងរដ្ឋាភិបាល ហើយមិនមានប្រឈមនឹងការរើសអើងឬការរំលោភបំពានទេ ក្នុងអំឡុងពេលនៃរបាយការណ៍នេះ ។
មានអង្គការរបស់អ្នកកាន់សាសនាគ្រឹះនិងអង្គការរបស់អ្នកកាន់សាសនាចំរុះផ្សេងៗ ដែលច្រើនតែ ទទួលថវិកាទ្រទ្រង់ពីក្រុមមនុស្សក្នុងផ្នែកឯកជនឬផ្នែកសាធារណៈនៅបរទេស ។
ផ្នែកទី ៤៖ គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋាភិបាលសហរដ្ឋអាមេរិកពិភាក្សាបញ្ហាសេរីភាពសាសនាជាមួយរដ្ឋាភិបាលកម្ពុជា ជាផ្នែកមួយនៃគោលនយោបាយរួមរបស់ខ្លួនក្នុងការលើកកំពស់សិទ្ធិមនុស្ស ។ តំណាងរបស់មន្រ្តីស្ថានទូតអាមេរិកបានជួបជាមួយមេដឹកនាំសាសនា ដើម្បីពិភាក្សាពីបញ្ហាទាំងនេះ ហើយបានទាក់ទងជាមួយតំណាងអង្គការសាសនា មិនមែនរដ្ឋាភិបាលនិងក្រុមផ្សេងៗទៀត ដែលតំណាងអោយក្រុមអ្នកកាន់សាសនាគ្រឹះ សាសនាឥស្លាម និង ពុទ្ធសាសនា ។
ក្នុងឆ្នាំ ២០០៦ ស្ថានទូតអាមេរិកបានបន្ដសកម្មភាពចុះដល់មូលដ្ឋានអ្នកកាន់សាសនាឥស្លាម ។ ការងារនេះបានផ្ដល់ព័ត៌មានបន្ថែមស្ដីពីស្ថានភាពសេរីភាពសាសនា នៅកម្ពុជា ក្នុងចំណោមប្រជាជនចាម ហើយ ក៏បានផ្ដល់ជំនួយផ្នែកសំភារៈដល់ពួកគេផងដែរ ។ ក្នុងឆ្នាំ ២០០៦ ស្ថានទូតបានបន្ដផ្ដល់ជំនួយថវិកាដល់វិទ្យុ សំលេងភាសាចាមដែលផ្ដល់ជាវេទិកាសំរាប់ពិភាក្សាបញ្ហាសាសនានិងបញ្ហាដទៃៗទៀត ។ នេះជាកម្មវិធីវិទ្យុ ផ្សាយសំលេងតែមួយគត់នៅកម្ពុជាដែលមានផ្សាយជាភាសាចាម ។ ដូចគ្នានេះដែរ ស្ថានទូតអាមេរិកបានធ្វើការដើម្បីរក្សាអោយមានទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍អ្នកកាន់សាសនាគ្រឹះនិងអ្នកកាន់ពុទ្ធសាសនា តាមរយៈការចុះដល់វត្ដនិងព្រះវិហារគ្រឹះ និងតាមរយៈកម្មវិធីរួមគ្នា ។ ទស្សនកិច្ចរបស់ស្ថានទូតដែលនាំ អោយមានការចាប់អារម្មណ៍ច្រើនជាងគេ កាលពីខែកញ្ញា ឆ្នាំ ២០០៦ គឺនៅពេលដែលឯកអគ្គរដ្ឋទូតអាមេរិកនិងរដ្ឋមន្ដ្រីក្រសួងវប្បធម៌កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅវត្ដហាន់ ជ័យ ស្តីពីជំនួយថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសំរាប់ជួសជុលប្រសាទដែលត្រូវបានកសាងនៅមុនសម័យអង្គរ នៅក្នុងទីតាំងវត្ដនេះ ។