របាយការណ៍​ស្តីពី​សេរីភាព​សាសនា ឆ្នាំ​២០១២ សំរាប់​​ប្រទេស​​កម្ពុជា

រដ្ឋធម្មនុញ្ញ ច្បាប់​ដទៃ​ទៀត និង​គោលនយោបាយ​នានា​ការពារ​សេរីភាព​សាសនា ហើយ​តាម​ភាព​ជាក់ស្តែង រដ្ឋាភិបាល ជា​ទូទៅ គោរព​សេរីភាព​សាសនា​។ និន្នាការ​នៃ​ការ​គោរព​របស់​រដ្ឋាភិបាល​ចំពោះ​សេរីភាព​សាសនា​នៅ​ក្នុង​ឆ្នាំ​នៃ​របាយការណ៍ គ្មាន​ការ​ប្រែប្រួល​ធំ​ដុំ​ទេ​។ ពុទ្ធសាសនា​គឺ​ជា​សាសនា​របស់​រដ្ឋ​។

មាន​​សេចក្តី​រាយការណ៍​តិច​តួច​ពី​ការ​បំពាន​​ឬ​​ការ​រើសអើង​ពី​សង្គម ដោយសារ​រឿង​ចូល​សាសនា ជំនឿ ឬ​ការ​ប្រតិបតិ្ត​សាសនា​។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ពិភាក្សា​ពី​សេរីភាព​សាសនា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ហើយ​បាន​ធ្វើការ​ជាមួយ​មេ​ដឹកនាំ​សាសនា និង​អង្គការ​សាសនា​នានា​លើ​បញ្ហា​នៃ​ការ​អត់ឱន និង​ភាព​ចំរុះ​សាសនា​។ សកម្មភាព​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​បាន​ផ្តោត​លើ​សហគមន៍​សាសនា ហើយ​ជំរុញ​អោយ​មាន​ភាព​ចំរុះ​សាសនា តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ និង​កម្មវិធី​យុវជន​។

ផ្នែក​១​៖ ប្រជាសាស្រ្ត​ទាក់ទង​នឹង​សាសនា

តាម​ការ​ប៉ាន់​ប្រមាណ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ខែ​កក្កដា ឆ្នាំ​២០១២ ប្រជាជន​កម្ពុជា​មាន​ចំនួន​ជាង ១៤,៩ លាន​នាក់​។ ប្រជាជន​ចំនួន ៩៦​% កាន់​ពុទ្ធសាសនា​ហិនយាន​។ ជនជាតិ​ខ្មែរ​ភាគ​ច្រើន​លើស​លុប​ជា​ពុទ្ធសាសនិក ។ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​ពុទ្ធសាសនា ប្រពៃណី​វប្បធម៌ និង​អត្តសញ្ញាណ​ខ្មែរ និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។ បើ​យោង​តាម​ក្រសួង​ធម្មការ និង​សាសនា សាលា​ពុទ្ធិកៈ​ហិនយាន​មាន​អ្នក​រៀន​ចំនួន ១៩៥៥០ នាក់ ហើយ​មាន​វត្ត​ចំនួន ១៦៧ នៅ​ទូទាំង​ប្រទេស​។

មាន​អ្នក​កាន់​សាសនា​ឥស្លាម​ប្រមាណ ២,៤​% នៃ​ប្រជាជន​ទាំងអស់ ដែល​ភាគ​ច្រើន​លើស​លុប​គឺ​ជា​ចាម ដែល​ច្រើន​រស់នៅ​តាម​ទីប្រជុំជន និង​ភូមិ​នេសាទ​តាម​ជនបទ​តាម​មាត់​ទន្លេសាប​និង​ទន្លេ​មេគង្គ និង​ក្នុង​ខេត្ដ​កំពត​។ នៅ​កម្ពុជា សាសនា​ឥស្លាម​មាន​បួន​សាខា គឺ​សាខា Shafi ដែល​ទទួល​ឥទ្ធិពល​ពី​ម៉ាឡេ ហើយ​ដែល​ប្រតិបត្ដិ​ដោយ​អ្នក​កាន់​សាសនា​ឥស្លាម​រហូត ៩០​% ។ សាខា Salafi (Wahhabi) ដែល​ទទួល​ឥទ្ធិពល​ពី​គុយវេត​និង​អារ៉ាប៊ីសាអ៊ូឌីត សាខា​ដើម ដែល​មាន ឈ្មោះ​ថា Iman-San និង​សាខា Kadiani ។ ប្រជាជន​​ចំនួន ១,៦% ទៀត​គឺ​ជា​ក្រុម Baha’i Faith ជ្វីហ្វ និង​វៀតណាម​អ្នក​កាន់​សាសនា Cao Dai ឬ​ក្រុម​អ្នក​កាន់​សាសនា​គ្រឹះ​និកាយ​ផ្សេង​ៗ​។

ផ្នែក​ទី ២​៖ ការ​គោរព​របស់​រដ្ឋាភិបាល​ចំពោះ​សេរីភាព​សាសនា

ក្របខ័ណ្ឌ​ច្បាប់​និង​គោលនយោបាយ

រដ្ឋធម្មនុញ្ញ ច្បាប់​ដទៃ​ទៀត និង​គោលនយោបាយ​នានា​ការពារ​សេរីភាព​សាសនា​។ រដ្ឋធម្មនុញ្ញ​ហាមប្រាម​ការ​រើសអើង ដោយសារ​សាសនា ។ ពុទ្ធសាសនា​គឺ​ជា​សាសនា​របស់​រដ្ឋ ហើយ​រដ្ឋាភិបាល​លើក​កំពស់​ថ្ងៃ​បុណ្យ​តាម​ព្រះពុទ្ធ​សាសនា ផ្តល់​ការ​បណ្តុះបណ្តាល និង​ការ​អប់រំ​តាម​ព្រះពុទ្ធសាសនា​ដល់​ព្រះសង្ឃ និង​អ្នក​ដទៃ​ទៀត​នៅ​តាម​វត្ត ហើយ​ជួយ​មួយ​ផ្នែក​តូច​ដល់​វិទ្យាស្ថាន​មួយ ដែល​ធ្វើការ​ស្រាវជ្រាវ និង​បោះពុម្ព​ឯកសារ​ស្តីពី​វប្បធម៌​ខ្មែរ និង​ប្រពៃណី​តាម​ព្រះពុទ្ធ​សាសនា​។

ច្បាប់​តំរូវ​អោយ​ក្រុម​អ្នក​កាន់​សាសនា​ទាំងអស់ រួម​ទាំង​ក្រុម​ពុទ្ធសាសនិក​ផង អោយ​ដាក់​ពាក្យ​សុំ​ទៅ​ក្រសួង​ធម្មការនិង​សាសនា បើ​គេ​ចង់​កសាង​កន្លែង​គោរព​បូជា ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ផ្នែក​សាសនា ។ នៅ​ក្នុង​ពាក្យ​សុំ គេ​ត្រូវ​បញ្ជាក់​អោយ​ច្បាស់​ពី​បំណង និង​សកម្មភាព​ផ្នែក​សាសនា​របស់​គេ ដែល​ត្រូវតែ​គោរព​តាម​បញ្ញតិ​ដែល​ហាមប្រាម​ក្រុម​សាសនា​នានា​មិន​អោយ​ប្រមាថ​ក្រុម​សាសនា​ដទៃ​ទៀត បង្កើត​អោយ​មាន​ជំលោះ ឬ ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ ។ គ្មាន​ការ​ដាក់​ពិន័យ​ចំពោះ​ការ​មិន​ចុះ​បញ្ជីការ​ទេ ហើយ​ជាក់ស្ដែង មាន​ក្រុម​ខ្លះ​មិន​បាន​ចុះ​បញ្ជីការ​ទេ ។

រដ្ឋាភិបាល​ធ្វើការ​បែង​ចែក​គ្នា​ដាច់​តាម​ផ្លូវ​ច្បាប់ រវាង​កន្លែង​គោរព​បូជា និង​ការិយាល័យ​សំរាប់​សូត្រធម៌​។ ការ​បង្កើត​កន្លែង​បូជា​តំរូវ​អោយ​ស្ថាបនិក​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អាគារ និង​ដី​អាគារ​នោះ​។ កន្លែង​នោះ​ត្រូវ​ដាក់​មនុស្ស​បាន​យ៉ាង​តិច ២០០ នាក់ ហើយ​ពាក្យ​សុំ​ការ​អនុញ្ញាត​ត្រូវ​មាន​ការ​គាំទ្រ​របស់​អ្នក​ជឿ​ចំនួន​យ៉ាង​តិច ១០០ នាក់​។ ផ្ទុយ​ទៅ​វិញ ការិយាល័យ​សំរាប់​សូត្រធម៌​អាច​ស្ថិត​នៅ​ក្នុង​ទីតាំង​ជួល ឬ​នៅ​លើ​ដី​ជួល ហើយ​មិន​ចាំបាច់​ទាល់​តែ​ដាក់​មនុស្ស​បាន​ប៉ុន្មាន​នោះ​ទេ ចំណែក​ពាក្យ​សុំ​ការ​អនុញ្ញាត​ត្រូវ​មាន​អ្នក​គាំទ្រ​ចំនួន២០ នាក់​បាន​ហើយ​។

បទបញ្ជា​ស្ដីពី​ការ​គ្រប់គ្រង​សាសនា​ពី​ខាង​ក្រៅ​តំរូវ​អោយ​មាន​ការ​ចុះ​បញ្ជី​កន្លែង​គោរព​បូជា និង​សាលា​សាសនា​ទាំងអស់ ។ កន្លែង​គោរព​បូជា​ត្រូវ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​តិច ២ គម ហើយ​មិន​អាច​ប្រើប្រាស់​ដើម្បី​បំរើ​បំណង​ផ្នែក​នយោបាយ ទទួល​ឧក្រិដ្ឋជន​អោយ​ស្នាក់នៅ ឬ​ជន​គេច​ខ្លួន​ពី​ច្បាប់​ឡើយ​។ ការ​កំណត់​ចំងាយ​ពី​គ្នា​នេះ​សំរាប់​តែ​ការ​កសាង​កន្លែង​គោរព​បូជា​ថ្មី​ៗ​តែ​ប៉ុណ្ណោះ ហើយ​មិន​ទាក់ទង​នឹង​ការិយាល័យ​របស់​អង្គការ​សាសនា​ទេ​។ គ្មាន​ករណី​រាយការណ៍​មក​ថា បទបញ្ជា​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​រារាំង​ក្រុម​សាសនា​គ្រឹះ​ឬ​សាសនា​ឥស្លាម មិន​អោយ​កសាង​ទីតាំង​ថ្មី​ឡើយ​។ បទបញ្ជា​ក៏​តំរូវ​ផង​ដែរ​អោយ​ក្រុម​សាសនា​នានា​កុំ​អោយ​រិះគន់​គ្នា​ដោយ​បើក​ចំហ តែ​បញ្ញាតិ​នេះ​កំរ​ត្រូវ​បាន​គេ​សាកល្បង​បំពាន​ណាស់​។

រដ្ឋាភិបាល​បាន​អនុញ្ញាត​អោយ​មាន​ការ​បង្រៀន​ពី​ពុទ្ធសាសនា​នៅ​តាម​សាលា​រដ្ឋ​នានា ។ ការ​បង្រៀន​ពី​សាសនា​ដទៃ​ទៀត នៅ​តាម​សាលារដ្ឋ​ត្រូវ​បាន​ហាម​ឃាត់ តែ​ការ​បង្រៀន​ពី​សាសនា​ដែល​មិន​មែន​ជា​សាសនា​ព្រះពុទ្ធ ដោយ​កន្លែង​ឯកជន​អាច​ធ្វើ​បាន​។

រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​បុណ្យ​ធំ​ៗ​តាម​ពុទ្ធសាសនា ជា​ថ្ងៃ​ឈប់​សំរាក​បុណ្យ​របស់​ជាតិ ដែល​មាន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំ​បិណ្ឌ​ (​រំលឹក​ដល់​ដូនតា​) បុណ្យ​វិសាខ​បូជា (​រំលឹក​ដល់​ការ​ប្រសូត និង​សុគត​របស់​ព្រះពុទ្ធ​) បុណ្យ​មាឃ​បូជា (​រំលឹក​ដល់​ការ​ចូល​និពាន្វ​របស់​ព្រះពុទ្ធ​)​។

ការ​ប្រតិបត្តិ​របស់​រដ្ឋាភិបាល

គ្មាន​ការ​រាយការណ៍​ស្តីពី​ការ​បំពាន​លើ​សេរីភាព​សាសនា​ទេ​។

ផ្នែក​ទី​៣៖ ស្ថានភាព​នៃ​ការ​គោរព​របស់​សង្គម​ចំពោះ​សេរីភាព​សាសនា

បើ​យោង​តាម​ក្រសួង​ធម្មការ និង​សាសនា គ្មាន​ការ​រាយការណ៍​ពី​ការ​បំពាន​ឬ​ការ​រើសអើង​ពី​សង្គម ដោយសារ​រឿង​ចូល​សាសនា ជំនឿ ឬ​ការ​ប្រតិបតិ្ត​សាសនា​ទេ​។
ចាម​អ្នក​កាន់​សាសនា​ឥស្លាម​ខ្លះ​មាន​សមាហរណកម្ម​ល្អ​ក្នុង​សង្គម ដោយ​មាន​មុខ​តំណែង​ធំ​ៗ​ក្នុង​មុខ​ជំនួញ និង​រដ្ឋាភិបាល​។ តែ​ចំនួន​នេះ​មាន​កំរិត​ទាប បើ​ប្រៀបធៀប​នឹង​ក្រុម​អ្នក​កាន់​សាសនា​ដទៃ​ទៀត​។ ការ​សិក្សា​អង្កេត​លើ​ក្រុម​ចាម​កាន់​សាសនា​ឥស្លាម​បាន​បង្ហាញ​អោយ​ឃើញ​ថា គេ​នៅ​តែ​យល់​ថា​មាន​ឧបសគ្គ​ផ្នែក​ស្ថាប័ន និង​វប្បធម៌​ដល់​សមាហរណកម្ម​ពេញលេញ​ក្នុង​សង្គម​។

ផ្នែក​ទី​៤​៖ គោលនយោបាយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ស្ថានទូត​សហរដ្ឋ​អាមេរិក​ពិភាក្សា​បញ្ហា​សេរីភាព​សាសនា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ហើយ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​អ្នក​កាន់​សាសនា​គ្រឹះ សាសនា​ជីហ្វ សាសនា​ឥស្លាម និង​ពុទ្ធសាសនា ព្រម​ទាំង​មេ​ដឹកនាំ​អង្គការ​សាសនា​ជា​ច្រើន​ទៀត លើ​បញ្ហា​នៃ​ការ​អត់ឱន និង​ភាព​ចំរុះ​នៃ​សាសនា​។ តំណាង​របស់​មន្រ្តី​ស្ថានទូត​អាមេរិក​បាន​ទាក់ទង​ទៀងទាត់​ជាមួយ​មេ​ដឹកនាំ​សាសនា និង​មន្រ្តី​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​អត់​ឱន​រវាង​សាសនា​នានា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ការ​ខិតខំ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក​ថែម​ទាំង​បាន​ផ្តោត​លើ​សហគមន៍​សាសនា ដើម្បី​ជំរុញ​ពហុសាសនា តាមរយៈ​កម្មវិធី​យុវជន និង​កម្មវិធី​ផ្លាស់ប្តូរ​។

ស្ថានទូត​អាមេរិក​បាន​បន្ដ​សកម្មភាព​ចុះ​ដល់​មូលដ្ឋាន​អ្នក​កាន់​សាសនា​ឥស្លាម​។ ការងារ​នេះ​បាន​ផ្ដល់​ព័ត៌មាន​បន្ថែម​ស្ដីពី​ស្ថានភាព​នៃ​ការ​អត់ឱន​ខាង​សាសនា និង​ភាព​ចំរុះ​នៃ​សាសនា ក្នុង​ចំណោម​ប្រជាជន​កាន់​សាសនា​ឥស្លាម​។ ស្ថានទូត​បាន​បន្ត​កម្មវិធី​ផ្តល់​អាហាររូបករណ៍ ដែល​ផ្តល់​លទ្ធភាព​អោយ​សិស្ស​កាន់​សាសនា​ឥស្លាម​រៀន​ភាសា​អង់គ្លេស​រយៈពេល ២ ឆ្នាំ​។ ឯកអគ្គរដ្ឋទូត​បាន​រៀបចំ​ពិធី​អាហារ​ស្រាយ​បួស (Iftar) សំរាប់​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ក្នុង​រដូវ​បុណ្យ​រ៉ាម៉ាដាន​។ មន្រ្តី​អាមេរិក​ដែល​មក​ធ្វើ​ទស្សនកិច្ច រួម​មាន​តំណាង​ពិសេស​សំរាប់​សហគមន៍​ឥស្លាម ដែល​បាន​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល មេ​ដឹកនាំ​សាសនា និង​ក្រុម​យុវជន​នៅ​ទូទំាង​ប្រទេស ដើម្បី​ពិភាក្សា​ពី​ការ​អត់ឱន​ផ្នែក​សាសនា​។ មន្រ្តី​ទូត និង​វាគ្មិន​ជា​ភ្ញៀវ​មក​ពី​សហរដ្ឋ​អាមេរិក​បាន​មក​ធ្វើ​ទស្សនកិច្ច​ជា​ច្រើន​លើក ដើម្បី​ជួយ​ជាមួយ​សហគមន៍​ឥស្លាម​។ ការិយាល័យ​ជា​ច្រើន​របស់​ស្ថានទូត​ថែម​ទាំង​បាន​ដឹកនាំ​ការងារ​រៀបចំ​ការ​បោះជំរំ​ប្រកួត​កីឡា​បាល់​ទាត់​រវាង​ក្រុម​កាន់​សាសនា​ផ្សេង​គ្នា ហើយ​បាន​ជួយ​កម្មវិធី​នានា​ដែល​ផ្តល់​សេវា​អប់រំ និង​សេវា​សង្គម​ដល់​សហគមន៍​ឥស្លាម​។