ជាទូទៅនិងជាក់ស្តែង រដ្ឋាភិបាលគោរពសេរីភាពសាសនា។ ស្ថានភាពសេរីភាពសាសនាមិនមានការប្រែប្រួលទេ នៅក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍នេះ។
មានករណីតិចតួចស្តីពីការបំពានឬការរើសអើងពីសង្គម ដោយសាររឿងសាសនា ជំនឿ ឬការប្រតិបតិ្តសាសនា។
រដ្ឋាភិបាលអាមេរិកពិភាក្សាពីសេរីភាពសាសនាជាមួយរដ្ឋាភិបាលជាផ្នែកមួយនៃនយោបាយរួមរបស់ខ្លួនដើម្បីលើកកំពស់សិទិ្ធមនុស្ស។
ផ្នែក ១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា
ប្រទេសកម្ពុជាមានផ្ទៃដីចំនួន ៦៧ ០០០ ម៉ៃល៍ការេ ហើយមានប្រជាជនចំនួន ១៤,១ លាននាក់។ ប្រជាជនចំនួន ៩៣% កាន់ពុទ្ធសាសនាហិនយាន ដែលមានកាន់ជាទូទៅនិងយ៉ាងរឹងមាំ ក្នុងខេត្ត ក្រុងទាំងអស់ ដោយមានវត្តចំនួនប្រហែល ៤ ៣៣០ នៅទូទាំងប្រទេស។ ជនជាតិខ្មែរភាគច្រើនលើសលុបជាពុទ្ធសាសនិក។ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងពុទ្ធសាសនា ប្រពៃណី វប្បធម៌ខ្មែរ និងជីវិតរស់នៅប្រចាំថ្ងៃ។ ការប្រតិបត្តិតាមព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាទូទៅថា ចាំបាច់នៅក្នុងអត្តសញ្ញាណវប្បធម៌ និងជាតិសាសន៍នៅប្រទេសកម្ពុជា។ សាលាពុទ្ធិកមហាយានមានអ្នកប្រតិបត្តិតាមចំនួន ៣១ ៦៣៩ នាក់ ហើយមានវត្តចំនួន ៨៨ នៅទូទាំងប្រទេស។
មានអ្នកកាន់សាសនាឥស្លាមប្រមាណពី ៥០០ ០០០ ទៅ ៧០០ ០០០ នាក់ (គឺចន្លោះពី ៣,៥% ទៅ ៥% នៃប្រជាជន) ដែលភាគច្រើនលើសលុបគឺចាម ដែលច្រើនរស់នៅតាមទីក្រុងនិងភូមិនេសាទតាមជនបទ តាមមាត់ទន្លេសាបនិងទន្លេមេគង្គ និងនៅក្នុងខេត្ដកំពត ។ អង្គការខ្លះធ្វើការប៉ាន់ប្រមាណថា ប្រទេសកម្ពុជាមានប្រជាជនចាមតិចជាងនេះទេ ។ នៅកម្ពុជា សាសនាឥស្លាមមានបួនសាខា គឺសាខាស៊ីអា ដែលទទួលឥទ្ធិពលពីម៉ាឡេ ហើយដែលប្រតិបត្ដិដោយអ្នកកាន់សាសនាឥស្លាមចំនួន ៨៨% ។ សាខា Salafi ដែលទទួលឥទ្ធិពលពីប្រទេសគុយវេតនិងអារ៉ាប៊ីសាអ៊ូឌីត (ពេលខ្លះ គេហៅថា “Wahhabi”) ដែលមានអ្នកជឿប្រមាណ ៦% នៃអ្នកកាន់សាសនាឥស្លាម តែចំនួននេះចេះតែមានការកើនឡើង ។ សាខាដើម ដែលមានឈ្មោះថា Iman-San ដែលប្រតិបត្ដិដោយអ្នកជឿចំនួន ៣% និងសាខា Kadiani ដែលមានអ្នកជឿ ៣% ដែរ ។ មានវិហារឥស្លាមចំនួនពី ២៤៤ និងមានវិហារឥស្លាម Surav តូចៗ៣៣៣ដែលជាកន្លែងប្រជុំមានអ្នកចូលរួមរហូតដល់ ៤០ នាក់ ហើយមិនមានកន្លែងសំរាប់គ្រូប្រដៅសាសនាឈរធ្វើធម្មទេសនានៅថ្ងៃសុក្រទេ ។សាខាទាំង ៤ មាន Surav ហើយខុសពីវិហារឥស្លាមធំតែត្រង់សំណង់ស្ថាបត្យកម្មតែប៉ុណ្ណោះ ដោយវាច្រើនតូច ហើយសង់នៅតាមតំបន់ជនបទ។
អ្នកកាន់សាសនាគ្រឹះដែលមានចំនួនតិចតួច តែកំពុងតែមានកំនើនឡើង ត្រូវជាប្រមាណ ២% នៃប្រជាជនទាំងមូល ។ មាននិកាយឬអង្គការសាសនាគ្រឹះប្រមាណ ១០០ ដែលធ្វើសកម្មភាពដោយសេរីនៅទូទាំងប្រទេស ហើយមានវិហារគ្រឹះចំនួន ១ ៦០៩ (១ ៥៤៤ ជាវិហារប្រូតេស្តង់ និង ៦៥ ជាវិហាររ៉ូម៉ង់កាតូលិក) នៅកម្ពុជា ។ តែក្នុងចំណោមនេះ មានតែវិហារចំនួនប្រហែល ៩០០ ប៉ុណ្ណោះដែលបានចុះបញ្ជីការជាផ្លូវការ ។ អង្គការសាសនាដទៃទៀតដែលមានអ្នកជឿមិនច្រើន មានសាសនា Baha’i Faith និង Cao Dai របស់វៀតណាម ដោយមួយៗមានអ្នកប្រតិបត្ដិតាមប្រហែល ២០០០ នាក់តែប៉ុណ្ណោះ ។
ផ្នែកទី ២៖ ស្ថានភាពនៃសេរីភាពសាសនា
ក្របខ័ណ្ឌច្បាប់និងគោលនយោបាយ
រដ្ឋធម្មនុញ្ញចែងពីសេរីភាពសាសនា ហើយជាទូទៅ ច្បាប់និងគោលនយោបាយផ្សេងទៀតបានរួមចំណែកដល់ការប្រតិបត្តិសាសនាដោយសេរី ។ រដ្ឋធម្មនុញ្ញហាមប្រាមការរើសអើងដោយសារសាសនា ហើយរដ្ឋាភិបាលមិនអត់ឱនចំពោះការរំលោភសេរីភាពសាសនាឡើយ ទោះដោយមនុស្សក្នុងជួររដ្ឋាភិបាល ឬក្នុងវិស័យឯកជនក៏ដោយ។ ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយរដ្ឋាភិបាលជំរុញអោយមានថ្ងៃបុណ្យតាមព្រះពុទ្ធសាសនា ផ្តល់ការបណ្តុះបណ្តាលនិងការអប់រំដល់ព្រះសង្ឃ និងអ្នកដទៃទៀតនៅតាមវត្ត ហើយជួយមួយផ្នែកតូចដល់វិទ្យាស្ថានមួយដែលធ្វើការស្រាវជ្រាវ និងបោះពុម្ពឯកសារវប្បធម៌ខ្មែរ និងប្រពៃណីតាមព្រះពុទ្ធសាសនា។
ច្បាប់តំរូវអោយក្រុមអ្នកកាន់សាសនាទាំងអស់ រួមទាំងក្រុមពុទ្ធសាសនិកផង អោយដាក់ពាក្យសុំទៅក្រសួងធម្មការនិងសាសនា បើគេចង់កសាងកន្លែងគោរពបូជា ឬធ្វើសកម្មភាពផ្សេងៗផ្នែកសាសនា ។ នៅក្នុងពាក្យសុំរបស់គេ គេត្រូវបញ្ជាក់អោយច្បាស់ពីបំណងនិងសកម្មភាពផ្នែកសាសនារបស់គេ ដែលត្រូវតែគោរពតាមបញ្ញតិ ដែលហាមប្រាមក្រុមសាសនានាមិនអោយប្រមាថក្រុមសាសនាដទៃទៀត បង្កើតអោយមានជំលោះ ឬ ប៉ះពាល់ដល់សន្ដិសុខជាតិ ។ មិនមានការដាក់ពិន័យចំពោះការមិនចុះបញ្ជីការទេ ហើយជាក់ស្ដែងមានក្រុមខ្លះមិនបានចុះបញ្ជីការទេ ។ ទោះបីជាក្រសួងធម្មការនិងសាសនាចង់អនុវត្តបទបញ្ជាឆ្នាំ ២០០៧ ដែលតំរូវអោយវិហារទាំងអស់ចុះបញ្ជីការសារជាថ្មី ទើបអាចទទួលបានការអនុញ្ញាតិអោយដំណើរការជាបន្តក្តី ក៏នៅតែមិនមានវិហារណាមួយបានគោរពតាមទេ នៅក្នុងអំឡុងពេលនៃការរៀបចំរបាយការណ៍នេះ។
បទបញ្ជាស្ដីពីការគ្រប់គ្រងសាសនាពីខាងក្រៅតំរូវអោយមានការចុះបញ្ជីកន្លែងគោរពបូជានិងសាលាសាសនា ជាបន្ថែមលើការយល់ព្រមរបស់រដ្ឋាភិបាល មុនពេលធ្វើការសាងសង់កន្លែងគោរពបូជាថ្មីៗ ។ កន្លែងគោរពបូជាត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងតិច ២ គម ហើយមិនអាចប្រើប្រាស់ដើម្បីបំរើបំណងផ្នែកនយោបាយ ទទួលឧក្រិដ្ឋជនអោយស្នាក់នៅ ឬជនគេចខ្លួនពីច្បាប់ឡើយ ។ ការកំណត់ព្រំដែនពីគ្នានេះត្រូវបានអនុវត្ដទាក់ទងតែនឹងការកសាងកន្លែងគោរពបូជាថ្មីៗតែប៉ុណ្ណោះ ហើយមិនទាក់ទងនឹងការិយាល័យរបស់អង្គការសាសនាទេ ។ មិនមានសេចក្ដីរាយការណ៍ដែលនិយាយថាបទបញ្ជានេះត្រូវបានប្រើដើម្បីរារាំងវិហារសាសនាមិនអោយកសាងទីតាំងថ្មីទេ។ បទបញ្ជានេះក៏បានតំរូវផងដែរថាមិនអោយក្រុមសាសនាធ្វើការរិះគន់ដោយចំហលើក្រុមដទៃទៀត។ ក្នុងអំឡុងពេលនៃការរៀបចំរបាយការណ៍នេះ មិនមានក្រុមសាសនាជួបប្រទះនឹងឧបសគ្គជាដុំកំភួន ក្នុងការទទួលបានការយល់ព្រមលើការកសាងកន្លែងគោរពបូជាទេ ។
រដ្ឋាភិបាលអនុញ្ញាតិអោយមានការបង្រៀនពីពុទ្ធសាសនានៅតាមសាលារដ្ឋនានា ។ ការបង្រៀនពីសាសនាដទៃទៀត នៅតាមសាលារដ្ឋត្រូវបានហាមឃាត់ តែការបង្រៀនពីសាសនាដែលមិនមែនជាសាសនាព្រះពុទ្ធនៅតាមសាលាឯកជនអាចធ្វើទៅបាន។ រដ្ឋាភិបាលបានចេញបទបញ្ជាថាសិស្សនិងបុគ្គលិករដ្ឋទាំងអស់ដែលកាន់សាសនាឥស្លាមត្រូវបានអនុញ្ញាតិអោយស្លៀកពាក់សំលៀកបំពាក់តាមសាសនារបស់គេ នៅក្នុងថ្នាក់ និងការិយាល័យ។ការសំរេចនេះឆ្លុះបញ្ចាំងពីការគោរពចំពោះជំនឿរបស់អ្នកដទៃទៀត ក្រៅពីពុទ្ធសាសនិកដែលជាក្រុមភាគច្រើន។
រដ្ឋាភិបាលកំណត់យកថ្ងៃបុណ្យធំៗតាមពុទ្ធសាសនាហិនយាន ជាថ្ងៃឈប់សំរាកទូទាំងប្រទេស។
ការរិតត្បិតលើសេរីភាពសាសនា
ជាទូទៅ រដ្ឋាភិបាលគោរពសេរីភាពសាសនា។ មិនមានការផ្លាស់ប្តូរក្នុងស្ថានភាពនៃការគោរពសេរីភាពសាសនា ដោយរដ្ឋាភិបាលទេ នៅក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍នេះ។
មិនដូចក្នុងឆ្នាំមុនៗទេ រដ្ឋាភិបាលមិនបានបិទសាលាឥស្លាមណាមួយ ហើយបានអនុញ្ញាតិអោយមានការសង់វិទ្យាល័យឥស្លាមថ្មីមួយ សំរាប់ផ្តល់ការអប់រំទូទៅ និងផ្តល់ជំនាញ សំរាប់ឥស្លាមសាសនិក និងមិនមែនឥស្លាមសាសនិក។
មិនមានលឺពីការចាប់ឃុំមនុស្សដោយសារសាសនាទេ នៅក្នុងប្រទេស។
ការបង្ខំអោយប្ដូរសាសនា
មិនមានសេចក្ដីរាយការណ៍ពីការបង្ខំអោយប្ដូរសាសនាទេ ដោយរួមទាំងសេចក្តីរាយការណ៍ស្តីពីកុមារសញ្ជាតិអាមេរិកត្រូវបានចាប់ពង្រាត់ឬនាំយកចេញពីសហរដ្ឋអាមេរិកដោយខុសច្បាប់ ឬក៏របាយការណ៍ពីការជំទាស់មិនអនុញ្ញាតិអោយពលរដ្ឋទាំងនេះត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញទេ ។
ភាពបានប្រសើរឡើងនិងការវិវត្តជាវិជ្ជមានក្នុងការគោរពសេរីភាពសាសនា
មន្ត្រីរដ្ឋាភិបាលបានបន្តធ្វើការប្រជុំតំណាងក្រុមសាសនាផ្សេងៗ ដើម្បីធ្វើការពិភាក្សាពីព្រឹត្តិការណ៍វិវត្តន៍ផ្នែកសាសនា និងដោះស្រាយបញ្ហាកង្វល់ផ្សេងៗ។ក្រសួងធម្មការនិងសាសនាបានធ្វើការប្រជុំអន្តរសាសនាចំនួន ២ រាល់ឆ្នាំ ត្រៀមសំរាប់កិច្ចប្រជុំពិភាក្សាអន្តរសាសនាប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក។ តែក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍នេះ មិនមានការប្រជុំត្រូវបានធ្វើឡើងទេ ម្យ៉ាងដោយសារមានការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០០៨ ដែលនៅពេលនោះ មានការជ្រើសរើសរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាថ្មី។
ផ្នែកទី ៣៖ ការរើសអើងនិងការរំលោភពីសង្គម
ពុំមានសេចក្ដីរាយការណ៍ពីការរំលោភឬការរើសអើងពីសង្គមច្រើនទេ ទាក់ទងនឹងការចូល ការប្រតិបត្ដិ ឬជំនឿសាសនា ។
ក្រុមសាសនាភាគតិចជួបប្រទះតិចតួចឬគ្មានតែម្ដង នូវការរើសអើងពីសង្គមក្នុងអំឡុងពេលនៃរបាយការណ៍នេះ តែអ្នកកាន់សាសនាគ្រឹះនិងអ្នកកាន់សាសនាឥស្លាមមានការប៉ះទង្គិចគ្នាតិចតួចជាលក្ខណៈបុគ្គល ។
ពុទ្ធសាសនិកខ្លះបានសំដែងកង្វល់ពីការដែលសហគមន៍ចាមទទួលជំនួយថវិកាពីប្រទេសក្រៅ ។ តែជាទូទៅ ប្រជាជនចាមរស់នៅដោយចុះសំរុងល្អនៅក្នុងសង្គម មានទទួលមុខនាទីធំៗក្នុងផ្នែកជំនួញនិងក្នុងរដ្ឋាភិបាល ហើយមិនមានប្រឈមនឹងការរើសអើងឬការរំលោភបំពានទេ ក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍នេះ ។
មានអង្គការរបស់អ្នកកាន់សាសនាគ្រឹះនិងអង្គការរបស់អ្នកកាន់សាសនាចំរុះផ្សេងៗ ដែលច្រើនតែទទួលថវិកាទ្រទ្រង់ពីផ្នែកឯកជនឬផ្នែកសាធារណៈនៅបរទេស ។
ផ្នែកទី ៤៖ គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋាភិបាលសហរដ្ឋអាមេរិកពិភាក្សាបញ្ហាសេរីភាពសាសនាជាមួយរដ្ឋាភិបាលកម្ពុជា ជាផ្នែកមួយនៃគោលនយោបាយរួមរបស់ខ្លួនក្នុងការលើកកំពស់សិទ្ធិមនុស្ស ។ តំណាងរបស់មន្រ្តីស្ថានទូតអាមេរិកបានជួបជាមួយមេដឹកនាំសាសនា ដើម្បីពិភាក្សាពីបញ្ហាទាំងនេះ ហើយបានទាក់ទងជាមួយតំណាងអង្គការសាសនា អង្គការមិនមែនរដ្ឋាភិបាលនិងក្រុមផ្សេងៗទៀត ដែលតំណាងអោយក្រុមអ្នកកាន់សាសនាគ្រឹះ សាសនាឥស្លាម និង ពុទ្ធសាសនា ។
ស្ថានទូតអាមេរិកបានបន្ដសកម្មភាពជាមួយអ្នកកាន់សាសនាឥស្លាម ។ ការងារនេះបានផ្ដល់ព័ត៌មានបន្ថែមស្ដីពីស្ថានភាពសេរីភាពសាសនា នៅកម្ពុជា ក្នុងចំណោមប្រជាជនចាម ហើយក៏បានផ្ដល់ជំនួយផ្នែកសំភារៈដល់ពួកគេផងដែរ ។ ស្ថានទូតបានបន្ដផ្ដល់ជំនួយថវិកាដល់វិទ្យុសំលេងភាសាចាម ដែលផ្ដល់ជាវេទិកាសំរាប់ពិភាក្សាបញ្ហាសាសនានិងបញ្ហាដទៃៗទៀត ។ នេះជាកម្មវិធីវិទ្យុផ្សាយសំលេងតែមួយគត់នៅកម្ពុជាដែលមានផ្សាយជាភាសាចាម ។ ស្ថានទូតបានរៀបចំពិធីរ៉ាម៉ាដាន ដែលមានការចូលរួមរបស់ភ្ញៀវចាមចំនួនជាង ១៥០ នាក់ និងបានរៀបចំទទួលអាហារស្រាយបួសសំរាប់សហគមន៍ចាម នៅខេត្តកំពត ក្នុងតំបន់មួយនៅភាគខាងត្បូងប្រទេសដែលត្រូវធ្វើដំណើររយៈពេល ៣ ម៉ោងតាមរថយន្ត។ ពិធីនេះមានការចូលរួមរបស់អ្នកដឹកនាំសហគមន៍ចំនួនជាង ១០០ នាក់ រួមទាំងអ៊ីម៉ាម នាយកសាលា madrassahs និងគ្រូប្រដៅសាសនា។
ស្ថានទូតអាមេរិកបានធ្វើការដើម្បីរក្សាអោយមានទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍អ្នកកាន់សាសនាគ្រឹះ និងអ្នកកាន់ពុទ្ធសាសនា តាមរយៈការចុះដល់វត្ដនិងព្រះវិហារគ្រឹះ និងតាមរយៈកម្មវិធីរួមគ្នា ។ ស្ថានទូតអាមេរិកបានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់មួយចំនួន ដើម្បីជំរុញអោយមានទំនាក់ទំនងជិតស្និទ្ធ រវាងសហគមន៍ចាម និងមន្រ្តីអនុវត្តច្បាប់ ដើម្បីពង្រីកការពិភាក្សា និងលើកកំពស់ការងារគ្រប់គ្រងរបស់កំលាំងនគរបាល។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានបន្តធ្វើការជាមួយវត្តជាច្រើនផ្អែកតាមព្រះពុទ្ធសាសនាដើម្បីជួយជំងឺអេដស៍ ។ គំរោងជាមួយក្រុមគ្រឹះសាសនិករួមមានពិធីដែលរៀបចំឡើងដោយស្ថានទូត សំរាប់ “ពន្លកកុមារ” ដែលជាកម្មវិធីសំរាប់ក្មេងរងគ្រោះដោយជំងឺអេដស៍ ដឹកនាំដោយអង្គការកាតូលិក Maryknoll និងការសំដែងតុក្កតារបស់អង្គការ Church of Jesus Christ of Latter-day Saints ក្នុងអំឡុងពេលបេសកកម្មផ្នែកពេទ្យរបស់យោធាសហរដ្ឋអាមេរិក ។កម្មវិធីទាំងនេះបានធ្វើអោយមន្រ្តីស្ថានទូតអាមេរិកមានឱកាសជួបជាមួយអ្នកដឹកនាំសាសនាគ្រឹះនិងព្រះពុទ្ធសាសនាជាច្រើនដងនិងវាយតំលៃពីបរិយាកាសការងារ សំរាប់ក្រុមសាសនាទាំងនេះ នៅក្នុងប្រទេស។