គ្មានសេចក្តីរាយការណ៍ពីការបំពានឬការរើសអើងពីសង្គម ដោយសាររឿងចូលសាសនា ជំនឿ ឬការ ប្រតិបតិ្តសាសនាទេ។ ក្រុមចាមដែលកាន់សាសនាឥស្លាម រស់នៅដាច់ពីជនជាតិខ្មែរដែលកាន់ព្រះពុទ្ធសាសនា និងមានចំនួនច្រើនលើសលប់។ ក្រុមចាមមិនសូវមានតំណែងធំ នៅក្នុងឧស្សាហកម្មឯកជន និងក្នុងរដ្ឋាភិបាលទេ។
ស្ថានទូតសហរដ្ឋអាមេរិកបានពិភាក្សាពីសេរីភាពសាសនាជាមួយរដ្ឋាភិបាលកម្ពុជា ហើយបានធ្វើការជាមួយមេដឹកនាំសាសនា និងអង្គការសាសនានានាលើបញ្ហានៃការអត់ឱន និងភាពចំរុះសាសនា។ សកម្មភាពផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតបានផ្តោតលើសហគមន៍សាសនា ហើយជំរុញអោយមានភាពចំរុះសាសនា តាមរយៈកម្មវិធីផ្លាស់ប្តូរ និងកម្មវិធីយុវជន។
ផ្នែក១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា
តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រជាជនកម្ពុជាមានចំនួនសរុបចំនួន ១៥,២ លាននាក់ (គិតត្រឹមខែកក្កដា ឆ្នាំ២០១៣)។ ប្រជាជនចំនួន ៩៦% កាន់ពុទ្ធសាសនាហិនយាន។ ជនជាតិខ្មែរភាគច្រើនលើសលប់ជាពុទ្ធសាសនិក។ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងពុទ្ធសាសនានិងប្រពៃណីវប្បធម៌ និងអត្តសញ្ញាណខ្មែរ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្មែរ។
អ្នកកាន់សាសនាឥស្លាមដែលមានចំនួនប្រមាណ ៣,៥% នៃប្រជាជនទាំងអស់ ហើយដែលក្នុងចំណោមនេះភាគច្រើនលើសលប់គឺជាចាម ដែលច្រើនរស់នៅតាមទីប្រជុំជន និងភូមិនេសាទតាមជនបទ តាមមាត់បឹងទន្លេសាបនិងទន្លេមេគង្គនិងក្នុងខេត្ដកំពត ។ នៅកម្ពុជា សាសនាឥស្លាមមានបួនសាខា គឺសាខា Shafi ដែលទទួលឥទ្ធិពលពីម៉ាឡេ ហើយដែលប្រតិបត្ដិដោយអ្នកកាន់សាសនាឥស្លាមរហូត ៩០% ។ សាខា Salafi (Wahhabi) ដែលទទួលឥទ្ធិពលពីគុយវេត និងអារ៉ាប៊ីសាអ៊ូឌីត សាខាដើមដែលមាន ឈ្មោះថា Iman-San និងសាខា Kadiani ។ ប្រជាជនក្នុងក្រុមសាសនាឯទៀតមានក្រុម Baha’i Faith ជ្វីហ្វ និងជនជាតិវៀតណាមដែលកាន់សាសនា Cao Dai ឬក្រុមអ្នកកាន់សាសនាគ្រឹះនិកាយផ្សេងៗ។
ផ្នែកទី២៖ ការគោរពរបស់រដ្ឋាភិបាលចំពោះសេរីភាពសាសនា
ក្របខ័ណ្ឌច្បាប់និងគោលនយោបាយ
រដ្ឋធម្មនុញ្ញ ច្បាប់ដទៃទៀត និងគោលនយោបាយនានាការពារសេរីភាពសាសនា។ រដ្ឋធម្មនុញ្ញហាមប្រាមការរើសអើង ដោយសារសាសនា។ ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយរដ្ឋាភិបាលលើកកំពស់ថ្ងៃបុណ្យតាមព្រះពុទ្ធសាសនា ផ្តល់ការបណ្តុះបណ្តាល និងការអប់រំតាមព្រះពុទ្ធសាសនា ដល់ព្រះសង្ឃ និងអ្នកដទៃទៀតនៅតាមវត្ត ហើយជួយមួយផ្នែកតូចដល់វិទ្យាស្ថានមួយ ដែលធ្វើការស្រាវជ្រាវ និងបោះពុម្ពឯកសារស្តីពីវប្បធម៌ខ្មែរ និងប្រពៃណីតាមព្រះពុទ្ធសាសនា។
ច្បាប់តំរូវអោយក្រុមអ្នកកាន់សាសនាទាំងអស់ រួមទាំងក្រុមពុទ្ធសាសនិកផង អោយដាក់ពាក្យសុំទៅក្រសួងធម្មការនិងកិច្ចការសាសនា បើគេចង់កសាងកន្លែងគោរពបូជា ឬធ្វើសកម្មភាពផ្សេងៗផ្នែកសាសនា។ នៅក្នុងពាក្យសុំ គេត្រូវបញ្ជាក់អោយច្បាស់ពីបំណង និងសកម្មភាពផ្នែកសាសនារបស់គេ ដែលត្រូវតែគោរពតាមបញ្ញតិដែលហាមប្រាមក្រុមសាសនានានាមិនអោយប្រមាថក្រុមសាសនាដទៃទៀត បង្កើតអោយមានជំលោះ ឬ ប៉ះពាល់ដល់សន្ដិសុខជាតិ។ គ្មានការដាក់ពិន័យចំពោះការមិនចុះបញ្ជីការទេ ហើយជាក់ស្ដែង មានក្រុមខ្លះមិនបានចុះបញ្ជីការផង។
ច្បាប់តំរូវអោយមានការចុះបញ្ចីដាច់ដោយឡែកពីគ្នាផងដែរ រវាងកន្លែងគោរពបូជា និងសាលាសាសនា។ កន្លែងគោរពបូជា និងសាលាសាសនាអាចត្រូវបានបិទបណ្តោះអាសន្ន រហូតដល់កន្លែងទាំងនោះត្រូវបានចុះបញ្ជីការហើយ តែក្រសួងធម្មការ និងសាសនានិយាយថា ខ្លួនមិនបានធ្វើដូច្នេះទេ។ រដ្ឋាភិបាលធ្វើការញែកដាច់ពីគ្នាតាមច្បាប់នូវ “កន្លែងធ្វើសក្ការៈបូជា” និង “កន្លែងសូត្រធម៌”។ ការបង្កើតកន្លែងបូជាទាមទារអោយស្ថាបនិកគឺជាម្ចាស់កម្មសិទ្ធិលើអាគារ និងដីអាគារនោះ។ កន្លែងនោះត្រូវដាក់មនុស្សបានយ៉ាងតិច ២០០ នាក់ ហើយពាក្យសុំការអនុញ្ញាតិត្រូវមានការគាំទ្ររបស់អ្នកជឿចំនួនយ៉ាងតិច ១០០ នាក់។ ផ្ទុយទៅវិញ ការិយាល័យសំរាប់សូត្រធម៌អាចស្ថិតនៅក្នុងទីតាំងជួលឬនៅលើដីជួល ហើយមិនចាំបាច់ទាល់តែដាក់មនុស្សបានប៉ុន្មាននោះទេ។ចំណែកពាក្យសុំការអនុញ្ញាតលើកន្លែងសូត្រធម៌ត្រូវមានអ្នកគាំទ្រចំនួន២០នាក់បានហើយ។ សាលាសាសនាត្រូវតែមានការចុះបញ្ជីការជាមួយក្រសួងធម្មការនិងសាសនា ហើយនិងក្រសួងអប់រំ។
កន្លែងគោរពបូជាត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងតិច២គម ហើយមិនអាចប្រើប្រាស់ដើម្បីបំរើបំណងផ្នែកនយោបាយ ទទួលឧក្រិដ្ឋជនអោយស្នាក់នៅ ឬជនគេចខ្លួនពីច្បាប់ឡើយ។ ការកំណត់ចំងាយពីគ្នានេះគឺសំរាប់តែការកសាងកន្លែងគោរពបូជាថ្មីៗតែប៉ុណ្ណោះ ហើយមិនទាក់ទងនឹងការិយាល័យរបស់អង្គការសាសនា ឬកន្លែងសូត្រធម៌ទេ។ គ្មានករណីរាយការណ៍មកថា បទបញ្ជានេះត្រូវបានប្រើដើម្បីរារាំងព្រះវិហារសាសនាគ្រឹះឬវិហារសាសនាឥស្លាម មិនអោយកសាងទីតាំងថ្មីឡើយ។
ច្បាប់ក៏តំរូវផងដែរមិនអោយក្រុមសាសនានានារិះគន់គ្នា ដោយបើកចំហ តែបញ្ញាតិនេះកំរត្រូវបានគេសាកល្បងបំពានណាស់។
រដ្ឋាភិបាលបានអនុញ្ញាតអោយមានការបង្រៀនពីពុទ្ធសាសនានៅតាមសាលារដ្ឋនានា ហើយអនុញ្ញាតអោយសិស្ស ដែលមិនកាន់ព្រះពុទ្ធសាសនាមិនរៀនបាន។ ការបង្រៀនពីសាសនាដទៃទៀត នៅតាមសាលារដ្ឋ ត្រូវបានហាមឃាត់ តែការបង្រៀនពីសាសនា ដែលមិនមែនជាសាសនាព្រះពុទ្ធដោយកន្លែងឯកជនអាចធ្វើបាន។
ការប្រតិបត្តិរបស់រដ្ឋាភិបាល
គ្មានការរាយការណ៍ស្តីពីការបំពានធំដុំលើសេរីភាពសាសនាដោយរដ្ឋាភិបាលនោះទេ។
ផ្នែកទី៣៖ ស្ថានភាពនៃការគោរពរបស់សង្គមចំពោះសេរីភាពសាសនា
បើយោងតាមក្រសួងធម្មការ និងសាសនា គ្មានការរាយការណ៍ពីការបំពានឬការរើសអើងពីសង្គម ដោយសាររឿងចូលសាសនា ជំនឿ ឬការប្រតិបតិ្តសាសនាទេ។ ក្រសួងធម្មការ និងសាសនាបានបញ្ជាក់ថា ខ្លួនមិនបានទទួលសេចក្តីរាយការណ៍បែបនេះទេ។
ចាមខ្លះដែលកាន់សាសនាឥស្លាមមានសមាហរណកម្មល្អក្នុងសង្គម ដោយមានមុខតំណែងធំៗក្នុងមុខជំនួញ និងស្ថាប័នរដ្ឋ។ តែចំនួននេះមានកំរិតទាប បើប្រៀបធៀបនឹងក្រុមអ្នកកាន់សាសនាដទៃទៀតនៅក្នុងប្រទេស។
ផ្នែកទី៤៖ គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ស្ថានទូតសហរដ្ឋអាមេរិកបានពិភាក្សាពីបញ្ហាសេរីភាពសាសនាជាមួយរដ្ឋាភិបាលកម្ពុជា ហើយមានការប្រាស្រ័យជាមួយក្រុមអ្នកកាន់សាសនាគ្រឹះ (កាតុលិក ប្រូតេស្តង់ ម៉មន់) សាសនាជីហ្វ សាសនាឥស្លាម និងពុទ្ធសាសនា ព្រមទាំងតំណាងអង្គការសាសនាជាច្រើនទៀត លើបញ្ហានៃការអត់ឱន និងភាពចំរុះនៃសាសនា។ តំណាងរបស់មន្រ្តីស្ថានទូតអាមេរិកបានទាក់ទងទៀងទាត់ជាមួយមេដឹកនាំសាសនា និងមន្រ្តីក្រសួងធម្មការ និងសាសនា ដើម្បីសង្កត់ធ្ងន់លើសារៈសំខាន់នៃការអត់ឱនរវាងសាសនានានា នៅក្នុងសង្គមប្រជាធិបតេយ្យ។ ការខិតខំផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកថែមទាំងបានផ្តោតការយកចិត្តទុកដាក់លើ សហគមន៍សាសនា ហើយបានជំរុញពហុសាសនា តាមរយៈកម្មវិធីយុវជន និងកម្មវិធីផ្លាស់ប្តូរ។
ស្ថានទូតអាមេរិកបានបន្ដសកម្មភាពចុះដល់មូលដ្ឋានអ្នកកាន់សាសនាឥស្លាម ។ ការងារនេះបានផ្ដល់ព័ត៌មានបន្ថែមស្ដីពីស្ថានភាពនៃការអត់ឱនខាងសាសនា និងភាពចំរុះនៃសាសនា ក្នុងចំណោមប្រជាជនកាន់សាសនាឥស្លាម។ ស្ថានទូតបានបន្តកម្មវិធីផ្តល់អាហាររូបករណ៍ ដែលផ្តល់លទ្ធភាពអោយសិស្សកាន់សាសនាឥស្លាមចំនួន ៤៩ នាក់ ក្នុងការរៀនភាសាអង់គ្លេស រយៈពេល ២ ឆ្នាំ។ ក្រៅពីនេះទៀតលោក ឯកអគ្គរដ្ឋទូតបានរៀបចំពិធីអាហារស្រាយបួស (Iftar) សំរាប់ក្រុមអ្នកកាន់សាសនាឥស្លាមក្រោយរដូវបុណ្យរ៉ាម៉ាដាន ដោយក្នុងឱកាសនោះ លោកបានថ្លែងសង្កត់ពីសេរីភាពរបស់មនុស្សម្នាក់ៗក្នុងការប្រតិបត្តិតាមជំនឿសាសនារបស់គេ។ ក្នុងការខិតខំមួយដើម្បីអោយក្រុមភាគតិចផ្នែកសាសនាដែលស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយ អោយមានលទ្ធភាពក្នុងការទទួលបានសេវាថែទាំសុខភាពស្របតាមទំលាប់សាសនារបស់គេ ស្ថានទូតអាមេរិកបានផ្តល់អាហារូបករណ៍ពេញដល់ស្រ្តីចាមកាន់សាសនាឥស្លាមចំនួន៤ រូបអោយសិក្សាផ្នែកឆ្មប និងគ្រូពេទ្យបឋម។ មន្រ្តីទូតបានមកធ្វើទស្សនកិច្ចជាច្រើនលើកនៅក្នុងប្រទេស ដើម្បីជួបជាមួយក្រុមមនុស្សក្នុងសហគមន៍ឥស្លាម ហើយពិភាក្សាពីវិធីដែលបងប្អូនចាមអាចធ្វើសមាហរណកម្មកាន់តែជ្រៅទៅក្នុងសង្គមខ្មែរ ដោយទន្ទឹមនឹងនោះ នៅរក្សាអត្តសញ្ញាណវប្បធម៌ និងអត្តសញ្ញាណសាសនារបស់គេបាន។