មានសេចក្តីរាយការណ៍តិចតួចពីការបំពានឬការរើសអើងពីសង្គម ដោយសាររឿងចូលសាសនា ជំនឿ ឬការប្រតិបតិ្តសាសនា។
ស្ថានទូតសហរដ្ឋអាមេរិកបានពិភាក្សាពីសេរីភាពសាសនាជាមួយរដ្ឋាភិបាលកម្ពុជា ហើយបានធ្វើការជាមួយមេដឹកនាំសាសនា និងអង្គការសាសនានានាលើបញ្ហានៃការអត់ឱន និងភាពចំរុះសាសនា។
ផ្នែក១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា
ប្រជាជនចំនួន៩៦% កាន់ពុទ្ធសាសនាហិនយាន។ ជនជាតិខ្មែរភាគច្រើនលើសលុបជាពុទ្ធសាសនិក។ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងពុទ្ធសាសនា ប្រពៃណី វប្បធម៌និងអត្តសញ្ញាណខ្មែរ និងជីវិតរស់នៅប្រចាំថ្ងៃ។ បើយោងតាមក្រសួងធម្មការ និងសាសនា សាលាពុទ្ធិកៈហិនយានមានអ្នករៀនចំនួន ១៩៥៥០ នាក់ ហើយមានវត្តចំនួន ១៦៧ នៅទូទាំងប្រទេស។
មានអ្នកកាន់សាសនាឥស្លាមប្រមាណពី ២,៤% នៃប្រជាជនទាំងអស់ ដែលភាគច្រើនលើសលុបគឺចាម ដែលច្រើនរស់នៅតាមទីក្រុងនិងភូមិនេសាទតាមជនបទ តាមមាត់ទន្លេសាបនិងទន្លេមេគង្គ និងនៅក្នុងខេត្ដកំពត។ នៅកម្ពុជា សាសនាឥស្លាមមានបួនសាខា គឺសាខា Shafi ដែលទទួលឥទ្ធិពលពីម៉ាឡេ ហើយដែលប្រតិបត្ដិដោយអ្នកកាន់សាសនាឥស្លាមចំនួន ៩០%។ សាខា Salafi (Wahhabi) ដែលទទួលឥទ្ធិពលពីគុយវេត និងអារ៉ាប៊ីសាអ៊ូឌីត សាខាដើម ដែលមានឈ្មោះថា Iman-San និងសាខា Kadiani ។ ប្រជាជនចំនួន ១,៦% ទៀតគឺជាក្រុម Baha’i Faith ជ្វីហ្វ និងវៀតណាមអ្នកកាន់សាសនា Cao Dai ឬក្រុមអ្នកកាន់សាសនាគ្រឹះនិកាយផ្សេងៗ។
ផ្នែកទី២៖ ការគោរពរបស់រដ្ឋាភិបាលចំពោះសេរីភាពសាសនា
ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ
រដ្ឋធម្មនុញ្ញ ច្បាប់ដទៃទៀត និងគោលនយោបាយនានាការពារសេរីភាពសាសនា។ រដ្ឋធម្មនុញ្ញហាមប្រាមការរើសអើងដោយសារសាសនា ហើយរដ្ឋាភិបាលមិនអត់ឱនចំពោះការបំពានលើសាសនាឡើយ ទោះដោយរដ្ឋាភិបាល ឬដោយបុគ្គលក្តី។ ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយរដ្ឋាភិបាលលើកកំពស់ថ្ងៃបុណ្យតាមព្រះពុទ្ធសាសនា ផ្តល់ការបណ្តុះបណ្តាល និងការអប់រំតាមព្រះពុទ្ធសាសនាដល់ព្រះសង្ឃ និងអ្នកដទៃទៀតនៅតាមវត្ត ហើយជួយមួយផ្នែកតូចដល់វិទ្យាស្ថានមួយ ដែលធ្វើការស្រាវជ្រាវ និងបោះពុម្ពឯកសារស្តីពីវប្បធម៌ខ្មែរ និងប្រពៃណីតាមព្រះពុទ្ធសាសនា។
ច្បាប់តំរូវអោយក្រុមអ្នកកាន់សាសនាទាំងអស់ រួមទាំងក្រុមពុទ្ធសាសនិកផង អោយដាក់ពាក្យសុំទៅក្រសួងធម្មការនិងសាសនា បើគេចង់កសាងកន្លែងគោរពបូជា ឬធ្វើសកម្មភាពផ្សេងៗផ្នែកសាសនា។ នៅក្នុងពាក្យសុំរបស់គេ គេត្រូវបញ្ជាក់អោយច្បាស់ពីបំណងនិងសកម្មភាពផ្នែកសាសនារបស់គេ ដែលត្រូវតែគោរពតាមបញ្ញតិ ដែលហាមប្រាមក្រុមសាសនានានាមិនអោយប្រមាថក្រុមសាសនាដទៃទៀត បង្កើតអោយមានជំលោះ ឬ ប៉ះពាល់ដល់សន្ដិសុខជាតិ។ គ្មានការដាក់ពិន័យចំពោះការមិនចុះបញ្ជីការទេ ហើយជាក់ស្ដែង មានក្រុមខ្លះមិនបានចុះបញ្ជីការទេ។
រដ្ឋាភិបាលធ្វើការបែងចែកគ្នាដាច់តាមផ្លូវច្បាប់រវាងកន្លែងគោរពបូជា និងការិយាល័យសំរាប់សូត្រធម៌។ ការបង្កើតកន្លែងបូជាតំរូវអោយស្ថាបនិកជាម្ចាស់កម្មសិទ្ធិលើអាគារ និងដីអាគារនោះ។ កន្លែងនោះត្រូវដាក់មនុស្សបានយ៉ាងតិច ២០០ នាក់ ហើយពាក្យសុំការអនុញ្ញាតត្រូវមានការគាំទ្ររបស់អ្នកជឿនៅទីនោះចំនួនយ៉ាងតិច ២០០ នាក់។ ផ្ទុយទៅវិញ ការិយាល័យសំរាប់សូត្រធម៌អាចស្ថិតនៅក្នុងទីតាំងជួល ឬនៅលើដីជួល ហើយមិនចាំបាច់ទាល់តែដាក់មនុស្សបានប៉ុន្មាននោះទេ ចំណែកពាក្យសុំការអនុញ្ញាតិត្រូវមានអ្នកគាំទ្រចំនួន២០នាក់បានហើយ។
បទបញ្ជាស្ដីពីការគ្រប់គ្រងសាសនាពីខាងក្រៅតំរូវអោយមានការចុះបញ្ជីកន្លែងគោរពបូជា និងសាលាសាសនា។ ជាបន្ថែមលើនេះទៀត វាត្រូវមានការយល់ព្រមរបស់រដ្ឋាភិបាល មុនពេលធ្វើការសាងសង់កន្លែងគោរពបូជាថ្មីៗ។ កន្លែងគោរពបូជាត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងតិច ២ គម ហើយមិនអាចប្រើប្រាស់ដើម្បីបំរើបំណងផ្នែកនយោបាយ ទទួលឧក្រិដ្ឋជនអោយស្នាក់នៅ ឬជនគេចខ្លួនពីច្បាប់ឡើយ។ ការកំណត់ព្រំដែនពីគ្នានេះត្រូវបានអនុវត្ដទាក់ទងតែនឹងការកសាងកន្លែងគោរពបូជាថ្មីៗតែប៉ុណ្ណោះ ហើយមិនទាក់ទងនឹងការិយាល័យរបស់អង្គការសាសនាទេ។ គ្មានករណីរាយការណ៍មកថា បទបញ្ជានេះត្រូវបានប្រើដើម្បីរារាំងក្រុមសាសនាគ្រឹះឬសាសនាឥស្លាម មិនអោយកសាងទីតាំងថ្មីឡើយ។ បទបញ្ជាក៏តំរូវផងដែរអោយក្រុមសាសនានានាកុំអោយរិះគន់គ្នាដោយបើកចំហ តែបញ្ញាតិនេះកំរត្រូវបានគេប្រព្រឹត្តផ្ទុយណាស់។
រដ្ឋាភិបាលបានអនុញ្ញាតិអោយមានការបង្រៀនពីពុទ្ធសាសនានៅតាមសាលារដ្ឋនានា។ ការបង្រៀនពីសាសនាដទៃទៀត នៅតាមសាលារដ្ឋត្រូវបានហាមឃាត់ តែការបង្រៀនពីសាសនាដែលមិនមែនជាសាសនាព្រះពុទ្ធ ដោយស្ថាប័នឯកជនអាចធ្វើទៅបាន។
រដ្ឋាភិបាលកំណត់យកថ្ងៃបុណ្យធំៗតាមពុទ្ធសាសនា ជាថ្ងៃឈប់សំរាកបុណ្យរបស់ជាតិ ដែលមានបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ (រំលឹកដល់ជីដូនជីតា) បុណ្យវិសាខបូជា (រំលឹកដល់ការប្រសូត និងសុគតរបស់ព្រះពុទ្ធ) បុណ្យមាឃបូជា (រំលឹកដល់ការត្រាស់ដឹងរបស់ព្រះពុទ្ធ)។
ការអនុវត្តរបស់រដ្ឋាភិបាល
គ្មានសេចក្តីរាយការណ៍ស្តីពីការបំពានលើសេរីភាពសាសនាទេ។
ផ្នែកទី៣៖ ស្ថានភាពនៃការគោរពរបស់សង្គមចំពោះសេរីភាពសាសនា
បើយោងតាមក្រសួងធម្មការ និងសាសនា គ្មានសេចក្តីរាយការណ៍ពីការបំពានឬការរើសអើងពីសង្គម ដោយសាររឿងចូលសាសនា ជំនឿ ឬការប្រតិបតិ្តសាសនាទេ។
ជនជាតិចាមខ្លះ មានសមាហរណកម្មក្នុងសង្គម ដោយមានមុខតំណែងធំៗក្នុងមុខជំនួញ និងរដ្ឋាភិបាល។ តែចំនួននេះមានកំរិតទាប បើប្រៀបធៀបនឹងក្រុមអ្នកកាន់សាសនាដទៃទៀត ហើយការអង្កេតលើក្រុមចាមកាន់សាសនាឥស្លាម បានបង្ហាញអោយឃើញថា គេនៅតែយល់ថាមានឧបសគ្គផ្នែកស្ថាប័ន និងវប្បធម៌ដល់សមាហរណកម្មពេញលេញក្នុងសង្គម។
ផ្នែកទី៤៖ គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ស្ថានទូតសហរដ្ឋអាមេរិកពិភាក្សាបញ្ហាសេរីភាពសាសនាជាមួយរដ្ឋាភិបាលកម្ពុជា ហើយមានការប្រាស្រ័យទាក់ទងជាមួយក្រុមអ្នកកាន់សាសនាគ្រឹះ សាសនាជីហ្វ សាសនាឥស្លាម និងពុទ្ធសាសនា ព្រមទាំងមេដឹកនាំអង្គការសាសនាជាច្រើនទៀត លើបញ្ហានៃការអត់ឱន និងភាពចំរុះនៃសាសនា។ តំណាងរបស់មន្រ្តីស្ថានទូតអាមេរិកបានទាក់ទងទៀងទាត់ជាមួយមេដឹកនាំសាសនា និងមន្រ្តីក្រសួងធម្មការ និងសាសនា ដើម្បីសង្កត់ធ្ងន់លើសារៈសំខាន់នៃការអត់ឱនរវាងសាសនា នៅក្នុងសង្គមប្រជាធិបតេយ្យ។ ការខិតខំផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក ថែមទាំងបានផ្តោតលើសហគមន៍សាសនា ដើម្បីជំរុញពហុសាសនា តាមរយៈកម្មវិធីយុវជន និងកម្មវិធីផ្លាស់ប្តូរគ្នា។
ស្ថានទូតអាមេរិកបានបន្ដសកម្មភាព ចុះដល់មូលដ្ឋានអ្នកកាន់សាសនាឥស្លាម។ ការងារនេះបានផ្ដល់ព័ត៌មានបន្ថែមស្ដីពីស្ថានភាពនៃការអត់ឱនខាងសាសនា និងភាពចំរុះនៃសាសនា ក្នុងចំណោមប្រជាជនកាន់សាសនាឥស្លាម។ ស្ថានទូតបានបន្តកម្មវិធីផ្តល់អាហាររូបករណ៍ ដែលផ្តល់លទ្ធភាពអោយសិស្សកាន់សាសនាឥស្លាមរៀនភាសាអង់គ្លេសរយៈពេល ២ ឆ្នាំ។ ឯកអគ្គរដ្ឋទូតបានរៀបចំពិធីអាហារស្រាយបួស (Iftar) សំរាប់ក្រុមអ្នកកាន់សាសនាឥស្លាមចំនួន ២ ក្នុងរដូវបុណ្យរ៉ាម៉ាដាន គឺមួយនៅកំពត សំរាប់អ្នកកាន់សាសនាឥស្លាមចេញពីម៉ាឡេ និងមួយទៀត នៅទីក្រុងភ្នំពេញ សំរាប់ជនជាតិចាម។