របាយការណ៍ស្តីពីសេរីភាពសាសនាអន្តរជាតិ ឆ្នាំ ២០១៥ – កម្ពុជា

រដ្ឋធម្មនុញ្ញ​ចែង​ពី​សេរីភាព​លើ​ជំនឿ​សាសនា និង​ការ​ធ្វើ​សក្តារៈ ដរាប​ណា​វា​មិន​​ជ្រៀតជ្រែក​ជំនឿ​សាសនា​ដទៃ​ទៀត ហើយ​មិន​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​។ ពុទ្ធសាសនា​គឺ​ជា​សាសនា​របស់​រដ្ឋ ហើយ​ត្រូវ​បាន​លើក​កំពស់​តាមរយៈ​ការ​មាន​ថ្ងៃ​បុណ្យ ការ​បណ្តុះបណ្តាល​បែប​សាសនា និង​ការ​ផ្តល់​ថវិកា​ដល់​ស្ថាប័ន​ពុទ្ធសាសនា​។ មាន​សេចក្តី​រាយការណ៍​មក​ថា រដ្ឋាភិបាល​បាន​អំពាវនាវ​អោយ​មាន​ការ​យក​ចេញ ឬ​ការ​ដូរ​ទីតាំង​នៃ​វត្ត និង​ទីគោរព​សាសនា​របស់​វៀតណាម ដោយ​តាម​ធម្មតា លើក​ឡើង​ពី​ហេតុផល​នៃ​ការ​មិន​បាន​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​។ មាន​សេចក្តី​រាយការណ៍​ស្តីពី​សកម្មភាព​សង្គម​ទៅ​លើ​សេរីភាព​សាសនា ដែល​រួម​មាន​ការ​បំផ្លាញ​កន្លែង​កប់​ខ្មោច​វៀតណាម និង​ការ​បន្ត​រារាំង​ចំពោះ​សមាហរណកម្ម​ពេញលេញ​នៃ​ក្រុម​ជនជាតិ​ចាម​។ មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ពិភាក្សា​ពី​សេរីភាព​សាសនា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​រួម​របស់​ខ្លួន​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​។ មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក៏​បាន​ពិភាក្សា​ផង​ដែរ​ពី​សារៈសំខាន់​នៃ​ការ​រាប់​រក និង​ភាព​ចំរុះ​គ្នា​នៃ​មេ​ដឹកនាំ​ក្រុម​សាសនា​ឥស្លាម សាសនាគ្រឹះ និង​ពុទ្ធសាសនា​។ កម្មវិធី​របស់​ស្ថានទូត​មាន​បំណង​លើក​កំពស់​សារ​នៃ​ភាព​អត់ឱន​ផ្នែក​សាសនា និង​ការ​យល់​តាមរយៈ​កម្មវិធី​វាគ្មិន និង​សកម្មភាព​ទំនាក់ទំនង​គ្នា​ដទៃ​ទៀត​។

ផ្នែក ១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា

តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រជាជនកម្ពុជាមានចំនួនសរុបចំនួន ១៥,៧ លាននាក់ (គិតត្រឹមខែកក្កដា ឆ្នាំ ២០១៥)។ បើយោងតាមក្រសួងសាសនា និងធម្មការ ប្រជាជនចំនួន ៩៥% កាន់ពុទ្ធសាសនាហិនយាន ។ ជនជាតិខ្មែរភាគច្រើនលើសលុបជាពុទ្ធសាសនិក ។

យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល អ្នកកាន់សាសនាឥស្លាមមានចំនួនប្រមាណពី ២% ទៅ ៣% នៃប្រជាជនទាំងអស់ តែអង្គការមិនមែនរដ្ឋាភិបាលខ្លះប៉ាន់ប្រមាណថា អាចមានចំនួនច្រើនជាងនេះ។ ក្នុងចំណោមនេះ ភាគច្រើនលើសលុបគឺជាចាម ថ្វីបើថាមិនមែនគ្រប់ចាមទាំងអស់កាន់សាសនាឥស្លាមទេ។ ចាមច្រើនរស់នៅតាមទីប្រជុំជន និងភូមិនេសាទតាមជនបទ តាមមាត់បឹងទន្លេសាបនិងទន្លេមេគង្គ និងក្នុងខេត្ដកំពត ។ នៅកម្ពុជា សាសនាឥស្លាមមានបួនសាខា គឺសាខា Shafi ដែលទទួលឥទ្ធិពលពីម៉ាឡេ ហើយដែលប្រតិបត្ដិដោយអ្នកកាន់សាសនាឥស្លាមរហូត ៩០% ។ សាខា Salafi (Wahhabi) ដែលទទួលឥទ្ធិពលពីគុយវេតនិងអារ៉ាប៊ីសាអ៊ូឌីត សាខាដើមដែលមាន ឈ្មោះថា Iman-San និងសាខា Kadiani ។ ប្រជាជនក្នុងក្រុមសាសនាឯទៀតមានក្រុម Baha’i Faith ជ្វីហ្វ និងជនជាតិវៀតណាមដែលកាន់សាសនា Cao Dai ឬក្រុមអ្នកកាន់សាសនាគ្រឹះនិកាយផ្សេងៗ។

របបខ្មែរក្រហម (១៩៧៥ -១៩៧៩) ធ្វើបាបនិងកាប់សំលាប់ចាមជាច្រើន ហើយចាមទទួលរងការឈឺចាប់ជាខ្លាំង ក្នុងសម័យនោះ។ តុលាការកាត់ក្តីមេខ្មែរក្រហមកំពុងបើកសវនាការ ទាក់ទងនឹងការចោទពីបទប្រល័យពូជសាសន៍ទាក់ទងនឹងសាសនា និងក្រុមជនជាតិ ដែលត្រូវបានប្រព្រឹត្តទៅលើចាម នៅក្នុងសម័យខ្មែរក្រហម។

ផ្នែកទី ២. ការគោរពរបស់រដ្ឋាភិបាលចំពោះសេរីភាពសាសនា

ក្របខ័ណ្ឌច្បាប់

រដ្ឋធម្មនុញ្ញចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាវាមិនជ្រៀតជ្រែកជំនឿ សាសនាដទៃទៀត ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ច្បាប់ហាមប្រាមក្រុមសាសនានានាមិនអោយប្រមាថក្រុមសាសនាដទៃទៀត តែកម្រមានបញ្ហានេះណាស់។ រដ្ឋធម្មនុញ្ញកំណត់ថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយចែងពីការអោយរដ្ឋផ្តល់ការគាំពារចំពោះការអប់រំតាមព្រះពុទ្ធសាសនា ហើយហាមប្រាមការរើសអើងខាងសាសនា។

ច្បាប់តំរូវអោយក្រុមអ្នកកាន់សាសនាទាំងអស់ រួមទាំងក្រុមពុទ្ធសាសនិកផង អោយដាក់ពាក្យសុំទៅក្រសួងធម្មការនិងសាសនា បើគេចង់ធ្វើសកម្មភាពផ្សេងៗផ្នែកសាសនា ។ នៅក្នុងពាក្យសុំ គេត្រូវបញ្ជាក់អោយច្បាស់ពីបំណង និងសកម្មភាពសាសនារបស់គេ ផ្តល់ប្រវត្តិរូបនៃមេដឹកនាំសាសនារបស់គេ រៀបរាប់ប្រភពថវិកា សន្យាផ្តល់របាយការណ៍ប្រចាំឆ្នាំ ដែលរៀបរាប់លំអិតពីសកម្មភាពសាសនាក្នុងឆ្នាំ យល់ព្រមគោរពតាមបញ្ញាតិដែលហាមក្រុមសាសនាប្រមាទក្រុមសាសនាដទៃទៀត បង្ករជំលោះ ឬបំផ្លាញសន្តិសុខជាតិ។ ការចុះបញ្ជីតំរូវអោយមានការយល់ព្រមពីថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយដំណើរការនេះស៊ីពេលរហូតដល់ ៩០ ថ្ងៃ។ តែក្រសួងសាសនា និងធម្មកាគ្មានអំណាចក្នុងការដាក់ទណ្ឌកម្មលើក្រុមសាសនាដែលមិនបានចុះបញ្ជីទេ ហើយក៏គ្មានបទពិន័យចំពោះការខកខានមិនបានចុះបញ្ជីដែរ។ ក្រុមសាសនាដែលបានចុះបញ្ជីហើយ ទទួលបានការលើកលែងពន្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ច្បាប់តំរូវអោយមានការចុះបញ្ចីដាច់ដោយឡែកពីគ្នាផងដែររ នូវកន្លែងគោរពបូជា និងសាលាសាសនានានា។ កន្លែងគោរពបូជា និងសាលាសាសនាអាចត្រូវបានបិទបណ្តោះអាសន្ន រហូតដល់កន្លែងទាំងនោះត្រូវបានចុះបញ្ជីការហើយ តែក្រសួងធម្មការ និងសាសនានិយាយថា ខ្លួនមិនបានចាត់វិធានការនេះទេ។ គោលការណ៍អនុវត្តរបស់ច្បាប់នេះធ្វើការញែកដាច់ពីគ្នាតាមច្បាប់នូវ “កន្លែងធ្វើសក្ការៈបូជា” និង “កន្លែងសូត្រធម៌”។ ការបង្កើតកន្លែងបូជាទាមទារអោយស្ថាបនិកគឺជាម្ចាស់កម្មសិទ្ធិលើអាគារ និងដីអាគារនោះ។ កន្លែងនោះត្រូវដាក់មនុស្សបានយ៉ាងតិច ២០០ នាក់ ហើយពាក្យសុំការអនុញ្ញាតត្រូវមានការគាំទ្ររបស់អ្នកជឿនិងគាំទ្រចំនួនយ៉ាងតិច ១០០ នាក់។ ផ្ទុយទៅវិញ ការិយាល័យសំរាប់សូត្រធម៌អាចស្ថិតនៅក្នុងទីតាំងជួល ឬនៅលើដីជួល ហើយមិនចាំបាច់ទាល់តែដាក់មនុស្សបានប៉ុន្មាននោះទេ ។ចំណែកពាក្យសុំការអនុញ្ញាតលើកន្លែងសូត្រធម៌ត្រូវមានអ្នកគាំទ្រចំនួន២០ នាក់បានហើយ។ សាលាសាសនាត្រូវតែមានការចុះបញ្ជីការជាមួយក្រសួងធម្មការនិងសាសនា ហើយនិងក្រសួងអប់រំ។

កន្លែងគោរពបូជាត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងតិច ២ គម ហើយមិនអាចប្រើប្រាស់ដើម្បីបំរើបំណងផ្នែកនយោបាយ ទទួលឧក្រិដ្ឋជនអោយស្នាក់នៅ ឬជនគេចខ្លួនពីច្បាប់ឡើយ ។ ការកំណត់ចំងាយពីគ្នានេះគឺសំរាប់តែការកសាងកន្លែងគោរពបូជាថ្មីៗតែប៉ុណ្ណោះ ហើយមិនទាក់ទងនឹងការិយាល័យរបស់អង្គការសាសនា ឬកន្លែងសូត្រធម៌ទេ ។

ការប្រតិបត្តិរបស់រដ្ឋាភិបាល

មានសេចក្តីរាយការណ៍មកថា នៅក្នុងឆ្នាំនៃរបាយការណ៍នេះ រដ្ឋាភិបាលបានអំពាវនាវអោយមានការយកចេញ ឬការដូរទូតាំងនៃវិហារ និងទីសក្ការៈរបស់វៀតណាម ដោយតាមធម្មតា លើកឡើងពីហេតុផលនៃការមិនបានសុំការអនុញ្ញាតត្រឹមត្រូវ។ បន្ទាប់ពីមានរបាយការណ៍មកថា “អ្នកបួងសួងជាជនជាតិវៀតណាម” បានទៅកន្លែងធ្វើសក្ការៈសាសនានៅលើភ្នំបូកគោ ជិតព្រំដែនវៀតណាម មន្រ្តីរដ្ឋាភិបាលបានបង្កើតគណកម្មាការមួយសំរាប់រកមើលទីសក្ការៈនោះ ហើយស៊ើបអង្កេតលើសកម្មភាពសាសនារបស់ជនជាតិវៀតណាម ដែលរស់នៅក្នុងតំបន់នោះ។ ទាំងមន្រ្តីរដ្ឋាភិបាល ទាំងអ្នកនយោបាយនៃគណបក្សប្រឆាំងបានសំដែងជាសាធារណៈនូវកង្វល់លើផលប៉ះពាល់នៃអ្នកធ្វើសក្ការៈទាំងនោះ ទៅលើវប្បធម៌កម្ពុជា។ នៅសៀមរាប មន្រ្តីរដ្ឋាភិបាលថ្នាក់ខេត្តបានបញ្ជាអោយបិទកន្លែងសាសនាពីររបស់វៀតណាម ដោយគេបាននិយាយថា វារីកធំពេក និងថា អ្នកទៅគោរពបូជាគ្មានការអនុញ្ញាតអោយធ្វើពិធីនៅទីនោះទេ។ មន្រ្តីមូលដ្ឋានបានប្រាប់អ្នកយកព័ត៌មានថា វត្តមានរបស់អ្នកបន់ស្រន់វៀតណាមធ្វើអោយប្រជាជនខ្មែរក្នុងមូលដ្ឋានមានអារម្មណ៍មិនល្អ។

រដ្ឋាភិបាលបានបន្តលើកកំពស់ការសិក្សាពុទ្ធសាសនា នៅតាមសាលារដ្ឋ ដោយសហការជាមួយក្រសួងអប់រំ ថ្វីបើសិស្សដែលមិនមែនជាពុទ្ធសាសនិកត្រូវបានផ្តល់ការលើកលែងចំពោះការសិក្សានេះ។ ទំរង់ដទៃទៀតនៃការបង្រៀនផ្នែកសាសនានៅតែត្រូវបានហាម នៅក្នុងសាលារដ្ឋ។ ការបង្រៀនសាសនាដែលមិនមែនជាសាសនាព្រះពុទ្ធអាចត្រូវបានអនុញ្ញាតអោយធ្វើបានដោយស្ថាប័នឯកជន។

រដ្ឋាភិបាលបានបន្តអោយមានថ្ងៃឈប់សំរាកបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ផ្តល់ការបង្រៀនតាមសាសនាព្រះពុទ្ធដល់សង្ឃ និងអ្នកឯទៀត នៅតាមវត្ត ហើយជួយជាថវិកាដល់វិទ្យាស្ថានដែលធ្វើការស្រាវជ្រាវ និងបោះពុម្ពឯកសារស្តីពីវប្បធម៌ខ្មែរ និងប្រពៃណីតាមព្រះពុទ្ធសាសនា។

នៅខែមិថុនា រដ្ឋាភិបាលបានចេញក្រិត្យចំនួន ២ ដែលមានមួយបានសន្យាជ្រើសរើសគ្រូជាជនជាតិចាម ចំនួន ១៥០០ នាក់ ដែលភាគច្រើននៃពួកគេបានបង្រៀនក្រៅផ្លូវការ នៅក្នុងសហគមន៍ក្រីក្រចាម អោយធ្វើការអោយក្រសួងអប់រំ យុវជន និងកីឡា។ សារាចរណ៍ទី ២ អនុញ្ញាតិអោយចាមជាឥស្លាមសាសនិក ស្លៀកពាក់តាមប្រពៃណីចាម នៅពេលថតរូបសំរាប់ប្រើប្រាស់ជាផ្លូវការ ដូចជាសំរាប់ធ្វើលិខិតឆ្លងដែន និងអត្តសញ្ញាណប័ន។

ផ្នែកទី ៣. ស្ថានភាពនៃការគោរពរបស់សង្គមចំពោះសេរីភាពសាសនា

នៅខែកក្កដា វីដេអូមួយដែលបង្ហាញពីយុវជនខ្មែរបំផ្លាញថ្មផ្នូរនៅកន្លែងកប់ខ្មោចវៀតណាម ក្នុងខេត្តកណ្តាល ត្រូវបានផ្សាយជាទូទៅ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។ នគរបាលខេត្តបានបើកការស៊ើបអង្កេត តែមិនទាន់បានឈានដល់ការចាប់ខ្លួននរណាម្នាក់នៅឡើយទេ។ ដោយសារសាសនា និងបញ្ហាក្រុមជនជាតិមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ គេមានការពិបាកក្នុងការចាត់ថ្នាក់លើរឿងនេះ និងរឿងឯទៀតដែលដូចនេះ ដោយផ្អែកលើអត្តសញ្ញាណសាសនា។

ផ្នែកទី ៤. គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក

មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកបានពិភាក្សាពីបញ្ហាសេរីភាពសាសនាជាមួយក្រសួងសាសនា និងធម្មការ និងមន្រ្តីដទៃទៀតនៃរដ្ឋាភិបាល ជាផ្នែកមួយនៃយុទ្ធសាស្រ្តរួមរបស់ខ្លួន ដើម្បីលើកកំពស់សិទ្ធិមនុស្ស។ មន្រ្តីរបស់មន្រ្តីស្ថានទូតអាមេរិកថែមទាំងបានពិភាក្សាពីសារៈសំខាន់នៃការទទួលយក និងភាពចំរុះនៃមេដឹកនាំសាសនាព្រះពុទ្ធ សាសនាគ្រឹះ និងសាសនាឥស្លាម ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអត់ឱនរវាងអ្នកកាន់សាសនាផ្សេងៗ នៅក្នុងសង្គមប្រជាធិបតេយ្យ។ មន្រ្តីទូតក៏បានចូលរួមផងដែរជាមួយក្រុមអ្នកកាន់សាសនាព្រះពុទ្ធ សាសនាគ្រឹះ សាសនាឥស្លាម និងសាសនាជីហ្វ ព្រមទាំងតំណាងមកពីអង្គការសង្គមស៊ីវិលផ្នែកសាសនា ទាក់ទងនឹងបញ្ហានៃការអត់ឱន ការមានចំរុះគ្នាច្រើនផ្នែកសាសនា ។ កម្មវិធីរបស់ស្ថានទូតបានផ្តោតលើក្រុមសាសនា ហើយបានជំរុញពហុភាពសាសនា តាមរយៈកម្មវិធីផ្លាស់ប្តូរ និងកម្មវិធីយុវជន។

ស្ថានទូតអាមេរិកបានបន្ដអនុវត្តកម្មវិធីមួយចំនួន ដែលផ្តោតលើចាមអ្នកកាន់សាសនាឥស្លាម ។ កម្មវិធីមួយមានបំណងជួយអភិរក្សបេតិកភណ្ឌរបស់ចាម ដូចជាបេតិកភណ្ឌសាសនា តាមរយៈការបង្រៀនក្នុងការអាន និងសរសេរជាភាសាកំណើតរបស់ចាម ហើយរួមមានការអភិរក្ស និងការសិក្សាពីវត្ថុបូរាណផ្នែកសាសនាពីអាណាចក្របូរាណចំប៉ា។ តាមរយៈការបោះពុម្ភទស្សនាវដ្តី Mukva ដែលមានសរសេរជាភាសាចាម និងភាសាខ្មែរ ស្ថានទូតបានជួយអភិរក្សផ្នែកដ៏សំខាន់មួយនេះនៃបេតិកភណ្ឌផ្នែកភាសានិងផ្នែកវប្បធម៌របស់ប្រទេសកម្ពុជា។ ទស្សនាវដ្តីបែបនេះគឺមានជាលើកដំបូងហើយ នៅកម្ពុជា ហើយមានព័ត៌មាន និងរឿងរ៉ាវទាក់ទងនឹងប្រជាជនចាម។ កម្មវិធីមួយទៀតមានការអញ្ជើញវាគ្មិនមកនិយាយ និងចូលរួមពិភាក្សា ដែលក្នុងនោះ មេដឹកនាំសាសនាឥស្លាមមកពីជុំវិញពិភពលោកធ្វើការប្រាស្រ័យជាមួយសហគមន៍ចាម ដើម្បីផ្តល់អោយជនជាតិចាមនូវការយល់ដឹងស៊ីជំរៅទៅលើតួនាទីនៃស្ថាបនារបស់អ្នកកាន់សាសនាឥស្លាមដទៃទៀត នៅក្នុងកំលាំងពលកម្ម និងសហគមន៍របស់គេ។

ស្ថានទូតបានជំរុញសារនៃការផ្តល់ភាពអត់ឱនផ្នែកសាសនា និងធម៌អហឹង្សា តាមរយៈការប្រគំតន្រ្តីសំដៅលើយុវជន ដែលត្រូវបានធ្វើនៅទូទាំងប្រទេស។ ប្រជាជនកម្ពុជារាប់ម៉ឺននាក់បានទស្សនាការប្រគំតន្រ្តីនេះ នៅខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង ពោធិសាត់ និងខេត្តត្បូងឃ្មុំ។ កម្មវិធីដទៃទៀតរបស់ស្ថានទូតបានអញ្ជើញប្រជាជនកម្ពុជាដែលកាន់សាសនាឥស្លាម អោយចូលរួមក្នុងសិក្ខាសាលាដែលមានការចូលរួមនៃវាគ្មិនជាភ្ញៀវមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍។ សិក្ខាសាលាផ្តោតលើកិច្ចសហប្រតិបត្តិការ ភាពជាអ្នកដឹកនាំសហគមន៍ និងដំណោះស្រាយលើវិវាទ រវាងក្រុមសាសនានានា។ មន្រ្តីទូតបានមកធ្វើទស្សនកិច្ចជាច្រើនលើកនៅក្នុងប្រទេស ដើម្បីជួបជាមួយក្រុមមនុស្សក្នុងសហគមន៍ ដោយធ្វើជាគំរូក្នុងការជំរុញភាពអត់ឱនរវាងសាសនា គោរពចំពោះវប្បធម៌ចាម បន្ថយភាពឯកកោរបស់ចាម ហើយជួយក្រុមចាមក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងវប្បធម៌ទូទៅរបស់ខ្មែរ។ គេបានពិភាក្សាពីវិធីធ្វើយ៉ាងណាអោយបងប្អូនចាមអាចធ្វើសមាហរណកម្មកាន់តែជ្រៅទៅក្នុងសង្គមខ្មែរ ដោយទន្ទឹមនឹងនោះ នៅរក្សាអត្តសញ្ញាណវប្បធម៌ និងអត្តសញ្ញាណសាសនារបស់គេបាន ហើយចាក់គ្រឹះនៃការអត់ឱនផ្នែកសាសនាពិតប្រាកដ និងយូរអង្វែង។